ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សាធារណរដ្ឋ​​កាន់កាប់​​ព្រឹទ្ធសភា​​អាមេរិក​ក្រោយ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ


ក្នុង​ផែនទី​​​រដ្ឋ​នានា​របស់​សហរដ្ឋ​អាមេរិក​នេះ ពណ៌​ក្រហម​ក្រម៉ៅ​ជា​រដ្ឋ​ដែល​​ពួក​គណបក្ស​សាធារណរដ្ឋ​ (Republicans) បាន​ឈ្នះ​​​ពី​ពួក​គណបក្ស​ប្រជាធិបតេយ្យ (Democrats)។

ពួក​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​បាន​អាសនៈ​ល្មម​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ដើម្បី​ត្រួតត្រា​ព្រឹទ្ធសភា (Senate)។

​មក​ត្រឹម​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ថ្ងៃ​អង្គារ ពួក​គណបក្ស​ប្រជាធិបតេយ្យ​បាន​កាន់កាប់៥៥​អាសនៈ​ភាគ​ច្រើន​នៃ​អាសនៈ​សរុប​ចំនួន​១០០​របស់​ព្រឹទ្ធសភា​ ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​អង្គការ​ពួក​គណបក្ស​សាធារណរដ្ឋ​បាន​បង្កើន​អាសនៈ​យ៉ាង​ហោច​ណាស់​ក៏​៧អាសនៈ​ដែរ​ដោយ​បាន​ឈ្នះ​នៅ​ក្នុង​រដ្ឋ Arkansas, Colorado, Iowa, Montana, North Carolina, South Dakota និង West Virginia។ ​តំណែង​ព្រឹទ្ធសភា​១ភាគ៣ ​ត្រូវ​ធ្វើ​ការ​បោះឆ្នោត​សារ​ជា​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ ​រួម​មាន​អាសនៈ​រដ្ឋ Kentucky​ដែល​ត្រូវ​បាន​កាន់​កាប់​ដោយលោក​ Mitch McConnel ​មេដឹកនាំ​ព្រឹទ្ធសភាខាង​គណបក្ស​សាធារណរដ្ឋមក​ពី​រដ្ឋ​ Kentucky។ លោក ​បានកាន់​តំណែង​នេះ​៦​អាណត្តិ។

ពួក​គណបក្ស​សាធារណរដ្ឋ​ក៏​បានបង្កើន​សំឡេង​ភាគ​ច្រើន​កាន់​តែ​កើន​ឡើងនៅ​ក្នុង​សភា​តំណាងរាស្រ្ត (House) ​ដោយ​ធ្វើ​ឲ្យ​ពួកគេ​ត្រួតត្រា​សភា​ពេញ​លេញក្នុង​អំឡុង​ពេល​នៃ​ការ​កាន់​អំណាច​រយៈ​ពេល​២​ឆ្នាំ​ចុងក្រោយ​របស់​អាណត្តិ​លោកប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា។

​ដោយ​សារ​ការ​គាំទ្រ​របស់​ប្រធានាធិបតី​មាន​ចំនួន​ទាប ពួកកាន់​អំណាច​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ បាន​បដិសេធ​ពុំ​ព្រម​អញ្ជើញលោក​ប្រធានាធិបតី​ធ្វើ​យុទ្ធនាការ​ឲ្យ​ពួកគេ ​ហើយ​ជា​រឿយៗ ​បាន​និយាយ​យោង​ដល់​បញ្ហា​ដែល​ពួកគេ ​មិន​យល់​ស្រប​ជាមួយ​លោក​ប្រធានាធិបតី​ដូច​ជា​បញ្ហា​ថែទាំ​សុខភាព​ឬ​ថាមពល។

​ដោយ​ត្រួតត្រា​សភា ​ពួក​គណបក្ស​សាធារណរដ្ឋ ​អាច​បង្កើន​ជម្លោះថ្មី​ជាមួយ​លោក​ប្រធានាធិបតីអូបាម៉ា​លើ​បញ្ហា​ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់ ​ការ​ធ្វើ​កំណែទម្រង់​សុខភាព​ ​ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​លាន​នាក់​ការពារ​ការ​ធានា​រ៉ាប់រង​ខាង​សុខភាពដែល​ពួកគេ​មិន​អាចទិញ​បាន​កាល​ពី​ពេល​មុន។ ពួក​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​ឃើញ​ថា ​ច្បាប់​នោះ​មាន​ការ​ពាក់ព័ន្ធ​ពី​រដ្ឋាភិបាលខ្លាំង​ពេក ​ហើយ​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​លុប​ច្បាប់​នោះ​ចោល។

​ពួគ​គណបក្ស​សាធារណរដ្ឋ​ក៏​បាន​វាយ​ប្រហារ​ចំណាត់ការ​វិបត្តិជំងឺ​អ៊ី​បូឡា​របស់​ប្រធានាធិបតី​អូបាម៉ា ​ហើយ​បាន​អំពាវនាវ​ឲ្យ​ផ្តល់​ការ​យល់​ព្រម​ដល់​បំពង់​បង្ហូរ​ប្រេង​ពី​ប្រទេស​កាណាដា​កាត់​តាម​តំបន់​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក​ ​និង​កាត់​បន្ថយ​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​លើ​ពាណិជ្ជកម្ម។ ​សមាជិក​សភា​គណបក្សប្រឆាំង​ខ្លះ​ ​ក៏​បាន​ជំទាស់​នឹងចំណាត់ការ​របស់​លោក​ប្រធានាធិបតី​ពី​ការ​ធ្វើ​អន្តរាគមន៍​របស់​ប្រទេស​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែនហើយ​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិកប្រឆាំង​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី។

ក្នុង​សហរដ្ឋ​អាមេរិក គណបក្ស​សំខាន់ៗ​ទាំង​២​ក៏​ឈ្លោះ​ប្រកែក​គ្នា​លើ​នយោបាយ​នៃការ​ចំណាយ​និង​ពន្ធដារ​និង​ការ​ធ្វើ​កំណែទម្រង់​អន្តោប្រវេសន៍​ដែរ៕

XS
SM
MD
LG