ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោកW. Patrick Murphy ចាត់ទុកថាការសម្រេចចិត្តរបស់ព្រឹទ្ធសភាអាមេរិក ក្នុងការរំឭកខួបលើកទី៣០នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានបញ្ជាក់ជំហរសហរដ្ឋអាមេរិក ដែលនឹងនៅជាមួយប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញដែលវីអូអេទទួលបាននៅថ្ងៃអង្គារនេះ។
កាលពីថ្ងៃទី១២ ខែឧសភា ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆន្ទ លើសេចក្តីសម្រេចចិត្តក្នុងការរំឭកកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនោះ ដែលបានបញ្ចប់សង្គ្រាមមានរយៈពេលរាប់ទសវត្សរ៍ និងក្នុងការធ្វើឱ្យប្រទេសកម្ពុជាស្ថិតនៅលើផ្លូវនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។
លោកW. Patrick Murphyឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាត្រូវបានគេស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៤ខែឧសភា តាមអត្ថន័យដើមថា៖ «សំឡេងដ៏សំខាន់នៃផ្នែកនីតិបញ្ញត្តិបញ្ជាក់ថា សហរដ្ឋអាមេរិកឈរនៅជាមួយប្រជាជនកម្ពុជា ក្នុងការគាំទ្រសេចក្តីប្រាថ្នាយូរអង្វែងរបស់ពួកគេ ដែលចង់បានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់»។
លោកឯកអគ្គរដ្ឋទូតបន្ថែមថា៖ «សេចក្តីសម្រេចចិត្តនេះ ថែមទាំងរំឭកពីតួនាទីដ៏សំខាន់នៃសហគមន៍អន្តរជាតិ ក្នុងការធ្វើជាដៃគូជាមួយអ្នកពាក់ព័ន្ធខាងកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីជួយព្រះរាជាណាចក្រកម្ពុជាក្នុងការបញ្ចប់នូវអំពើហិង្សា ហើយចាប់ផ្តើមកសាងប្រទេសឡើងវិញ»។
គួរបញ្ជាក់ថា សេចក្តីសម្រេចរបស់ព្រឹទ្ធសភាអាមេរិក ផ្តើមចេញពីគំនិតផ្តួចផ្តើមដោយសមាជិកព្រឹទ្ធសភាឈ្មោះ Eward J. Markey មកពីរដ្ឋ Massachusetts ព្រឹទ្ធសមាជិក Mitt Romney មកពីរដ្ឋ Utah ព្រឹទ្ធសមាជិក Bob Menendez មកពីរដ្ឋ New Jersey និងព្រឹទ្ធសមាជិក Jim Risch មកពីរដ្ឋ Idaho។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស (Paris Peace Agreement) ដែលបានធ្វើឱ្យខ្មែរ ៤ភាគី ឈប់បាញ់គ្នា នាំឲ្យមានសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យភាពជាតិ ការអភិវឌ្ឍជាដើមផងនោះ គឺជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ សម្តេចឪព្រះបាទនរោត្តម សីហនុ ដែលជាអ្នកផ្តួចផ្តើម៕