ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហ​ប្រជាជាតិ​ផ្តល់​​នូវ​ការទូទាត់​ជា​ទឹក​ប្រាក់​​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​សំណង​ទៅ​នឹង​ការ​បញ្ចេញ​កាបូន


រូបឯកសារ៖ ផ្សែង​ហ៊ុយ​ចេញ​ពី​ឡឥដ្ឋ​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា នៅ​ខែមករា​ឆ្នាំ២០១៥។
រូបឯកសារ៖ ផ្សែង​ហ៊ុយ​ចេញ​ពី​ឡឥដ្ឋ​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា នៅ​ខែមករា​ឆ្នាំ២០១៥។

នៅ​ក្នុង​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដែល​រៀប​ចំ​ឡើង​នៅ​ទីក្រុង​ប៉ារីស អ្នក​ចូល​រួម​អាច​ប៉ះប៉ូវ​នូវ​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ពួក​គេ​បាន​បញ្ចេញ​ តាមរយៈ​ការផ្ដល់​ជា​ថវិកា​ដល់​រោង​ចក្រ​ផលិត​ថាមពល​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ឈីលី​។

នៅ​ក្នុង​សន្និសីទ​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដែល​រៀប​ចំ​ឡើង​នៅ​ទីក្រុង​ប៉ារីស អ្នក​ចូល​រួម​អាច​ប៉ះប៉ូវ​នូវ​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ពួក​គេ​បាន​បញ្ចេញ​ តាមរយៈ​ការផ្ដល់​ជា​ថវិកា​ដល់​រោង​ចក្រ​ផលិត​ថាមពល​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ឈីលី​។ ការផ្តល់​ជា​សំណង​របៀប​នេះ​ស្ដាប់​ទៅ​ហាក់​ដូច​ជា​ចម្លែក​ តែ​វា​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ដែល​គាំទ្រដោយអង្គការ​សហ​ប្រជាជាតិ ក្នុង​គោលដៅ​ជួយ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

អ្នក​រៀប​ចំ​សន្និសីទ បានធ្វើ​ការ​យ៉ាង​ស្វិតស្វាញ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញកាបូន​ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​នានា​នៃ​សន្និសីទ​នេះ ដូចជា​ មាន​ការប្រើប្រាស់​ឈើ​ដែល​ត្រូវ​បាន​កែ​ច្នៃ​ឡើង​វិញ​គ្រប់​ទីកន្លែង និង​រថយន្ត​ក្រុង​ដែល​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ផង​និងសាំង​ផង​ ដែល​ហៅ​ថា​រថយន្ត​ក្រុង​Hybrid​ ​សម្រាប់​ដឹក​ភ្ញៀវ​ដែលចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ទៅ​វិញ​ទៅ​មក។​

អ្នក​ជំនាញផ្នែក​និរន្ត​ភាពនៃ​អគ្គលេខាធិការដ្ឋាន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​លើ​ការប្រែប្រួល​អាកាស​ធាតុ​ លោក Niclas Svenningsen បានកត់​សម្គាល់​ថា​ មនុស្ស​ចំនួន​៤០.០០០នាក់​ បាន​ធ្វើ​ដំណើរ​មក​កាន់​ទី​ក្រុង​ប៉ារីស ​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ ​ហើយ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ដែល​ប្រើប្រាស់​ថាមពល​ឥន្ធនៈ​ផូស៊ីល​ដែល​បំលែង​ទៅ​ជា​ឧស្ម័ន​កាបូនិច។​

លោក Svenningsen បាន​មាន​ប្រសាសន៍​ថា «​វា​គឺ​ជា​រឿង​ដ៏​គួរ​ឱ្យ​ហួស​ចិត្ត​ក្នុង​ការដែល​យើង​រៀបចំ​សន្និសីទ​ស្ដី​ពី​ការ​ប្រែ​ប្រួលអាកាស​ធាតុ​ដើម្បីកាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ ប៉ុន្តែ​ជាក់ស្តែង​អ្វី​ដែល​អ្នក​ទាំង​នោះ​កំពុង​តែ​ធ្វើ​នោះ​គឺ​ជា​ការ​បង្កើន​ការបញ្ចេញ​ឧស្ម័ន​នោះ​ទៅ​វិញ»។

ដូច្នេះ​ហើយ​ អ្នក​ដែល​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ត្រូវ​បាន​គេ​លើក​ទឹក​ចិត្ត​ឱ្យ​ចូល​ទៅ​កាន់​គេហទំព័រ Climate Neutral Now។​ នៅ​លើ​គេហទំព័រ​នោះ​ ពួក​គេ​អាច​ធ្វើ​ការគណនា នូវ​បរិមាណ​ឧស្ម័ន​កាបូនិច​ដែល​ពួកគេ​បាន​បញ្ចេញ ​តាមរយៈ​ការធ្វើ​ដំណើរ​តាម​យន្តហោះ​នោះ។ បន្ទាប់​មក​ ពួក​គេ​អាច​ចូល​ទៅ​ទូទាត់​ថវិកា​នឹង​ចំនួន​កាបូន​ដែល​ពួក​គេ​បញ្ចេញ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

