ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ៖​គ្រោះថ្នាក់​ចរាចរណ៍​លើ​ព្រះ​អង្គ​ម្ចាស់​នរោត្តម ​រណឫទ្ធិ​​​មិន​មែន​ជា​ការ​ធ្វើ​ឃាត​នោះ​ទេ


រថយន្តដែលសម្តេច​ក្រុម​ព្រះ​នរោត្តម​ ​រណឫទ្ធិ ធ្វើដំណើររងការខូចខ្ទេចខ្ទីដោយសារតែគ្រោះថ្នាក់ចរាចរណ៍មួួយដែលបង្កហេតុដោយសារតែរថយន្តដឹកនាំអ្នកដំណើរមួយផ្សេងទៀត នៅលើផ្លូវជាតិទៅកាន់ក្រុងព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យសម្តេច​ក្រុម​ព្រះ​នរោត្តម​ ​រណឫទ្ធិ បានរងរបួសធ្ងន់ ចំណែកអ្នកម្នាង អ៊ុក ផល្លា បាន​ទទួលអនិច្ចកម្ម និងមនុស្សប្រាំពីរនាក់ផ្សេងទៀតរងរបួសធ្ងន់​និងស្រាល។ (រូបថតផ្តល់ឲ្យ​ដោយ​អគ្គនាយកដ្ឋាននគរបាលជាតិតាមរយៈ AP)
រថយន្តដែលសម្តេច​ក្រុម​ព្រះ​នរោត្តម​ ​រណឫទ្ធិ ធ្វើដំណើររងការខូចខ្ទេចខ្ទីដោយសារតែគ្រោះថ្នាក់ចរាចរណ៍មួួយដែលបង្កហេតុដោយសារតែរថយន្តដឹកនាំអ្នកដំណើរមួយផ្សេងទៀត នៅលើផ្លូវជាតិទៅកាន់ក្រុងព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យសម្តេច​ក្រុម​ព្រះ​នរោត្តម​ ​រណឫទ្ធិ បានរងរបួសធ្ងន់ ចំណែកអ្នកម្នាង អ៊ុក ផល្លា បាន​ទទួលអនិច្ចកម្ម និងមនុស្សប្រាំពីរនាក់ផ្សេងទៀតរងរបួសធ្ងន់​និងស្រាល។ (រូបថតផ្តល់ឲ្យ​ដោយ​អគ្គនាយកដ្ឋាននគរបាលជាតិតាមរយៈ AP)

គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ទាក់ទង​ក្បួន​រថយន្ត​សម្តេច ​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​បាន​បណ្តាល​ឱ្យ​ប្រធាន​គណបក្ស​​ហ៊្វុនស៊ិន​ប៉ិច​រូប​នេះ​របួស​ធ្ងន់​ ហើយ​អ្នក​ម្នាង​​អ៊ុក ផល្លា​បាត់​បង់​ជីវិត។​  នគរបាលជាតិ​ចេញ​របាយ​ការណ៍​ថា ​ឧបទ្ទវ​ហេតុ​នេះ​មិនមែន​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ទេ។

តំណាង​នគរបាល​បាល​ជាតិ​កម្ពុជា​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​អះអាង​ថា ​ករណី​គ្រោះ​ថ្នាក់​របស់​ព្រះ​អង្គម្ចាស់នរោត្តម​ ​រណឫទ្ធិ​គឺ​ជា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​សុទ្ធសាធ​ ​ដែល​បណ្តាល​មក​ពី​អ្នក​បើក​បរឡាន​ឈ្នួល​ហួស​ចំណុះ​និង​បើក​ក្នុង​ល្បឿន​លឿន​«មិនអាច​គ្រប់គ្រង​ចង្កូត»​ ​បាន។​

