កាលពីថ្ងៃសោរ៍អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារលើកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននៅជិតអាគារក្រសួងការពារប្រទេសនៅក្នុងក្រុងកាប៊ុលបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១២នាក់ស្លាប់ និងធ្វើឱ្យមនុស្ស១៣នាក់ទៀតត្រូវរបួស នេះបើតាមការប្រាប់ឱ្យដឹងដោយក្រុមមន្ត្រីប៉ូលិស។ ការណ៍នេះបានកើតមានឡើងនៅក្រោយការបំផ្ទុះគ្រាប់បែកមួយមុននេះនៅក្នុងខេត្ត Kunar ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៣នាក់បាត់បង់ជីវិតនិងធ្វើឱ្យមនុស្សជាង៤០នាក់ទៀតត្រូវរបួស។
ក្រុមអ្នកឃើញហេតុការណ៍ដោយផ្ទាល់ក្នុងក្រុងកាប៊ុលបានឃើញក្រុមជួយសង្គ្រោះបានដឹកមនុស្សស្លាប់ និងត្រូវរបួសទៅកាន់មន្ទីរពេទ្យនៅក្នុងរដ្ឋធានីជាបន្ទាន់នៅក្រោយការផ្ទុះគ្រាប់បែកនោះ។
អ្នកនាំពាក្យពួកតាលីបង់ឈ្មោះ Zabihullah Mujahid បាននិយាយប្រាប់ VOA ថាពួកបះបោរនេះបានបំផ្ទុះគ្រាប់បែកនៅក្នុងក្រុងកាប៊ុល ហើយបានអះអាងថាវាបានបណ្តាលឱ្យទាហាន២៣នាក់ស្លាប់ និងធ្វើឱ្យមានមនុស្សច្រើននាក់ទៀតត្រូវរបួស។ ជាញឹកញយ ពួកតាលីបង់បានបំប៉ោងចំនួនមនុស្សស្លាប់ និងត្រូវរបួសនៅក្នុងការវាយប្រហារបែបនេះ។
ក្រសួងការពារប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា ទាហានពីរនាក់ឋិតនៅក្នុងចំណោមពួកជនដែលបានបាត់បង់ជីវិតនៅក្នុងការផ្ទុះគ្រាប់បែកក្នុងក្រុងកាប៊ុល។
លោក Abdullah Abdullah ប្រធានប្រតិបត្តិនៃប្រទេសអាហ្វហ្គានីស្ថានបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយថ្កោលទោសអំពើហិង្សានេះដោយលោកបានមានប្រសាសន៍ថា «កិច្ចចរចាសន្តិភាព និងអំពើហិង្សាប្រឆាំងនឹងប្រជារាស្ត្រអាហ្វហ្គានីស្ថានមិនអាចមានជាមួយគ្នាបានទេ»។
លោកបាននិយាយសំដៅដល់កិច្ចចរចាដោយផ្ទាល់ដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថានរំពឹងថា នឹងធ្វើជាមួយពួកតាលីបង់ និងពួកបះបោរឯទៀតៗនៅក្នុងប្រទេសប៉ាគីស្ថាននៅជិតខាងនៅសប្តាហ៍ក្រោយ។ លោក Abdullah Abdullah បានមានប្រសាសន៍បន្ថែមថា «ពួកបះបោរត្រូវតែជ្រើសរើសយកសន្តិភាព មិនមែនយកអំពើហិង្សាទេហើយត្រូវតែជាផ្នែកមួយនៃអនាគត»។
នៅក្នុងខេត្ត Kunar ពួកអ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយថា អ្នកជិះម៉តូម្នាក់បានបំផ្ទុះខ្លួនឯងនៅជិតខ្លោងទ្វារចូលទៅក្នុងការិយាល័យអភិបាលខេត្តនៅក្នុងក្រុង Asadabad៕