ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធសាស្ត្រ​ដកទ័ព​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន


មន្ទីរ​បញ្ចកោណ៖ ផែនការ​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុង​ការ​ចាប់​ផ្តើមដក​កងទ័ព​សហរដ្ឋ​អាមេរិកចេញពី​ប្រទេស​អាហ្វកានីស្ថាន នា​ខែ​កក្កដាក្រោយ បាន​បង្ក​ឲ្យមាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ព្រម​ទាំង​មាន​ការភ័ន្ត​ច្រឡំ​ខ្លះៗ អំពី​ថា​តើ​ការកំណត់ពេល​វេលា​មាន​ន័យ​យ៉ាង​ដូចម្តេច។

លោក​ប្រធានាធិបតី អូបាម៉ា បាន​ចូល​កាន់​តំណែង មួយ​ផ្នែកដោយ​សារតែ​ការ​មិនសប្បាយ​ចិត្ត​ពី​សំណាក់​ក្រុម​អ្នក​បោះ​ឆ្នោត ចំពោះ​ចំណាត់​ការ​របស់​រដ្ឋបាល​មុន ដែល​បាន​អនុវត្តលើ​សង្រ្គាម​នៅ​អ៊ីរ៉ាក់ និង​អាហ្វកានីស្ថាន។ ក្នុង​នាម​ជា​ព្រឹទ្ធ​សមាជិក​មួយ​រូប លោកអូបាម៉ា​ ជា​អ្នក​ជំទាស់​យ៉ាង​ខ្លាំង​ក្លា​ទៅ​នឹង​សង្រ្គាម​នៅ​អ៊ីរ៉ាក់។ លោក​ និងអ្នក​ផ្សេងទៀតនៅ​ក្នុងគណបក្ស​ប្រជាធិបតេយ្យរបស់​លោក​ជឿ​ថា សង្គ្រាម​នោះបាន​បង្វែរ​ធនធាន​ចេញ​ពី​ការ​ចំណាយ​ទៅ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នៅ​អាហ្វកានីស្ថាន ដែលជាប្រភព​នៃ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​១១ កញ្ញា ដែល​ពួក​គេ​យល់ថា កិច្ច​ខិត​ខំ​ប្រឹង​នៅ​អាហ្វហ្កានីស្ថាន​សំខាន់​ជាង​នៅ​អ៊ីរ៉ាក់។

ជា​ការ​ពិត​ណាស់ កាល​ពី​ខែ​មិនាឆ្នាំ​មុន​ គឺពីរ​ខែបន្ទាប់​ពី​ចូលកាន់​តំណែង លោក​ប្រធានាធិបតី​បាន​ប្រកាស​អំពី​យុទ្ធសាស្រ្ត​របស់​លោក​ក្នុង​ការ «បង្អាក់ កំទេច និង​វាយឲ្យបរាជ័យ» ចំពោះ​ក្រុម​អាល់កៃដា (al-Qaida) នៅ​ប្រទេស​អាហ្វកានីស្ថាន​ ហើយ​ធានា​ថា​ ពួក​តាលីបាន ដែល​ជា​អតីត​ក្រុម​ម្ចាស់​ផ្ទះនៅក្នុង​ប្រទេស​អាហ្វកានីស្ថាន​ មិន​អាច​ត្រឡប់​មកកាន់​អំណាច និង​បង្កើត​ជម្រក​សុវត្ថិភាព​សម្រាប់​ពួក​ភេវរករ​សា​ជា​ថ្មីឡើយ។ លោក​បាន​បញ្ជាឲ្យ​បង្កើន​ជា​បឋម​នូវ​កងទ័ព​សហរដ្ឋ​អាមេរិក​ចំនួន​ ១ម៉ឺន​ ៧​ពាន់​នាក់។

