អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា គណបក្សកាន់អំណាចនឹងពន្លឿនច្បាប់ស្តីពីភេរវកម្មប្រឆាំងនឹងក្រុមជំទាស់នៅក្រៅប្រទេស ប្រសិនបើមានការបង្កើតរដ្ឋាភិបាលក្រៅប្រទេស។
នេះជាការឆ្លើយតបមួយទៅកាន់មេដឹកនាំគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគឺលោក សម រង្ស៊ី។ កាលពីខែវិច្ឆិកា លោក សម រង្ស៊ី បានប្រកាសបង្កើត«ចលនាជាតិតស៊ូ»មួយ ក្នុងគោលបំណងទាមទាររដ្ឋាភិបាលកម្ពុជាវិលត្រឡប់មកដឹកនាំតាមបែបប្រជាធិបតេយ្យ និងដើម្បីធានាសេរីភាព និងយុត្តិធម៌ពេញលេញដល់ប្រជាពលរដ្ឋខ្មែរ។ ចលនានេះមានឈ្មោះពេញថា «ចលនាជាតិតស៊ូ ដើម្បីការពារទឹកដីប្រទេសកម្ពុជា និងទាមទារសេរីភាព និងយុត្តិធម៌សម្រាប់ប្រជារាស្រ្តខ្មែរ»។
លោក សុខ ឥសាន បានចាត់ទុកក្រុមជំទាស់នៅក្រៅប្រទេសថាជា«ក្រុមឧទ្ទាមក្រៅច្បាប់»។ លោកថា ច្បាប់ប្រឆាំងនឹងចលនា«ភេរវកម្ម» នឹងត្រូវបានបង្កើតឆាប់ៗ បើសិនណាជាលោក សម រង្ស៊ី បង្កើតរដ្ឋាភិបាលក្រៅប្រទេស។
លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃសុក្រថា៖ «ស្តាប់ខ្លឹមសារប្រសាសន៍របស់សម្តេចតេជោ ប្រធានគណបក្ស លោកធ្វើតាម ក្រោយសកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់។ បើសិនណាជាទណ្ឌិត សម រង្ស៊ី ប្រកាស[បង្កើត]រដ្ឋាភិបាលក្រៅប្រទេស អាហ្នឹងអាចនឹងមានច្បាប់ឆាប់។ តែបើគាត់ពន្យារពេល គាត់មិនប្រកាសទេ រាជរដ្ឋាភិបាលកម្ពុជា ក៏ចង់រង់ចាំមើលដែរ។ អាហ្នឹងមិនមែនថា ធ្វើមុនបញ្ហាទេ»។
កាលពីខែវិច្ឆិកា អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលបច្ចុប្បន្ននេះជាប្រធានព្រឹទ្ធសភា បានលើកឡើងអំពីការតាក់តែងច្បាប់នេះ នៅក្នុងគោលបំណងដើម្បីដាក់ក្រុមជំទាស់នៅក្រៅប្រទេសថា ជាក្រុមភេរវកម្ម។ លោក ហ៊ុន សែន បានអះអាងថា ក្រុមជំទាស់នៅក្រៅប្រទេសបានញុះញង់អុជអាលប្រជាពលរដ្ឋអំពីបញ្ហាកោះគុត ដែលលោកថា វាអាចនាំទៅដល់ការផ្ទុះអាវុធរវាងកម្ពុជានិងថៃ។
លោក ហ៊ុន សែន បានថ្លែងជាសាធារណៈកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថា៖ «ឥឡូវនេះ គេកំពុងធ្វើថាឲ្យប្រជាជនកម្ពុជាធ្វើបាតុកម្ម ដើម្បីរុញរដ្ឋាភិបាលឲ្យប្តឹងទៅតុលាការអន្តរជាតិ។ ដំបៅមិនឈឺ យកឈើចាក់។ រឿងគេកំពុងតែជជែកគ្នា ឯយើងមករុញ តើនេះជាអ្វីទៅ? ជាអំពើអ្វី? ដែលម្តងហើយម្តងទៀត រុញឲ្យប្រជាជនមិនទទួលបានសេចក្តីសុខណាមួយតាមរយៈការបង្កើតចលនាប្រឆាំង។ ព្រះតេជគុណ តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមនេះទៅជាក្រុមភេរវកម្មហើយឬនៅ? នេះជាបញ្ហាដែលខ្ញុំ ព្រះករុណាខ្ញុំ ក៏ដូចជាអ្នកនយោបាយដទៃទៀតកំពុងតាមដានពិនិត្យថា តើដល់ពេលហើយឬនៅ? ព្រោះនេះ វាមានចំណុចនៃការញុះញង់ អុជអាល ដែលវាអាចនាំទៅដល់ការផ្ទុះអាវុធរវាងកម្ពុជានិងថៃតែម្តង មិនគ្រាន់តែបញ្ហានៅផ្ទៃក្នុងកម្ពុជានោះទេ»។
