ដំណាលគ្នាដែលមានគណប្រតិភូមកពីស.រ.អានិងបណ្តាប្រទេសជាសមាជិកនៃគម្រោងគំនិតផ្តួចផ្តើម នៅតំបន់ទន្លេមេគង្គ ត្រូវជួបប្រជុំគ្នាក្នុងប្រទេសកម្ពុជា លោក ឯកអគ្គរដ្ឋទូតស.រ.អាប្រចាំកម្ពុជា William A. Heidt នឹងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំលើកទី៩ស្តីពីគម្រោងគំនិតផ្តួចផ្តើមនៅតំបន់ មេគង្គក្រោម (LMI) និងមិត្តនៅតំបន់មេគង្គក្រោម (FLM) នៃក្រុមការងារថ្នាក់តំបន់ នៅថ្ងៃទី ១៩ ខែតុលានេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស.រ.អា។
សេចក្តីប្រកាសព័ត៌មានថ្ងៃនេះក៏បានបញ្ជាក់ថាកិច្ចប្រជុំដែលរៀបចំដោយកម្ពុជាក្នុងសណ្ឋាគារ ប្រណិតមួយក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១៩ តុលានេះ នឹងមានការចូលរួមពីប្រទេសនានាដូចជាឡាវ ភូមា ថៃ និងវៀតណាម។ ហើយគម្រោងគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោម (LMI) ដើម្បីជួយ ដល់ប្រទេសក្នុងមហាអនុតំបន់មេគង្គនេះ គឺជាគម្រោងដែលត្រូវបានផ្តួចផ្តើមឡើងដោយលោកស្រី អតីតរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton និងជាបេក្ខជនប្រធានាធិបតីស.រ.អា ដើម្បីជួយដល់ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម ក្នុងការកាត់បន្ថយគំលាតគ្នាផ្នែក អភិវឌ្ឍន៍ ហើយជំរុញសមាហរណកម្ម នៅក្នុងអាស៊ាន។
នៅក្នុងកិច្ចប្រជុំលើកទី ៩ នៃក្រុមការងារតំបន់នៃ FLM និង LMI សមាជិកនឹងផ្តោតការយកចិត្តទុកដាក់ទៅលើការអនុវត្តន៍ភាពជាដៃគូលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាព ដែលជាទំរង់កម្មវិធី ផ្តើមឡើងដោយលោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក John Kerry នៅក្នុងកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តីស្តីពីគម្រោង LMI នៅខែកក្កដា ឆ្នាំ ២០១៦ ហើយដែលគាំទ្រដោយ FLM ។
ភាពជាដៃគូនេះផ្តោតទៅលើការសំរបសំរួលការខិតខំដើម្បីជួយបណ្តារដ្ឋាភិបាល នៅក្នុងតំបន់ មេគង្គក្រោម ក្នុងការរៀបចំ និងគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។ សមាជិក LMI និងFLM នឹងពិភាក្សាផងដែរពីអាទិភាពផ្នែកនយោបាយ និងផ្នែកកម្មវិធី នៅពេលជិតដល់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី និងកិច្ចប្រជុំរបស់មន្រ្តីជាន់ខ្ពស់អាស៊ាន៕