ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សហជីព ​អះអាង​ថា កម្មករ​រោងចក្រ​កាត់​ដេរ​ នៅ​តែ​រង​ការ​កេងប្រវ័ញ្ច​ដោយ​កិច្ច​សន្យា​រយៈពេល​ខ្លី


អ្នកស្រី​ ម៉ាក ច័ន្ទស៊ីថា​ ប្រធាន​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ​ និយាយ​ពីស្ថានភាព​វិស័យ​កាត់​ដេរ​ នៅ​ក្រៅ​វេទិកាកម្មករ​ស្តីពី​ «​ការ​ស្វែងយល់​ពីវិស័យ​វាយនភណ្ឌកាត់ដេរ»​ រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​អាទិត្យ​ទី​ ២២​ ខែឧសភា​ ឆ្នាំ​២០១៦​។ (ហ៊ុល រស្មី/VOA)
អ្នកស្រី​ ម៉ាក ច័ន្ទស៊ីថា​ ប្រធាន​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ​ និយាយ​ពីស្ថានភាព​វិស័យ​កាត់​ដេរ​ នៅ​ក្រៅ​វេទិកាកម្មករ​ស្តីពី​ «​ការ​ស្វែងយល់​ពីវិស័យ​វាយនភណ្ឌកាត់ដេរ»​ រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​អាទិត្យ​ទី​ ២២​ ខែឧសភា​ ឆ្នាំ​២០១៦​។ (ហ៊ុល រស្មី/VOA)

​កម្មករ​បម្រើការ​នៅក្នុងឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​ កំពុង​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច​ពីថៅកែ​រោងចក្រ​​តាមការប្រើកិច្ច​សន្យាខ្លីៗ​ដែល​មាន​រយៈពេលបី​ខែ​។​ ប្រាក់ឈ្នួល​ដែល​នៅ​មាន​កម្រិត​ បាន​ធ្វើឲ្យ​កម្មករ​ប្រឈម​នឹង​ការ​ខូច​សុខភាព​ និង​ធ្លាក់​ខ្លួន​ជា​កូន​បំណុល​។​

ប្រាក់​ឈ្នួល​ទាប​ និង​សុខភាព​ទន់ខ្សោយ​ បន្ថែម​ជាមួយ​នឹង​កិច្ចសន្យា​ការងារ​ខ្លីៗ​រយៈពេល​បី​ខែ បាន​ក្លាយ​ជា​ក្ដី​កង្វល់​របស់​កម្មករ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​បាន​នាំ​ចេញ​ផលិត​ផល​សំលៀកបំពាក់​ និង​ស្បែក​ជើង​ស្ទើរ​តែ​៥០​ភាគរយ​ទៅ​កាន់សហភាព​អឺរ៉ុប។​ នេះ​បើ​យោង​ទៅតាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ។​

​អ្នកស្រី​ ​ម៉ាក​ ច័ន្ទ​ស៊ី​ថា​ ​ប្រធាន​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ​ ​បាន​ប្រាប់​ក្រុម​កម្មករ​ប្រមាណ​ជាជាង​ ៣០០​នាក់​ នៅ​ក្នុង​វេទិកា​កម្មករ​ស្តីពី​ «ការ​ស្វែង​យល់​ពី​វិស័យ​វាយនភណ្ឌ​កាត់ដេរ» ដែល​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​អាទិត្យ​កន្លងទៅ​ថា ប្រាក់​ឈ្នួល​ដែល​នៅ​មាន​កម្រិត​ទាប​ បាន​ធ្វើ​ឲ្យ​កម្មករ​ រស់​ក្នុង​ស្ថាន​ភាព​លំបាក​ ​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​ងាក​ទៅ​រក​ការ​ខ្ចី​ប្រាក់​ពី​អ្នក​ចង​ការ​ប្រាក់​ឯកជន​ដើម្បី​ព្យាបាល​ជំងឺ។​

អ្នកស្រី​ និយាយ​ថា​ ដោយ​សារ​តែចង់​ទទួល​បាន​ប្រាក់​ធ្វើ​ការ​ថែម​ម៉ោង​ កម្មករ​ត្រូវ​ធ្វើការ​រហូត​ដល់​១០​ ទៅ​១២​ ម៉ោង​ក្នុង​មួយថ្ងៃ។​ ​

