អ្នកជំនាញខាងជំងឺឆ្លងម្នាក់របស់សហរដ្ឋអាមេរិកនិយាយថា អ្នករស់រានមានជីវិតពីជំងឺកូវីដ១៩ អាចរំពឹងថា នឹងរួចផុតពីការឆ្លងមេរោគនេះបានរហូតដល់រយៈពេលមួយឆ្នាំ។
លោកវេជ្ជបណ្ឌិត Scott Gottleib អតីតមន្រ្តីរដ្ឋបាលម្ហូបអាហារ និងឱសថសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងកម្មវិធី Face the Nationនៃបណ្តាញទូរទស្សន៍ CBSកាលពីថ្ងៃអាទិត្យម្សិលមិញអំពីការរកឃើញថ្មីដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺថា ការមានភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ១៩ រយៈពេល ៣ ខែ គឺជាការពិតប្រាកដ។
លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា៖ «ក៏ប៉ុន្តែ វាប្រហែលជាមានករណីដែលលោកអ្នកអាចមានរយៈពេលនៃភាពស៊ាំនឹងជំងឺនោះពី ៦ ខែ ទៅ ១២ ខែ។ អ្នកខ្លះនឹងមានភាពស៊ាំនឹងជំងឺនោះតិច អ្នកខ្លះទៀតនឹងមានភាពស៊ាំនឹងជំងឺនោះខ្លាំងជាងបន្តិច។ ក៏ប៉ុន្តែ វាជាដំណឹងល្អដែលថា មនុស្សប្រាកដជាមានភាពស៊ាំនឹងវីរុសនេះ។ ពួកគេនឹងមិនឆ្លងវីរុសនេះម្តងទៀតទេយ៉ាងហោចណាស់ក៏រយៈពេល ៣ ខែដែរ ហើយប្រហែលជាយូរជាងនេះ បន្ទាប់ពីការឆ្លងមក»។
ក៏ប៉ុន្តែ លោកវេជ្ជបណ្ឌិត Gottleib បានព្រមានថា ពួកវេជ្ជបណ្ឌិតមិនទាន់បានដឹងអំពីជំងឺកូវីដ១៩ នេះច្រើននៅឡើយទេ។
ដោយសហរដ្ឋអាមេរិកមានមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាជាង ១ សែន ៧ ម៉ឺននាក់ ពួកអ្នកជំនាញនៅឯវិទ្យាស្ថានវាយតម្លៃផ្នែកសុខភាពនៃសាកលវិទ្យាល័យវ៉ាស៊ីនតោន (Univeristy of Washington) ទស្សន៍ទាយថា ចំនួនមនុស្សស្លាប់នឹងឡើងដល់ ១ សែន ៨ ម៉ឺន ៦ ពាន់នាក់នៅត្រឹមថ្ងៃទី ១ ខែកញ្ញា ហើយនឹងឡើងដល់ជាង៣ សែន ៩ ម៉ឺននាក់នៅត្រឹមថ្ងៃទី ១ ខែធ្នូខាងមុខ។
កន្លងមក មន្រ្តីសុខាភិបាលមិនអាចជំរុញមនុស្សឱ្យបានល្មមគ្រប់គ្រាន់ឱ្យពាក់ម៉ាសនិងស្ថិតនៅឆ្ងាយពីគ្នាដើម្បីពន្យឺតការឆ្លងរាលដាលនៃជំងឺនេះទេ៕