ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​ការងារ​កំណត់​កាលវិភាគ​​សម្រាប់​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា


រូបឯកសារ៖ ក្រុម​កម្មករ​និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​និងសេរីភាព​​សមាគម»​នៅ​ថ្ងៃទី​១​ឧសភា​នៅ​ទីក្រុង​ភ្នំពេញ។​កម្មករ​ប្រមូល​ផ្ដុំ​គ្នាដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​ឈ្នូល​អប្បបរិមា​ លក្ខ័ណ្ឌ​ការងារ​និង​សិទ្ធិ​សហជីព។​(​ឡេង ឡែន/VOA)

មេដឹកនាំ​សហជីព​កម្មករ​ឯករាជ្យ​​បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ការ​ត្រៀម​ពិភាក្សា​ប្រាក់​ឈ្នួល​នេះ​ គឺ​ត្រូវ​បាន​គ្រោង​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​ ហើយ​ក្រុម​សហជីព​គ្រោង​នឹង​ជួប​គ្នា​ចាប់​ពី​ខែ​កក្កដា​ខាង​មុខ​នេះ។

ក្រសួង​ការងារ​កម្ពុជា​បាន​ប្រកាស​យក​ខែ​សីហា​ ជា​ការ​ចាប់​ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ ​និង​កម្មការិនី​ដែល​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ​ កាត់ដេរ​ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៧។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ការ​ពិភាក្សា​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ​ ជា​ការ​ពិភាក្សា​លក្ខណៈ​ទ្វេភាគី​ ហើយ​ការ​ពិភាក្សា​ជា​លក្ខណៈ​ត្រីភាគី​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា។​ នៅ​ក្នុង​ខែ​តុលា​ ក្រសួង​នឹង​បើក​កិច្ច​ប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​ ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ ផ្នែក​វាយនភណ្ឌ​ កាត់ដេរ​ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៧។​ នៅ​ថ្ងៃ​ទី​១ ខែមករា​ ឆ្នាំ​២០១៧ ប្រាក់​ឈ្នួល​ដែល​បាន​កំណត់​នឹង​ចូល​ជា​ធរមាន។

មេដឹកនាំ​សហជីព​កម្មករ​ឯករាជ្យបាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ការ​ត្រៀម​ពិភាក្សា​ប្រាក់​ឈ្នួល​នេះ​ គឺ​ត្រូវ​បាន​គ្រោង​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​ ហើយ​ក្រុម​សហជីព​គ្រោង​នឹង​ជួប​គ្នា​ចាប់​ពី​ខែ​កក្កដា​ខាង​មុខ​នេះ។

អ្នកស្រី​ យ៉ាង​ សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ប្រាប់​ VOA​ ថា​ ក្រុម​សហជីព​បាន​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​តួលេខ​ថ្មី​ទាក់​ទិន​នឹង​ការ​ចំណាយ​របស់​កម្មករ​ និង​ស្ថានភាព​ទូទៅ​របស់​វិស័យ​កាត់ដេរ​នៅ​មុន​ក្រុម​សហជីព​ជួប​ចរចា​ជាមួយ​ខាង​និយោជក។​ អ្នកស្រី​បញ្ជាក់​ថា​ ក្រុម​សហជីព​គ្រោង​នឹង​ប្រើ​តួលេខ​ ២០៧ដុល្លារ​សម្រាប់​ការ​ចរចា​ ប៉ុន្តែ​ចំនួន​នេះ​អាច​មាន​ការ​ប្រែប្រួល​ ប្រសិន​បើ​មាន​ការ​ស្រាវជ្រាវ​ណា​ផ្សេង​ទៀត​ ដែល​អាច​រក​ឃើញ​តួលេខ​ថ្មី។​ អ្នកស្រី​បន្ថែម​ថា​ ប្រាក់​ឈ្នួល​ដែល​កម្មករ​ទទួល​បាន​សព្វថ្ងៃ​នេះ​ មិន​អនុញ្ញាត​ឲ្យ​កម្មករ​រស់នៅ​បាន​សមរម្យ​នោះ​ទេ។

ក្រសួង​ការងារ​បាន​បញ្ជាក់​ថា គ្រប់​ភាគី​ទាំង​អស់​ ត្រូវ​ប្រើ​លក្ខខណ្ឌ​វិនិច្ឆ័យ​បែប​សង្គម​ រួម​មាន​ ស្ថានភាព​គ្រួសារ​ អត្រា​អតិផរណា​ និង​ការ​ចំណាយ​ក្នុង​ការ​រស់នៅ និង​លក្ខណៈ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​ រួម​មាន​ផលិតភាព​ ភាព​ប្រកួត​ប្រជែង​ ស្ថានភាព​ទីផ្សារ​ការងារ​ និង​កម្រិត​ចំណេញ​របស់​វិស័យ​កាត់ដេរ ក៏​ដូច​ជា​បន្ទាត់​ភាព​ក្រីក្រ​ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា។

ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ ​ដែល​ទើប​តែ​ចូល​ជា​ធរមាន​កាល​ពី​ដើម​ឆ្នាំ​២០១៦​ មាន​ចំនួន​១៤០​ក្នុង​មួយ​ខែ។ ​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​នេះ​ក្រោយ​ពី​មាន​បាតុកម្ម​ទាំង​អហិង្សា ​និង​ហិង្សា អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ ដែល​បាន​បណ្ដាល​ឲ្យ​កម្មករ​មួយ​ចំនួន​បាន​បាត់បង់​ជីវិត ​និង​ជា​ច្រើន​នាក់​ទៀត​រង​របួស។

ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ម្តងៗ​ បាន​បង្ក​ឲ្យ​ថៅកែ​រោងចក្រ​មាន​ការ​រអ៊ូរទាំ។ ពួក​គេ​បាន​ចោទ​កម្មករ​ថា​ បាន​ធ្វើ​ឲ្យ​ផលិតភាព​ការងារ​ធ្លាក់​ចុះ​ បន្ទាប់​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នោះ។​ កាល​ពី​ចុង​ខែ​ឧសភា​ ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ព្រមាន​ដល់​កម្មករ​ឲ្យ​ខិតខំ​បង្កើន​ផលិតភាព​ដែល​កំពុង​ធ្លាក់​ចុះ​ដើម្បី​ទប់ទល់​នឹង​ការ​កើន​ឡើង​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​ក្នុង​តំបន់​អាស៊ី។​ ប៉ុន្តែ​ ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​ និយាយ​ថា​ ថៅកែ​បាន​បង្កើន​ចំនួន​ការងារ​ឲ្យ​កម្មករ​ធ្វើ​ ហួស​ពី​កម្លាំង​របស់​កម្មករ​ នៅ​ក្រោយ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដដែល​នោះ។

កម្ពុជា​នាំ​ចេញ​ផលិតផល​សម្លៀកបំពាក់​របស់​ខ្លួន​ប្រមាណ​៤៦​ភាគរយ ​ទៅ​កាន់​សហភាព​អឺរ៉ុប ៣០​ភាគរយ ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ និង​២៤​ភាគរយ​ផ្សេង​ទៀត​ទៅកាន់​ប្រទេស​កាណាដា​ និង​ជប៉ុន។

ចំណូល​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​នេះ​ គឺ​មាន​ជាង​៦.០០០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៥។​ នេះ​បើ​យោង​ទៅ​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ។

មណ្ឌល​ព័ត៌មាន​នេះ​ឲ្យ​ដឹង​ថា​ កម្មករ​ក៏​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​អសន្តិសុខ​ និង​ប្រកប​ដោយ​គ្រោះ​ថា្នក់ ​តាមរយៈ​ការ​ជួល​បន្ទប់​ស្នាក់​នៅ​ ដែល​មិន​មាន​បំពាក់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ និង​បរិយាកាស​ខ្វះ​ការ​ថែទាំ​អនាម័យ​នៅ​ទីកន្លែង​ស្នាក់នៅ​របស់​ពួកគេ៕

XS
SM
MD
LG