ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សហជីព​ និង​ក្រុម​និយោជក​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​ជុំវិញ​ច្បាប់​ស្តី​ពី​សហជីព​នៅ​កម្ពុជា


រូបឯកសារ៖ ក្រុម​កម្មករ​និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​និងសេរីភាព​​សមាគម»​នៅ​ថ្ងៃទី​១​ឧសភា​នៅ​ទីក្រុង​ភ្នំពេញ។​ ​(​ឡេង ឡែន/VOA)

ស្ថិតិកាល​ពីឆ្នាំ​ទៅ​របស់​សមាគម​រោងចក្រ​កាត់ដេរ​បាន​បង្ហាញ​ថា សហជីព​មាន​ចំនួន​ ៣.​១៦៦ សម្រាប់​កម្មករ​រោងចក្រ​​ចំនួនជាង​ ៥០០​.០០០​នាក់​ ដែល​កំពុង​បម្រើការ​ក្នុង​រោងចក្រ​កាត់ដេរ និង​រោងចក្រ​វាយនភ័ណ្ឌ​នាំចេញ​ចំនួន​៥៥៧ និង​រោងចក្រ​ផលិត​ស្បែក​ជើង​ចំនួន​៥៨។

មិន​ដល់​មួយ​ខែ​ បន្ទាប់​ច្បាប់​ស្តីពី​សហជីព​ដ៏ចម្រូង​ចម្រាស​ត្រូវបាន​ឡាយ​ព្រះហស្ថលេខា​ចូល​ជាធរមាន​ដោយ​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី ជម្លោះ​ក៏​បាន​រីករាល​ដាល​ឡើង​រវាង​អ្នក​រិះគន់ និង​អ្នក​គាំទ្រ​លើ​ការ​បង្កើត​ច្បាប់​នេះ។ អ្នក​រិះគន់​បាន​និយាយ​ថា ច្បាប់​នេះ​អាក្រក់​សម្រាប់​ប្រទេស​ ដែល​កម្មករ​ទទួល​បានប្រាក់​ខែទាប។ រីឯ​អ្នក​គាំទ្រ​ច្បាប់​នេះ​ជឿជាក់​ថា ច្បាប់​នេះ​មាន​សារៈសំខាន់​សម្រាប់​កំណើន​ក្នុង​វិស័យ​ធុរកិច្ច។

​តំណាង​រាស្រ្ត​មកពី​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ដែល​ជា​គណបក្ស​ដឹកនាំ​ប្រទេស​ បាន​អនុម័ត​ច្បាប់​នេះ​យ៉ាង​ប្រញាប់​ប្រញាល់​នៅក្នុង​ខែ​មេសា​ បើទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​អង្គការ​ពលកម្ម​អន្តរ​ជាតិ (ILO) ដែល​យល់​ឃើញ​ថា បទបញ្ញត្តិ​មួយ​ចំនួន​នៅ​ក្នុងច្បាប់​នេះ ​អាច​រំលោភ​សិទ្ធិ​កម្មករ​ក៏​ដោយ។ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​ក្នុងការ​បោះ​ឆ្នោត​អនុម័ត​ ស្រប​ពេល​ដែល​ក្រុម​ប្រធាន​សហជីព​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​អគារ​រដ្ឋសភា​ជាតិ។ ពួកគេ​ត្រូវបាន​រុញ​ច្រាន​ចេញ​ និង​វាយ​ដំ​ដោយ​កងកម្លាំង​សន្តិសុខ​ខណ្ឌ។

ក្រុម​សហជីព​ឯករាជ្យ និងក្រុម​និយោជក នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ដូច​គ្រាមុន។ លោក​ វ៉ាន់​ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា (GMAC) បាន​បញ្ជាក់​ថា៖ «អត់មាន​ក្រុមហ៊ុនណា​មាន​២៥​សហជីព​នៅក្នុង​ក្រុមហ៊ុន​មួយ អាហ្នឹង​ម៉េចនឹង​រស់បាន»។ លោក​បាន​បន្ថែម​ថា វា​មិន​អាច​ទៅ​រួច​បាន​ទេ​ក្នុងការ​រំពឹង​ថា​ និយោជក​ម្នាក់​ចរចា​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រធាន​សហជីព​ចំនួន​២៥នាក់​ផ្សេង​ៗគ្នា។

