ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាំជ្រួច​​ផ្លោងធ្លាក់​នៅ​ចំណត​យន្តហោះ​ក្រុង​កាប៊ុល​ប៉ុន្មាន​ម៉ោង​ក្រោយ​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក​ទៅដល់​​អាហ្វហ្គានីស្ថាន


ទិដ្ឋភាព​អាកាសយានដ្ឋាន​អន្តរជាតិ​ Hamid Karzai ទីក្រុង​កាប៊ុល ប្រទេស​អាហ្វានីស្ថាន​កាលពី​ថ្ងៃសៅរ៍ ទី២៥ កក្កដា ២០១៥។
ទិដ្ឋភាព​អាកាសយានដ្ឋាន​អន្តរជាតិ​ Hamid Karzai ទីក្រុង​កាប៊ុល ប្រទេស​អាហ្វានីស្ថាន​កាលពី​ថ្ងៃសៅរ៍ ទី២៥ កក្កដា ២០១៥។

លោក Jim Mattis រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​មានប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​ដែល​មាន​យុទ្ធសាស្រ្ត​ថ្មី​របស់​ខ្លួនដើម្បីបំបែក​ភាព​ទាល់ច្រក​ខាង​នយោ​បាយ​ជាមួយ​ពួកបះបោរ​តាលីបង់ នឹង​មិន​បោះ​បង់​ចោល​ការ​ប្រយុទ្ធ​នៅ​ក្នុង​ប្រ​ទេស​អាហ្វហ្គានីស្ថាន​ទេ។

លោករដ្ឋ​មន្រ្តីការពារ​ប្រទេសអាមេរិក Mattis បាន​មាន​ប្រសាសន៍​ដូចនេះ​ក្នុង​អំ​ឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រដ្ឋ​ធានី​កាប៊ុល​កាលពី​ថ្ងៃ​ពុធថា «ដោយ​យុទ្ធ សាស្រ្តតំបន់​អាស៊ី​ខាង​ត្បូង​ផ្អែកលើ​ស្ថានភាព​ថ្មី​របស់​យើង ​យើង​នឹង​ធ្វើ​ឲ្យ​ប្រ​សើ​រ​ឡើង​នូវស្ថានភាព​ដើម្បីជួយ​អាហ្វហ្គានីស្ថាន​នៅពេល​ដែល​កងទ័ព​របស់​គេ​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ប្រឆាំង​នឹង​ពួកភេរវជន។ យើង​នឹង​មិន​បោះបង់​អាហ្វហ្គានី ស្ថាន​ទៅឲ្យ​សត្រូវ​ដ៏​កំណាច​ដែល​កំពុង​ព្យាយាម​បំផ្លាញ​មាគ៌ា​ឆ្ពោះ​ទៅកាន់​ការ អំណាច​នោះ‍»។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​អញ្ជើញ​ទៅ​ដល់ ការវាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​លើ​ចំណត​យន្តហោះ​ក្រុងកាប៊ុល​បាន​សម្លាប់​មនុស្ស​ម្នាក់​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​រងរបួស។​ ពួក​តាលីបង់​បាន​អះអាង​ទទួល​ខុសត្រូវ​ដោយ​និ​យាយថា ​ការ​វាយ​ប្រហារ​នោះ​សំដៅ​លើ​យន្តហោះ​របស់​លោក Mattis។ ​ក្រុមរដ្ឋ​ឥស្លាម​ក៏​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ដែរ។

លោករដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អាមេរិក​មិន​បាន​នៅ​ក្បែ​រចំណត​យន្តហោះ​នៅ ពេល​នោះ​ទេ។

លោក Jens Stoltenberg អគ្គលេខា​ធិការ​អង្គការ​អូតង់​ដែល​បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង​កាប៊ុលដែរ​នោះ​បាន​បញ្ជាក់​ពីការ​តាំង​ចិត្ត​របស់​អង្គការ​អូតង់​ដែរ​ចំពោះ​ប្រទេស​អាហ្វហ្គានីស្ថាន។

ផែនការស្តីពី​អាហ្វហ្គានីស្ថាន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​បាន​ប្រកាស​កាល​ពី​ខែ​មុន​ពីអំពី​តួនាទីកាន់​តែធំឡើង​សម្រាប់​ប្រទេស​នានា​នៅ​ក្នុង​តំបន់រួមទាំង​ប្រទេស​ឥណ្ឌា​ផង៕

XS
SM
MD
LG