ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូត​អាមេរិក​ជួយ​ជំរុញ​វិនិយោគិន​ខាង​ឧស្សាហកម្ម​ផលិតផល​ធ្វើ​ដំណើរ​មក​កម្ពុជា


Deer are seen on a field near Hildesheim, Germany.
Deer are seen on a field near Hildesheim, Germany.

លោក William A. Heidt ថ្លែង​ថា តាមរយៈ​​ការលើកលែង​ពន្ធ​លើ​ផលិតផល​សម្រាប់​ធ្វើ​ដំណើរ កម្ពុជា​ជា​​ប្រទេស​ដែល​មាន​សក្ដានុពល​នៅ​ក្នុង​វិស័យ​នេះ។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​ជំរុញ​វិនិយោគិន​បរទេស រួម​ទាំង​វិនិយោគិន​អាមេរិក​ ឱ្យចូល​មក​វិនិយោគ​នៅ​កម្ពុជា ពិសេសក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​សម្ភារៈ​សម្រាប់​ធ្វើ​ដំណើរ បន្ទាប់​ពី​អាមេរិក​បាន​លើក​ពន្ធ​នាំ​ចូល​ផលិតផល​ប្រភេទ​នេះ​ពី​កម្ពុជាចូលទៅទីផ្សារ​អាមេរិក។

កាល​ពី​ចុង​ខែ​មិថុនា សហរដ្ឋ​អាមេរិក​បាន​ប្រកាស​លើកលែង​ពន្ធនាំ​ចូលចំពោះ​ផលិតផល​សម្រាប់ធ្វើដំណើរ​ដែល​មាន​ដូចជា​កាបូប វ៉ាលីស៍ កាបូបស្ពាយ ​និង​កាបូប​លុយ​ដែលផលិត​នៅ​កម្ពុជា​ ចាប់​ថ្ងៃទី​១​ ខែ​កក្កដា​តទៅ។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​ ​នា​រសៀល​ថ្ងៃ​អង្គារ​នៅ​ឯ​ស្ថានទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​លោក William A. Heidt បាន​មាន​ប្រសាសន៍ថា ប្រទេស​កម្ពុជា​ មានបរិយាកាស​ល្អ​សម្រាប់​ការ​វិនិយោគ និង​មាន​បទ​ពិសោធ​ច្រើន​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ។

លោក​បន្ត​ថា តាមរយៈការលើកលែង​ពន្ធ​លើ​ផលិតផល​សម្រាប់​ធ្វើ​ដំណើរ កម្ពុជា​ជាប្រទេស​ដែល​មាន​សក្ដានុពល​នៅ​ក្នុង​វិស័យ​នេះ។

«រោង​ចក្រ​គឺ​រោងចក្រ។ មាន​រោងចក្រ​ខ្លះ​ល្អ ហើយ​រោងចក្រ​ខ្លះ​ដែល​នៅ​ត្រូវ​ការ​កែ​លម្អ​ខ្លះ​ទៀត។ ខ្ញុំ​បាន​ឃើញ​រោងចក្រ​ទាំង​ពីរ​ប្រភេទ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជាទូទៅ​ វិស័យ​នេះ​បាន​អភិវឌ្ឍ​ប្រកប​ទៅ​ដោយ​ភាព​ទទួល​សុខ​ត្រូវ។ ហើយ​ការ​ដែល​កម្ពុជា​មាន​កម្មវិធី​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា (Better Factories Cambodia) ដែល​ជាប់​ទាក់ទិន​ជាមួយ​នឹង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​ផ្ដល់​ទំនុក​ចិត្ត​ខ្លាំង​ទៅ​ដល់​ក្រុម​អ្នក​បញ្ជា​ទិញ​ថាលក្ខខណ្ឌ​ការងារ​គឺ​ល្អ។ ដូច្នេះ កម្ពុជា​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​សម្រាប់​ផលិតកម្ម​ល្អ និង​ផលិតកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ​នៅ​ក្នុង​វិស័យ​កាត់​ដេរ»។

លោក William A. Heidt ឱ្យ​ដឹង​ដែរ​ថា កាល​ពី​ថ្ងៃ​អាទិត្យ លោក​បាន​រួម​ដំណើរ​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល និង​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា GMAC ទៅ​កាន់​ទីក្រុង​ហុងកុង ដើម្បី​ផ្សព្វផ្សាយ និង​ទាក់ទាញ​អ្នក​វិនិយោគ​លើ​វិស័យ​កាត់​ដេរ​មក​កាន់​កម្ពុជា។

លោក​បន្ត​ថា​ ក្រុម​អ្នក​បញ្ជា​ទិញ​ប្រមាណ​២០​ក្រុមហ៊ុន និង​២០​រោងចក្រ​បាន​ចូល​រួម​ស្ដាប់ ដោយ​ជា​លទ្ធផល រោងចក្រ​យ៉ាងតិច​៨​បាន​ពិចារណា​យ៉ាង​ប្រាកដ​ប្រជា​ក្នុង​ការ​មក​វិនិយោគ​នៅ​កម្ពុជា។

លោក ចាន់ សុផល ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​គោលនយោបាយ​មាន​ប្រសាសន៍​ថា ការ​លើកលែង​ពន្ធ​សម្រាប់​សម្ភារៈ​ធ្វើ​ដំណើរ​ដែល​នៅ​ចន្លោះ​ពី​៥​ទៅ​២០​ភាគរយ​នេះ ​នឹង​ជួយ​កម្ពុជា​ឱ្យ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃក្នុង​ការ​នាំ​ផលិតផល​ប្រភេទ​នេះ​ទៅ​អាមេរិក​ ក៏​ដូច​ជា​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ឬ​ដែល​មានន័យ​ថា​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​ភាព​ចម្រុះ។