លោក​ វ៉ាន់​ ស៊ូអៀង​ បាន​បន្តថា​ ច្បាប់​មាន​សារៈសំខាន់​ដើម្បី​គ្រប់គ្រង​សហជីពនៅ​ក្នុង​ប្រទេស។

រូបឯកសារ៖ ក្រុម​កម្មករ​ និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​ និងសេរីភាពសមាគម»​ នៅ​ថ្ងៃទី​១ ​ឧសភា​ នៅ​ទីក្រុង​ភ្នំពេញ។​ កម្មករ​ប្រមូល​ផ្ដុំ​គ្នាដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​ឈ្នូល​អប្បបរិមា​ លក្ខខណ្ឌ​ការងារ​និង​សិទ្ធិ​សហជីព។ ​(​ឡេង ឡែន/VOA)
រូបឯកសារ៖ ក្រុម​កម្មករ​ និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​ និងសេរីភាពសមាគម»​ នៅ​ថ្ងៃទី​១ ​ឧសភា​ នៅ​ទីក្រុង​ភ្នំពេញ។​ កម្មករ​ប្រមូល​ផ្ដុំ​គ្នាដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​ឈ្នូល​អប្បបរិមា​ លក្ខខណ្ឌ​ការងារ​និង​សិទ្ធិ​សហជីព។ ​(​ឡេង ឡែន/VOA)

ស្ថិតិកាល​ពីឆ្នាំ​ទៅ​របស់​សមាគម​រោងចក្រ​កាត់ដេរ​បាន​បង្ហាញ​ថា សហជីព​មាន​ចំនួន​ ៣.​១៦៦ សម្រាប់​កម្មករ​រោងចក្រចំនួនជាង​ ៥០០​.០០០​នាក់​ ដែល​កំពុង​បម្រើការ​ក្នុង​រោងចក្រ​កាត់ដេរ និង​រោងចក្រ​វាយនភ័ណ្ឌ​នាំចេញ​ចំនួន​៥៥៧ និង​រោងចក្រ​ផលិត​ស្បែក​ជើង​ចំនួន​៥៨។ បើ​ទោះ​ជា​ផលិត​កម្មសម្លៀក​បំពាក់​ ជា​វិស័យ​ឧស្សាហ​កម្ម​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ស្មើ​នឹង​២៦,២​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ក៏ដោយ​ ក៏​អ្នក​វិនិយោគ​បរទេស​នឹង​មិន​មកធ្វើ​ជំនួញ​ឡើយ ​បើ​គ្មាន​ច្បាប់​ស្តីពី​សហជីព​ទេ​នោះ នេះ​បើ​តាម​សំដី​របស់​លោក​ វ៉ាន់​ ស៊ូ​អៀង។

លោក​បាន​បន្ថែម​ថា៖ «សម្រាប់​យើង​និយោជក ទាល់​តែមាន​ច្បាប់​សហជីព បាន​រស់បាន។ មិនមែន​តែ​នៅ​ស្រុក​ខ្មែរ​ទេ ប្រទេស​ណា​ក៏​ដោយ ក៏​មាន​ច្បាប់​សហជីព​ដែរ។ អ្នក​ថា​ហ្នឹង ឱ្យ​គេ​ទៅ​រកស៊ី​ទៅ គេ​នឹង​ដឹង​ហើយ»។

ឯកសារ​សេចក្តី​ព្រាង​លើកទី​មួយ​នៃ​ច្បាប់​ស្តីពី​សហ​ជីព ត្រូវ​បាន​រៀបចំ​រួចរាល់​ក្នុង​ឆ្នាំ​២០០៨​ និង​បាន​ឆ្លង​កាត់​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្តី​រដ្ឋាភិបាល​ និយោជក និង​តំណាង​និយោជិត។ ចាប់​តាំង​ពីដើម​ដំបូង​ សំណើ​ច្បាប់​នេះ​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​ជា​ញឹកញាប់​ពី​សំណាក់​កម្មករ​ និង​សហជីព​ ដែល​បាន​និយាយ​ថា ច្បាប់​នេះ​រឹតត្បិត​សេរីភាព​របស់​សមាគម​ ដូច​ដែល​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​ដាក់​សហជីព​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល ដែល​ប្រការ​នេះ​មិនអាច​ទទួល​យក​បាន។ អ្នក​រិះគន់​ក៏​បាន​អះអាង​ថា ច្បាប់​នេះ​មិនស្រប​នឹង​កតិកាសញ្ញា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ និង​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​កម្មករ ដែល​ប្រទេស​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ។