«ភាគ​តិច​ណាស់​ដែល​យើង​ធ្វើ​ ៨ម៉ោង​ មែន​ទេ?​ មាន​ធ្វើ​មួយ​ថ្ងៃ​ ១០ម៉ោង​ អ្នកខ្លះ​រហូត​ទៅ​ដល់​១២​ម៉ោង​ ហើយ​ប្រាក់​ឈ្នួល​នៅ​ទាប​ សុខភាព​អន់​ថយ​ បំណុល​ក៏​ [កើន​ឡើង]។​ តែ​ឈឺ​អត់​មាន​លុយ​ ធ្វើ​ម៉េច?​ ​ខ្ចី​លុយ​គេ។​ កាល​ណា​ជំពាក់​គេ​ហើយ​ ជំពាក់​លុយ​គេ​ មាន​អី?​ មានការ​ប្រាក់​ មែន​ទេ?​ អញ្ចឹង​យើង​ត្រូវ​សង​គេ​រហូត»។​

អ្នកស្រី​ ម៉ាក​ ច័ន្ទ​ស៊ី​ថា​ បន្ត​ថា​ ប្រាក់​ខែ​កម្មករ​ បាន​បន្ត​កើន​ឡើង​ជា​បន្តបន្ទាប់​ តែ​វា​ជា​ចំនួន​មួយ​ដែល​នៅ​ទាប​នៅ​ឡើយ​ ហើយ​ថា​ថៅកែ​រោង​ចក្រ ក៏​បង្កើន​ចំនួន​ការងារ​ឲ្យ​កម្មករ​ធ្វើ​ច្រើន​បន្ថែម​ទៀត​ផង​ដែរ។ រីឯ​ម្ចាស់​ផ្ទះ​ជួ​ល​ ក៏បាន​ដំឡើង​ថ្លៃ​បន្ទប់​ជួល​ ស្ទើរ​តែ​មួយ​ទ្វេ​ជា​ពីរ។​

«បើ​យើង​ ងាក​ត្រឡប់​មក​មើល​លក្ខខណ្ឌ​រស់​នៅ​វិញ ថ្លៃ​បន្ទប់​ជួល​កើន​ឡើង​ កើន​មិន​ធម្មតា​ទេ​ ពី​មុន​២៥ [ដុល្លារ] ​ឬ៣០។​ គ្រាន់តែ​ប្រាក់​ឈ្នួល​ឡើង​ភ្លាម​ គាត់​ឡើង​៤៥​ ទៅ​៥០។​ ស៊ឹង​តែ​មួយ​ជា​ពីរ​ ច្រើន​មែនទែន»។​

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​មាន​ភាព​ចម្រូង​ចម្រាស​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ ដោយ​សារ​មាន​ការ​ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​បាន​សមស្រប​ទៅ​នឹង​ការ​កើន​ឡើង​នូវ​តម្លៃ​ទំនិញ​នានា​ក្នុង​ប្រទេស​កម្ពុជា ​ដែល​បាន​បន្ត​កើន​ឡើង​លឿន​ជាង​ប្រាក់​ខែកម្មករ។​

កម្មករ​រោង​ចក្រ​គប់​វត្ថុ​រឹងដាក់ក្រុម​ប៉ូលីស​បង្ក្រាប​បាតុកម្ម​នៅ​ក្បែរ​រោងចក្រក្នុង​មជ្ឈមណ្ឌល​កាណាឌីយ៉ា នៅ​តំបន់​ស្ទឹង​មានជ័យ ជាយក្រុង​ភ្នំពេញ កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី៣ ខែមករា ឆ្នាំ​២០១៤។ សាក្សីនិយាយថា ប៉ូលីស​បង្ក​របួសស្នាម​ដល់​កម្មករ​-កម្មការនី​រោងចក្រមួយ​ចំនួននៅ​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​ក្រុម​ប៉ូលីស​បាញ់កាំភ្លើង​ដើម្បី​បំបែក​ក្រុប​បាតុកម្ម។ ​(រូបភាព AP/ហេង ស៊ីនិត)
កម្មករ​រោង​ចក្រ​គប់​វត្ថុ​រឹងដាក់ក្រុម​ប៉ូលីស​បង្ក្រាប​បាតុកម្ម​នៅ​ក្បែរ​រោងចក្រក្នុង​មជ្ឈមណ្ឌល​កាណាឌីយ៉ា នៅ​តំបន់​ស្ទឹង​មានជ័យ ជាយក្រុង​ភ្នំពេញ កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី៣ ខែមករា ឆ្នាំ​២០១៤។ សាក្សីនិយាយថា ប៉ូលីស​បង្ក​របួសស្នាម​ដល់​កម្មករ​-កម្មការនី​រោងចក្រមួយ​ចំនួននៅ​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​ក្រុម​ប៉ូលីស​បាញ់កាំភ្លើង​ដើម្បី​បំបែក​ក្រុប​បាតុកម្ម។ ​(រូបភាព AP/ហេង ស៊ីនិត)

