ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​រ៉ុង ឈុន ​ថា​ តុលាការ​បន្ត​ហាម​ឃាត់​លោក​មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស


លោក រ៉ុង ឈុន ទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កាន់មេក្រូថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមក្នុងទិវាគ្រូបង្រៀនពិភពលោកឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (លាស់ លីបលីប/ វីអូអេ)

មេ​ដឹកនាំ​សហជីព​ លោក ​រ៉ុង ឈុន​ មិន​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេសតាម​ការ​ស្នើ​សុំ​ទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​អន្តរ​ជាតិ​មួយ​ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​អូស្ត្រាលី​ឡើយ ។

កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​តុលា ​ឆ្នាំ​២០២២​ មេធាវី​របស់​លោក​ រ៉ុង ឈុន ​គឺ​លោក សំ សុគង់ ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​តុលាការ​ដើម្បី​ឱ្យ​លោក ​រ៉ុង ឈុន ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស។ ​លោក​ រ៉ុង ឈុន ​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​បរទេស​ដើម្បី​ទៅ​ចូលរួម​សមាជ​លើក​ទី​៥​របស់​សហភាព​សហ​ជីព​អន្តរជាតិ​ (ITUC) ​ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៧ ​ដល់​ថ្ងៃ​ទី​២២ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នៅ​ទីក្រុង Melbourne (ម៉ែលប៊ន) នៃ​ប្រទេស​អូស្ត្រាលី។ ​

នៅ​ក្នុង​ការ​ឆ្លើយ​តបនឹង​សំណើ​របស់​លោក ​រ៉ុង ឈុន​ លោក​ ច្រឹង ខ្មៅ ​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​សម្រេច​មិន​អនុញ្ញាត​ ដោយ​ចារ​នៅ​លើ​លិខិតកាល​ពី​ថ្ងៃ​ទី​១ ​ខែ​វិច្ឆិកា ​ថា​ «មិន​ឯកភាព»។ ​ព្រះ​រាជ​អាជ្ញា​មិន​បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​មិន​អនុញ្ញាត​ឡើយ ​ដែល​លោក ​រ៉ុង ឈុន ​ទាមទារ​ឱ្យ​មាន​ការ​បញ្ជាក់​មូលហេតុ​ច្បាស់​លាស់។​

នៅ​ក្នុង​សាល​ដីកា ​ចុះ​ថ្ងៃ​ទី​១២ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១​ លោក​ រ៉ុង ឈុន​ ត្រូវ​បាន​តុលាការ​ដាក់​វិធាន​ការ​ត្រួត​ពិនិត្យ​ ដោយ​ចែង​ថា​ «ទណ្ឌិត​ត្រូវ​តែ​មាន​ការ​អនុញ្ញាត​ពី​ព្រះ​រាជ​អាជ្ញា​មុន​ធ្វើ​ដំណើរ​ទៅ​បរទេស»។​

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២១​ តុលា​ការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​លោក​ រ៉ុង ឈុន ​ឱ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​២​ឆ្នាំ​ពី​«បទ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន ​និង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដ៏​ចម្រូង​ចម្រាស​អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ ​លោក​បាន​ជាប់​ពន្ធនាគារ​មួយ​រយៈ ​ហើយ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១​ ប៉ុន្តែ​លោក​ត្រូវ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន ​ដែល​ក្នុង​នោះ​មាន​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។​

សហភាព​សហជីព​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ រ៉ុង ឈុន ​បាន​បង្ហាញ​«ការ​ខក​ចិត្ត» ​និង​«សោក​ស្តាយ​យ៉ាង​ខ្លាំង»​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ចំពោះ​ការ​សម្រេច​របស់សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​លោក ​រ៉ុង ឈុន​ ទៅ​ក្រៅ​ប្រទេស។​ សហភាព​សហជីព​កម្ពុជា​យល់​ឃើញ​ថា ទង្វើ​របស់​តុលាការ​ជា​ «ការ​គាប​សង្កត់​សេរីភាព​ការ​ធ្វើ​ដំណើរ»​យ៉ាង​ធ្ងន់​ធ្ងរ​របស់លោក​ រ៉ុង ឈុន​ ​និង​មិន​បាន​ផ្តល់​តម្លៃ​តម្លៃ​ឱ្យ​ស្ថាប័ន ​ITUC​ ដែល​មាន​សមាជិក​ជាង​៤០០​លាន​នាក់ ​និង​អង្គការ​សហ​ជីព​ជា​សមាជិក​ប្រមាណ​ជាង​៣០០​អង្គការ​សហជីព​ទូទាំង​ពិភព​លោក។ ​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា​ ការ​មិន​អនុញ្ញាត​ឱ្យ​លោក​ រ៉ុង ឈុន ​ទៅ​ក្រៅ​ប្រទេស​«គ្មាន​ផល​ចំណេញ»​ដល់​កម្ពុជា​ទេ ​មាន​តែ​ធ្វើ​ឱ្យ​កម្ពុជា​ខូច​កេរ្តិ៍​ឈ្មោះ​នៅ​លើ​ឆាក​អន្តរ​ជាតិ។​

សហភាព​សហជីព​កម្ពុជា​សូម​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ​ដោយ​ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​សេចក្តី​សម្រេច​បដិសេធ​មិន​ឱ្យ​លោក​ រ៉ុង ឈុន ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​មហា​សន្និបាត​លើកទី​៥​របស់​ ITUC ​នៅ​ប្រទេស​អូស្ត្រាលី។​

លោក​ រ៉ុង ឈុន ​ប្រាប់​វីអូអេ​ថា ​លោក​ត្រូវ​បាន​តុលាការ​ភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន​រហូត​ដល់​ចុង​ខែ​កក្កដា​ ឆ្នាំ​២០២៣​ ហើយ​ក្នុង​នោះការ​ចេញ​ទៅ​ក្រៅ​ប្រទេស​ត្រូវ​ជូន​ដំណឹង​ទៅ​ដល់​តុលាការ។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​នៅ​ពេល​ដែល​យើង​សុំ​ការ​អនុញ្ញាត​ យើង​មាន​លិខិត​អញ្ជើញ​ត្រឹម​ត្រូវ​ពី​ស្ថាប័ន​អន្តរ​ជាតិ​ដែល​មាន​ឥទ្ធិពល​មួយ ​ហើយ​មាន​លិខិត​មេធាវី​ដែល​ធានា​អះអាង ​តែ​ត្រូវ​បាន​តុលាការ​បដិសេធ ​ហើយ​ការ​បដិសេធ​ហ្នឹង ​និយាយ​ពាក្យ​ខ្លី ​គ្រាន់​តែ​ថា​ មិន​ឯកភាព ​តែ​មិន​បានអះអាង ​ឬ​មិន​បាន​បង្ហាញ​ហេតុ​ផល​ណា​មួយ ​មូល​ហេតុ​អ្វី​មិន​អនុញ្ញាត​ឱ្យ​ចេញ​បាន ​បាទ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ អ៊ី រិន្ទ ​និង​លោក​ ប្លង់ សុផល​ អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឡើយ។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​ថ្លែង​ថា​ សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​លោក​ រ៉ុង ឈុន ​ត្រូវ​បាន​រឹតត្បិត ​ដោយ​សារ​លោក​តែង​តែសកម្ម​នៅ​ក្នុង​ការងារ​សង្គម ​ហើយ​លោក​តែង​តែ​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​តស៊ូ​មតិ​សម្រាប់​ផល​ប្រយោជន៍​សង្គម។ ​លោក​បង្ហាញ​ការ​សោក​ស្តាយ​ដែល​លោក​ រ៉ុង ឈុន ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស៕

XS
SM
MD
LG