ប្រព័ន្ធ​នេះ​ផ្អែកទៅ​លើ​គំនិត​ដ៏​ចម្រូង​ចម្រាស់​មួយ។ ​គំនិត​នេះ​មាន​ន័យ​ថា​ អ្នក​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិយាកាស​ អាច​បង់​ប្រាក់​ទៅ​ឲ្យអ្នកដែល​ស្ថិត​នៅ​កន្លែង​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​ពួកគេ​ជួយ​បំផ្លាញ​ឧស្ម័ន​ដែល​បាន​បញ្ចេញ​ទាំង​នោះ ឬ​ដើម្បី​ជួយ​កុំ​ឲ្យ​ឧស្ម័ន​ទាំង​នោះ​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស​បាន​។​

ឧទាហរណ៍ជាក់ស្តែង​មួយ​ដែល​សាមញ្ញ​បំផុត​នោះ​ គឺ​ការដាំ​ដើម​ឈើ​ដើម្បី​ស្រូប​យក​ឧស្ម័ន​កាបូនិច។

លោក Svenningsen មាន​ប្រសាសន៍​ថា អ្នក​ប្រើ​ប្រាស់​គេហ​ទំព័រ Climate Neutral Now អាច​ជ្រើស​យក​វិធី​ខាង​លើនិង​វិធី​ផ្សេងៗ​ជា​ច្រើន​ទៀត។

លោក Svenningsen ថ្លែង​ថា «អ្នក​មាន​អ្វីៗ​គ្រប់​យ៉ាង​ដូច​ជា​ ការ​ប្រើ​ប្រាស់​អំពូល​ដែល​ស៊ី​ភ្លើង​តិច​ ​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​ប្រកប​ដោយ​និរន្តភាព ថាមពល​ដែល​អាច​ប្រើ​ឡើង​វិញ​បាន ​បចេ្ចកវិទ្យា​ឧស្សាហកម្ម​ដែល​មាន​ប្រសិទ្ធភាព​ និង​ការទាញ​យក​សារធាតុ​មេតាន​ចេញ​ពី​កាក​សំណល់»។​

វិធី​សាស្ត្រ​ទាំង​នេះ​ សុទ្ធ​តែ​អាច​ការ​ពារ​និងកាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។​

ជា​ឧទាហរណ៍​ លោក Svenningsen ​ថ្លែង​ថា​ រោង​ចក្រ​ផលិត​ថាមពល​ជីវសាស្ត្រ​ចំរុះ​ Nueva Aldea នឹង​មិន​អាច​សាង​សង់​បាន​នោះ​ទេ​បើ​គ្មាន​ថវិកា​ដែល​បាន​ពី​ការទូទាត់កាបូន​នោះ។

លោក Svenningsen បាន​បន្ត​ថា «វា​អាច​ជា​រោងចក្រ​ថាមពល​ដែល​ប្រើប្រាស់​ធ្យូង​ដុត​ជំនួស​វិញ។​ អ្វី​ដែល​អ្នក​ទទួល​បាន​នោះ​វា​មាន​លក្ខណៈ​ខុស​គ្នា​ត្រង់​ថា​ ពួក​គេ​នឹង​ទទួល​បាន​រោងចក្រ​ថាមពល​ដែល​ប្រើប្រាស់​ថាមពល​ស្អាត​ ជាជាង​រោង​ចក្រ​ថាមពល​ដែល​ប្រើប្រាស់​ផូស៊ីល»។​

ដូច្នេះអ្នក​អាច​ជ្រើស​រើស​គម្រោងមួយ​ ដាក់​បរិមាណ​ឧស្ម័ន​កាបូនិច​ចំនួន​ពីរ​ឬ​បី​តោន​នៅ​ក្នុង​រទេះ​ទំនិញ​របស់​អ្នក​ ហើយ​ទូទាត់​ជាមួយ​នឹង​ប័ណ្ណ​ឥណទានឬ​គណនី​ Paypal​ របស់​អ្នក បន្ទាប់​មក​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​អ្នក​បញ្ចេញ​នឹង​ត្រូវ​បាន​ទូទាត់។​

ទឹកប្រាក់​ទូទាត់​លើ​ការធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ទៅវិញ​ទៅ​មក​ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន​មក​កាន់​ទីក្រុង​ប៉ារីស​អស់​ត្រឹម​ ៣.៥ ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។​

ក៏ប៉ុន្តែ​ក្រុម​អ្នក​រិះ​គន់​បាន​និយាយ​ថា​ វា​មាន​ការ​លំបាក​ក្នុង​ការ​គណនា​ឱ្យ​ប្រាកដ​ថា​ តើ កម្មវិធី​ទូទាត់​កាបូន​ខាង​លើ​ ពិត​ជា​បាន​ធ្វើ​ដូច​អ្វី​ដែល​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ឬ​យ៉ាង​ណា។ គេ​មើល​ឃើញ​ថា ការទូទាត់​នេះ​មាន​បញ្ហា​ដោយ​សារ​តែ​គណនេយ្យ​មាន​ភាព​មិន​ច្បាស់លាស់។