នៅ​ក្នុង​មាត្រា​១០៤​ នៃ​ច្បាប់​ការងារ​ចែង​ថា​ «ប្រាក់ឈ្នួល​យ៉ាង​តិច​ណាស់​ក៏​ត្រូវ​ឲ្យ​ស្មើ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ត្រូវ​ធានា​ ពោល​គឺ​រ៉ាប់រង​កម្មករ​និយោជិត​គ្រប់រូប ​ឲ្យ​មាន​កម្រិត​ជីវភាព​សមរម្យ​ទៅ​តាម​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស»។​

លោក មឿន​ តុលា​ ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​ (Center for Alliance of Labor and Human Rights) ​ឬ​ហៅ​កាត់​ថា Central ​បាន​ប្រាប់​ VOA​ ថា​ អំពើ​ពុករលួយ​ដែល​មាន​ជា​ប្រព័ន្ធ​នៅ​ក្នុង​រដ្ឋាភិបាល​ ​បាន​ក្លាយ​ជា​រនាំង​មួយ​ដែលមិន​អាច​ធ្វើ​ឲ្យ​កម្មករ​ទទួល​បាន​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន។​

លោក​និយាយ​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ថៅកែ​រោងចក្រ​មួយ​ចំនួន​ បាន​ផ្ដល់​ការងារ​ឲ្យ​កម្មករ​ ដោយ​ផ្អែក​លើ​ការ​ចុះ​កិច្ចសន្យា​ការងារ​ខ្លីៗ​ ដែល​ធ្វើ​ឲ្យ​កម្មករ​មាន​ហា​នី​ភ័យ​ខ្ពស់​ ចំពោះ​ការ​បាត់​បង់​ការងារ​ ប្រសិនបើ​ពួកគេ​ធ្វើការ​តវ៉ា​ ដោយ​សារ​តែ​មិន​ពេញ​ចិត្ត​នឹង​បរិយាកាស​នៅ​កន្លែង​ធ្វើ​ការ​របស់​ពួកគេ។​

«កម្មករ​ហ្នឹង​គឺ ដោយសារ​គាត់​ស្ថិត​នៅ​ក្នុងកិច្ច​សន្យា​ខ្លីៗ​ហ្នឹង​ គាត់​ហាក់​ដូចជា​នៅ​ក្រោម​សំពាធ​ ឲ្យ​បង្ខំ​ធ្វើ​ការ​ថែម​ម៉ោង​ ក៏ដូចជា​មិន​ហ៊ានតវ៉ា​រឿង​បញ្ហា​លក្ខខណ្ឌ​មួយ​ចំនួន ព្រោះ​ថា​ ក្រៅ​អំពី​កិច្ចសន្យា​ខ្លីៗ​ យើង​ឃើញ​គេប្រើ​ក្រុម​ជើងកាង​ឬ​ក៏​ក្រុម​ស៊ីវិល​ទៅ​បង្ក​ហិង្សា​លើ​គាត់​ ហើយ​បន្ទាប់​មក​គេ​ចាប់​តែ​ជន​រងគ្រោះ​ នៅ​ពេល​ដែល​កម្មករ​គាត់​ងើប​តវ៉ា​ អី។ល។​ និង ​។ល។​ ហ្នឹង»។​

លោក​បន្ថែម​ថា​ បើ​ធៀប​ជាមួយ​នឹង​ប្រទេស​ក្បែរ​ខាង​ គឺ​ប្រទេស​វៀតណាម​ កម្ពុជាកំពុង​ដើរ​ថយ​ក្រោយ​ ទាក់​ទិន​ការ​ធ្វើ​ឲ្យ​ច្បាប់​ការងារ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន។

លោក​បញ្ជាក់​ថា​ បន្ទាប់​ពី​ប្រទេស​វៀតណាម​ បាន​ចុះ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ឬ​ហៅ​កាត់​ថា​ ​TPP ​ប្រទេស​កុម្មុយនិស្ត​នេះ​ បាន​ព្យាយាម​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​កម្មករ​បាន​ច្រើន​ជាង​មុន​ ខណៈ​ដែល​ប្រទេស​កម្ពុជាបាន​ព្យាយាម​បង្កើត​ច្បាប់​ថ្មី​ដែរ​ តែ​បែរ​ជា​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​កម្មករ​ក្នុង​ការ​បង្កើត​សហជីព ដូច​ជា​ច្បាប់​សហជីព​ជាដើម។​

VOA ​បាន​ព្យាយាម​ទាក់​ទង​លោក ហេង សួ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ ដើម្បី​សុំ​ការ​អធិប្បាយ​អំពី​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ VOA ​ក៏​ពុំ​ទាន់​អាច​ទាក់​ទង​ លោក​ កាំង ម៉ូនីកា​ អគ្គលេខាធិការ​រង​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​បាន​ដែរ។​

កញ្ញា​ រ៉ុម​ ណារីន​ វ័យ​ ១៨​ ឆ្នាំ​ កម្មការិនី​ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​កម្មករ​ស្តី​ពី​ «ការ​ស្វែងយល់​ពី​វិស័យ​វាយនភណ្ឌ​កាត់ដេរ»​ បាន​ប្រាប់​ VOA ​ថា​ នាង​ចង់​ឃើញ​ការ​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​បន្ថែម​ទៀត​ និង​ស្នើ​ឲ្យ​ថៅកែ​រោងចក្រ​កុំ​ជិះជាន់​កម្មករ។​

«គ្រាន់តែ​ជួយ​សម្រួល​ដំឡើង​ ប្រាក់​ខែ​និង​កុំ​សូវ​ជិះជាន់​កម្មករ​តែ​ប៉ុណ្ណឹង​ទៅ​បាន​ហើយ»។​

ចំណែក​ឯ​ កម្មការិនី​ម្នាក់​ទៀត​ គឺ​នាង ផាត​ សុភា បាន​និយាយ​ថា​ បញ្ហា​ប្រឈម​ខ្លាំង​របស់​កម្មករ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ការ​កំណត់​ចំនួន​ដេរ​ខោ​អាវ ដែល​ក្នុង​កម្មករ​ម្នាក់​ត្រូវ​ដេរ​ឲ្យ​បាន​ពី​ ១.០០០​ ទៅ​ ជាង​១.០០០​ ខោ​អាវ​ ក្នុង​រយៈ​ពេល​៨ម៉ោង​ ក្នុង​មួយ​ថ្ងៃ។​

«និយាយ​ទៅ​កន្លែង​ធ្វើ​ការ​ ប្រឈម​ខ្លាំង​ជាង​គេ​ គឺ​កំណត់​ចំនួន​ ហើយ​និង​ប្រធាន​តឹង​តែង​ ពេល​ទៅ​បន្ទប់​ទឹក​ម្តងៗ​ មក​វិញ​កន្លែង​អី​ហ្នឹង​ ស្តី​ឲ្យ​ដូច​ឆ្កែ»។​

នាង​ ផាត​ សុភា​ បន្ត​បញ្ជាក់​ថា​ នាង​មិន​អាច​ប៉ាន់ប្រមាណ​បាន​ទេ​ ចំពោះ​ប្រាក់​ឈ្នួល​ ថា​តើ​កម្មករ​គួរ​ទទួល​បាន​ប៉ុន្មាន​ក្នុង​មួយ​ខែ​ ដើម្បី​ឲ្យ​ពួកគេ​រស់​នៅ​ដោយ​សមរម្យ​នោះ។

ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ ​ដែល​ទើប​តែ​ចូល​ជា​ធរមាន​កាល​ពីដើម​ឆ្នាំ​២០១៦​ ​មាន​ចំនួន​១៤០​ដុល្លារ​ក្នុង​មួយ​ខែ។​ កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​នេះ​ ក្រោយ​ពី​មាន​បាតុកម្ម​ទាំង​អហិង្សា ​និង​ហិង្សា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ ដែល​បាន​បណ្ដាល​ឲ្យ​កម្មករ​មួយ​ចំនួន​បានបាត់​បង់​ជីវិត ​និង​ជា​ច្រើន​នាក់​ទៀត​រង​របួស។​

លោក​ អាត់​ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា​ យុទ្ធនាការ​ចរចា​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ក្នុង​វិស័យ​កាត់​ដេរ​ សម្រាប់​ការ​ជំរុញ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ទៀត​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​កក្កដា​ខាងមុខនេះ។

លោ​ក​សង្កត់​ធ្ងន់​ថា​ ប្រាក់ឈ្នួល​ដែល​កម្មករ​ទទួល​បាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មិន​ស្រប​ទៅ​នឹង​ស្ថានភាព​តម្លៃ​ទំនិញ​ និង​ម្ហូបអាហារ​ដែល​បាន​កើន​ឡើង​នោះ​ទេ។

លោក អាត់ ធន ​បន្ត​ថា​ នេះ​ជា​កិច្ចការ​បន្ទាន់​មួយ​ ដែល​លោក​ត្រូវ​ធ្វើ​ដើម្បី​ប្រយោជន៍​កម្មករ។​

«ឥឡូវ​យើង​បាន​ដោះ​ស្រាយ​ជា​រៀង​រាល់​ឆ្នាំ​ហ្នឹង​ ប៉ុន្តែ​គ្រាន់​តែ​ថា​ ការ​ឡើង​ហ្នឹង​វា​តិច​ពេក​ វា​យឺត​ ធ្វើ​ឲ្យ​កម្មករ​មិនទាន់​អាច​រស់​បាន​ អា​ហ្នឹង​រឿង​ទី​មួយ​។​ ហើយ​រឿង​ទីពីរ​ សេរីភាព​របស់​គាត់​ និង​កិច្ចសន្យា​ការងារ​របស់​គាត់ ឲ្យ​មាន​ជាប់​លាប់​ទៅ​គឺ​ល្អ​ហើយ»។

លោក​ បន្ថែម​ថា​ ក្រុម​សហជីព​ អាច​នឹង​ប្រើ​តួលេខ​ ២០៧​ដុល្លារ​សម្រាប់​ការ​ចរចា។​ យ៉ាងណា​ក៏​ដោយ​ លោកបញ្ជាក់​ថា ​តួលេខ​នេះ​អាច​ប្រែប្រួល​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ ដែល​អាច​នឹង​ត្រូវ​ធ្វើឡើង​នៅ​ពេល​ខាងមុខ។​

​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ស្ត្រី​ប្រមាណ​ជា​៧០០.០០០​នាក់​ កំពុង​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កម្មករ​រោង​ចក្រ និង​អ្នក​ភូមិ​បិទ​ផ្លូវសំខាន់​ដើម្បី​ទាម​ទារឲ្យ​ដោះ​លែង​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ដោយ​សារ​តែ​កូដកម្ម​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ភូមិ​កាំបូល​ ជាយក្រុង​ភ្នំពេញ​ កម្ពុជា​ ថ្ងៃ​ព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ​២០១៤។ ក្រុម​កងកម្លាំង​អាវុធហត្ថ​ត្រៀម​បង្ក្រាបបាតុកម្ម​ដែល​ធ្វើ​ឡើង​ដោយ​កម្មករ​រោងចក្រ ព្រះសង្ឃ និង​ក្រុម​ប្រធាន​សហជីពនៅ​កម្ពុជា។ (រូបភាព AP/ហេង ស៊ីនិត)
កម្មករ​រោង​ចក្រ និង​អ្នក​ភូមិ​បិទ​ផ្លូវសំខាន់​ដើម្បី​ទាម​ទារឲ្យ​ដោះ​លែង​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ដោយ​សារ​តែ​កូដកម្ម​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ភូមិ​កាំបូល​ ជាយក្រុង​ភ្នំពេញ​ កម្ពុជា​ ថ្ងៃ​ព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ​២០១៤។ ក្រុម​កងកម្លាំង​អាវុធហត្ថ​ត្រៀម​បង្ក្រាបបាតុកម្ម​ដែល​ធ្វើ​ឡើង​ដោយ​កម្មករ​រោងចក្រ ព្រះសង្ឃ និង​ក្រុម​ប្រធាន​សហជីពនៅ​កម្ពុជា។ (រូបភាព AP/ហេង ស៊ីនិត)

កម្ពុជា​នាំ​ចេញ​ផលិត​ផល​សំលៀកបំពាក់​របស់​ខ្លួន​ប្រមាណ​ ៤៦​ភាគរយ​ទៅ​កាន់​សហភាព​អឺរ៉ុប ៣០​ភាគរយ​ទៅ​កាន់សហរដ្ឋ​អាមេរិក​ និង​២៤​ភាគរយ​ផ្សេង​ទៀត​ទៅកាន់​ប្រទេស​កាណាដា​ និង​ជប៉ុន។

ចំណូល​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​នេះ​ គឺ​មាន​ជាង​ ៦ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៥។​ នេះ​បើ​យោង​ទៅតាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ។

មណ្ឌល​ព័ត៌មាន​នេះ​ឲ្យ​ដឹង​ថា​ កម្មករ​ក៏​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ អសន្តិសុខ​ និង​ប្រកប​ដោយ​គ្រោះ​ថា្នក់ ​តាម​រយៈ​ការជួល​បន្ទប់​ស្នាក់​នៅ​ដែល​មិន​មាន​បំពាក់​ប្រព័ន្ធ​ការពារ​សុវត្ថិ​ភាព​ និង​បរិយាកាស​ខ្វះ​ការ​ថែទាំ​អនាម័យ​នៅ​ទីកន្លែង​ស្នាក់នៅ​របស់​ពួកគេ៕​

XS
SM
MD
LG