ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​គ្រប់គ្រង​ការ​សម្ដែង​នៅ​បណ្ដា​រោង​ល្ខោន Broadway ជួយ​ឲ្យ​ការ​សម្ដែង​​ដំណើរការ​ល្អ


ពន្លឺ បង្គោល ការ​រៀបចំ​​ សម្លៀក​បំពាក់ គឺ​ជា​របស់​ដែល​អ្នក​គ្រប់​គ្រង​នៅ​រោង​ល្ខោន Broadway ត្រូវ​តែ​គ្រប់គ្រង​ឲ្យ​បាន។

ពិធី​ប្រគល់​ពាន​រង្វាន់​ Tony Awards ​ដែល​ជា​ពាន​រង្វាន់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​សម្រាប់​រឿង​ល្ខោន​តំបន់ Broadway នៃ​ទីក្រុង​ញូវយ៉ក​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ​នេះ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក។

រឿង​ដែល​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាង​គេ គឺ​រឿង​ដែល​មាន​ចំណង​ជើង​ថា ​Dear Evan Hansen ​ដែល​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «ជូន​ចំពោះ Evan Hansen‍»។ រឿង​ល្ខោន​ដែល​ពោរពេញ​ទៅ​ដោយ​ចម្រៀង​នេះ​រៀបរាប់​អំពី​និស្សិត​វិទ្យាល័យ​ឯកោ​ម្នាក់ ដែល​តាំង​ខ្លួន​ជា​មិត្តភ័ក្ដិ​របស់​មិត្ត​រួម​ថ្នាក់​មួយ​រូប​ដែល​បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង។

រឿង​នេះ​ទទួល​បាន​ពាន​រង្វាន់​ចំនួន ៦ ដែល​មាន​ដូចជា​ពាន​រង្វាន់​សាច់​ភ្លេង​ល្អ​បំផុត និង​ពាន​រង្វាន់​តួ​ឯក​ប្រុស និង​តួ​ឯក​ស្រី​ល្អ​បំផុត ជា​ដើម។ ការ​ផ្ដល់​ពាន​រង្វាន់​នេះ​ក៏​សំដៅ​ដល់​មនុស្ស​ជា​ច្រើន​ដែល​ធ្វើ​ការ​ពី​ក្រោយ​ឆាក​ផង​ដែរ ដូចជា​អ្នក​និពន្ធ អ្នក​ដឹកនាំ​សម្ដែង និង​អ្នក​រចនា​ប្លង់​ជា​ដើម។ ប៉ុន្តែ នៅ​មាន​បុគ្គល​មួយ​ចំនួន​ទៀត​ដែល​រួម​ចំណែក​សំខាន់​ផង​ដែរ តែ​មិន​ស្រប​ទៅ​នឹង​លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​ពាន​រង្វាន់​នេះ ដូចជា​អ្នក​គ្រប់គ្រង​ការ​សម្ដែង​ជា​ដើម។

អ្នក​គ្រប់គ្រង​ការ​សម្ដែង ជាទូទៅ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​កិច្ចការ​នានា ដោយ​ពួកគេ​អង្គុយ​នៅ​តុ​មួយ​ដែល​មាន​អេក្រង់​វីដេអូ រួម​ទាំង​ប៊ូតុង​ចុច និង​កុងតាក់​ជា​ច្រើន។ ហើយ​ពួកគេ​ពាក់​កាស​ត្រចៀក ដើម្បី​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​ការងារ​ទាំង​អស់។

លោក Ira Mont អ្នក​គ្រប់គ្រង​ការ​សម្ដែង​មួយ​រូប បាន​និយាយ​ជាមួយ​ក្រុម​ការងារ​លោក​នៅ​ក្នុង​ការ​ថត​សាច់​ភ្លេង​សម្រាប់​ការ​សម្ដែង​មួយ​ដែល​មាន​ចំណង​ជើង​ថា Cats យ៉ាង​ដូច្នេះ​ថា៖ «សួស្ដី​អ្នក​ទាំង​អស់​គ្នា‍! ស្វាគមន៍​ត្រឡប់​មក​វិញ បន្ទាប់ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​ហើយ។ នេះ​ជា​ការ​អំពាវនាវ​រយៈពេល ៣០ នាទី មុន​ការ​ថត​ចាប់ផ្ដើម»។‍

លោក Ira Mont នៅ​ឯ​តុ​សម្រាប់​អ្នក​គ្រប់​គ្រង​ឆាក។
លោក Ira Mont នៅ​ឯ​តុ​សម្រាប់​អ្នក​គ្រប់​គ្រង​ឆាក។