មាត្រា​៥ នៃ​ច្បាប់​ស្តីពី​សហជីព​ចែង​ថា កម្មករ​ និយោជិត និង​និយោជក មាន​សិទ្ធិ​បង្កើត​សហជីព​ ឬ​ចូលរួម​សមាគម​និយោជក​តាម​ការ​ជ្រើសរើស​របស់​ខ្លួន។ ប៉ុន្តែ ច្បាប់​នេះ​បែរ​ជា​តម្រូវ​ឲ្យមាន​លក្ខខណ្ឌ​ខ្ពស់​សម្រាប់​ការស្នើ​សុំ​អាជ្ញាប័ណ្ណចុះ​បញ្ជី​សហជីព​ និង​រឹតត្បិត​ស្វ័យភាព និង​សកម្មភាព​នានា​របស់​សហជីព។ នេះ​បើ​តាម​សំដី​របស់​លោក​ អំ​ សំអាត​ អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិមនុស្ស​ (លីកាដូ​)។

ច្បាប់នេះ​ក៏​រឹតត្បិត​បេក្ខភាព​ដែល​ត្រូវ​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​ប្រធាន​សហជីពផង​ដែរ។ លោក​ អំ​ សំអាត ​បាន​បន្តថា​ បុគ្គល​ណា​ដែល​ជាប់​បណ្តឹង​តុលាការ មិន​អាច​ក្លាយជា​ប្រធាន​សហជីព​បាន​ឡើយ។ លោក​បាន​កត់សម្គាល់​ឃើញ​ថា មាន​ប្រធាន​សហជីព​ឯករាជ្យ​មួយ​ចំនួន​ បាន​នឹង​កំពុងរង​ការ​ចោទ​ប្រកាន់​ដោយ​សាល​ដីកា​អយុត្តិធម៌ ដែល​ការ​ចោទ​ប្រកាន់​ទាំង​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​មាន​ការ​លើកទឹកចិត្ត​ផ្នែក​នយោបាយ។ តាម​ច្បាប់​នេះ ពួកគេ​ទាំងនោះ​នឹង​ត្រូវបាន​ដក​ចេញពី​តំណែង​ជាន់​ខ្ពស់​នានា​នៅក្នុង​សហជីព​របស់ពួក​គេ។

ច្បាប់​នេះ​ក៏បាន​ផ្តល់អំ​ណាច​ដល់​ក្រសួង​ការងារ​នូវ​សិទ្ធិ​ត្រួតពិនិត្យ​លើសលប់​លើ​ដំណើរ​ការ​ការងារ​របស់​សហជីព​ ដោយ​អនុញ្ញាត​ឲ្យ​ក្រសួង​នេះ​អាច​ធ្វើ​សវនកម្ម​លើ​ហិរញ្ញវត្ថុ​របស់​សហជីព​ និង​ជំនួយ​ហិរញ្ញវត្ថុ​អន្តរជាតិ​ដល់​សហជីព។

រឿង​ដែល​កាន់តែ​ព្រួយបារម្ភ​ថែមទៀត​នោះ មាត្រា​១៥​នៃ​ច្បាប់​នេះ​ ផ្តល់​ឆន្ទានុសិទ្ធិ​ពិសេស​ដល់​ក្រសួង​ការងារ ក្នុងការ​អនុវត្ត​នីតិវិធី​បន្ថែម​តាមរយៈ​ការចេញ​ប្រកាស​ ដែល​អនុញ្ញាត​ឲ្យ​ក្រសួង​សម្រេច​ជា​ឯកតោភាគី​ទៅលើ​ការ​ផ្តល់ ឬ​មិន​ផ្តល់​អាជ្ញាប័ណ្ណ​ចុះ​បញ្ជី​សហជីព។

មាត្រ​១៣​ នៃច្បាប់​នេះ​តម្រូវ​ឲ្យ​សហជីព​ប្រមូល​ការ​គាំទ្រ​ឱ្យ​បាន​៥០% បូក​មួយ នៃ​ចំនួន​សមាជិក​សរុប​សម្រាប់​រាល់កិច្ច​ប្រជុំ​សម្រេច​ធ្វើ​កូដកម្ម។ ការ​កំណត់​បែបនេះ​ គួតែ​ពិចារណា​លើ​ស្ថាន​ភាព​នៃ​រោងចក្រ​នានា​ និង​កម្មករ​ជាច្រើន​ដែល​នៅ​ដាច់​ឆ្ងាយ​ពីគ្នា​ហេដ្ឋារចនា​សម្ព័ន្ធ​ទំនាក់​ទំនង​ពិបាក​ និង​កង្វះ​ខាត​ឧបករណ៍​ផ្សេងៗ​ទៀត។

