ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជំនួយ​ស.រ.អា.​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជារឿង​ចាំបាច់

  • សុខ ខេមរា

លោក Adam Smith សមាជិកសភា​មកពីរដ្ឋ​វ៉ាស៊ីនតោន​ថ្លែង​ក្នុង​កម្មវិធីរបស់ ​Oxfam America។
អង្គការ​ Oxfam America ​បាន​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ថា​ ​ ជំនួយ​ស.រ.អា.ទៅកាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​រួមទាំង​តំបន់​អាស៊ី​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ​ជួយ​ផ្នែក​សិទ្ធិ​មនុស្ស​ ​សេរីភាព​ជា​មូលដ្នាន​ ប្រជាធិប​តេយ្យ​ ហើយ​ផ្តល់​ផល​ប្រយោជន៍​ដល់​ស.រ.អា.នោះ​គឺ​ជិត​២​ភាគរយ​នៃ​ថវិកា​ជាតិ​របស់​ប្រទេស​អាមេរិក​តែ​ប៉ុណ្ណោះ​ ដោយ​ទទូច​ដល់​រដ្ឋាភិបាល​ស.រ.អា.ថា​ មិនគួរ​កាត់​ជំនួយ​នានា​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទេ។​

របាយ​ការណ៍​របស់​អង្គការ​ Oxfam ​America ​បាន​និយាយ​ថា៖​

«ជា​ការណ៍​ពិត​ ថវិកា​ផ្នែក​កិច្ចការ​បរទេស​ទាំងមូល​ដែល​រួមមាន​ផ្នែក​ការទូត​ និង​ផ្នែក​ការ​អភិវឌ្ឍ​គឺតិច​ជាង​២ភាគរយ​នៃ​ថវិកា​ជាតិ។​ ជំនួយ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ ​ផ្នែក​កាត់​បន្ថយ​ភាព​ក្រីក្រ​គឺ​តិច​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​សរុប​នោះ​គឺ​ស្មើ​នឹង​០,៧​ភាគរយ​នៃ​ថវិកា​ជាតិ​រដ្ឋាភិបាល​សហ​ព័ន្ធ​ស.រ.អា.ក្នុងឆ្នាំ​សារពើ​ព័ន្ធ​ឆ្នាំ​ ២០១៣។​ ដូច្នេះ​ការ​កាត់​បន្ថយ​ជំនួយ​សម្រាប់​បរទេស​ ជា​ការណ៍​ពិត​មិនមាន​ផល​ប៉ះពាល់​លើការ​កាត់​បន្ថយ​បំណុល​ជាតិ​ទេ។​ តែ​រឿង​នេះ​អាច​ជា​ការ​គំរាមដល់​ជីវិត​និង​ជីវភាព​មនុស្ស​រាប់លាន​នាក់​ក្នុង​ពិភព​លោក»។​

នេះ​បើតាម​របាយ​ការណ៍​របស់​អង្គការ​ Oxfam America ​ដែល​បាន​ចែកផ្សាយ​កាលពី​សប្តាហ៍​មុន​នៅ​ឯអគារសភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ក្នុង​ពេល​បង្ហាញ​នោះ។​ កម្មវិធី​នេះ​មាន​វាគ្មិន​សំខាន់ៗ​ និង​អ្នក​ចូលរួម​មកពី​ក្រសួង​និង​អង្គការ​ធំៗ​របស់​ស.រ.អា.ជាច្រើន។​

បើតាម​តួលេខ​របស់​អង្គការ​ Oxfam America ​បាន​ឲ្យ​ដឹង​ថា ​ស.រ.អា.ចំណាយ​ ថវិកា​ខ្លួន​សម្រាប់​ជំនួយ​អភិវឌ្ឍន៍​ក្រៅប្រទេស​មាន​តែ​ប្រមាណ​៣០​ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំៗ។​ តែ​ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​តាម​រយៈ​ការធ្វើ​ការ​ស្ទង់​មតិ​ហើយ​រួមទាំង​សមាជិក​សភា​មួយ​ចំនួន​ផង​ ចង់​ឲ្យ​មាន​កាត់​បន្ថយ​ការ​ផ្តល់​ជំនួយ​ទៅក្រៅ​ប្រទេស​និង​រឹត​ត្បិត​ចំណាយ​នានា​ទាំង​ក្នុង​ប្រទេស​ផង​ដើម្បី​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ស.រ.អា. ហើយ​នឹង​លុប​បំបាត់​បំណុល​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ដែល​ស.រ.អា.កំពុង​ជំពាក់​គេ​ឬ​ចំណាយ​លើស​ចំណូល​នោះ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេម​ភាសា​ លោក​ អាដាំ ស្មីត ​(Adam Smith) ​សមាជិក​សភា​មកពី​រដ្ឋ​វ៉ាស៊ីនតោន​ ដែល​ចូលរួម​ផ្តល់​ស័ង្កថា​ក្នុង​ពេល​បើក​សម្ពោធ​របាយការណ៍របស់​អង្គការ​ Oxfam America​ បាន​អះអាង​ថា​ជំនួយ​របស់​ស.រ.អា.នៅតែ​ជារឿង​ចាំបាច់​ណាស់​សម្រាប់​ប្រទេស​ជាច្រើន។​

«មាន​អង្គការ​ច្រើន​ មាន​ប្រទេស​ជាច្រើន​នៅតែ​ចូលរួម​ពាក់ព័ន្ធ​មែន​ តែ​ជា​ការណ៍​ពិត​ក្នុង​តំបន់​អាស៊ី ​ដែលមាន​ប្រទេស​ក្រីក្រ​ច្រើន​នៅទីនោះ​ ជំនួយ​ស.រ.អា.ពិត​ជា​រឿង​សំខាន់​ក្នុងការ​ជួយ​ប្រទេស​ទាំង​នោះ​ក្នុងការ​អភិវឌ្ឍ​ និង​ស្ថាបនា​ជីវភាព​គេ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ហើយ​បង្កើន​ការ​រីក​ចម្រើន»។​

ចំណាយ​ជាង​៣០ពាន់​លាន​ដុល្លារ​ស.រ.អា.ក្នុង​១​ឆ្នាំៗ​នោះ​គឺសម្រាប់​ប្រទេស​នានា​ក្នុង​ពិភព​លោក​ដើម្បី​ជួយ​ដល់​ប្រទេស​ទាំង​នោះ​ក្នុង​ការ​ឲ្យ​មាន​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ សន្តិសុខ ​ប្រជាធិបតេយ្យ ​សិទ្ធិ​មនុស្ស ​ការ​អភិវឌ្ឍដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។​

លោក​ ប៉ូល ប៉្រៃអិន​ (Paul Brien)​ នាយក​រង​ផ្នែក​គោល​នយោបាយ​ និង​យុទ្ធនាការ​នៃ​អង្គការ​ Oxfam America ​បានថ្លែង​ថា ​ប្រទេស​នានា ​រួមទាំង​កម្ពុជា​ផង​ ត្រូវការ​ពង្រឹង​សេរីភាព​ សិទ្ធិ​មនុស្ស​ និង​ប្រជាធិប​តេយ្យ​ ហើយ​នឹង​ដោះ​ស្រាយ​បញ្ហា​ខ្វែង​គំនិតគ្នា​ដោយ​សន្តិវិធី ​ប្រសិន​បើ​គេ​ចង់​បាន​ជំនួយ​បន្ថែម​ពី​ស.រ.អា.។​

«ប្រសិន​បើគេ​ចង់​ធ្វើការ​ជាមួយ​ទីភ្នាក់ងារ​ USAID​ ប្រទេស​នានា​ត្រូវធ្វើ​កិច្ចការ​ពីរ យ៉ាង ​គឺគេត្រូវ​តែផ្លាស់ប្តូរ​ គេ​ត្រូវ​តែមាន​គំនិតថ្មី​ជាង​មុន ​ហើយ​ស.រ.អា.នឹង​ផ្តល់​ការ​គាំទ្រ​គេ។​ ហើយ​គេ​ត្រូវតែ​ធ្វើ​ឲ្យ​មាន​ស្ថាប័ន​ដ៏​រឹងមាំ​ ដូច្នេះ​ការ​ផ្លាស់ប្តូរ​នានា​អាច​កើត​ឡើង​យូរ​អង្វែង​និង​ក្លាយជា​ការកែ​ទម្រង់ពិត​ប្រាកដ»។​

លោកស្រី​ ខាឡា កូពែល ​(Carla Coppell) ​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​នៃ​ទីភ្នាក់ងារផ្តល់​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​ស.រ.អា. (USAID) ​បាន​ថ្លែង​ថា​ ស.រ.អា.នឹង​នៅ​តែ​គិត​គូរ​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​តំបន់​អាស៊ី​បន្ត​ទៅ​អនាគត​ទៀត។​

«ជំនួយ​របស់​អង្គការ ​USAID ​ចំពោះ​តំបន់​អាស៊ី​គឺ​ពិត​ជា​រឿង​សំខាន់។​ យើង​បាន​ ឃើញ​ថា​ ប្រជាជាតិ​តំបន់​អាស៊ី​គឺ​ពិត​ជា​រឿង​សំខាន់ ​ទាំងដៃគូ​និង​សកម្មភាព​ អភិវឌ្ឍន៍​និង​ដៃគូ​ក្នុង​គោល​នយោបាយ​ការ​បរទេស»។​

ស.រ.អា.ចំណាយ​ថវិកា​ដល់​ប្រទេស​ដទៃ​គឺ​តិច​ជាង​ការ​ចំណាយ​ក្នុង​ការ​ថែទាំ​ស្មៅ​ និង​តិចជាង​ការ​ចំណាយ​ជាង​ពាក់​កណ្តាល​ចំពោះ​ការ​ទិញ​ទឹកក្រូច​ផង៕​
XS
SM
MD
LG