កម្មការិនី៣នាក់ដែលធ្វើការនៅរោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ត្រូវបានបញ្ឈប់ពីការងារ កាលពីពេលថ្មីៗនេះ ដោយសហជីពអះអាងថាដោយសារមានការរើសអើងពួកគេមានផ្ទៃពោះ។ នេះបើយោងតាមសម្ព័ន្ធសហជីពចលនាកម្មករដែលដឹកនាំដោយលោក ប៉ាវ ស៊ីណា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សម្ព័ន្ធសហជីពចលនាកម្មករ ចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ថៅកែរោងចក្រសាន ហ្វេង(SAN FENG) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត បានបញ្ឈប់កម្មការិនីមានផ្ទៃពោះ«ទាំងកំរោល» បើទោះជាពួកគេនៅមានសុពលភាពក្នុងកិច្ចសន្យាការងារ។ សហជីពចាត់ទុកថានេះជា«ទង្វើមួយរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ការងារ និងអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»។
សហជីពបញ្ជាក់ថា៖ «វាជារឿងមួយដែលបន្ដកើតឡើងដដែលៗ ចំពោះការបញ្ឈប់កម្មករកម្មការិនីតាមអំពើចិត្ដ ហើយចំពោះរឿងនេះ ហាក់នៅតែជាដំបៅមហារីកដ៏កាចសាហាវមួយ ដែលមិនទាន់មានថ្នាំស័ក្តិសិទ្ធណាមួយព្យាបាលជាសះស្បើយនោះឡើយទេ»។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ថ្លែងថាលោកសង្កេតឃើញថាករណីរើសអើងកម្មការិនីមានផ្ទៃពោះ នៅតែកើតមានជាបន្តបន្ទាប់ បើទោះជាបញ្ហានេះត្រូវបានរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងក៏ដោយ។ លោកជំរុញឱ្យក្រសួងការងារត្រូវពិនិត្យមើលឱ្យបានហ្មត់ចត់ និងមានវិធានការជាក់លាក់ទៅលើក្រុមហ៊ុនណាដែលបំពានច្បាប់កម្ពុជា។
លោកប្រាប់វីអូអេថា៖ «ប្រសិនបើក្រសួងការងារមិនមានចំណាត់ការតឹងតែង ឬក៏តឹងរ៉ឹងណាទេ ឬក៏មិនមានវិធានការជាក់លាក់ណាទេ ទៅកាន់និយោជកទាំងអស់នោះ បញ្ហានេះនឹងនៅតែបន្តកើតឡើងជារៀងរាល់ថ្ងៃ ហើយអ្វីដែលសំខាន់ គឺបងប្អូនកម្មករយើងនឹងបន្តការរងគ្រោះដោយសារតែក្រុមអ្នករកស៊ីទាំងអស់នោះ ដែលគាត់មិនខ្វល់អំពីប្រព័ន្ធច្បាប់នៃប្រទេសរបស់យើងបាទ»។
ប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សាឃឿន ប្រាប់វីអូអេថាលោកទទួលបានដំណឹងនៃការបញ្ឈប់នេះ ហើយបានចាត់មន្រ្តីចុះត្រួតពិនិត្យលើករណីនេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីរោងចក្រសានហ្វេង ដែលផលិតវាំងនន មានថៅកែជាជនជាតិតៃវ៉ាន់បាននៅឡើយទេ។
បើតាមសហជីព កាលពីថ្ងៃទី១០ ខែកក្កដា នៅវេលាម៉ោង៣និង៤០នាទីរសៀល ប្រធានផ្នែកអ្នកគ្រប់គ្រងលើកម្មការិនីមានផ្ទៃពោះឈ្មោះ វី បានប្រាប់ទៅកម្មការិនីមានផ្ទៃពោះម្នាក់ក្នុងចំណោម៣នាក់នោះថាជនជាតិចិនបានដកកាតរបស់ពួកគេ ហើយប្រាប់ថាថ្ងៃស្អែកមិនបាច់មកធ្វើការទេ។ សហជីពបន្តថាប្រហែលជា១០នាទីក្រោយមក ភាគីរោងចក្របានបណ្ដេញជនរងគ្រោះពីរោងចក្រ។
កម្មការិនីមានផ្ទៃពោះម្នាក់ដែលរោងចក្របានបញ្ឈប់ អ្នកស្រី លម រ៉ានីន ប្រាប់វីអូអេថាអ្នកស្រីជាបុគ្គលិកផ្នែកដេរវាំងនន រយៈពេលពីរឆ្នាំហើយនិងមិនធ្លាប់មានបញ្ហានៅក្រុមហ៊ុននោះទេ ទើបតែនៅពេលអ្នកស្រីមានផ្ទៃពោះ។
កម្មការិនីដែលមានផ្ទៃពោះ៣ខែនោះ ថ្លែងថា៖ «អត់ដែលអីទេបង ដល់ពេលយើងមានពោះទៅទើបគេ[រោងចក្រ]បញ្ឈប់ ហើយយើងសួរមូលហេតុពីគេ [រោងចក្រ]គេគ្រាន់តែប្រាប់ថាចិនបិទកាតចោល ហើយគេឱ្យយើងចេញមកផ្ទះតែម្តង»។
អ្នកស្រីបញ្ជាក់ថាអ្នកស្រីមានកិច្ចសន្យាការងារត្រឹមត្រូវជាមួយរោងចក្រ ហើយរាល់ការឈប់សម្រាកអ្នកស្រីតែងតែមានការជម្រាបទៅដល់អ្នកគ្រប់គ្រង។ អ្នកស្រីស្នើឱ្យភាគីពាក់ព័ន្ធជួយសម្រួលដើម្បអ្នកស្រីអាចចូលធ្វើការវិញបាន៕