លក្ខខណ្ឌ​តម្រូវ​បែប​នេះ​សម្រាប់​ការធ្វើ​កូដកម្ម​ នឹង​ពិបាក​ធ្វើទៅ​រួច និង​អនុវត្ត​បាន។ នេះ​បើតាម​ការ​លើកឡើង​របស់​លោក​ មឿន​ តុលា​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ ​និង​សិទ្ធិ​មនុស្ស។

លោក​បាន​បន្តថា​៖ «នៅ​ក្នុង​សង្គម​ប្រជាធិប​តេយ្យ មនុស្ស​ម្នាក់​ក៏​គេ​អាច​ធ្វើកូដកម្ម​បាន​ដែរ»។ លោក​បាន​បន្ថែម​ថា៖ «ដូច​សហជីព​សេរីកម្មករ​អញ្ចឹង ដែល​ដឹកនាំ​ដោយ​លោក ជា មុនី​ អញ្ចឹង គាត់​មាន​សមាជិក​ប្រហែល​ជាជាប់​១០ម៉ឺន​អញ្ចឹង។ អញ្ចឹង​ដើម្បី​ប្រជុំ​ពេល​ណា​ត្រូវធ្វើ​សមាជ​អីអញ្ចឹង គាត់​ត្រូវ​កៀងគរ​សមាជិក​គាត់​យ៉ាងហោច​ណាស់​៥ម៉ឺន​១នាក់​ដែរ»។

រូបឯកសារ៖ លោក​ ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ អង្គុយ​ជាមួយ​លោក​ ងួន ញិល ​អនុប្រធាន​រដ្ឋសភា​ជាតិ ​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​លើកទី​៦​និតិកាល​ទី​៥ ដែល​គ្មាន​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ណាមួយ​ចូលរូម​ នៅ​វិមាន​រដ្ឋសភា​ កាលពីថ្ងៃ​ច័ន្ទ​ ទី​៦ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​។ ​(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ អង្គុយ​ជាមួយ​លោក​ ងួន ញិល ​អនុប្រធាន​រដ្ឋសភា​ជាតិ ​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​លើកទី​៦​និតិកាល​ទី​៥ ដែល​គ្មាន​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ណាមួយ​ចូលរូម​ នៅ​វិមាន​រដ្ឋសភា​ កាលពីថ្ងៃ​ច័ន្ទ​ ទី​៦ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​។ ​(ឡេង ឡែន/VOA)

បន្ទាប់​ពី​តំណាងរាស្រ្ត​របស់​គណបក្ស​ដឹកនាំ​ប្រទេស ​អនុម័ត​ច្បាប់​ស្តី​ពី​សហជីព​ក្នុងខែ​មេសា​មក​ អង្គការ​ពលកម្ម​អន្តរ​ជាតិ​បានថ្លែង​ថា គណៈកម្មការ​ស្តី​អំពី​សេរីភាព​នៃ​ការ​បង្កើត​សមាគម​នៅទី​ក្រុង​ហ្សឺណែវ​ដ៏​មាន​ឥទ្ធិពល នឹង​ជួបប្រជុំ​គ្នា​ដើម្បី​វាយ​តម្លៃ​ថា តើ​ច្បាប់​ថ្មីនេះ​អនុលោមតាម​អនុសញ្ញា​អន្តរជាតិ​ ដែល​បាន​ផ្តល់​សត្យាប័ន​ដោយ​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ហៅកាត់​ថា (APHR) បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ត្រង់ៗ​ថា ការ​អនុម័ត​ច្បាប់​នេះ​បង្ហាញ​ពី «ការ​ដើរ​ថយ​ក្រោយ​មួយ​ជំហាន​នៃ​សិទ្ធិ​កម្មករ និង​ការ​រំលោភ​ស្តង់ដា​ការងារ និង​សិទ្ធិ​មនុស្ស​អន្តរជាតិ»។