លោក​ថា កត្តា​នេះ​នឹង​នាំ​ឱ្យ​រោងចក្រ​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​ពិចារណា​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​ និង​ផលិតកម្ម​របស់​ខ្លួន និង​អាច​ទាក់ទាញ​វិនិយោគិន​ថ្មី​ឱ្យ​មក​សាងសង់​រោងចក្រ​បន្ថែម​ទៀត តែ​កម្ពុជា​ក៏​ត្រូវ​កែសម្រួល​បញ្ហា​មួយ​ចំនួន​ផង​ដែរ។

«ចឹង​រដ្ឋាភិបាល ​ត្រូវ​ខិតខំ​មែនទែន​រឿង​ពន្លឿន​រឿង​វិស័យ​អគ្គិសនី​មួយ ធ្វើ​យ៉ាងណា​ធ្វើ​ឱ្យ​អគ្គិសនី​មាន​ចរន្ត​ល្អ ទៀងទាត់។ ត្រូវ​វិនិយោគ​ថែម ។យើង​វិនិយោគ​ថែម​រឿង​នេះ​មួយ​ ហើយ​ថ្លៃ​អគ្គិសនី​បើ​យើង​ចុះ​បាន​ក៏​ល្អ​ថែម​ទៀត។ ហើយ​និង​ចំណាយ​ផ្សេងៗ​ទៀត ក៏​មិន​គួរ​ឱ្យ​កើន​ឡើង​ខ្ពស់​ពេក​ដែរ។ បើ​សិន​ជា​មិន​ដូច្នោះ​ទេ វា​នៅ​តែ​ជា​ឧបសគ្គ​សម្រាប់ការ​ធ្វើ​ពិពិធ​កម្ម​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​យើង​ដែរ»។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​ថា អាមេរិក​កំពុង​ព្យាយាម​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា តាម​ការ​ផ្ដោត​ទៅ​លើ​ការ​វិនិយោគ​ជាជាង​និយាយ​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​ជានិច្ចកាល តែង​នាំ​ឱ្យ​មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល។

លោក​យល់ថា ​នេះ​គឺជា​យុទ្ធសាស្ត្រ​ដែល​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​សិទ្ធិមនុស្ស និង​នីតិរដ្ឋ។

«ជា​យុទ្ធសាស្ត្រ គេ​ឆ្លាត។ អាមេរិក​ឆ្លាត​ត្រង់​ថា ប្រសិន​បើ​អ្នក​វិនិយោគ​បែប​ហ្នឹង​មក​ប្រទេស​កម្ពុជា ចឹង​រដ្ឋាភិបាល​ក៏​ព្រួយ​បារម្ភ​ពី​ស្ថិរភាព​នយោបាយ​ដែរ។ អញ្ចឹង ប្រសិន​បើ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​ដូច​ដែល​ខ្ញុំ​បាន​លើកឡើង គឺ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​កំណែ​ទម្រង់។ កំណែ​ទម្រង់​តុលាការ កំណែ​ទម្រង់​ប្រព័ន្ធ​នយោបាយ កំណែ​ទម្រង់​បញ្ហា​អយុត្តិធម៌​សង្គម ចឹង​គឺ​ល្អ។ ល្អ​សម្រាប់​ប្រទេស​កម្ពុជា»។

យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ បន្ថែម​ថា ទោះ​បី​មាន​ការ​ជ្រោមជ្រែង​ពី​សហរដ្ឋ​អាមេរិក​ក៏ដោយ កម្ពុជា​ខ្លួន​ឯង​ត្រូវ​ធានា​ឱ្យ​មាន​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស ដើម្បី​ឱ្យ​វិនិយោគិន​ទាំង​នោះ​មាន​ទំនុក​ចិត្ត។

ប្រទេស​កម្ពុជា​មាន​ទីផ្សារ​ធំៗ​ចំនួន​ពីរ​គឺ​ស.រ.អា.​ ​និង​សហភាព​អឺរ៉ុប​សម្រាប់​ការនាំ​ចេញ​ផលិត​ផល​វាយន​ភណ្ឌ​របស់​ខ្លួន​ដែល​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រហែល​៧០០០០០​នាក់ និង​បង្កើត​ចំណូល​ជាង​៥​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។

វិស័យ​កាត់ដេរ​គឺ​ជា​សរសរ​ទ្រូង​សេដ្ឋកិច្ច​មួយ​ក្រៅ​ពី​វិស័យ​៣​ទៀត​ រួមមាន​សំណង់ ​កសិកម្ម ​និង​ទេសចរណ៍។​

បើ​តាម​លោក William A. Heidt អាមេរិក​នាំ​ចូលរបស់​របរ​ប្រើប្រាស់​សម្រាប់ការធ្វើ​ដំណើរក្នុង​តម្លៃ​ប្រមាណ​១០​ពាន់​លានដុល្លារ​អាមេរិកក្នុង​មួយ​ឆ្នាំៗ ឬ​ប្រមាណ​២​ដង​នៃ​ចំណូល​សរុប​របស់​កម្ពុជា​ពី​ការ​នាំ​ចេញ​វិស័យ​វាយនភណ្ឌ៕

XS
SM
MD
LG