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ស៊ើប​អង្កេត​របស់​នគរបាលជាតិ​ចំពោះ​ករណី​ ​គ្រោះ​ថ្នាក់​លើព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​ ​ធ្វើ​ឱ្យ​អ្នកម្នាង​របស់​ព្រះ​អង្គ​ម្ចាស់​បាត់បង់​ជីវិត​នោះ​ ​នាយឧត្តម​សេនីយ៍ ​ហ៊ឹម យ៉ាន​ ​អគ្គ​ស្នងការ​រង​នគរបាលជាតិ​កម្ពុជា​ ​បាន​បញ្ជាក់​ថា ​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​អាទិត្យ​គឺ​ ​ដោយ​សារ​តែ​អ្នក​បើកបរ​ឡាន​ឈ្នួល​ ឬ​តាក់ស៊ី​ ​ឈ្មោះ ​មិល សារ៉េត​ ​វ័យ៣៤​ឆ្នាំ​ ​បាន​ដឹក​មនុស្ស​៦នាក់​ហួស​ចំណុះ​ ​ហើយ​បាន​បើក​បរ​វ៉ា​ជែង​ក្នុង​ល្បឿន​លឿន​ ​ខណៈ​ក្បួន​រថយន្ត​របស់​ព្រះ​អង្គម្ចាស់​ ​រណឫទ្ធិ​មក​ដល់។​

«នៅ​ពេល​ដែល​គាត់​វ៉ា​ជែង​ ​(រថយន្ត)​ ​RX 300​ នោះ​គឺ​ ​រថយន្ត​ខាង​មុខ​ នាំ​មុខ​ក្បួន​នោះ​គឺ​នៅ​ចម្ងាយ​ប្រហែល​ជា​២០​ម៉ែត្រ​ពី​គាត់​ អីចឹង​គាត់​ខំ​បង្កើន​ល្បឿន​ ​ឱ្យ​លឿន​ត​ទៅ​ទៀត​ឱ្យ​គាត់​ចូល​មក​ផ្លូវ​របស់​ខ្លួន​វិញ​ ​ឱ្យផុត​ពី​ឡាន​នាំ​ក្បួន។​ ​ផ្ទុយ​ទៅ​វិញ ​ស្ថាន​ភាព​ផ្លូវ​នៅ​ទី​នោះ​ ​ចិញ្ចើម(​ផ្លូវ)គឺ​ស្រុត​ ​ចិញ្ចើម​ខាង​ស្តាំគឺ​ស្រុត។ ​ពេល​គេច​នោះ​គឺ​ល្បឿន​លឿន​ ហើយ​ស្រាល​ហើយ​ជ្រុល​ចង្កូត​ ​ហើយ​ក៏​បាន​វ៉េ​ទៅ​ខាង​ឆ្វេង​ដៃ​ ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក​ព្រះ​ទីន័ង​របស់​សម្តេច​ក្រុម​ព្រះ​តែ​ម្តង»។

នាយ​ឧត្តមសេនីយ៍ ​ហ៊ឹម យ៉ាន​ ​អះអាង​ថា​ ​ក្រោយ​ការ​ស៊ើប​អង្កេត​នៅ​នឹង​កន្លែង​កើត​ហេតុ​ ​ការ​សាក​សួរ​អ្នក​ជិះ​ក្នុង​ឡាន​តាក់ស៊ី​ ​និង​ចម្លើយ​សារភាព​របស់​អ្នក​បើកបរ​ ​ក្រុម​សមត្ថ​កិច្ច​បាន​សន្និដ្ឋាន​ថា​ ការណី​គ្រោះថា្នក់​ ​ដែល​បណ្តាល​ឱ្យ​ព្រះ​អង្គម្ចាស់​ ​រណឫទ្ធិ​រងរបួស​និង​អ្នកម្នាង​ ​អ៊ុក ផល្លា​បាត់បង់​ជីវិត​នោះ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​មិន​មែន​ករណី​អ្វី​ផ្សេង​នោះ​ទេ។​

