ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ី​វិល​សុំ​ឱ្យ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ខេត្តក្រុង​ស្រុក​ខណ្ឌ​និង​ឃុំ​ក្នុង​ពេល​តែមួយ


​​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត​ក្រុង​ រាជធានី ​ស្រុក​និង​ខណ្ឌ​នៅ​ថ្ងៃ​ទី​១៨​ខែ​ឧសភា ​ខាងមុខ​នេះ។
​​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត​ក្រុង​ រាជធានី ​ស្រុក​និង​ខណ្ឌ​នៅ​ថ្ងៃ​ទី​១៨​ខែ​ឧសភា ​ខាងមុខ​នេះ។
តំណាងអង្គការឃ្លាំ​មើល​ការ​បោះឆ្នោត​សំខាន់ៗ​ចំនួន​ពីរ​នៅ​កម្ពុជា ​បាន​លើក​ឲ្យ​មាន​ការ​ពិភាក្សា​ឡើងវិញ​អំពី​លទ្ធភាព​នៃ​ការបោះ​ឆ្នោត​ជាកញ្ចប់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​និង​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ខេត្ត​ ក្រុង រាជធានី ​ស្រុក​និង​ខណ្ឌ។

​ការ​លើក​ឡើង​នេះ​ស្រប​ពេល​ដែលប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត​ក្រុង​ រាជធានី ​ស្រុក​និង​ខណ្ឌ​នៅ​ថ្ងៃ​ទី​១៨​ខែ​ឧសភា ​ខាងមុខ​នេះ។

​លោកគល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា​ខុមហ្វ្រែលមាន​ប្រសាសន៍​ថាការធ្វើ​ការ​បោះឆ្នោត​បែបនេះ​បាន​ជំរុញ​លទ្ធិ​ប្រជាធិប​តេយ្យផង​និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការរៀប​ចំ​ការ​បោះឆ្នោត​ច្រើន​ដង​ផង។

«បើយើង​ដាក់​ជាមួយ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​យើង​គ្រាន់​តែ​បន្ថែម​សន្លឹក​ឆ្នោត​និង​ហិប​ឆ្នោត​ហើយឧទាហរណ៍ យើង​មាន​សន្លឹក​ឆ្នោត​ពណ៌​លឿង​សម្រាប់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។​ហើយ​សន្លឹក​ឆ្នោត​ពណ៌​បៃ​តង​សម្រាប់​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ។​ដូច្នេះ​គាត់​បោះ​ឆ្នោត​ក្នុង​ថ្ងៃ​តែ​មួយ​ ដាក់​ក្នុង​ហិប​ឆ្នោត​ពីរ​ផ្សេង​គ្នា។​ហើយ​យើង​បាន​ការ​បោះ​ឆ្នោត​ផ្ទាល់​ពី​ប្រជាជន​ផង​និងទី​២​យើង​បាន​សន្សំ​ថវិកា​ទៀត»។

យោង​តាម​លោក​ទេព នីថា ​អគ្គលេខា​ធិការ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង​ រាជធានី​និង​ស្រុក​ខណ្ឌ​នៅ​ឆ្នាំនេះ​នឹង​ត្រូវ​ចំណាយ​អស់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក។

ការ​បោះឆ្នោត​នេះ​គឺ​ជា​ការ​បោះឆ្នោត​អសកល។​ ពោល​គឺ​មាន​តែ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប​ចំនួន​១១.៤៥៩​នាក់​តែ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ទម្លាក់​សន្លឹក​ឆ្នោត​ចូល​ទៅ​ក្នុង​ហិប​ដើម្បី​ជ្រើស​តាំងប្រធាន​និង​សមាជិក​ក្រុម​ប្រឹក្សាក្នុង​ខេត្ត​ចំនួន​២៤ ​រាជធានី​ចំនួន​មួយ ​ក្រុង ស្រុក​និងខណ្ឌ​ចំនួន​១៩៧។

​សរុប​ទាំង​អស់​មានប្រធាន​និងសមាជិកក្រុមប្រឹក្សា​ជាង​៣.០០០​រូប​សម្រាប់​អណត្តិ​ប្រាំ​ឆ្នាំ។
​ដោយឡែក​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កត់​គឺ​ជា​ការ​បោះឆ្នោត​ផ្ទាល់​ដោយ​ប្រជាពល​រដ្ឋ​ដូច​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​ដែរ។

​លោក​បណ្ឌិតហង្ស ពុទ្ធា ​នាយក​ប្រតិ​បត្តិ​គណៈកម្មាធិការ​អព្យាក្រិត​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​ថានិកហ្វិក​មាន​ប្រសាសន៍​ថា​វាមាន​ផល​ចំណេញ​ស្រាប់​ការ​ប្តូរ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត រាជធានី ក្រុង​ ស្រុក​និង​ខណ្ឌ​ឲ្យ​ពី​អសកល​ទៅ​ជា​ការ​បោះឆ្នោត​សកល។​ហើយ​ជា​ពិសេស​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ចំ​ថ្ងៃ​តែមួយ​ជាមួយ​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។​

«​បើ​សិន​ជា​បោះ​ឲ្យ​ហើយ​ក្នុង​មួយ​លើក​តែ​ម្តង​ទៅ​យើង​បាន​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​តែ​ម្តង»។

​មាន​គណបក្ស​នយោបាយ​ចំនួន​ប្រាំបាន​ចុះ​បញ្ជីចូល​រួម​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុកនិង​ខណ្ឌ​នេះ។

