ក្រៅពីការផ្លាស់ប្តូរគោលនយោបាយសហរដ្ឋអាមេរិកជាយូរណាស់មកហើយទៅលើទីក្រុង Jerusalem រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានថ្លែងកាលពីថ្ងៃពុធនៅរាជធានី ប៊្រុចសែលថា សហរដ្ឋអាមេរិកនឹងបន្តកាជឿជាក់ថា «នឹងមានឱកាសយ៉ាងល្អក្នុងការសម្រេចបានសន្តិភាព» រវាងប្រទេសអ៊ីស្រាអែល និង ប៉ាឡេស្ទីន។
លោក Rex Tillerson បានមានប្រសាសន៍ថា៖
«លោកប្រធានាធិបតីមានការប្តេជ្ញាយ៉ាងមុតមាំក្នុងដំណើរការសន្តិភាពសម្រាប់ប្រទេសមជ្ឈឹមបូព៌ា។ លោកមានក្រុមមន្ត្រីដែលលោកត្រៀមទុកជាស្រេច សឹងតែភ្លាមៗក្រោយលោកឈានចូលសេតវិមាន។ ក្រុមមន្ត្រីនេះបានធ្វើការប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរកវិធីសាស្ត្រថ្មីៗសម្រាប់ដំណើរការសន្តិភាព។ ពួកគេបានចូលរួមយ៉ាងស្ងៀមស្ងាត់ជាមួយនឹងតំបន់ក្នុងដំណើរការសន្តិភាពនេះ»។
លោក Tillerson ត្រូវបានគេរាយការណ៍ជារឿយៗថា ជួបជាមួយនឹងមេដឹកនាំក្រុមមន្ត្រីនោះ គឺលោក Jared Kushner ដែលជាទីប្រឹក្សាជាន់ខ្ពស់ និងជាកូនប្រសាររបស់លោកប្រធានាធិបតី។ លោក Kushner បានធ្វើទស្សនកិច្ចជាច្រើនដងទៅកាន់តំបន់ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការព្រាងគម្រោងសន្តិភាពនេះ។
មុនពេលប្រកាសពីការចាត់ទុកទីក្រុង Jerusalem ជារដ្ឋធានីប្រទេសអ៊ីស្រាអែល លោក Kushner បានថ្លែងថា លោកត្រាំបានបញ្ជាក់ថាក្រុមអ្នករិះគន់គិតខុសមុនពេលលោកឡើងកាន់តំណែងជាប្រធានាធិបតី ហើយលោកត្រាំនឹងបង្ហាញម្តងទៀតថាពួកអ្នករិះគន់លោកខុសម្តងទៀត។
លោក KUSHNER បានមានប្រសាសន៍ថា៖
«លោកប្រធានាធិបតីបានបញ្ចូលសន្តិភាពមកក្នុងកិច្ចពិភាក្សានានាវិញ ហើយនេះជាអ្វីដែលយើងមានមោទនភាពណាស់ ពីព្រោះយើងពិតជាគិតថាសន្តិភាពអាចសម្រេចបាន ហើយយើងគិតថាមានហេតុផលច្រើនណាស់ដែលពេលនេះជាពេលដែលវាគួរកើតឡើង»។
មន្ត្រីប៉ាឡេស្ទីន និង អ្នកដឹកនាំប្រទេសអារ៉ាប់នានាបានព្រមានប្រធានាធិបតីកុំឲ្យផ្លាស់ប្តូរគោលនយោបាយសហរដ្ឋអាមេរិកទៅលើទីក្រុង Jerusalem ដែលមានជាច្រើនទសវត្សរ៍មកហើយនោះ ព្រោះវាអាចបង្កឲ្យមានអំពើហិង្សា។
លោក James Zogby នៃវិទ្យាស្ថានអារ៉ាប់អាមេរិកកាំងបានមានប្រសាសន៍ថា៖
«អ្នកពិតជាមិនចង់បាចអំបិលទៅលើមុខរបួសនោះទេ ពីព្រោះនឹងមានការប៉ះទង្គិចកើតឡើង។ ខ្ញុំមិនចង់និយាយថា វាជាការបញ្ចប់នៃដំណើរការសន្តិភាព ឬក៏ធ្វើឲ្យប្រទេសអាមេរិកបាត់បង់សិទ្ធិក្នុងការធ្វើជាអ្នកសម្របសម្រួលទេ។ ពីព្រោះហេតុផលទីមួយនោះគឺ ប្រទេសអាមេរិកបានបាត់បង់សិទ្ធិជាអ្នកសម្របសម្រួលរួចទៅហើយ និងមិនមានដំណើរការសន្តិភាពនោះទេ»។
លោក Zogby និងអ្នកផ្សេងទៀតបាននិយាយថា លោកត្រាំប្រហែលជាផ្លាស់ប្តូរគោលនយោបាយរយៈពេលវែងរបស់សហរដ្ឋអាមេរិក ដើម្បីរក្សាការសន្យាដែលលោកបានធ្វើក្នុងអំឡុងយុទ្ធនាការបោះឆ្នោតទៅកាន់អ្នកបោះឆ្នោតជូនលោកដែលប្រកាន់សាសនា។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភា បានថ្លែងថា លោកគាំទ្រការសម្រេចចិត្តរបស់លោកប្រធានាធិបតីក្នុងការទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលនេះ សម្រាប់សហរដ្ឋអាមេរិក និងពិភពលោក ដែលជាបញ្ហារំជួលចិត្តមិនថាគណបក្សនយោបាយណាក៏ដោយ។
ប្រែសម្រួលដោយ លឹម ហ្គេចហៀង