កាល​ពី​ខែ​ធ្នូ លោកបាន​កែលំអរយុទ្ធសាស្រ្ត​បន្ថែម​ទៀតនេះ ​និងបាន​ប្រកាស​អ្វី​ដែល​គេស្គាល់​ថា ជា​ការ​បង្កើន​កម្លាំង ​នៅ​ក្នុង​ប្រទេស​អាហ្វកានីស្ថាន​ ដែល​មាន​កងទ័ព​អាមេរិក​ចំនួន​ ៣ម៉ឺននាក់​ និងកងទ័ព​សម្ព័ន្ធ​មិត្តប្រហែល​១ម៉ឺននាក់ទៀត​ រួម​ជាមួយនឹង​ការអនុវត្តដ៏​ពេញ​លេញ​នូវ​យុទ្ធសាស្រ្ត​ប្រឆាំង​នឹង​ពួក​ក្រុម​បះបោរ​ ដែល​យុទ្ធសាស្ត្រ​នេះត្រូវបាន​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​គួរឲ្យ​កត់​សម្គាល់នៅ​អ៊ីរ៉ាក់។ ប៉ុន្តែលោក​ប្រធានាធិបតីក៏​បាន​បញ្ជាក់​ច្បាស់​ដែរ​ថា លោកនឹងមិន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​មិន​ចេះ​ចប់​នោះ​ទេ។

«កងទ័ព​អាមេរិកាំង​ និង​អន្តរជាតិ​បន្ថែម​ទាំង​នេះ នឹង​អនុញ្ញាត​ឲ្យ​យើង​ពន្លឿន​ការ​ប្រគល់ការ​ទទួល​ខុស​ត្រូវ​ទៅ​ឲ្យ​កង​កម្លាំង​អាហ្វកានីស្ថាន ហើយ​អនុញ្ញាត​ឲ្យ​យើង​ចាប់​ផ្តើម​ផ្ទេរកងកម្លាំង​របស់​យើង​ចេញ​ពី​ប្រទេស​អាហ្វកានីស្ថាន​ នា​ខែ​កក្កដា ឆ្នាំ​២០១១»។

ទិសដៅ​នោះ​គឺថា ត្រូវ​បន្ថយ​ឥទ្ធិពល​របស់​ពួក​តាលីបាន ហើយ​បង្កើន​ទំហំ និង​សមត្ថភាព​ដល់កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​អាហ្វកានីស្ថាន ដើម្បី​ឲ្យ​ទ័ព​អាមេរិក​អាច​ចាប់​ផ្តើម​ប្រគល់​ការ​ទទួល​ខុស​ត្រូវ និង​ដក​ទ័ព ដែល​ដំណើរ​ការ​នេះត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​ជា​បន្តបន្ទាប់។ ប៉ុន្តែ​ការ​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ខែ​កក្កដា ឆ្នាំ​២០១១ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភក្នុងចំណោម​មនុស្ស​មួយ​ចំនួន​ នៅក្នុង​តំបន់​ ដែល​ថា ការ​ធ្វើ​បែប​នេះអាចជា​ការ​បញ្ចប់ការប្តេជ្ញា​ចិត្ត​របស់​អាមេរិកចំពោះ​អាហ្វកានីស្ថាន​ ហើយ​ក្រុម​មន្ត្រី​បាន​ធ្វើកិច្ចការ​នេះ ដើម្បី​លុប​បំបាត់​ទស្សនៈ​យល់​ឃើញ​បែប​នោះ។

ពួកគេ​គូស​បញ្ជាក់​ថា កាល​បរិច្ឆេទ​គឺ​គ្រាន់​តែ​ជា​ការ​ចាប់ផ្តើម​ដំណើរការ​មួយ​ប៉ុណ្ណោះ ហើយ​ថាទំហំ​ និង​ល្បឿន​នៃ​ការ​ដក​កង​ទ័ព​អាមេរិកនឹង​ត្រូវ​បាន​កំណត់ដោយ​កម្រិតនៃការរីកចម្រើន​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​សំខាន់​ពីរ គឺការ​វាយ​ឲ្យ​បរាជ័យនូវក្រុម​បះបោរ​ និង​ការ​កសាង​កម្លាំង​អាហ្វកានីស្ថាន។

ប៉ុន្តែ​នៅ​តែ​មាន​ការភ័ន្ត​ច្រឡំ​ខ្លះ អំពី​អ្វី​ដែល​លោក ម៉ៃខល អូហានឡុន (Michael O'Hanlon) ដែលជា​អ្នក​វិភាគ​នៅ​ឯ​វិទ្យាស្ថាន​ប៊្រុកឃីង (Brookings Institute) បាន​ហៅថា ​ជា «សារ​ដែល​មានលក្ខណៈ​ស្មុគ្រ​ស្មាញ និង​ពិបាក​យល់»។ លោក​បន្តថា៖