គណបក្ស​នយោបាយទាំង​នោះ​រួម​មាន​តែគណបក្ស​ប្រជា​ជន​កម្ពុជា​ទេបាន​ចុះ​បញ្ជី​ចូល​រួម​បោះឆ្នោតក្នុង​ខេត្តនិង​រាជ​ធានី​ទាំង​២៥ក្នុង​ប្រទេសដែល​រួម​មាន​១៩៧​ក្រុង ស្រុក​និង​ខណ្ឌ។គណបក្ស​សង្គ្រោះ​ជាតិបាន​ចុះ​បញ្ជី​ក្នុង​ខេត្ត​និង​រាជ​ធានី​ចំនួន​២៤​និង១៩៥​ក្រុង​ ស្រុក​និង​ខណ្ឌដោយ​បោះ​បង់​ចោល​ខេត្ត​កែប។​

ដោយឡែក​គណបក្សហ៊្វុន​ស៊ីនប៉ិច​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ​និង​២៧​ក្រុង ស្រុក ខណ្ឌ​តែប៉ុណ្ណោះ​គឺ​នៅ​ខេត្ត​បាត់​ដំបង​និង​នៅ​ខេត្ត​កំពង់ចាម។

​រីឯ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​បាន​ចុះ​បញ្ជី​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ​ដែល​មាន​បួន ស្រុក​និង​ខណ្ឌ​និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ចុះ​បញ្ជី​បោះឆ្នោត​ក្នុង​ស្រុក​មួយ​ប៉ុណ្ណោះ​នៃ​ខេត្ត​កំពង់ចាម។

​លោកគល់ បញ្ញា ​រំលឹកថា​សង្គម​ស៊ីវិល​បានបង្ហាញ​គំនិត​នេះ​ជាច្រើន​លើក​មកហើយ​ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​រដ្ឋា​ភិបាល​នោះ​ទេ។

​លោកជាម យៀប ​ជា​តំណាងរាស្ដ្រ​និង​ជា​សមា​ជិក​ក្រុម​ចរចា​បច្ចេក​ទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​កិច្ច​ការ​កែ​ទម្រង់​បោះឆ្នោត។​

​លោក​មាន​ប្រសាសន៍​ថាការ​កែ​ប្រែ​របៀប​បោះឆ្នោត​ណាមួយ​តម្រូវ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះ​ឆ្នោត​ឬ​រដ្ឋធម្មនុញ្ញ​តាម​សំណើ​របស់​រដ្ឋា​ភិបាល។

លោកជាម យៀប ​ជឿថាការ​បោះឆ្នោត​ជា​កញ្ចប់​រវាង​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត​ រាជធានី ក្រុង ស្រុក​និង​ខណ្ឌនឹងបង្កឲ្យ​មាន​ភាព​ស្មុគ​ស្មាញ។

«បើ​សិន​ជា​យើង​បោះឆ្នោត​នៅ​ឃុំ​សង្កាត់​ជាមួយ​គ្នា​ផង​នោះ​នឹង​មា​ន​ការ​លំបាក​ណាស់​ព្រោះ​ត្រូវ​មាន​រាជ​ធានី​ផ្សេង ខេត្ត​ក្រុង​ផ្សេង​និង​ស្រុក​ខណ្ឌ​ផ្សេង​នឹង​នាំ​ឲ្យ​ប្រជាជនមាន​ការ​ភ័ន្ត​ច្រឡំ។​គ្រាន់​តែ​បោះ​តែ​មួយ​លោក​មាន​ការ​ភ័ន្ត​ច្រឡំ»។

​លោកជាម យៀប ​យល់​ថាការបោះឆ្នោត​អសកល​សម្រាប់​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត រាជធានី ក្រុង​ស្រុកនិង​ខណ្ឌ​មិន​ត្រូវ​ការ​ចំណាយ​ច្រើន​នោះ​ទេ​ដោយសារ​តែ​អង្គ​បោះឆ្នោត​មាន​ចំនួន​តិច​ដូច្នោះ​វិសាលភាព​នៃ​ការរៀប​ចំ​ការបោះឆ្នោត​រួម​តូច​ដែរ។

​ក្រុម​អង្គការ​យុវជនក្នុង​ពេល​ថ្មីៗ​បាន​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ប្តូរ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ខេត្ត រាជ​ធានី​ ក្រុង​ ស្រុក​និង​ខណ្ឌ​ឲ្យ​ទៅ​ជា​ការបោះឆ្នោត​សកល​វិញ​និង​ជំរុញ​ឲ្យ​បញ្ចូល​បេក្ខជន​ជា​យុវ​ជន​ឲ្យ​បាន​ច្រើនក្នុង​ការ​បោះឆ្នោត​នេះ។

លោកយឹម សុវណ្ណ ​តំណាង​រាស្ដ្រ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​គិត​ថា​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​ដោយ​ប្រជារាស្ត្រ​នឹង​ជួយ​ជំរុញ​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​ជាប់​ឆ្នោត។

«ការ​បោះឆ្នោត​ដែល​ប្រជា​ពលរដ្ឋ​បាន​ធ្វើ​សេចក្តី​សម្រេច​ដោយ​ផ្ទាល់​ក្នុង​ការ​ជ្រើសរើស​មេ​ដឹក​នាំ​នៅ​ក្នុង​ប្រទេស​គឺ​ជា​ការល្អ​ពីព្រោះ​ថាមេ​ដឹក​នាំ​នឹង​ខិតខំ​ធ្វើ​ការ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ជាង​ការ​បោះ​ឆ្នោត​ដោយ​ប្រយោល»។​

លោកទេព នីថា ​អគ្គលេខា​ធិការ​នៃ​គណៈកម្មាធិការ​ជាតិរៀប​ចំ​ការ​បោះឆ្នោតពន្យល់​ថា​ការ​កែ​ប្រែ​ការ​បោះឆ្នោត​ណាមួយ​មិន​មែន​ជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG