ថ្នាក់ដឹកនាំសហជីពមូលដ្ឋានប្រចាំនៅរោងចក្រហបឡុក(Hop Lok Cambodia)ក្នុងខេត្តកណ្តាលអះអាងថាពួកគេត្រូវបានរើសអើង ក្រោយបង្កើតសហជីពមួយនៅក្នុងរោងចក្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សម្ព័ន្ធសហជីពចលនាកម្មករ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
រោងចក្រហបឡុក ជារោងចក្រដេរកាបូបនិងសម្ភារធ្វើដំណើរ ដែលគ្រប់គ្រងដោយថៅកែជនជាតិចិន មានទីតាំងស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
សម្ព័ន្ធសហជីពចលនាកម្មករឱ្យដឹងថាការបង្កើតសហជីពនេះធ្វើឡើងក្នុងគោលបំណងការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ។ បើតាមសហជីព កាលពីថ្ងៃទី៨ ខែកក្កដា កម្មករកម្មការិនីចំនួន១៦នាក់បានស្ម័គ្រចិត្ដរួមគ្នាបោះឆ្នោតបង្កើតសហជីពនៅក្នុងរោងចក្រមួយនេះ ដែលមានលោក យ៉ន វណ្ណៈ ជាប្រធាន។ ក្រោយពីបានបោះឆ្នោតរួច និងបានជូនដំណឹងទៅកាន់រោងចក្រស្ដីពីការបង្កើតសហជីព ភ្លាមនោះពួកគេត្រូវបានរដ្ឋបាលរោងចក្រកោះហៅទៅគំរាមកំហែងឱ្យលាឈប់ពីសហជីព។
សហជីពបញ្ជាក់ថា៖ «ក្រោយមក ភាគីរោងចក្របានប្ដូរយុទ្ធសាស្រ្តបំបែកដោយកោះហៅស្ថាបនិកសហជីពម្ដងម្នាក់ៗ ទៅគំរាមកំហែងគ្រប់រូបភាព ឱ្យលាឈប់ពីសហជីព ដោយគំរាមថាប្រសិនបើមិនយល់ព្រម ពួកគេនឹងត្រូវប្រឈមមុខនឹងការចាប់ខ្លួនពីសមត្ថកិច្ច»។
បន្ទាប់ពីទទួលរងនូវគំរាមកំហែង ស្ថាបនិកសហជីពចំនួន១៥នាក់ បានបង្ខំចិត្តលាលែង ដោយសារការភ័យខ្លាចពីសុវត្ថិភាព។ នេះបើតាមសម្ព័ន្ធសហជីពចលនាកម្មករ។
លោក អ៊ិន រិទ្ធី ប្រធានផ្នែករដ្ឋបាលនៃរោងចក្រហបឡុក បានបដិសេធទៅនឹងការចោទថាក្រុមហ៊ុនគំរាមកំហែង។ លោកបន្ថែមថាការបង្កើតសហជីពរបស់ពួកគេមិនស្របទៅតាមច្បាប់ ដោយយកឈ្មោះអ្នកដែលមិនដឹងទៅដាក់ក្នុងបញ្ជីសមាជិករបស់ខ្លួន។
លោកថ្លែងថា៖ «ហើយគាត់ទៅចោទថារោងចក្ររើសអើងគាត់ ចោទថារោងចក្របញ្ឈប់គាត់ មានមកពីណា។ គាត់ទៅប្តឹងbuyers(អ្នកបញ្ជាទិញ)៣ស្ថាប័នទៀត ឥឡូវខាងBuyers គាត់ចុះមកស៊ើបអង្កេតហើយតើ»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានជំរុញឱ្យក្រសួងការងារចាត់មន្រ្តីជំនាញ ដើម្បីចុះត្រួតពិនិត្យ និងដាក់សម្ពាធ ក៏ដូចជាចាត់វិធានការជាក់លាក់ទៅលើរោងចក្រទាំងឡាយណា ដែលរំលោភសិទ្ធិសេរីភាពរបស់កម្មករនៅក្នុងការបង្កើតសហជីព ដែលជាសិទ្ធិត្រូវបានធានាដោយច្បាប់៕