ឆ្លើយតប​នឹង​សំណួររបស់​អ្នក​សារ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​នាយ​ឧត្តម​សេនីយ៍ ​ហ៊ឹម យ៉ាន​ ​ បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«យើង​ធ្វើ​សន្និសីទ​កាសែត​នេះ​ដើម្បី​ជម្រាប​ជូន​ការណ៍​ពិត​នៃការ​ស៊ើប​អង្កេត​របស់​យើង។​ ​ដើម្បី​បញ្ជាក់​លទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​របស់​យើង​ ​ហើយ​នេះ​ក៏​ជា​ចំណុច​មួយ​ដែល​យើង​ចង់​បញ្ជាក់​ជូន​សាធារណជន​ពី​ការ​ស៊ើប​អង្កេត​របស់​យើង​ថា​ គឺ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ បាទ!​ ​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ។​ ​អីចឹង យើង​សូម​បដិសេធ​ទាំង​ស្រុងនូវ​ការ​លើក​ឡើង​ទាំងឡាយ​ណា​ដែល​ផ្សេង​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ»។

សម្តេ​ចក្រុម​ព្រះ​ ​នរោត្តម ​រណឫទ្ធិ​ ​ប្រធាន​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ ​បាន​រង​របួស​ជា​ទម្ងន់​ក្នុង​គ្រោះ​ថ្នាក់​បុក​រថយន្ត​នា​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ​នៅ​ខេត្ត​ព្រះ​សីហនុ​ ​ក្រោយ​ពី​រថយន្ត​ឈ្នួល​មួយ​គ្រឿង​ ដែល​ជិះក្នុង​ទិសដៅ​ផ្ទុយ​គ្នា​ ​បាន​បុក​ចូល​ក្បួន​រថយន្ត​របស់​ព្រះ​អង្គ​មួយ​ទំហឹង។​ ​អ្នក​ម្នាង​ ​អ៊ុក ផល្លា​ ​ដែល​មាន​អាយុ​៣៩ឆ្នាំ​ ​និង​ ​ជា​អតីត​អ្នក​រាំ​របាំ​បុរាណ​ ​បាន​ស្លាប់​ ​ក្រោយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្រុង​ព្រះ​សីហនុ​ រីឯ​ព្រះ​អង្គម្ចាស់​បាន​រង​របួស​ ហើយ​ត្រូវ​បញ្ជូន​ភ្លាមៗ​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ព្រះ​ទេស​ថៃ។​

ការ​បញ្ជាក់​របស់​នគរបាល​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ ​ឱ្យ​ដឹង​ថា​ មាន​មនុស្ស​៩​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ផង​ដែរ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ។​ ​ករណី​គ្រោះ​ថ្នាក់​របស់​ព្រះ​អង្គ​ម្ចាស់​រណឫទ្ធិគឺជា​គ្រោះ​ថា្នក់​ចរាចរណ៍​ធ្ងន់ធ្ងរលើក​ទី​បី។​

លោក​នាយ​ឧត្តម​សេនីយ៍​ ​ហ៊ឹម យ៉ាន​ ​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​អ្នកបើក​បរ​ឡាន​តាក់ស៊ី​ហួស​ចំណុះ​ និង​លើស​ល្បឿន​កំណត់​នោះ​ត្រូវ​បាន«ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ ​ចេញ​ដីការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ ​ហើយរង់ចាំ​ការ​ស៊ើប​អង្កេត​តាម​នីតិវិធី​ជា​បន្ត​ទៀត»​ ​ហើយ​ជន​នេះ​អាច​ប្រឈម​នឹង​ទោស​ទណ្ឌ​ផង​ដែរ។

ការ​បញ្ចេញ​របាយ​ការណ៍​ស្តីពី​ការ​ស៊ើប​អង្កេត​របស់​ក្រុម​នគរបាល​ជាតិ​នេះធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពីអនុ​ប្រធាន​គណ​បក្ស​ហ៊្វុនស៊ិនប៉ិចគឺ​លោក​ ​យូ ហុកគ្រី​ ​បាន​អំពាវនាវ​ឲ្យ​សមត្ថ​កិច្ច​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​ ​លើ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពីថ្ងៃ​អាទិត្យ​កន្លង​ទៅ។​