«ខ្ញុំ​គិត​ថា សារទូទៅ​ច្បាស់​ណាស់គឺ​ថា​ នឹង​មាន​ការ​ចាប់​ផ្តើម​ដក​ទ័ពចាប់​ពី​ខែ​កក្កដា ប៉ុន្តែ​ពាក្យថា «ការ​ដក​ទ័ព» ​ប្រហែលជាមិនអាច​ទៅ​រួច​ទេ។ វា​មិនមែន​ជារឿងចាប់​ផ្តើម​ចាក​ចេញ​នោះ​ប៉ុន្មាន​ទេ ក្នុង​ខណៈ​ដែលកំពុង​តែ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើងវិញនូវការ​ទទួល​ខុស​ត្រូវនៃ​អ្នក​ចូលរួម​ចំពោះកិច្ច​ការ​ទាំង​មូល​នោះ»។

ជា​ការ​ពិត មន្រ្តី​អាមេរិក​ចូល​ចិត្ត​និយាយ​អំពី​ ​«ដំណើការ» និង​«អន្តរកាល»​ ជា​ជាងពាក្យ​«ការ​ដក​កង​ទ័ព»។ លោក​អូហានឡុន​បន្ត​ថា៖

«ប្រសិន​បើ​អ្នក​យកពាក្យ​ទាំង​អស់​នោះមក​គិត ​អ្នក​ដឹង​ថា​ វាអាចជា​លទ្ធភាពមួយ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​កាត់​បន្ថយ​កង​កម្លាំង ប៉ុន្តែ​វាក៏គូស​បញ្ជាក់​ផង​ដែរថា យើង​មិន​ប្រញាប់​ចាក​ចេញ​ពេក​ទេ»។

លោកស្រី លីហ្សា ឃឺឌធីស (Lisa Curtis) ជា​អ្នក​វិភាគ​នៅ​ឯ​មូលនិធិ​បេតិកភ័ណ្ឌ (Heritage Foundation) បាន​ឲ្យ​ដឹង​ថា ការ​កំណត់​កាល​បរិច្ឆេទនៅ​ខែ​កក្កដា ឆ្នាំ​២០១១​គឺ​ជា​កំហុសឆ្គងមួយ បើ​ទោះ​ជា​លោក​ប្រធានាធិបតី​ អូបាម៉ា មាន​ប្រសាសន៍​ថា​ វាគ្រាន់​តែ​ជា​សញ្ញា​នៃការចាប់​ផ្តើម​ការ​ដក​ទ័ព​អាមេរិក​ក៏​ដោយ។ លោក​ស្រី​ថ្លែង​ដូច្នេះ​ថា៖

«នោះ​គឺជាអ្វី​ដែល​លោក​មាន​ប្រសាសន៍ កាល​ពី​ខែ​ធ្នូរ​មុន ប៉ុន្តែ​ខ្ញុំ​គិត​ថា សេចក្តី​អធិប្បាយ​នោះត្រូវ​បាន​បក​ស្រាយនៅ​ក្នុង​តំបន់​ថា ​វាគឺជា​យុទ្ធ​សាស្រ្ត​ដក​ថយ​ ហើយ​ថា​អាមេរិកកំពុងត្រៀម​ខ្លួន​ដក​កង​ទ័ព»។

ក្រុម​អ្នក​គាំទ្រ​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ប្រធានាធិបតី ​និយាយ​ថា ការ​ដក​ទ័ពបាន​ដាក់​សម្ពាធ​ទៅ​លើ​ស្ថាប័ន​អាមេរិក និង​អន្តរជាតិ ព្រម​ទាំង​រដ្ឋាភិបាល​អាហ្វកានីស្ថាន ឲ្យ​ចាត់​វិធាន​ការឲ្យ​បានឆាប់​រហ័ស​នូវ​កម្ម​វិធី ដែល​រាប់​ចាប់​ពី​វិស័យសន្តិសុខ​ អភិបាល​កិច្ច រហូត​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

លោក​ស្រី ឃឺឌធីស និយាយ​ថា វា​ជា​កំហុស​មួយ​ក្នុង​ការ​ចាក​ចេញ​យ៉ាង​ប្រញាប់​ប្រញាល់​ ដែលមិន​ទាន់​ដល់​មួយ​ឆ្នាំ​ផង​ បន្ទាប់​កង​ទ័ព និង​ក្រុម​ស៊ីវិល​អន្តរជាតិបាន​មក​ដល់។​ លោក​ស្រីបាន​ឲ្យ​ដឹង​ទៀត​ថា ​អាមេរិកត្រូវ​ការ «យុទ្ធ​សាស្ត្រ​ឈ្នះ» ជា​ជាង​ការ​កំណត់​ពេល​វេលា។

ក្រុម​មន្ត្រី​អាមេរិក​គិត​ថា ពួកគេ​ទទួល​បានទាំង​ពីរ ហើយ​ថា​ ពួក​គេ​នឹង​មាន​លទ្ធភាពបង្ហាញ​ឲ្យ​ឃើញ​ពី​ភាពរីក​ចម្រើន​មុន​ខែ​កក្កដាក្រោយ។

លោក​រ៉ូប៊ើត ហ្កេតស៍​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ មាន​ប្រសាសន៍​យ៉ាង​ច្រើន​អំពី​រឿង​នេះ​ ក្នុង​អំឡុង​សវនាការព្រឹទ្ធ​សភា​អាមេរិកកាល​ពី​ខែ​មិថុនា។ លោក​ហ្កេតស៍ថ្លែង​ដូច្នេះ​ថា៖

«យើង​គិត​ថា យើង​មាន​ធនធាន​ដ៏​ត្រឹម​ត្រូវ។ យើង​មាន​យុទ្ធសាស្រ្ត​ដ៏​ត្រឹម​ត្រូវ។ យើង​មាន​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ។ ហើយ​សម្ព័ន្ធ​មិត្ត និង​ដៃ​គូរ​របស់​យើង​ភាគ​ច្រើន​មាន​ទស្សនៈ​ដូច​យើង​ថា អ្វីៗ​កំពុង​ឆ្ពោះ​ទៅ​តាម​ទិសដៅ​ដ៏​ត្រឹម​ត្រូវ ហើយ​ថា យើង​មាន​លទ្ធភាព​បង្ហាញ​ពីភាពរីក​ចម្រើនដ៏​ច្បាស់​លាស់ ហើយ​ថា ​យើង​សិ្ថត​នៅ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ»។

ដំណាច់ឆ្នាំ​នេះ​គឺ​ជា​ពេល​ ដែលលោក​ប្រធានាធិបតី អូបាម៉ា មាន​ផែន​ការ​ត្រួត​ពិនិត្យ​មើល​ឡើងវិញ​នូវ​យុទ្ធសាស្រ្ត​នេះ។ ជា​ការ​ពិត ក្រុម​មន្ត្រី​ត្រូវ​បាន​រំពឹង​ថា​នឹង​ដាក់​របាយការណ៍​ស្តី​ពីភាព​រីក​ចម្រើន​ទាំង​នោះ ជូន​ទៅ​មេដឹកនាំ​អង្គការ​ណេតូ (NATO) នៅ​ឯ​ជំនួប​កំពូល​នា​ថ្ងៃ​ទី​២០​ វិច្ឆិកា។ ជំនួបនោះ​នឹង​ជា​ការ​បង្ហាញ​ដំបូង​ ស្តីពី​ថា​តើការ​ដក​កង​ទ័ព និង​ការ​ផ្ទេរ​អំណាច នឹង​ត្រូវ​បន្ត​ទៅ​មុខយ៉ាង​ដូច​ម្តេច។ ប៉ុន្តែ​ក្រុម​មន្ត្រីនិយាយ​ថា ការ​ដាក់​ជូន​នេះ​ត្រូវ​ធ្វើ​ឡើង​ពេល​ជិត​ដល់ពេល​កំណត់​ មុន​ពេល​ពួកគេ​ដឹង​ជាក់​លាក់ថា​តើ​កងទ័ព​ចំនួន​ប៉ុន្មាននឹងត្រូវ​ដក​នៅ​ក្នុង​ខែ​កក្កដា កង​ទ័ព​ទាំង​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​កន្លែង​ណា​ឲ្យ​ប្រាកដ ហើយ​ថាតើ​នឹង​ត្រូវ​បន្ត​ការ​ដក​កង​ទ័ព​ឲ្យ​បាន​ឆាប់​រហ័ស​ប៉ុណ្ណា​បន្ទាប់​ពី​នោះ៕

ប្រែសម្រួល​ដោយ​ លី​ សុខឃាង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG