ក្រុមសណ្ឋាគាររបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងអភិវឌ្ឍគម្រោងលំហែកាយប្រណិតនិងកន្លែងវាយកូនហ្គោលក្នុងតម្លៃ១ពាន់៥រយលានដុល្លារនៅក្នុងប្រទេសវៀតណាម។ នេះបើតាមដៃគូក្នុងស្រុកនិងបណ្តាញព័ត៌មានរដ្ឋ។
អនុសារណៈយោគយល់គ្នាមួយសម្រាប់កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដោយមេដឹកនាំកំពូលវៀតណាមលោក To Lam កាលពីខែមុន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ Kinh Bac City។
បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋរូបនេះបានចំណាយពេលពីយុទ្ធនាការនៃការឃោសនាបោះឆ្នោតធ្វើជាសាក្សីនៃការចុះហត្ថលេខាដោយលោក Ericកូនប្រុសរបស់លោក។ នេះបើតាមរូបភាពបង្ហាញក្នុងបណ្តាញព័ត៌មានរដ្ឋ។
កាសែត Bao Chinh Phu របស់រដ្ឋាភិបាលវៀតណាមបានរាយការណ៍កាលពីថ្ងៃពុធថាគម្រោងនោះមានតម្លៃ១ពាន់៥រយដុល្លារហើយបុគ្គលិកម្នាក់នៅឯក្រុមហ៊ុន Kinh Bac City ដែលបានបដិសេធមិនប្រាប់ឈ្មោះបានបញ្ជាក់តួលេខនេះដល់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Trump បានប្រគល់ការចាត់ចែងអាណាចក្រអចលនទ្រព្យរបស់លោកទៅឱ្យកូនប្រុសរបស់លោក បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីក្នុងឆ្នាំ២០១៧ ទោះជាយ៉ាងណាក៏ដោយ លោកបានកាន់កាប់ភាគហ៊ុននៅក្នុងអង្គការ Trump នេះ។
ការទាក់ទិនពាណិជ្ជកម្មបរទេសរបស់លោកបានបណ្តាលឱ្យពួកអ្នករិះគន់សម្តែងការភ្ញាក់ផ្អើលអំពីលទ្ធភាពនៃទំនាស់ផលប្រយោជន៍ រួមទាំងរបាយការណ៍មួយរបស់សភានៅឆ្នាំ២០២២ដែលបានរកឃើញថារដ្ឋាភិបាលបរទេសចំនួន៦បានចំណាយប្រាក់ជាង៧សែន៥ម៉ឺនដុល្លារនៅឯសណ្ឋាគារមួយដែលកាន់កាប់ដោយលោក Trump នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ខណៈដែលព្យាយាមឱ្យមានឥទ្ធិពលលើរដ្ឋបាលរបស់លោកនៅឆ្នាំ២០១៧និង២០១៨។
កន្លែងវាយកូនហ្គោលនេះ នឹងមានរន្ធ៥៤និងវីឡាសម្រាប់ស្នាក់នៅនៅខាងក្រៅរដ្ឋធានីហាណូយ។ នេះបើតាមបណ្តាញព័ត៌មានរដ្ឋ។
លោក Trump បានទៅបំពេញទស្សនកិច្ចរដ្ឋធានីហាណូយនៅឆ្នាំ២០១៩ដើម្បីចូលរួមជំនួបកំពូលលើកទី២ដែលមិនបានទទួលជោគជ័យជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un។
នៅពេលនោះ លោកបានពណ៌នាថាជា«ទីក្រុងដ៏អស្ចារ្យ»ហើយបានបន្ថែមទៀតថា «អ្វីដែលបានកើតមានឡើងជាង២៥ឆ្នាំចុងក្រោយនេះជាការមិនគួរឱ្យជឿសម្រាប់ប្រជាពលរដ្ឋវៀតណាម ការងារដែលពួកគេបានធ្វើគឺការអភិវឌ្ឍសេដ្ឋកិច្ច»។
ក្នុងសេចក្តីថ្លែងការណ៍នៅលើវេបសាយរបស់អង្គការ Trump លោក Eric Trump បាននិយាយថាក្រុមហ៊ុន«មានការរំភើបដ៏អស្ចារ្ស៍ដើម្បីចូលទីផ្សារប្រកបដោយសក្តានុពលនេះ»៕
វេទិកាបញ្ចេញមតិ