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយ​ ​VOA​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​ ​យូ ហុកគ្រី​ ​មាន​ប្រសាសន៍​ថា​ លោក​នឹង​បន្តតាម​ដាន​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ ដោយ​ចាត់​ទុក​ការ​អះអាង​របស់​នគរបាល​កម្ពុជាជា​ការ​អង្កេត​បឋម។​ ​ យ៉ាងណា​ក៏​ដោយ​ ​លោក​នៅ​តែ​គូស​បញ្ជាក់​ដោយ​ប្រុង​ប្រយ័ត្ន​ថា នេះ​គឺ​ជា​គ្រោះ​ថ្នាក់​លើក​ទៅ​បី​ដែល​មាន​ការ​បុក​ចូល​ក្បួន​រថយន្ត​របស់​ ​សម្តេច​ក្រុម​ព្រះ។​ ​អនុ​ប្រធាន​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ ​រូប​នេះ​បន្ត​ថា​ នៅ​លើក​ទី​១នៅខេត្ត​កំពង់​ចាម​បណ្តាល​ឱ្យ​ព្រះអង្គ​និង​អ្នក​ម្នាង​រង​របួស​ ​លើក​ទី២​គឺ​នៅ​ខេត្ត​កំពត​ដែល​បណ្តាល​ឱ្យ​មន្ត្រី​របស់​លោក​រងរបួស​ ​និង​លើក​ទីបី​គឺ​នៅ​ខេត្ត​ព្រះ​សីហនុ។

«បាទ!​ ​ហ្អាហ្នឹង​ ​យើង​ទុក​ឱ្យ​ប៉ូលិស​គាត់​ធ្វើការ​បន្ត​ទៀត​ទៅ! ​ព្រោះ​នេះ​គឺ​ជា​របាយ​ការណ៍​បឋម ​យើង​សូម​ឱ្យ​គាត់​បន្ត​ ​តទៀត​ ​ព្រោះនៅ​ក្នុង​ហ្នឹង ​វា​មាន​អ្នក​ដែល​ជិះឡាននៅ​ក្នុង​ហ្នឹង។​ ​យើង​ពិបាក​ក្នុង​ការ​សន្និដ្ឋាន​ ​ណាស់​បាទ!​ ​ព្រោះ​យើង​អត់​បាន​អង្កេត​ផ្ទាល់​ ​ខ្ញុំ​មិន​មាន​យោ​បល់​អី​ច្រើន​ទេ​ ​ក៏​ប៉ុន្តែ​ចង់​បញ្ជាក់​ឡើង​វិញថា ​ជា​សេច​ក្តី​សន្និដ្ឋាន​ ​គឺ​ថា​នេះ​គ្រាន់​តែ​ជា​អង្កេតបឋម»។​

លោក​ ​យូ ហុកគ្រី​ ​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ មក​ដល់​ពេល​នេះ​ ​ព្រះ​អង្គ​ម្ចាស់​ ​នរោត្តម​ ​រណឫទ្ធិ​បាន​ដឹង​ព្រះ​កាយ ​ហើយ​អាច​មាន​ព្រះ​បន្ទូល​ឡើង​វិញ​រួច​ហើយ។ ​ ​ក៏ប៉ុន្តែ​ក្រុម​ការងារ​របស់​ព្រះអង្គ​មិនទាន់​អាច​បាន​ទូល​ពី​ករណី​បាត់បង់​ជិវិត​របស់​អ្នក​ម្នាង​ផល្លា​នោះ​ទេ។​ ​លោក​បន្តថា​ ​ក្រុម​ការងារ​របស់​គណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច និង​រូប​លោក​ផ្ទាល់​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខព្រះ​អង្គម្ចាស់​ ​នរោត្តម​ ​រណឫទ្ធិនៅ​ប្រទេស​ថៃ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ ​ក្រោយ​បុណ្យ​សព​៧​ថ្ងៃ​របស់​អ្នកម្នាង​ ​អ៊ុក ផល្លា​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG