ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​​​ដឹកនាំ​គម្រោង​អភិវឌ្ឍន៍​និស្សិត​ និង​យុវជន


ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ ប្រចាំ​នៅ​​ប្រទេស​កម្ពុជា​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​គម្រោង​នៃ​ការ​បង្កើត​ថ្មី​នៃ​កិច្ច​ការ​អភិវឌ្ឍន៍​ ឬ ​Development​ Innovations។
ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ ប្រចាំ​នៅប្រទេស​កម្ពុជា​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​គម្រោង​នៃ​ការ​បង្កើត​ថ្មី​នៃ​កិច្ច​ការ​អភិវឌ្ឍន៍​ ឬ ​Development​ Innovations ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

នេះគឺ​ជា​គម្រោង​រយៈ​ពេល​៣ឆ្នាំ​នេះ​ ដែលនឹងបើក​ឱកាស​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ជា​ពិសេស​យុវជន​ធ្វើ​ការ​សិក្សា​ ស្វែង​យល់​ និងស្រាវ​ជ្រាវ​ផ្នែក​ព័ត៌មាន​វិទ្យា ​រួម​ទាំងជួប​ជុំគ្នា​ដើម្បី​លើក​ឡើង​ពី​បញ្ហា​សង្គម​ផ្សេងៗ​ តាម​រយៈ​បច្ចេក​វិទ្យា។​ ពួក​គេ​អាច​មក​ធ្វើ​កិច្ចការ​របស់​ពួក​គេ​នៅ​ក្នុងអគារ​មួយ​កម្ពស់បី​ជាន់​ ដោយ​អត់​គិតថ្លៃ ​និង​អាច​ចេញ​ចូល​ដោយ​សេរី។ ​អគារ​នេះ​មាន​ទីតាំង​នៅ​ជិត​វត្ត​សន្សំ​កុសល្យ​ នៅខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ។

គម្រោង​នេះ​ក៏​នឹង​ធ្វើការ​សហការ​ជាមួយសង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ចង់​លើក​ឡើង​នូវ​បញ្ហា​សង្គម​នា​នា​ និង​ស្វែង​រក​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។​

លោក​ហង់​ ជួន​ ណារ៉ុង​ ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សម្ពោធ​នេះ​ ដោយ​ចាត់​ទុក​ថា​ ការ​ប្រើ​ប្រាស់​ព័ត៌មាន​វិទ្យា​មាន​សារៈ​ប្រយោជន៍​ និង​មាន​ឥទ្ធិពល​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ និង​ព័ត៌មាន​ ជាពិសេស​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូច​ជា​កម្ពុជា។​

«គម្រោង​នៃ​កិច្ចការ​អភិវឌ្ឍន៍​បាន​នាំ​យក​អ្នក​ជំនាញ​មក​ពី​កន្លែង​ផ្សេងៗ​ មក​កាន់​កន្លែង​តែ​មួយដើម្បី​ធ្វើ​ការ​ជា​មួយ​គ្នា​ ដើម្បី​លើក​ឡើង​ពី​បញ្ហា​ ហើយ​ស្វែង​រក​ដំណោះស្រាយ​លើ​បញ្ហា​ទាំង​នោះ​ ដើម្បី​ជា​ការ​ប្រសើរ​ឡើង​នៃ​សង្គម»។​

លោក​ស្រី​ហ្គេតា​ ហ្គីស​ហាវស៍ ​(Greta ​Greathouse) ​ប្រធាន​ក្រុម​គម្រោង​ Development​ Innovations ​ថ្លែង​ថា គោល​ដៅ​សំខាន់​នៃ​គម្រោង​ការ​បង្កើត​ថ្មី​នៃ​កិច្ចការ​អភិវឌ្ឍ​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្កើត​ជា​សហគមន៍​អ្នក​ច្នៃ​ប្រឌិត​ ហើយ​តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យាដើម្បី​ឲ្យ​ក្រុម​អ្នក​ច្នៃ​ប្រឌិត​ទាំង​នោះ​ធ្វើ​ការ​ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។

លោក​ស្រី​ រ៉េបិកា​ ប្លែក​ Rebecca Black​ នាយិកា​បេសកម្ម​នៃ​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ​(USAID) ​ថ្លែង​ថា​ ជា​លើក​ទី​១​ហើយ​ដែល​ USAID​ បាន​ធ្វើ​ការ​គាំទ្រ​គម្រោង​ទីតាំង​កន្លែង​ច្នៃ​ប្រឌិត ដែល​ធ្វើ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ ​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់ប្រជា​ពលរដ្ឋ​កម្ពុជា ​និង​សង្គម​ស៊ីវិល។​

អ្នក​ស្រី​បន្ត​ថា​ ការ​បោះឆ្នោត​ដែល​ទើប​កន្លង​ទៅ​ បាន​បង្ហាញ​ថា​ យុវជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ​ ​បាន​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​តាមរយៈ​ប្រព័ន្ធ​អ៊ិនធឺណេតដើម្បី​ចែក​ព័ត៌មាន​ និង​ធ្វើ​ទំនាក់​ទំនង​ដែល​មានឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​សង្គម។​

«ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ (USAID)​ បាន​ផ្តល់អាទិភាព​លើ​គម្រោង​ទាំង​ឡាយ​ដែល​ផ្តល់​ប្រយោជន៍ដល់​ប្រជាជន​ក្មេងៗ​ទាំង​នោះ។ តាម​រយៈ​គម្រោង​នេះ ​យុវជន​ក្មេងៗនិង​មាន​ឱ​កាស​ដើម្បី​បណ្តុះ​បណ្តាល​ និង​អភិវឌ្ឍ​សហគ្រិនភាព​ ភាព​ច្នៃ​ប្រឌិត​ ជំនាញបច្ចេក​វិទ្យា​ និង​ឱកាស​ដើម្បី​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​ទី​តាំង​អគារ​នេះ»។​

សូម​បញ្ជាក់​ថា​ គម្រោង​គម្រោង​នៃ​ការ​បង្កើត​ថ្មី​នៃ​កិច្ច​ការ​អភិវឌ្ឍន៍​នេះ​មាន​ទឹក​ប្រាក់​ចំនួន​៧,៥​លាន​ដុល្លារ​អាមេរិក។ ​ទឹក​ប្រាក់​ទាំង​នេះ​រាប់​បញ្ចូល​ទាំង​គម្រោង​សម្រាប់​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ជួយ​ដល់​សង្គម​ស៊ីវិល​ អ្នក​ផ្តល់​សេវា​កម្ម​ និង​ក្រុម​និស្សិត​ដើម្បី​បង្កើត​គំនិត​ថ្មី​ផ្សេងៗ​តាមរយៈ​ការ​ប្រើ​ប្រាស់​ព័ត៌មាន​វិទ្យា៕
XS
SM
MD
LG