ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​សង្ឃឹម​ថា​ការ​សុំ​កូន​ចិញ្ចឹម នឹង​មាន​ភាព​ល្អ​ប្រសើរ ក្រោយ​មាន​នីតិវិធី​ថ្មី


រូបឯកសារ៖ ក្មេងៗ​ដែល​ស្នាក់​​នៅ​ក្នុង​មណ្ឌល​ថែទាំ​មួយ​កន្លែង​ក្នុង​ខេត្ត​សៀមរាប អង្គុយ​នៅក្នុង​បន្ទប់​ដែល​ពួកគេ​គេង​រៀងរាល់​យប់ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ការ​ផ្អាក​ស្មុំ​កូន​នេះ ធ្វើឡើង​ ចំ​ពេល​ដែល​មាន​សេចក្ដី​រាយ​ការណ៍​អំពី​ការ​ជួញ​ដូរ​កុមារ ដូចជា​ការ​លក់​ដូរ​​ក្មេង​ទៅ​ឱ្យ​មណ្ឌល​កុមារ​កំព្រា និង​បញ្ហា​ពុករលួយ​ផ្សេងៗ។

រយៈពេល​ច្រើន​ឆ្នាំ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្អាក​ការ​សុំ​កូន​ខ្មែរ​យក​ទៅ​ចិញ្ចឹម​ក្រៅ​ប្រទេស ដើម្បី​រៀបចំ​នីតិវិធី​មួយ​ចំនួន ប្រទេស​ចំនួន​បី​ បាន​ចុះ​កិច្ចព្រមព្រៀង​ស្មុំកូន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដោយ​កម្ពុជា​សង្ឃឹម​ថា ការ​សុំ​កូនចិញ្ចឹម​នេះ ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ នេះ​បើ​យោង​តាម​មន្រ្តី​នៃ​អាជ្ញាធរ​កណ្តាល​ស្មុំ​កូន​អន្តរ​ប្រទេស។

កម្ពុជា ​បាន​សម្រេច​ផ្អាក​ការ​ស្មុំកូន​អន្តរ​ប្រទេស​ទាំង​អស់ ចាប់​ពី​ឆ្នាំ​២០១១ ដោយសារ​ប្រទេស​នេះ ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​រៀបចំ​គោល​នយោបាយ ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុត្ត និង​គោល​ការណ៍​នានា ក្នុង​ការ​ធានា​ឲ្យ​មាន​ដំណើរ​ការ​ស្មុំ​កូន​អន្តរ​ប្រទេស ស្រប​តាម​ច្បាប់​ជាតិ អន្តរជាតិ ប្រកប​ដោយ​ក្រមសីលធម៌ តម្លាភាព ដើម្បី​ការពារ​ឧត្តម​ប្រយោជន៍​របស់​កុមារ​ដែល​ជា​កម្មវត្ថុ​ស្មុំ​កូន​អន្តរ​ប្រទេស។

ការ​ផ្អាក​ស្មុំ​កូន​នេះ ធ្វើឡើង​ ចំ​ពេល​ដែល​មាន​សេចក្ដី​រាយ​ការណ៍​អំពី​ការ​ជួញ​ដូរ​កុមារ ដូចជា​ការ​លក់​ដូរក្មេង​ទៅ​ឱ្យ​មណ្ឌល​កុមារ​កំព្រា និង​បញ្ហា​ពុករលួយ​ផ្សេងៗ។

ទោះជាយ៉ាងណា កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ ដោយ​លើក​ឡើង​ថា កម្ពុជា​ នឹង​ចាប់​ផ្តើម​ចុះ​ឈ្មោះ​ទីភ្នាក់ងារ​ស្មុំ​កូន​អន្តរ​ប្រទេស ហើយ​ប្រកាស​ស្វាគមន៍​ប្រទេស​ណា​ដែល​មាន​បំណង​ចុះ​កិច្ច​ព្រមព្រៀង​ស្មុំ​កូន​ពី​ប្រទេស​កម្ពុជា។

សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា៖

«កម្ពុជា​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ស្មុំ​កូន​អន្តរ​ប្រទេស​ជាមួយ​នឹង​កុមារ​ដែល​មាន​តម្រូវ​ការ​ពិសេស បន្ទាប់​ពី​អស់​លទ្ធភាព​ស្វែង​រក​ឪពុក​ម្តាយ​ចិញ្ចឹម​ក្នុង​ប្រទេស ឬ​អ្នកអាណាព្យាបាល​ស្រប​ច្បាប់​សម្រាប់​អនីតិជន»។

អ្នកនាង សៅ សំភ័ស ប្រធាន​ការិយាល័យ​អនុវត្ត​នីតិវិធី​ស្មុំ​កូន​អន្តរ​ប្រទេស​នៃ​ក្រសួង​សង្គមកិច្ច បាន​ថ្លែង​ប្រាប់​ VOA​ ថា មក​ដល់​ពេល​នេះ មាន​ប្រទេស​ចំនួន​បី បាន​ចុះ​កិច្ចព្រមព្រៀម ដើម្បី​បើក​ទីភ្នាក់ងារ​ស្មុំ​កូន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ មាន​ប្រទេស​ម៉ាល់ត៍ (Malta) អ៊ីតាលី និង​តំបន់ ​Catalonia នៃ​ប្រទេស​អេស្ប៉ាញ។

អ្នក​នាង​បន្ត​ថា ប្រទេស​ផ្សេង​ទៀត ក៏​កំពុង​ដំណើរ​ការ​ចរចា ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​កម្ពុជា​ផង​ដែរ ក្នុង​នោះ រួម​មាន​ប្រទេស​បែលហ្ស៊ិក នូវែលសែឡង់ ប្រេស៊ីល ន័រវែស និង​រដ្ឋ​ Quebec នៃ​ប្រទេស​កាណាដា​ជាដើម។

អ្នកនាង សៅ សំភ័ស ​មាន​ប្រសាសន៍​ថា៖

«រដ្ឋាភិបាល​ប្រទេ​សកម្ពុជា​ ស្វាគមន៍​ចំពោះ​ប្រទេស​ផ្សេងៗ ដែល​ចង់​មក​ចុះ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី កំណត់​ទីភ្នាក់ងារ​ឲ្យ​ប្រតិបត្តិការ​លើ​ការងារ​ស្មុំកូន​ហ្នឹង»។

អ្នកនាង​បន្ថែម​ថា រដ្ឋាភិបាល ​បាន​រៀបចំ​បាន​ល្អ ដើម្បី​ស្វាគមន៍​ការ​ស្មុំកូន​អន្តរ​ប្រទេស ដោយ​សង្ឃឹមថា ច្បាប់​ស្ដីពី​ការ​ស្មុំ​កូន​អន្តរ​ប្រទេស ​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ​២០០៩ និង​នីតិវិធី​ផ្សេងៗ អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​សុំ​កូន​ចិញ្ចឹម និង​ធានា​ផល​ប្រយោជន៍​ដល់​ក្មេង។

អ្នកនាង​មាន​ប្រសាសន៍​ថា៖

«ច្បាប់​យើង​មាន​មែន ប៉ុន្តែយើង​ត្រូវ​ការ​លិខិត​បទដ្ឋាន​គតិយុត្តិ​មួយ​ចំនួន​ ដើម្បី​សម្រប​សម្រួល​ឲ្យ​អនុវត្ត​ច្បាប់​បាន»។

ប្រទេស​កម្ពុជា ​បាន​ក្លាយ​ជា​សមាជិក​នៃ​អនុសញ្ញា​ក្រុង​ឡាអេ ស្តីពី​ការ​ការពារ​កុមារ និង​សហប្រតិបត្តិ​ការ​ទាក់ទង​នឹង​ស្មុំ​កូន​អន្តរ​ប្រទេស កាល​ពី​ឆ្នាំ២០០៧។

មុន​ពេល​កម្ពុជា​សម្រេច​ផ្អាក​ការ​ស្មុំកូន​ ក្មេង​កម្ពុជា​ដែល​ត្រូវ​បាន​សុំ​ទៅ​ក្រៅ​ប្រទេស មាន​ចំនួន​៣៦៩៦​នាក់ ក្នុង​នោះ​មាន​ក្មេងស្រី​ចំនួន​១៨៦៥​នាក់។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​អាជ្ញាធរ​កណ្តាល​ស្មុំកូន​អន្តរ​ប្រទេស។

ក្មេង​ទាំង​នោះ​ត្រូវ​បាន​សុំ​ទៅ​ប្រទេស​ជា​ច្រើន​ ដូច​ជា​ប្រទេ​ស​បារាំង សហរដ្ឋ​អាមេរិក បែលហ្ស៊ិក កាណាដា អ៊ីតាលី អង់គ្លេស ម៉ាល់ត៍ អេស្ប៉ាញ អាហ្រ្វិក​ខាងត្បូង អាល្លឺម៉ង់ អូស្រ្តាលី ន័រវែស ដាណាម៉ាក់ ស៊ុយអែត សិង្ហបុរី និង​ហ្វីលីពីន​ជាដើម។

អ្នកនាង សៅ សំភ័ស មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ ក៏​នៅ​តែ​តាម​ដាន​ស្ថានភាព​កុមារ​ដែល​នៅ​ក្រៅប្រទេស​រហូត​មក​ដល់​ពេលនេះ ជាពិសេស​កុមារ​ដែល​នៅ​មាន​អាយុ​ក្រោម​១៨​ឆ្នាំ។

ជាមួយ​ដំណើរ​ការ​ស្មុំ​កូន​ថ្មី​នេះ អ្នកនាង​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​ការ​ធនធាន​មនុស្ស​បន្ថែម​ ដើម្បី​ធ្វើ​កិច្ចការ​ស្មុំ​កូន​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ។

អ្នកនាង​មាន​ប្រសាសន៍​ថា៖

«យើង​ត្រូវ​ការ​អ្នក​ធ្វើការ​ហ្នឹង ហើយ​នៅ​ខាង​យើង​ មាន​ចំនួន​កំណត់។ យើង​ត្រូវ​ការ​បំពេញ​បន្ថែម។ យើង​មើល​អ្នក​ក្រោម​ជាតិ មិន​ទាន់​មាន​នៅ​ឡើយ​ទេ»។​

ទោះជាយ៉ាងណា អ្នកនាង​មាន​ប្រសាសន៍​ថា ដំណើរ​ការ​នេះ​ ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត។

អ្នកនាង​បន្ត​ថា កាល​ពី​មិន​ទាន់​មាន​ច្បាប់​ស្ដីពី​ការ​ស្មុំ​កូន​អន្តរ​ប្រទេស និង​នីតិវិធី​ផ្សេងៗ ឪពុក​ម្តាយ​ចិញ្ចឹម​ អាច​ទៅ​មើល​ក្មេង​នៅ​មណ្ឌល​កុមារ​កំព្រា​បាន តែ​បច្ចុប្បន្ន​នេះ ពួកគេ​មិន​អាច​ធ្វើ​បាន​នោះ​ទេ។

អ្នកនាង​មាន​ប្រសាសន៍​ថា៖

«អត់​មាន​ក្មេង​គាត់​ថា គាត់​ត្រូវ​ទៅ​មើល​នៅ​មណ្ឌល​ យក​ក្មេង​នេះ អត់​មាន​ទេ ហើយ​ប្រសិន​បើ​ទី​ភ្នាក់ងារ​ហ្នឹង​ គាត់​មានធ្វើ​ការងារ​ទាក់​ទង​នឹង​ខាង​មណ្ឌល​ដើម្បី​Recruit ​(ជ្រើសរើស) ក្មេង​យក​ទៅ ក៏​យើង​អត់ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ដែរ»។

អ្នកនាង​ពន្យល់​ថា ទីភ្នាក់ងារ​ស្មុំ​កូន​ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​ស្មុំ​កូន និង​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​កន្លែង​ទំនាក់ទំនង​រវាង​ឪពុក​ម្ដាយ​ដែល​ចង់​សុំ​កូន​ ជាមួយ​មន្ត្រី​ជំនាញ​កម្ពុជា ដើម្បី​បំពេញ​តាម​នីតិវិធី​ជា​បន្ត​បន្ទាប់។

បើ​តាម​មន្រ្តី​ជំនាញ កម្ពុជា​ក៏​ត្រូវ​ការ​របាយការណ៍​សិក្សា​អំពី​ស្ថានភាព​ផ្ទះ​របស់​ឪពុកម្តាយ​ស្មុំ​កូន​ផង​ដែរ​សម្រាប់​នីតិវិធី​នៃ​ការ​ស្មុំ​កូន និង​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​របាយការណ៍​ជា​ទៀងទាត់​អំពី​ការ​វិវត្ត​របស់​ក្មេង​នៅ​ពេល​ពួកគេ​យក​ទៅ​ចិញ្ចឹម។

បើ​តាម​ច្បាប់​ស្តី​អំពី​ការ​ស្មុំកូន​អន្តរ​ប្រទេស ក្មេង​អាយុ​ក្រោម​៨​ឆ្នាំ ទើប​អាច​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​ស្មុំ​កូន​បាន លើកលែង​តែ​ករណី​មួយ​ចំនួន ដូចជា​ក្មេង​មាន​ជំងឺ​មិន​អាច​ព្យាបាល​ក្នុង​ប្រទេ​ស​កម្ពុជា​បាន ក្មេង​មាន​បញ្ហា​សតិ​បញ្ញា និង​ក្មេង​ពិការ​ជាដើម។

អ្នកនាង សៅ សំភ័ស បាន​បញ្ជាក់​ថា ការ​សុំ​កូនចិញ្ចឹម​ទៅ​រស់​នៅ​ជាមួយ​ឪពុកម្ដាយ​នៅ​ក្រៅ​ប្រទេស គឺ​ជា​ជម្រើស​ចុង​ក្រោយ​មួយ​សម្រាប់​ក្មេង ក្រោយ​ពេល​រដ្ឋាភិបាល​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ជួយ​ក្មេង​ឲ្យ​បាន​រស់​នៅ​ក្នុង​ប្រទេស មុន​នឹង​ឈាន​ទៅ​ដល់​ការ​ស្មុំកូន​ទៅ​ក្រៅ​ប្រទេស។

អ្នកនាង​មាន​ប្រសាសន៍​ថា៖

«ស្មុំ​កូន​អន្តរ​ប្រទេស​គឺ​ជា​ជម្រើស​មួយ​ចុង​ក្រោយ​សម្រាប់​ផែនការ​អចិន្រ្តៃយ៍​របស់​ក្មេង ទាក់ទង​នឹង​ការ​រក​គ្រួសារ​អចិន្រ្តៃយ៍​ឲ្យ​ក្មេង។ អញ្ចឹង មុន​នឹង​ឈាន​ដល់​ស្មុំ​កូន​អន្តរ​ប្រទេស​ហ្នឹង គឺ​យើង​ត្រូវ​ទុក​ដាក់​ក្នុង​ស្រុក​ឲ្យ​អស់​ពី​លទ្ធភាព។ ក្នុង​ការ​ស្មុំ​កូន​នេះ សម្រាប់​យើង គឺ​គោលដៅ​របស់​យើង គឺ​យើង​ចង់​រក​គ្រួសារ​អចិន្រ្តៃយ៍​មួយ​ឲ្យ​កុមារ។ សម្រាប់​កុមារ​ដែល​គ្នា​អត់​មាន​លទ្ធភាព គ្នា​អត់​មាន​ឱកាស​ក្នុង​ការ​មាន​គ្រួសារ​អចិន្ត្រៃយ៍​មួយ»។

អ្នកនាង​បញ្ជាក់​បន្ថែម​ថា៖

«បើ​សិន​ជា​យើង​អត់​គិត​គូ​ដល់​ការ​ស្មុំ​កូន​ទេ យើង​ថា​អាច​ទុក​ដាក់​កុមារ​នៅ​ក្នុង​មណ្ឌល ឲ្យ​គាត់​រស់​នៅ​ក្នុង​មណ្ឌល»។

រដ្ឋាភិបាល​ បាន​និង​កំពុង​អនុវត្ត​ផែនការ​បី​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០១៦​ដល់​២០១៨ ដោយ​មាន​គោល​ដៅ​កាត់​បន្ថយ​កុមារ​៣០​ភាគរយ​ចេញ​ពី​មណ្ឌល​ថែ​ទាំ​ ឲ្យ​ទៅ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​ក្មេង​ ប្រសិន​បើ​ពួកគេ​មាន​លទ្ធភាព​អាច​ទទួល​ចិញ្ចឹម​បាន។

របាយ​ការណ៍​ផ្លូវការ​បង្ហាញ​ថា​ ក្មេង​ជាង​១៦​០០០​នាក់ ​រស់​នៅ​ក្នុង​មណ្ឌល​ចំនួន​៤០៦​ទូទាំង​ប្រទេស។

អង្គការ​យូនីសេហ្វ (Unicef) បាន​និយាយ​ថា ការ​ផ្អាក​ការ​ស្មុំ​កូន គឺ​ដោយសារ​កង្វះ​ខាត​នូវ​នីតិវិធី​ច្បាស់លាស់​សម្រាប់​ការ​ការពារ​កុមារ កង្វះ​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​កុមារ ក៏​ដូជា​ការ​ទទួល​ខុសត្រូវ​របស់​មន្រ្តី​រដ្ឋាភិបាល និង​មន្រ្តី​យុត្តិធម៌។

ប្រធាន​ក្រុម​ទំនាក់ទំនង​នៃ​អង្គការ​យូនីសេហ្វ​គឺ​អ្នកស្រី Iman Morooka បាន​ថ្លែង​ប្រាប់​VOA​តាមរយៈ​អ៊ីមែល​ឬ​សារ​អេឡិចត្រូនិក​ថា៖

«បញ្ហា​ប្រឈម​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ថា​មិន​មាន​មន្រ្តី​សង្គមកិច្ច ដើម្បី​ធានាអំពី​ដំណើរ​ការ​គ្រប់គ្រង​ករណី​ឲ្យ​បាន​ពេញលេញ​មួយ ដែល​តម្រូវ​ឲ្យ​មាន​ការ​បញ្ចូល​នូវ​ការ​វាយ​តម្លៃ​ស្ថានភាព​កុមារ ក៏​ដូចជា​ការ​ស្វែង​រក​ក្រុម​គ្រួសារ និង​ការ​វាយ​តម្លៃ​ផ្សេងៗ ដើម្បី​បញ្ជាក់​ ប្រសិន​បើ​ក្មេង​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ស្មុំកូន​ឬ​ទេ»។

ទោះជាយ៉ាងណា អ្នកស្រី​និយាយ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ដំណើរ​ការ​លើ​ជំហាន​សំខាន់​មួយ​ចំនួន ដើម្បី​ឲ្យ​មាន​ស្តង់ដារ​ត្រឹមត្រូវ​មួយ​សម្រាប់​ការ​ស្មុំកូន​អន្តរ​ប្រទេស។

អ្នកស្រី Iman Morooka មាន​ប្រសាសន៍​បន្ថែម​ថា៖

«វា​មាន​សារសំខាន់ ដើម្បី​កត់​សម្គាល់​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្មេង​៤​នាក់​ក្នុង​ចំណោម​៥​នាក់​នៅ​ក្នុង​មណ្ឌល​ថែទាំ មិនមែន​ជា​ក្មេង​កំព្រា​នោះ​ទេ។ ពួកគេ​មាន​គ្រួសារ ហើយ​បាន​ដាក់​នៅ​ទីនោះ ដើម្បី​ការ​អប់រំ ឬ​ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ​ថវិកា ប៉ុន្តែ​ពួកគេ​មិន​មែន​ជា​កម្មវត្ថុ​សម្រាប់ការ​ស្មុំ​កូន​នោះ​ទេ»។

ចំណែក​សហរដ្ឋអាមេរិក​ បាន​ផ្អាក​ការ​ស្មុំ​កូន​ជាមួយ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ២០០១ រហូត​មក​ដល់​ពេល​នេះ។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​គឺ​លោក David Josar មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ ស្ថានភាព​នៃ​ការ​ស្មុំ​កូន​មិន​មាន​ការ​ផ្លាស់ប្ដូរ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា ចំពោះ​ការ​ផ្ដួចផ្ដើម​របស់​កម្ពុជា​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខុមាលភាព​កុមារ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​សុចរិត​ភាព​នៃ​ដំណើរ​ការ​ស្មុំ​ក្នុង​ប្រទេស និង​អន្តរ​ប្រទេស កម្ពុជា​មិន​ទាន់​បាន​បំពេញ​នូវ​ដំណើរការ​តាម​អនុសញ្ញា​ទីក្រុង​ឡាអេ​នៅ​ឡើយ​ទេ៕​

XS
SM
MD
LG