​ស្ថាប័ន​និយោជក​នានា​ក្នុង​ប្រទេស​កម្ពុជា​មិន​យល់​ដូច្នេះ​ឡើយ។ លោកស្រី​ Sandra D’Amico អនុប្រធាន​សម្ព័ន្ធ​និយោជក​ និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ ហៅ​កាត់​ថា (CAMFEBA) បាន​ពណ៌នា​ការ​រិះគន់​ខ្លាំងៗ​លើ​ច្បាប់​ស្តីពី​សហជីព​ថា «អយុត្តិធម៌​» និង​«មិន​សម​ហេតុ​សមផល»។ លោក​ស្រី​បន្ត​ថា​ ការ​គ្រប់គ្រង​សហជីព គឺជា​ការ​ចាំ​បាច់​សម្រាប់​ការធ្វើ​ជំនួញ។

រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៤។
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៤។

លោក​ស្រី​ក៏ជា​សមាជិក​នៃ​ក្រុម​ការងារ​ CAMFEBA ដែល​កាលពី​ឆ្នាំមុន​បាន​ចេញ​ឯកសារ​គោល​នយោបាយ​មួយ ដោយ​បាន​ហៅ​ច្បាប់​ស្តីពី​សហជីព​ថា ជា​យន្តការ​ «ដ៏​មាន​សារៈសំខាន់​សម្រាប់​សន្តិភាព​ឧស្សាហកម្ម​ និង​កំណើន​សេដ្ឋកិច្ច​ ចីរភាព​ និង​ភាព​សម្បូរបែប»។

ទោះបីជា​មាន​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​អង្គការ​ពលកម្ម​អន្តរជាតិ​ ស្ថាប័ន​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ និង​ស្ថាប័ន​ផ្សេងៗ​ទៀតក៏ដោយ ក៏​លោក​ស្រី D’Amico ជឿជាក់​ថា ច្បាប់​ស្តីពី​សហជីព​ស្រប​ទៅនឹង​ច្បាប់​អន្តរជាតិ​ និង​អនុសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

លោក​ស្រីបាន​បន្តថា​៖ «ការ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ គឺ​អនុវត្ត​ផ្សេងៗ​គ្នា​តាម​ប្រទេស​រៀងៗ​ខ្លួន​ក្នុង​ពិភពលោក​នេះ។ ប្រសិន​បើ​ពិភពលោកនេះ​ល្អ​ឥតខ្ចោះ​មែន​នោះ​ យើង​នឹង​មាន​ច្បាប់​តែ​មួយ​ និង​បែបបទ​នៃ​ការ​អនុវត្ត​តែ​មួយ​ដែរ»។

លោក​ស្រី​បន្ថែម​ថា​៖ «ច្បាប់​នេះ តាម​ការ​ពិត​ទៅ​ល្អ​ណាស់​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ឧស្សា​ហកម្ម ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។ ខ្ញុំ​មាន​គំនិត​វិជ្ជមាន​ណាស់​ចំពោះ​ច្បាប់​នេះ»។

លោក​ មឿន​ តុលា នៃ​មជ្ឈម​ណ្ឌល​សម្ព័ន្ធ​ការងារ​និង​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា គណបក្ស​កាន់​អំណាច​អនុម័ត​ច្បាប់​នេះ​ ដោយ​មិនមាន​ការ​ជជែក​ដេញដោល​ និង​ពិគ្រោះ​យោបល់​ឱ្យ​បាន​សមរម្យ​ជាមួយ​ក្រុម​ដែល​រង​ផល​ប៉ះពាល់​ដ៏​ខ្លាំង​បំផុត​ពី​ច្បាប់​នេះ។ លោក​បាន​បន្ត​ថា​ ច្បាប់​នេះ​គួរ​ត្រូវ​ព្យួរ​សិន​រហូត​ដល់​មាន​ការ​ពិភាក្សា​ច្បាស់​លាស់​ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វល់​ផ្សេងៗ ដែល​លើកឡើង​ដោយ​អ្នក​រិះគន់​ ដែល​មាន​ចាប់តាំង​ពី​សមាជិក​ធម្មតា​នៃ​សហជីព​នៃ​រោងចក្រ​កាត់ដេរ​ រហូត​ដល់​គណៈកម្មាធិការ​នៃ​អង្គការ​ពលកម្ម​ពិភពលោក​នៅ​ទីក្រុង​ហ្សឺណែវ។

លោក​បាន​ផ្តល់​យោបល់​ថា «​ប្រសិន​បើ​ចាំបាច់​ យើង​អាច​ធ្វើ​វិសោធនកម្ម​បាន»៕

XS
SM
MD
LG