ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ UNICEF៖ សង្គ្រាម និង​គ្រោះ​មហន្តរាយ​ផ្សេងៗ​បង្ក​ឲ្យមនុស្ស​វ័យក្មេង​ជិត​៦០លាន​នាក់​ធ្លាក់​ក្នុង​អនក្ខរភាព


សិស្ស​រៀន​ដោយ​មាន​ជំនួយ​ម៉ាស៊ីន tablet ដែល​ផ្តល់​ដោយ​អង្គការ UNICEF នៅ​ក្នុង​សាលា​មួយ​នៅ​ក្នុង​ក្រុង Baigai ប្រទេស​កាមេរូន កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។
សិស្ស​រៀន​ដោយ​មាន​ជំនួយ​ម៉ាស៊ីន tablet ដែល​ផ្តល់​ដោយ​អង្គការ UNICEF នៅ​ក្នុង​សាលា​មួយ​នៅ​ក្នុង​ក្រុង Baigai ប្រទេស​កាមេរូន កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

អង្គការ UNICEF បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃពុធថា​ មនុស្ស​វ័យក្មេង​ចំនួន​ជិត​៦០លាននាក់ ដែល​រស់នៅ​ក្នុង​ប្រទេស​នានា​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម ឬ​គ្រោះធម្មជាតិ គឺ​ជា​អនក្ខរជន​ ហើយថា​ថវិកា​បន្ថែមទៀត​ត្រូវ​ការ​ចាំបាច់​ដើម្បី​ជួយ​ដល់​វិស័យអប់រំ​ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​វិបត្តិ​ទាំង​នេះ។

អង្គការ UNICEF បាន​រក​ឃើញ​ថា​ជិត៣០ភាគរយ​ក្នុង​ចំណោម​មនុស្ស​ដែលមាន​អាយុ​ចន្លោះ​ពី១៥ ទៅ១៩ឆ្នាំ​ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​មាន​គ្រោះអាសន្ន​ គឺជា​អនក្ខរជន​ ហើយ​ពួកគេ​ទាំងនោះ​គឺជា​មនុស្ស​ប្រុសស្រី​វ័យក្មេង។ អង្គការ​នេះ​បានឲ្យ​ដឹង​ទៀត​ថា​ ៣៣ភាគរយ​នៃ​ក្មេងស្រី​ទាំងនោះ​ មិន​បានចូលរៀន​តាំង​ពី​ថ្នាក់​បឋម​សិក្សា​ បើធៀប​ទៅនឹង​ក្មេង​ប្រុស​មាន​ចំនួន២៤ភាគរយ។

នាយក​អង្គការ UNICEF លោកស្រី Henrietta Fore ថ្លែងថា​ស្ថិតិ​ដែល​បាន​រកឃើញ​នេះ​
«គឺ​ជា​ការក្រើន​រំឭក​ពី​ផលប៉ះពាល់​នៃ​សោកនាដកម្ម​ទៅលើ​ការសិក្សា​របស់​កុមារ​ អនាគត​របស់​ពួកគេ​ ស្ថិរភាព​ និង​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ពួកគេ​ និង​សង្គម»។

ទីភ្នាក់​តស៊ូមតិ​ដើម្បី​កុមារ​អំពាវនាវ​ស្វែងរក​ថវិកា​បន្ថែម​ សម្រាប់​ជួយ​ដល់​កម្មវិធី​អប់រំ ជាពិសេស​នៅអំឡុងពេល​មាន​វិបត្តិមនុស្សធម៌​នេះ។ ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹង​ថា​ ៣.៦ភាគរយ​នៃមូលនិធិ​ជំនួយ​មនុស្សធម៌​ ត្រូវបាន​ទុក​បម្រុង​សម្រាប់​កម្មវិធី​អប់រំ​ដល់​មនុស្ស​វ័យក្មេង​ដែល​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​អាសន្ន។

នៅក្នុង​វេទិកា​ប្រចាំឆ្នាំ​អំពាវនាវ​រកថវិកា​ជំនួយ​មនុស្សធម៌​សម្រាប់​កុមារ​ ដែល​បាន​ចាប់ផ្តើម​ធ្វើឡើង​កាល​ពី​ថ្ងៃអង្គារ​ អង្គការ UNICEF បាន​អំពាវនាវ​រក​ថវិកា​

​ចំនួន​៩រយលានដុល្លារ​ ដើម្បី​ជួយ​ដល់​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម​ និង​គ្រោះធម្មជាតិ។ អង្គការ UNICEF ក៏​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ផ្តល់​ឱកាស​ដល់​កុមារ​ឲ្យ​ចូលរៀន​ និង​ជួយបង្កើត​កម្មវិធីសិក្សា​ពិសេស​សម្រាប់​អនក្ខរជន៕

XS
SM
MD
LG