បន្ទាប់ពីការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករក្នុងឧស្សាហកម្មកាត់ដេរពីចំនួន ១៥៣ដុល្លារក្នុងឆ្នាំ ២០១៧ ដល់ ១៧០ដុល្លារក្នុងឆ្នាំ ២០១៨ មេដឹកនាំសហជីព បានបង្ហាញក្តីបារម្ភអំពីការកើនឡើងថ្លៃទំនិញ ដែលបង្កការលំបាកដល់កម្មករសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ពួកគេថា រដ្ឋាភិបាលគួរផ្តោតការយកចិត្តទុកដាក់ ទប់ស្កាត់ការកើនឡើងថ្លៃទំនិញ ឲ្យដូចការដែលខ្លួនមមាញឹកក្នុងកិច្ចការនយោបាយរបស់ប្រទេស។
មេដឹកនាំសហជីពឯករាជ្យ ដែលបម្រើប្រយោជន៍កម្មករ បានអំពាវនាវឲ្យរដ្ឋាភិបាលពិចារណាលើការទប់ស្កាត់តម្លៃទំនិញក្នុងទីផ្សារ ដែលបានបន្តកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគេនិយាយថា ការកើនឡើងថ្លៃទំនិញ បានធ្វើឲ្យកម្មករជួបផលវិបាកក្នុងការចាយវាយប្រចាំថ្ងៃ ឬសន្សំទុក និងផ្ញើទៅកាន់ក្រុមគ្រួសារសាច់ញាតិ។
ការអំពាវនាវរបស់ពួកគេធ្វើឡើង ក្រោយប្រាក់ឈ្នួលអប្បបរមាក្នុងឧស្សាហកម្មកាត់ដេរ ត្រូវបានដំឡើងដល់ ១៧០ដុល្លារសម្រាប់ឆ្នាំ ២០១៨។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ថ្លែងប្រាប់ VOA ក្រោយប៉ុន្មានថ្ងៃ នៃការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីថា ថ្លៃទំនិញលើទីផ្សារ បានបន្តកើនឡើង ស្ទើរតែលឿនជាងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ។
«យើងប្រៀបធៀបពីឆ្នាំមុនទៀត ដែលកម្មករគាត់ទទួលបានប្រាក់តែ ៣៥ដុល្លារ ៤០ដុល្លារ ឬក៏ ៥០ដុល្លារអី ក្នុងមួយខែ ពេលប្រាក់ឈ្នួលគាត់ប៉ុណ្ណឹង យើងឃើញថា ពួកគាត់ មានកម្លាំងនៅក្នុងការទិញហ្នឹង បានរបស់របរមួយគំនរ ដូចជាអង្ករ ដូចជាមាស ដូចជាអីផ្សេងៗ ហើយផ្ញើទៅផ្ទះ ផ្ញើទៅអីផ្សេងៗ»។
អ្នកស្រីបានថ្លែងបញ្ជាក់បន្ថែមថា៖
«ប៉ុន្តែឥឡូវប្រៀបធៀបលុយកម្មករយើង ប្រាក់ឈ្នួលរបស់គាត់បានដល់ ១៥៣ដុល្លារ ដូចជាឆ្នាំ ២០១៨ ខ្ញុំឧទាហរណ៍ថា បានធាតុពិតបានដល់ ១៧០ដុល្លារ ប៉ុន្តែយើងធៀបកម្លាំងទៅក្នុងកម្លាំងនៅក្នុងការទិញវិញម៉េចដែរ គឺមានការថយចុះ ពីព្រោះយើងប្រៀបធៀបមើល មាសមួយជីប៉ុន្មានហើយ? ១៥០ជាង ហើយហ្នឹង ហើយខ្ញុំសួរថា បើកម្មករគាត់ហ៊ានទៅទិញមាស មួយជីឃើញថា គាត់ទិញបានមួយជី ប៉ុន្តែគាត់ចាយលុយអត់គ្រាន់ គាត់អត់មានលុយផ្ញើទៅផ្ទះ គាត់អត់មានលុយចំណាយដើម្បីគាត់ចាយ ដល់ខែវិញវាអីចឹងហ្អាស់»។
ផ្អែកលើផលវិបាកទាំងនេះ អ្នកស្រី យ៉ាង សោភ័ណ្ឌ បានទទូចសុំអ្នកនយោបាយគិតគូ អំពីបញ្ហាទាំងនេះ បន្ថែមលើកិច្ចខិតខំរបស់ខ្លួន ក្នុងការជួយដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងឧស្សាហកម្មកាត់ដេរ។
«ចំណុចហ្នឹង ខ្ញុំចង់ឲ្យអ្នកនយោបាយ ឬក៏នាយករដ្ឋមន្ត្រី ឲ្យគាត់បានមើលពីចំណុចហ្នឹងថា អាកម្លាំងនៅក្នុងការទិញ គឺបានន័យថា វាអត់មានលក្ខណៈល្អប្រសើរ វានៅតែមានបញ្ហាសម្រាប់គាត់ដដែល»។
កាលពីដើមខែតុលានេះ គណៈកម្មការប្រឹក្សាការងារ (Labor Advisory Commission) ដែលមានភាគីនិយោជក សហជីព និងរដ្ឋាភិបាល បានបោះឆ្នោតជាឯកច្ឆន្ទកំណត់យកប្រាក់ឈ្នួលអប្បបរមាចំនួន ១៦៥ដុល្លារ ហើយដោយមានការបន្ថែមពីភាគីរដ្ឋាភិបាលចំនួន៥ដុល្លារ ធ្វើឲ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ កើនដល់ចំនួន១៧០ដុល្លារ ក្នុងមួយខែ គឺកើនប្រមាណ ១១ភាគរយ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមានាពេលបច្ចុប្បន្ននេះ។
នៅមុនការប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមានៅដើមខែតុលានេះ លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវគេសង្កេតឃើញថា បានចុះជួបកម្មករនៅតាមរោងចក្រ រយៈពេលច្រើនសប្តាហ៍មកនេះ ដើម្បីស្វែងយល់ពីផលលំបាកនានារបស់កម្មករ និងថៅកែរោងចក្រ។ ក្នុងជំនួបជាមួយកម្មករនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់រោងចក្រក្នុងឧស្សាហកម្មកាត់ដេរ ឲ្យបញ្ឈប់ការប្រើប្រាស់កិច្ចសន្យាការងាររយៈពេលខ្លីៗ ដែលជាក្តីបារម្ភរបស់កម្មករ និងក្រុមសហជីព ដែលមិនរណបនឹងនិយោជក។
ប៉ុន្តែមេដឹកនាំសហជីពមួយចំនួនទៀត ដែលឃ្លាំមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្លែងថា លោកហ៊ុន សែនខកខានលើកឡើងអំពីការកើនឡើងថ្លៃទំនិញ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់VOA កាលពីថ្ងៃសុក្រថា កិច្ចអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនទាន់បានគិតដល់ថ្លៃទំនិញក្នុងទីផ្សារនោះទេ។
«តាមពិតអាទំនិញទីផ្សារហ្នឹង ខ្ញុំដូចមិនឃើញគាត់បានលើកទេ តែគាត់បានលើកតែឧទាហរណ៍ថា បញ្ចុះតម្លៃទឹកភ្លើង ឬក៏ពិនិត្យមើល រឿងតម្លៃផ្ទះជួលផ្ទះអីហ្នឹង កុំឲ្យវាឡើង នៅពេលដែលប្រាក់ខែកម្មករឡើងហ្នឹង អីចឹងអាការសន្យាពិនិត្យមើលអតិផរណាហ្នឹង ដូចជាខ្ញុំមិនទាន់ឃើញមានផែនការអីច្បាស់លាស់ ហើយនិងឃើញការសន្យាទេ»។
ការដំឡើងប្រាក់ឈ្នួលថ្មីចំនួន ១៧០ដុល្លារ ដែលនឹងចូលជាធរមាននៅខែមករាឆ្នាំ ២០១៨ ក៏ត្រូវបានធ្វើឡើងក្នុងពេលដែលកម្ពុជាធ្លាក់ក្នុងវិបត្តិនយោបាយដ៏ស្រួចស្រាវ ជាពិសេសបញ្ហារកាំរកូសក្នុងទំនាក់ទំនងកម្ពុជាជាមួយបស្ចិមប្រទេស។
លោក អាត់ ធន់ ថ្លែងថា អ្នកនយោបាយខ្មែរគួរទុកបញ្ហានយោបាយមួយអន្លើ ហើយផ្តើមធ្វើផែនការដើម្បីសិក្សា និងរកវិធីទប់ស្កាត់នៃការកើនឡើងអត្រាអតិផរណា ដែលលោកអះអាងដោយយោងតាមអ្នកសេដ្ឋកិច្ចថា វាកំពុងស្ថិតក្នុងកម្រិត ៣ភាគរយក្នុងឆ្នាំ ២០១៧ ហើយ និងអាចកើនដល់៣,៥ ភាគរយនៅឆ្នាំ ២០១៨។ លោកថា ការគ្រប់គ្រងអតិផរណាត្រូវការសិក្សាស្រាវជ្រាវជាក់លាក់ ខណៈដែលការផលិតក្នុងស្រុកហាក់មិនត្រូវបានគេអើពើ។
«ខ្ញុំគិតថា អតិផរណា មិនមែនជា ការស្រួលធ្វើប៉ុន្មានទេ ទីមួយទីផ្សារសេរី ហើយមួយទៀតការគ្រប់គ្រងនៃការនាំទំនិញចូលគ្រប់ប្រភេទហ្នឹង គឺថា វាអត់បានច្បាស់លាស់ទេ ហើយការលើកទឹកចិត្តការផលិត ឬការដាំបន្លែបន្លុក ឬការផលិតនៅក្នុងស្រុកហ្នឹង គឺយើងឃើញថា វាអត់សូវលើកទឹកចិត្តខ្ពស់ កសិករជាច្រើន គេធ្វើការដាំ ឬក៏ធ្វើផ្នែកកសិកម្មហ្នឹង តែងតែអត់មានទីផ្សារ ឬក៏គេបញ្ចុះតម្លៃអីចឹង យើងដូចរាងពិបាក អីចឹងហើយ បានរដ្ឋហ្នឹង គាត់យកចិត្តទុកដាក់ ឬក៏បង្កើតជាកម្មវិធី ច្រើនណាស់ ដែលអាចគ្រប់គ្រងអាហ្នឹងបាន មិនមែនធ្វើធម្មតាគ្មានផែនការច្បាស់លាស់ ឲ្យទៅតាមធម្មជាតិហ្នឹងបានទេ»។
ថ្វីដ្បិតតែលោកហ៊ុន សែន មិនទាន់ត្រូវបានគេមើលឃើញថា លោកគិតទៅដល់ការកើនឡើងថ្លៃទំនិញក្តី តែមេដឹកនាំកម្ពុជាដែលស្ថិតក្នុងអំណាចជាង៣០ឆ្នាំនេះ បានផ្តោតការគិតគូរដល់បញ្ហាជាច្រើនរបស់កម្មករ ជាពិសេសគឺ កម្មករជាស្ត្រីដែលមានផ្ទៃពោះ ដោយលោកប្រកាសផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ពួកគេក្រោយពេលសម្រាលកូន។ ថ្មីៗនេះ លោកក៏បានផ្តោតការយកចិត្តទុកដាក់លើបញ្ហាពន្ធលើប្រាក់ឈ្នួលរបស់កម្មករក្នុងឧស្សាហកម្មកាត់ដេរ និងផ្នែកផ្សេងទៀត ក៏ដូចជាមន្ត្រីរាជការ ដោយរដ្ឋាភិបាលនឹងមិនយកពន្ធលើប្រាក់ខែក្រោម៣០០ដុល្លារអាមេរិក។
លោក ហ៊ុន សែន បានថ្លែងថា កាលពីមុនប្រាក់ខែមន្ត្រីរាជការ លើសពី១លានរៀល (ឬប្រមាណជា ២៥០ដុល្លារ) ត្រូវជាប់ពន្ធទាំងអស់ ប៉ុន្តែចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែចាប់ពី១លាន ២សែនរៀល(ឬប្រមាណ ៣០០ដុល្លារ) ទើបជាប់ពន្ធ។
VOA ព្យាយាមសុំការអធិប្បាយពីអ្នកស្រី ហង្ស លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការស្តីអំពីកម្រិតនៃអត្រាអតិផរណាក្នុងប្រទេស តែមិនទាន់អាចទាក់ទងបានទេ។
យ៉ាងណាមិញ យោងតាមសិ្ថតិចុងក្រោយដែលបានបង្ហោះលើគេហទំព័ររបស់វិទ្យាស្ថានជាតិស្ថិតិ គិតមកត្រឹមខែកក្កដា ឆ្នាំ ២០១៧ អត្រាអតិផរណា បានស្ថិតក្នុងអត្រា២,៣ ភាគរយ។ តាមការវិភាគរបស់អ្នកសេដ្ឋកិច្ច អត្រានេះ គឺស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន ហើយមិនបង្កហានិភ័យនោះទេ តែរដ្ឋាភិបាលគួរតែរក្សាការតាមដានកម្រិតនេះ ដើម្បីបញ្ចៀសហានិភ័យនានាក្នុងពេលខាងមុខ។
ឧស្សាហកម្ម កាត់ដេរកម្ពុជាបានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរ ជាស្ត្រីប្រមាណ៧០ម៉ឺននាក់។ យោងតាមតួលេខចុងក្រោយរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា កម្ពុជាបាននាំចេញសំលៀកបំពាក់ទៅបរទេសគិតជា ទឹកប្រាក់ប្រមាណជា៦ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦។
ចាប់ពីឆ្នាំ២០១៤ និង២០១៥ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករត្រូវបានដំឡើងជាបន្តបន្ទាប់ គឺពី ១២៨ដុល្លារដល់ ១៤០ដុល្លារ ក្រោយការផ្ទុះបាតុកម្មនៅចុងឆ្នាំ២០១៣ ដែលបានក្លាយជាហិង្សា ហើយត្រូវបានបង្ក្រាបដោយកម្លាំងកងទ័ព៩១១ ដែលជិតដិតនឹងលោក ហ៊ុន សែន បណ្តាលឱ្យកម្មករយ៉ាងហោចណាស់៥នាក់ស្លាប់ និងរងរបួសជាច្រើននាក់។
ទោះណាជាមានការដំឡើងប្រាក់ឈ្នួលបន្តបន្ទាប់មកទៀតរហូតដល់ឆ្នាំ២០១៨ដែលប្រាក់ឈ្នួលកម្មករនឹងកើនដល់ ១៧០ដុល្លារក្តី ក៏កម្មករនៅតែត្រូវគេរំពឹងទុកថា នឹងបន្តចាយវាយត្បិតត្បៀត តាមរយៈការបរិភោគអាហារគ្មានជីវជាតិគ្រប់គ្រាន់ និងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនហួសចំណុះ ដែលជារឿយៗបណ្តាលឲ្យមានគ្រោះថ្នាក់ រហូតដល់ស្លាប់កម្មករទៀតផង៕