ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យូនីសេហ្វ៖ សាលា​មត្តេយ្យ និង​អាហារូបត្ថម្ភ​ត្រូវ​មាន​ជា​ចាំបាច់​សម្រាប់ ការលូតលាស់​របស់​កុមារ​កម្ពុជា


កុមារ​​ចូលរួម​​​​កម្មវិធី​​ពិធី​ប្រារព្ធ​ខួប​ទី​៣០ នៃ​ការ​បង្កើត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​​​ នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)
កុមារ​​ចូលរួម​​​​កម្មវិធី​​ពិធី​ប្រារព្ធ​ខួប​ទី​៣០ នៃ​ការ​បង្កើត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​​​ នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

កុមារ​កម្ពុជា​នៅ​តែរង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ផ្លូវកាយ ​ផ្លូវ​ភេទ ​ផ្លូវចិត្ត ​និង​ប្រឈម​នឹង​កង្វះ​អាហា​រូបត្ថម្ភ ​ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ដោះ​ស្រាយពី​រដ្ឋាភិបាល ​សហគមន៍ ​និង​គ្រួសារ។​


ក្នុង​កម្មវិធី​ប្រារព្ធ​ខួប​ទី​៣០​នៃ​ការ​បង្កើត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ នៅ​រាជធានី​ភ្នំពេញ ​នា​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩នេះ ​អ្នកស្រី​គ្រីស្ទៀន ម៉ុនឌ័រតេ ​តំណាង​យូនីសេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា ប្រាប់​ VOA ​ថាក្នុង​ពេល​បច្ចុប្បន្ន បើទោះ​បី​ជា​ស្ថាន​ភាព​សិទ្ធិ​និង​ការ​រស់​នៅ​របស់​កុមារ​កម្ពុជាមាន​ភាព​ប្រសើរ​ជាងមុន ​ប៉ុន្តែ​ពួក​គេ​នៅតែ​ប្រឈម​នឹង​បញ្ហា​ទាំងនេះ។ ​អ្នក​ស្រី​បន្ថែម​ថា​ ​បញ្ហា​ពីរ​ដែល​រដ្ឋាភិបាល សង្គម និង ឪពុក​ម្តាយ​គួរ​យក​ទុក​ដាក់​ខ្លាំង​នោះគឺ​ការ​អប់រំ​និង​ការ​ផ្តល់​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ដល់​កុមារ​មាន​អាយុ​ក្រោម​ប្រាំ​ពីរ​ឆ្នាំ​ ​ដែល​ជា​អាយុ​សំខាន់​ក្នុង​ការ​លូតលាស់។

«មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​ធ្វើ។ ​ឧទាហរណ៍​ដូច​ជា ​អាហា​រូបត្ថម្ភ។ ​បច្ចុប្បន្ន​នេះ​ពី​៣៥​ទៅ​៤០​ភាគរយ​នៃ​កុមារ​នៅ​មាន​ជំងឺ​ក្រិន[…]។ បច្ចុប្បន្ន​នេះ​យើង​មាន​ចំនួន​ម្តាយ​បំបៅ​កូន​ដោយ​ទឹក​ដោះ​តិច​ជាងមុន។​ បញ្ហា​នេះ​ធ្វើឲ្យ​កុមារ​មាន​ជំងឺ​ក្រិន​ ​ពីព្រោះ​អ្នក​ម្តាយ​ទាំងនោះ​មិន​បាន​ផ្តល់​ជីវជាតិ​សំខាន់​គ្រប់គ្រាន់​ដល់​កុមារ»។​

អ្នកស្រី​បន្ថែម​ថា ​ដើម្បីដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន​ ត្រូវ​មាន​ការ​ចូលរួម​ពី​រដ្ឋាភិបាល ​សហគមន៍ ​និង​ក្រុម​គ្រួសារ។ ​ក្នុង​នោះ ​ការ​បញ្ជូន​កុមារ​ទៅ​ចូល​រៀន​ថ្នាក់​មត្តេយ្យ​សិក្សាគឺ​ជា​សារៈ​សំខាន់​ដែល​នាំ​ឲ្យ​កុមារ​មាន​ឱកាស​ទទួល​ភាព​ជោគ​ជ័យក្នុង​ជីវិត។

«យើង​ត្រូវ​ការ​សាលា​មត្តេយ្យ​ច្រើនទៀត​នៅ​ក្នុង​ប្រទេស​នេះ។​ ដូច្នេះកុ​មារ​អាច​ទៅ​សាលា​បាន​ពី​អាយុ​បួន​ឆ្នាំ​ឡើង​ទៅ។ ​ហើយ​ពួក​គាត់​អាច​អភិវឌ្ឍ​ខួរ​ក្បាល​សមត្ថ​ភាព​និង​ជំនាញ​ផ្សេងៗ។​ មាន​ការ​សិក្សា​ដែល​ខ្ញុំ​អាច​បង្ហាញ​អ្នក។ ប្រសិន​បើ​កុមារ​តូចៗ​ចូល​សាលា​មត្តេយ្យ ​ពួកគេ​មាន​ឱកាស​ជោគជ័យ​នៅ​ពេល​ពួក​គេ​បញ្ចប់​មធ្យម​សិក្សា​ និង​មហា​វិទ្យាល័យ»។​

នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​ កម្ពុជា​បាន​ប្រារព្ធ​ខួប​ទី​៣០​នៃ​ការ​បង្កើត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ពិភព​លោក នៅ​រាជធានី​ភ្នំពេញ ​ដោយ​មាន​កុមារ​ជាង​៣០០​នាក់​ចូលរួម​ ព្រម​ទាំង​តំណាង​ក្រសួង​ និង​អង្គការ​ជាតិ​ ​អន្តរជាតិ​មួយ​ចំនួន​ផង។​

កម្ពុជាបាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារនៅថ្ងៃទី​១៥​ខែ​កញ្ញា​ឆ្នាំ​១៩៩២។ ​អនុ​សញ្ញា​នេះ​មាន​គោល​បំណង​ធានា​ថា ​កុមារ​គ្រប់រូប​មាន​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខភាព​ ការ​អប់រំ ​ការ​កម្សាន្ត ​ការ​ការពារ ​ការ​ចូលរួម​ផ្នែក​សង្គម​និង​នយោបាយ។​

អ្នកស្រី​ញ៉េប សុភាព ​អគ្គ​លេខា​ធិការនៃ​អគ្គ​លេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមាររបស់ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ ​និង​យុវនីតិ​សម្បទា​ យល់​ស្រប​ថា ​បើទោះ​បី​ជា​កម្ពុជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​កុមារ​ក្តី ​ប៉ុន្តែ​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​តែ​កើត​មាន​លើ​កុមារ។​

«កត្តា​គ្រោះ​មហន្តរាយ ​ភាព​ក្រីក្រ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​ការ​ធ្វើ​ចំណាក​ស្រុក​ ការ​ទុក​កូន​ចោល ​ការ​ជាប់​ពន្ធនាគារ​របស់​ឳពុក​ម្តាយ ​ជា​ហេតុ​ធ្វើ​ឲ្យ​កុមារ​ទទួល​រង​បញ្ហា​ប្រឈម​នានា ​រួម​មាន​កុមារ​បែក​ចេញ​ពី​គ្រូសារ ​ការ​ជួញ​ដូរ ​ការ​រង​អំពើ​ហិង្សា ​ការ​គំរាម​កំហែង ​ការ​រំលោភ​បំពាន​ទាំង​ផ្លូវកាយ​ ផ្លូវ​ចិត្ត ​ផ្លូវ​ភេទ ​ឬ​ការ​កេង​ប្រវ័ញ្ច​គ្រប់​រូបភាព»។​

យ៉ាង​ណា​ក្តី​ ​អ្នកស្រី​លើក​ឡើងថា ​រដ្ឋាភិបាល​កម្ពុជាតែង​បែង​ចែក​ថវិកា​ជាតិ​ សម្រាប់​គាំទ្រ​ដល់​សុខុមាល​ភាព​សាធារណៈរបស់​កុមារ​នៅ​ទូទាំង​ប្រទេស​ជា​រៀង​រាល់​ឆ្នាំ។

នៅ​កម្ពុជា​ ​កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារ​ពីរ​នាក់​បាន​ទទួល​រង​ការវាយ​ដំ​យ៉ាង​ធ្ងន់ធ្ងរ។​ កុមារ​ម្នាក់​ក្នុង​ចំណោម​បួននាក់ ​រង​នូវ​ការ​រំលោភ​បំពាន​ខាង​ផ្លូវចិត្ត ​ហើយ​ក្មេងស្រី​ម្នាក់​ក្នុង​ចំណោម​ក្មេង​ស្រី-ប្រុស​២០​នាក់​ត្រូវ​បាន​គេ​បំពាន​ផ្លូវ​ភេទ។ ​នេះ​បើ​តាម​របាយ​ការណ៍​របស់​អង្គការ​យូនីសេហ្វ ​ចេញ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៩។ ​ក្នុង​របាយ​ការណ៍​នោះ​ ​កុមារ​ជាច្រើន​ត្រូវ​បាន​គេ​ជួញ​ដូរ ​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើការ​ ​រួម​ទាំង​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម៕

XS
SM
MD
LG