​អ្នក​គ្រប់គ្រង​ការ​សម្ដែង​និយាយ​ដោយ​ប្រើ​ក្បាល​មីក្រូ​ដែល​ហៅ​ថា «ក្បាល​មីក្រូ​អាទិទេព»។ លោក Ira Mont បាន​និយាយ​ដោយ​ប្រើ​ក្បាល​មីក្រូ​អាទិទេព​នេះ នៅ​ឯ​ការ​ថត​សាច់​ភ្លេង​សម្រាប់​ការ​សម្ដែង​រឿង Cats។

«ខ្ញុំ​គិត​ថា អ្នក​គ្រប់គ្រង​ការ​សម្ដែង​គឺ​ប្រៀប​ដូចជា​នាយក​ប្រតិបត្តិ​នៃ​សាជីវកម្ម​មួយ​ដូច្នេះ​ដែរ ដែល​សាជីវកម្ម​នោះ​គឺ​ការ​សម្ដែង​នេះ​ឯង»។

លោក Donald Fried ក៏​កំពុង​បញ្ជា​ក្រុម​ការងារ​លោក​តាម​រយៈ​ក្បាល​មីក្រូ​អាទិទេព សម្រាប់​ការ​សម្ដែង​រឿង​មួយ​ដែល​មាន​ឈ្មោះ​ថា Sweat ដែល​ជា​ការ​សម្ដែង​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ពាន​រង្វាន់ Tony Awards ផង​ដែរ។

«ខ្ញុំ​គិត​ថា អ្នក​គ្រប់គ្រង​ការ​សម្ដែង គឺ​ប្រៀប​ដូចជា​ប្រធាន​សហគ្រាស​មួយ​ដូច្នេះ​ដែរ‍»។

ចំណែក​ឯ​អ្នកស្រី Karyn Meek វិញ គឺ​ជា​អ្នក​គ្រប់គ្រង​ការ​សម្ដែង​ផលិតកម្ម​សម្រាប់​ការ​ថត​តន្ត្រី​សម្រាប់​ការ​សម្ដែង​រឿង​ដែល​មាន​ចំណង​ជើង​ថា Natasha, Pierre & The Great Comet of 1812 ដែល​ជា​តន្ត្រី​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ប្រកួត​ពាន​រង្វាន់ Tony Awards ផង​ដែរ។

«ខ្ញុំ​អាច​ហៅ​ពួក​យើង​ថា​ជា​បណ្ដុំ​កង់​រទេះ។ ពួក​យើង​ជា​អ្នក​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង​គ្រប់​ផ្នែក​ទាំង​អស់ បូក​រួម​ទាំង​ការ​ទាក់ទង​ជាមួយ​នឹង​ក្រុម​ការងារ​ផង​ដែរ។ ពួក​យើង​ក៏​ទទួល​បន្ទុក​ផ្នែក​គ្រប់គ្រង​ផង​ដែរ។ ក្នុង​ពេល​សម្ដែង ពួក​យើង​ទទួល​បន្ទុក​ខាង​គ្រប់គ្រង​ពន្លឺ​ភ្លើង ក្រុម​សម្ដែង សំឡេង និង​អ្វីៗ​ផ្សេង​ទៀត ក៏​ដូចជា​គ្រប់គ្រង​អ្នក​ដែល​នៅ​ពី​ក្រោយ​ឆាក​មើល​ការ​ខុស​ត្រូវ​លើ​ក្រុម​ការងារ​ផង​ដែរ។ ដូច្នេះ នេះ​គឺ​ជា​ការងារ​ដែល​ប្រើប្រាស់​គ្រប់​ជំនាញ​ទាំង​អស់»។

ក្នុង​រយៈពេល​ដ៏​យូរ​មុន​នឹង​ការ​សម្ដែង​ចាប់ផ្ដើម អ្នក​គ្រប់គ្រង​ការ​សម្ដែង គឺ​ជា​ផ្នែក​ស្នូល​នៃ​ដំណើរការ​ហាត់​សម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Fried ពាក់ព័ន្ធ​នឹង​ការ​សម្ដែង​រឿង Sweat របស់​អ្នកស្រី Lynn Nottage។

លោក Donald Fried ស្ថិត​នៅ​ក្នុង​ការិយាល័យ​គ្រប់​គ្រង​ Sweat កំពុង​សម្រាក​មុន​ពេល​ការសម្តែង​ចូល​មក​ដល់។
លោក Donald Fried ស្ថិត​នៅ​ក្នុង​ការិយាល័យ​គ្រប់​គ្រង​ Sweat កំពុង​សម្រាក​មុន​ពេល​ការសម្តែង​ចូល​មក​ដល់។

«អ្វីៗ​ទាំង​អស់​ចាប់ផ្ដើម និង​បញ្ចប់​ជាមួយ​នឹង​នាដកថា។ ខ្ញុំ​ត្រូវតែ​អាន​នាដកថា​ជា​ច្រើន​លើក​ច្រើន​សារ។ សម្រាប់​ពេល​មួយ គឺ​យើង​អាន​វា​ក្នុង​នាម​ជា​មនុស្ស​ម្នាក់ គឺ​មិន​មែន​ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ការ​សម្ដែង ជា​អ្នក​សិល្បៈ ឬ​ជា​នរណា​ផ្សេង​នោះ​ទេ ដើម្បី​ឲ្យ​យើង​មាន​ចំណាប់​អារម្មណ៍​ដំបូង​ចំពោះ​ការ​សម្ដែង​នោះ។ បន្ទាប់​មក ខ្ញុំ​ត្រឡប់​មក​អាន​នាដកថា​នេះ​ម្ដង​ទៀត ដោយ​អាន​ការ​ណែនាំ​សម្រាប់​ការ​សម្ដែង​របស់​អ្នកស្រី Lynn Nottage ដូច្នេះ​ខ្ញុំ​អាច​ដឹង​ថា​អ្វី​នឹង​កើត​ឡើង ដូចជា​ថា​តើ​អ្នកស្រី Lynn Nottage ចង់​បាន​អ្វី​ពី​ទស្សនិកជន ពី​ក្រុម​សម្ដែង ពី​អ្នក​ដែល​ចេញ​ចូល​ឆាក​សម្ដែង ដូចជា​ថា​តើ​តួ​សម្ដែង​មាន​ប្ដូរ​សំលៀក​បំពាក់​សម្ដែង ឬ​ក៏​អត់ ជា​ដើម‍»។

នៅ​ពេល​ដែល​ការ​សម្ដែង​ចាប់ផ្ដើម​ដំណើរការ អ្នកស្រី Karyn Meek បាន​និយាយ​ថា អ្នក​គ្រប់គ្រង​ការ​សម្ដែង និង​ក្រុម​របស់​ពួកគេ​បាន​ចំណាយ​ពេល​ជា​ច្រើន​សម្រាប់​ការ​សម្ដែង​នេះ។

«ថ្ងៃ​នេះ ខ្ញុំ​ចាប់ផ្ដើម​ធ្វើ​ការ​នៅ​ម៉ោង ៩ កន្លះ​ព្រឹក ដោយ​ក្រុម​សម្ដែង​ចាប់ផ្ដើម​ប្រាប់​ខ្ញុំ​ថា ពួកគេ​នឹង​ចូលរួម ឬ​មិន​ចូលរួម​នៅ​ក្នុង​ការ​សម្ដែង​នេះ ដោយសារតែ​ពួកគេ​មាន​របួស ឬ​ក៏​ជំងឺ ឬ​ក៏​អ្វីៗ​ផ្សេង​ទៀត​ស្រដៀង​ហ្នឹង​កើត​ឡើង។ … បន្ទាប់​មក យើង​ធ្វើ​ការ​ហាត់​សម​ដែល​បញ្ចប់​នៅ​ម៉ោង​ប្រហែល​ជា ៥ ឬ ៥ កន្លះ ល្ងាច រួច​ហើយ​សម្រាក​ពិសារ​អាហារ​ពេល​ល្ងាច និង​ត្រឡប់​មក​ហាត់​សម​ម្ដង​ទៀត»។

នៅ​ក្នុង​រយៈពេល​កន្លះ​ម៉ោង​មុន​ការ​សម្ដែង​នីមួយៗ​ចាប់ផ្ដើម អ្នក​គ្រប់គ្រង​ការ​សម្ដែង​បាន​បង្ហាញ​នូវ​ចំណុច​ជា​ច្រើន ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​ថា​អ្នក​សម្ដែង​គ្រប់​គ្នា​ត្រៀម​រួច​រាល់​សម្រាប់​ការ​សម្ដែង។

អ្នក​ស្រី Karyn Meek នៅ​លើ​ឆាក​នៅ​ឯ Great Comet ដែល​ទទួល​បាន​ពាន​ Tony សម្រាប់​ការតុប​តែងឆាក និងការ​រៀប​ចំ​ពន្លឺ។
អ្នក​ស្រី Karyn Meek នៅ​លើ​ឆាក​នៅ​ឯ Great Comet ដែល​ទទួល​បាន​ពាន​ Tony សម្រាប់​ការតុប​តែងឆាក និងការ​រៀប​ចំ​ពន្លឺ។

អ្នកស្រី Karyn Meek ឡើង​កាំ​ជណ្ដើរ​ទៅ​កាន់​កន្លែង​មួយ​ខ្ពស់​ជាង​ឆាក​សម្ដែង​សម្រាប់​ការ​សម្ដែង​រឿងNatasha, Pierre & The Great Comet of 1812។ តួ​សម្ដែង​ធ្វើ​ការ​សម្ដែង​នៅ​ពាសពេញ​ឆាក ហើយ​អ្នកស្រី​អាច​ពិនិត្យ​មើល​អ្នក​ទាំង​នោះ​បាន។ នៅ​ពេល​ដែល​ការ​សម្ដែង​ចាប់ផ្ដើម អ្នកស្រី Karyn Meek បាន​ធ្វើ​តាម​ណោត​ភ្លេង ដោយ​មាន​ក្រដាស​កំណត់​សម្គាល់​បង្ហាញ​អំពី​របៀប​បំភ្លឺ​ភ្លើង និង​របៀប​ផ្ដល់​សញ្ញា​ដល់​ក្រុម​ការងារ។

តាម​រយៈ​អេក្រង់​វីដេអូ​មួយ​របស់​អ្នកស្រី អ្នកស្រី​អាច​ឃើញ​លោក Josh Groban ដែល​ដើរ​តួ​ជា Pierre ឈរ​នៅ​ក្រោយ​ឆាក​សម្ដែង​បាន។

ហើយ​នៅ​ពេល​ដែល​ភ្លេង​សម្ដែង​បាន​ចាប់ផ្ដើម អ្នកស្រី​បាន​ឲ្យ​សញ្ញា​ចុះ​ឡើង​ទៅ​អ្នក​បច្ចេកទេស​ខាង​ពន្លឺ​ភ្លើង នៅ​រាល់​ចង្វាក់​ភ្លេង​នីមួយៗ។

តាម​ពិត អ្នកស្រី Karyn Meek ធ្វើ​ដៃ​ឲ្យ​សញ្ញា​ខាង​សំឡេង​ដល់​អ្នក​សម្ដែង​នីមួយៗ​រាប់​រយ​ដង​ឯ​ណោះ។

អ្នក​គ្រប់គ្រង​ការ​សម្ដែង​ភាគ​ច្រើន​បាន​ធ្វើ​ការងារ​ផ្សេង មុន​នឹង​ពួកគេ​ចាប់​អាជីព​ជា​អ្នក​គ្រប់គ្រង​ការ​សម្ដែង​នេះ។ អ្នកស្រី Karyn Meek ពី​មុន​ធ្វើ​ជា​អ្នក​រចនា​សំលៀកបំពាក់​បុរាណ។ លោក Donald Fried ពី​មុន​ធ្វើ​ជា​អ្នក​រាំ។ ចំណែក​ឯ​លោក Ira Mont វិញ ពី​មុន​ធ្វើ​ជា​តួ​សម្ដែង។ ដូច្នេះ​សម្រាប់​លោក Mont លោក​ធ្លាប់​ទទួល​បាន​ការ​ទះ​ដៃ​អបអរសាទរ​រួច​មក​ហើយ។ ទោះបីជា​ឥឡូវ​ការងារ​ជា​អ្នក​គ្រប់គ្រង​ការ​សម្ដែង​នេះ​មិន​មាន​ទស្សនិកជន​ណា​ទះ​ដៃ​អបអរសាទរ​ក៏​ដោយ ក៏​លោក Mont មិន​ចង់​ធ្វើ​កិច្ចការ​អ្វី​ផ្សេង​ពី​នេះ នោះ​ទេ។

លោក Ira Mont បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​រំពឹង ឬ​ក៏​ស្វែង​រក​ការ​សរសើរ ឬ​ការ​ទទួល​ស្គាល់​ណា​មួយ​នោះ​ទេ។ ខ្ញុំ​ធ្វើ​ការ​នេះ​គឺ​ដើម្បី​ជួយ​ដល់​ការ​សម្ដែង​ដែល​ខ្ញុំ​កំពុង​ធ្វើ និង​ជួយ​ដល់​តួ​សម្ដែង ហើយ​ទាំង​នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត។ ខ្ញុំ​មាន​សំណាង​ណាស់ ដែល​មាន​អាជីព ៣០ ឆ្នាំ ជា​អ្នក​គ្រប់គ្រង​ការ​សម្ដែង ដែល​ជា​មុខ​តំណែង​មួយ​ដែល​ពិបាក​នឹង​ទទួល​បាន និង​ពិបាក​បំពេញ​ឲ្យ​បាន​ល្អ។ ខ្ញុំ​ជា​មនុស្ស​សំណាង​ម្នាក់‍»។

បណ្ដា​រោង​ល្ខោន Broadway មាន​សំណាង​ដែល​មាន​អ្នក​គ្រប់គ្រង​ឆាក​សម្ដែង​ប្រឹងប្រែង​ធ្វើ​ការ ទោះបីជា​មាន ឬ​គ្មាន​ពាន​រង្វាន់ Tony Award ក៏​ដោយ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG