ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក និង​អាហ្វហ្គានីស្ថាន​ជំរុញ​ឲ្យ​ពួក​តាលីបង់​ស្វែង​រក​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​រយៈពេល ១៧ ឆ្នាំ


ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani​ឈរ​ថត​រូត​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​និង​មន្រ្តី​យោធា​ក្នុងស្រុកបន្ទាប់ពី​ទទួល​បាន​ឧទ្ធម្ភាគចក្រ​ Black Hawk ២ ពី​រដ្ឋាភិបាល​អាមេរិក​នៅ​បន្ទាយអាកាស Kandahar Air Field ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ថ្ងៃទី​០៧ តុលា ២០១៧។

សហរដ្ឋ​អាមេរិក​បាន​ប្រគល់​ឧទ្ធម្ភាគចក្រ UH-60 Black Hawk ពីរ​គ្រឿង​ជា​ផ្លូវការ​ដល់​កង​កម្លាំង​ទ័ព​អាកាស​របស់​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​បង្កើន​សមត្ថភាព និង​ភាព​ធន់​របស់​កង​កម្លាំង​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ពួក​តាលីបង់។

ពិធី​ប្រគល់​ជូន​នេះ​បាន​ធ្វើ​ឡើង​នៅ​ឯ​ប្រលាន​យន្តហោះ​ក្នុង​ទីក្រុង Kandahar ភាគ​ខាង​ត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន ស្រប​ពេល​ដែល​កិច្ច​អន្តរាគមន៍​យោធា​លក្ខណៈ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី ១៧ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​មិន​មាន​សញ្ញា​ណា​មួយ​បញ្ជាក់​ថា សង្គ្រាម​ប្រឆាំង​នឹង​ការ​បះបោរ​ឥស្លាម​ជ្រុល​និយម​នេះ​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ។

នៅ​ពេល​ទទួល​យក​ឧទ្ធម្ភាគចក្រ​ទាំង​ពីរ​គ្រឿង​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani បាន​បញ្ជាក់​ថា វា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ និង​បាន​ប្រើ​ឱកាស​នោះ​ជំរុញ​ឲ្យ​ពួក​តាលីបង់​បញ្ចប់​នូវ​អំពើ​សង្គ្រាម​នេះ។

លោក Ashraf Ghani បាន​និយាយ​ថា ប្រសិន​បើ​ពួក​តាលីបង់​គិត​ថា ខ្លួន​អាច​យក​ឈ្នះ​កង​កម្លាំង​យោធា​អាហ្វហ្គានីស្ថាន​បាន ពួកគេ​ត្រូវតែ​លះបង់​គំនិត​នេះ​ចោល ដោយសារតែ​កង​កម្លាំង​យោធា និង​ប៉ូលិស​ជាតិ​របស់​អាហ្វហ្គានីស្ថាន​មាន​សមត្ថភាព​កើន​ឡើង​ខ្លាំង។

រដ្ឋាភិបាល​អាមេរិក​គ្រោង​នឹង​ផ្ដល់​ឧទ្ធម្ភាគចក្រ Black Hawk សរុប​ចំនួន ១៥៩ គ្រឿង ដល់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នៅ​ត្រឹម​ឆ្នាំ ២០២៤។ ឧទ្ធម្ភាគចក្រ​ទាំង​នេះ​នឹង​ជំនួស​ឲ្យ​ឧទ្ធម្ភាគចក្រ MI-17 ធ្វើ​នៅ​ប្រទេស​រុស្ស៊ី ដែល​កង​កម្លាំង​ទ័ព​អាកាស​អាហ្វហ្គានីស្ថាន​កំពុង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​នេះ៕

XS
SM
MD
LG