កាលពីថ្ងៃព្រហស្បតិ៍ គណបក្សនយោបាយមួយដែលមានឈ្មោះថា គណបក្សខ្មែរអភិរក្ស ដែលដឹកនាំដោយអតីតតំណាងរាស្រ្តគណបក្សជំទាស់មួយរូប គឺលោក រៀល ខេមរិន្ទ្រ បានស្នើទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឲ្យបង្កើតច្បាប់ភេរវកម្ម។ នេះបើតាមលិខិតដែលលោក រៀល ខេមរិន្ទ្រ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ១៩ ខែធ្នូ។
លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងកំពុងស្នាក់នៅសហរដ្ឋអាមេរិក ប្រាប់វីអូអេនៅថ្ងៃសុក្រថា លោកមិនដែលឃើញប្រទេសណាបង្កើតច្បាប់ ដើម្បីដាក់អ្នកបញ្ចេញមតិយោបល់ថាជាក្រុមភេរវករនោះឡើយ។
លោកថ្លែងថាថា៖ «យើងអត់មានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលជាការគំរាមកំហែងរបស់លោក ហ៊ុន សែន ឥឡូវនេះវាសាំហើយ សម្រាប់ប្រជាពលរដ្ឋខ្មែរ លែងខ្លាចការគំរាមកំហែងត្រកូលហ៊ុនហើយ ព្រោះលោក ហ៊ុន សែន គាត់គំរាមកំហែងតាមសារបែកធ្លាយ រហូតធ្វើទុក្ខបុកម្នេញ តាមវាយគេដល់ផ្ទះ ដល់អី សារគាត់ច្រើនណាស់។ ក៏ប៉ុន្តែសាររបស់គាត់យូរៗទៅ សាបទៅៗ ប្រជាពលរដ្ឋលែងខ្លាច ព្រោះគេដល់កហើយ»។
ចំណែកលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ថ្លែងថា កម្ពុជាមិនចាំបាច់បង្កើតច្បាប់ភេរវកម្មនោះទេ ដោយសារតែកម្ពុជាមានច្បាប់រួចទៅហើយ ដូចជាច្បាប់ព្រហ្មទណ្ឌជាដើម។
លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ការចង់បង្កើតច្បាប់ភេរវកម្មក៏អាចជា«ចេតនាបំបិទ»ទំនាក់ទំនងរវាងអ្នកនយោបាយប្រឆាំងក្រៅប្រទេស និងអ្នកនយោបាយក្នុងប្រទេសផងដែរ។ ហើយច្បាប់នេះក៏ជាអាវុធមុខពីរ ដែលលោកថាមានទាំងផលវិជ្ជមាននិងអវិជ្ជមាន។
លោកថ្លែងថា៖ «ថ្ងៃក្រោយទៅ ឧទាហរណ៍ បើសិនជាក្រុមដទៃឡើងមកគ្រប់គ្រងអំណាច ហើយប្រើប្រាស់ច្បាប់ហ្នឹងដើម្បីកម្ទេចគ្នាទៅវិញទៅមក អាហ្នឹងវារឿងមួយគ្រោះថ្នាក់សម្រាប់ប្រទេសណាស់។ ហើយខ្ញុំគិតថា វាជារឿងដែលមិនមានអីចាំបាច់សម្រាប់បង្កើតច្បាប់ហ្នឹងទេ។ មែនទែនទៅ ច្បាប់ភេរវកម្មអន្តរជាតិក៏គេមានហើយ»។
លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងបន្ថែមថា បើសិនជាច្បាប់ភេរវកម្មនេះពិតជាត្រូវបានបង្កើតឡើងមែននោះ វានឹងធ្វើឲ្យសេរីភាពបញ្ចេញមតិ និងសេរីភាពនយោបាយកាន់តែរួមតូច និងធ្វើឲ្យអ្នកនយោបាយនិងសកម្មជននយោបាយកាន់តែលំបាកក្នុងការធ្វើសកម្មភាព។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា លោក សម រង្ស៊ី បានលើកឡើងថា «ចលនាជាតិតស៊ូ» នឹងបង្កើត«ក្រុមប្រឹក្សាជាតិតស៊ូ»ដែលជាក្បាលម៉ាស៊ីន ហើយក្រុមប្រឹក្សាជាតិតស៊ូនេះ នឹងឈានទៅបង្កើត«រដ្ឋាភិបាលបណ្តោះអាសន្ន»៕
វេទិកាបញ្ចេញមតិ