ក្រុម​អ្នក​ប្រឆាំង​នឹង​គម្រោង​ខាង​លើ​បាន​ថ្លែងថា​ ថវិកា​ជំនួយ​របស់​ អ.ស.ប.​ពេល​ខ្លះ​ ត្រូវ​បាន​ផ្តល់​ដល់​ឧស្សាហកម្ម​ដែល​បំពុល​ខ្លាំង​ក្លា​ ហើយ​គម្រោង​ខ្លះ​ផ្ដល់​ផល​អាក្រក់​ច្រើន​ជាង​ល្អ​ ដូច​ជា​ការ​ដាំ​ដើម​ឈើ ដែល​ត្រូវ​បណ្ដេញ​ប្រជាជន​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លោក​ស្រី Janet Peace ដែល​ជា​អនុ​ប្រធាន​មជ្ឈមណ្ឌល​ដោះ​ស្រាយ​បញ្ហា​អាកាសធាតុ​និង​ថាមពល​បាន​ថ្លែង​ថា​ អ.ស.ប. កំពុង​តែ​រៀន​ពី​កំហុស​របស់​ខ្លួន។

លោក​ស្រី Peace​ បាន​និយាយ​ថា «រហូត​មក​ទល់​ពេល​នេះ​ ពួកគេ​បាន​ដឹង​ថា អ្នក​ត្រូវ​ធ្វើ​ឲ្យ​បានច្រើន​ជាង​នេះ​។ អ្នក​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ច្រើន​ជាង​នេះ​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​នោះ​ ហើយ​អ្នក​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ អ្នក​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិច​នោះ​ទេ​ ហើយ​អ្នក​ត្រូវ​មាននរណា​ម្នាក់​ផ្សេង​ទៀត​ធ្វើ​ការ​ត្រួត​ពិនិត្យ»។

លោក​ស្រី​បាន​ថ្លែង​ថា​ បច្ចុប្បន្ន​នេះ​កម្មវិធី​ទូទាត់​ប្រាក់​ជាមួយ​នឹង​ការបញ្ចេញ​កាបូន​នានា​របស់​អ.ស.ប​ ស្ថិត​ក្នុង​ចំណោម​កម្មវិធី​ដ៏​ល្អ​បំផុត​ដែល​មាន។​

ក៏​ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​បាន​ប្រៀប​ធៀប​ការ​ទូទាត់​ថវិកា​ជាមួយ​នឹង​ការ​បញ្ចេញ​កាបូន​នេះ​ ទៅ​នឹង​ព្រះ​ដែល​លក់​ការ​លើក​លែង​ទោស​ក្នុង​តម្លៃ​មួយ​ដើម្បី​លុបលាង​អំពើ​បាប​របស់​អ្នក។​ ក្រុម​អ្នក​រិះ​គន់​ចាត់ទុក​ថា ការ​ទូទាត់​ថវិកា​ជាមួយ​នឹង​ការ​បញ្ចេញ​កាបូន​ បាន​ធ្វើ​ឲ្យ​ពួក​គេ​ងាកចេញ​ពី​គោលដៅ​ពិត​ប្រាកដ​របស់​ពួក​គេ​ ដែល​គោលដៅ​នោះ​គឺ​ជាការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​។​

សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Imperial លោក Niall MacDowell យល់​ឃើញ​ផ្សេង​ពី​នេះ​។

លោក MacDowell មាន​ប្រសាសន៍​ថា «ប្រសិន​បើ​អ្នក​ពិត​ជា​អាច​សាង​អំពើ​បាប​ ​បន្ទាប់​មក​អ្នក​អាច​ធ្វើ​ការបរិច្ចាគ​ ហើយ​អ្នក​អាច​លុប​លាង​នូវ​អំពើ​បាប​នោះ​វិញ​បាន​ នោះ​អ្នក​នឹង​លែង​មាន​បាបកម្ម​ទៀត​ហើយ?​ ដូច្នេះ​ តើ​នេះ​មិនមែន​ជា​ការល្អ​ទេ​ឬ?»

លោក Svenningsen បាន​បន្ថែមថា ​ការ​ទូទាត់​ថវិកា​ជាមួយ​នឹង​ការ​បញ្ចេញ​កាបូន​ គួរ​តែ​ជា​ដំណោះ​ស្រាយ​ចុង​ក្រោយ​ហើយ​ បន្ទាប់​ពីអ្នក​ដែល​បំពុល​បរិស្ថាន​នោះ​បាន​ធ្វើ​តាម​លទ្ធភាព​របស់​ពួក​គេ​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​នោះ៕

ប្រែសម្រួល​ដោយ អូន​ ឆេងប៉រ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG