ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​អង្គការ​យូនី​សេហ្វ៖ វិបត្តិ​​អាកាស​​ធាតុ ធ្វើ​ឲ្យ​កុមារ​នៅ​កម្ពុជា​ងាយ​រង​ហានិភ័យ​ខ្ពស់​​


របាយការណ៍​របស់​អង្គការ​​យូនី​សេហ្វ(Unicef) ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២២ ខែ​សីហា ឆ្នាំ​២០២១ ដែល​បាន​ចេញ​ផ្សាយ​ការ​សិក្សា​ថ្មី​មួយ ដោយ​លើក​ឡើង​ថា​កុមារ​នៅ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ពី​ផល​ប៉ះ​ពាល់​​នៃ​​វិបត្តិ​​អាកាសធាតុ។ (រូប​ថត​​​​របាយការណ៍​ Unisef)
របាយការណ៍​របស់​អង្គការ​​យូនី​សេហ្វ(Unicef) ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២២ ខែ​សីហា ឆ្នាំ​២០២១ ដែល​បាន​ចេញ​ផ្សាយ​ការ​សិក្សា​ថ្មី​មួយ ដោយ​លើក​ឡើង​ថា​កុមារ​នៅ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ពី​ផល​ប៉ះ​ពាល់​​នៃ​​វិបត្តិ​​អាកាសធាតុ។ (រូប​ថត​​​​របាយការណ៍​ Unisef)

របាយ​ការណ៍​ថ្មី​មួយ​របស់​អង្គការ​យូនី​សេហ្វ ​(Unicef) ​ដែល​ធ្វើ​ការទាក់​ទង​នឹង​កុមារ បង្ហាញ​ថា​កុមារ​កម្ពុជា​«ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​»នៃ​វិបត្តិ​អាកាសធាតុ ស្រប​ពេល​ដែល​កម្ពុជា​ជា​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បំផុត​មួយ​ដោយ​សារ​បម្រែ​បម្រួល​អាកាស​ធាតុ​នេះ។

នេះ​ជា​លើក​ទី​១​ដែល​អង្គការ​យូនីសេហ្វ​ដាក់​ចំណាត់​ថ្នាក់​ប្រ​ទេស​នានា រួម​មាន​កម្ពុជា​ផង​ដែរ ទៅ​តាម​ការ​ប្រឈម និង​ភាព​ងាយ​រង​គ្រោះ​របស់​កុមារ ដោយ​សារ​វិបត្តិ​អាកាស​ធាតុ និង​បរិស្ថាន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ ដែល​ផ្សព្វផ្សាយ​អំពី​របាយ​ការណ៍​នេះ កាល​ពី​ថ្ងៃ​អាទិត្យ ក្រោម​ចំណង​ជើង​ថា​«វិបត្តិ​អាកាសធាតុ គឺ​ជា​វិបត្តិ​នៃ​សិទ្ធិ​កុមារ»។

សេចក្តី​ប្រកាស​ឲ្យ​ដឹង​ថា​កុមារ​នៅ​កម្ពុជា​ត្រូវ​បាន​ដាក់​ចំណាត់​ថ្នាក់​ថា​«ងាយ​រង​ហានិភ័យ​ជាង​គេ»​លំដាប់ទី​៤៦​ក្នុង​ចំណោម​១៦៣​ប្រទេ​ស​លើ​ពិភព​លោក ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

សេចក្តី​ប្រកាស​បញ្ជាក់​ថា៖ «មនុស្ស​វ័យ​ក្មេង ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដែល​បង្ក​ការ​គំរាម​កំហែង​ដល់​សុខ​ភាព ការ​អប់រំ និង​ការ​ទទួល​បាន​ការ​ការ​ពារ»។

បើ​តាម​របាយ​ការណ៍ សន្ទស្សន៍​នៃ​ការដាក់​ចំណាត់​ថ្នាក់​ប្រទេស​នានា ផ្អែក​តាម​ការ​ប្រឈម​របស់​កុមារ​ទៅ​នឹង​វិបត្តិ​អាកាសធាតុ និង​បរិស្ថាន ព្រមទាំ​ង​ភាព​ងាយ​រង​គ្រោះ​របស់​ពួក​គេ ដោយ​សារ​វិបត្តិ​ទាំង​នេះ ដែលត្រូវ​បា​ន​កំណត់​ទៅ​តាម​លទ្ធភាព​របស់​ពួក​គេ ក្នុង​ការ​ទទួល​បាន​សេវា​ចំា​បាច់​សំខាន់ៗ។

អង្គការ​នេះ​បញ្ជាក់​ថា​ផល​ប៉ះ​ពាល់ បង្ក​ឡើង​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាសធាតុ «កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ»។

របាយការណ៍​នេះ​បាន​រក​ឃើញ​ថា កុមារ​នៅ​កម្ពុជា​ប្រឈម​មុខ​ខ្ពស់​នឹង​បញ្ហា​ខ្វះ​ទឹក គ្រោះ​ទឹក​ជំនន់​តាម​ដង​ទន្លេ និង​ជំងឺ​ឆ្លង​តាម​មេរោគ​ចម្លង។

រូប​ឯកសារ៖ ទឹក​ជំនន់​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ​២០១១។
រូប​ឯកសារ៖ ទឹក​ជំនន់​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ​២០១១។

​អង្គការ​យូនី​សេហ្វ​ជំរុញ​ឲ្យ​មាន​ការវិនិ​យោគ​លើ​សេវា​សង្គម ជា​ពិសេស​លើ​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​និង​អនាម័យ សេវា​សុខភាព និង​អាហារូបត្ថម្ភ ការ​អប់រំ និង​សេវា​គាំពារ​សង្គម អាច​នាំ​មក​នូវ​ការ​ប្រែ​ប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ដល់​លទ្ធភាព​ការពារ​អនា​គត​របស់​កុមារ​ទាំ​ង​នេះ ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

របាយការណ៍​បាន​បង្ហាញ​សន្ទស្សន៍​ហានិភ័យ​អាកាស​ធាតុ លើ​ទិដ្ឋភាព​ដូច​ជា​កុមារ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ទៅ​នឹង​គ្រោះ​ទឹក​ជំនន់​នៅ​តាម​តំបន់​ឆ្នេរ តាម​មាត់​ទន្លេ ហានិភ័យ​ខ្យល់​ព្យុះ​ស៊ីក្លូន ការ​ឆ្លង​តាម​មេរោគ​ចម្លង ការ​បំពុល​បរិយាកាស​ដោយ​សារ​ធាតុ​សំណ រលក​កម្តៅ ខ្វះ​ទឹក និង​ការ​បំពុល​ខ្យល់។

របាយការណ៍​បញ្ជាក់​ទៀត​ថា​ជំងឺ​កូវីដ​១៩ កើត​ឡើង​ផ្ទួន​គ្នា​ជាមួយ​បម្រែ​បម្រួល​អាកាសធាតុ​នេះ ដែល​ធ្វើឲ្យ​កុមារ​ត្រូវ​រង​សម្ពាធ​ដ៏​ច្រើន​លើស​លប់ ដោយ​សារ​វិបតិ្ត​ដែល​បង្ក​ឡើង​ដោយ​បម្រែ​បម្រួល​អាកាសធាតុ។

អ្នកស្រី Foroogh Foyouzat នាយិកា​យូនីសេហ្វ​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «វិបត្តិ​អាកាស​ធាតុ គឺ​ជា​វិបត្តិ​សិទ្ធិ​កុមារ​ព្រោះ​ថា​វិបត្តិ​នេះ​បង្ក​ការ​គំរាម​កំហែង​ដល់​គ្រប់​ទិដ្ឋភាព​ទាំង​អស់​នៃ​សុខភាព និង​សុខុមាល​ភាព​របស់​កុមារ​ក្នុង​កម្រិត​ដែល​មនុស្ស​ជាតិពុំ​ធ្លាប់​ជួប​ប្រទះ​កន្លង​មក។ បម្រែ​បម្រួល​អាកាស​ធាតុ​ធ្វើ​ឲ្យ​ពិភព​លោក​ក្លាយ​ជា​កន្លែង​កាន់​តែ​មាន​ហានិភ័យ​សម្រាប់​ការ​រស់​នៅ​និង​ការ​លូត​លាស់​ធំ​ធាត់​របស់​កុមារ​ប៉ុន្តែ​យើង​អាច​ទប់​ស្កាត់​បញ្ហា​នេះ​មិន​ឲ្យ​ក្លាយ​ជា​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​បាន ប្រសិន​បើ​យើង​ចាប់​ផ្តើម​ចាត់​វិធាន​ការ​ពី​អំណេះ​តទៅ»។

អង្គការ​យូនី​សេហ្វ​ជំរុញ​ឲ្យ​បង្កើន​ការ​វិនិយោគ ដើម្បី​ឲ្យ​សេវា​នានា ដែល​សំខាន់​សម្រាប់​កុមារ កាន់​តែ​បន្ស៉ាំ និង​ធន់​ទៅ​នឹង​អាកាស​ធាតុ។ អង្គការ​ក៏​ជំរុញ​ឲ្យ​ផ្តល់​កុមារ​នូវ​ការ​អប់រំ​អំពី​អាកាស​ធាតុ និង​ជំនាញ​បៃ​តង(ការពារ​បរិស្ថាន​) ដែល​មាន​សារៈ​សំខាន់ ដើម្បី​ឲ្យ​ពួក​គេ​អា​ចបន្ស៉ាំ​ខ្លួន និង​ត្រៀម​ខ្លួន​ទប់​ទល់​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយសារ​បម្រែ​បម្រួល​អាកាស​ធាតុ។

លោក Oskar Haq ប្រធានកម្មវិធីសេដ្ឋកិច្ចបៃតងប្រកបដោយបរិយាបន្ននៃអង្គការអុកស្វាម​(Oxfam) បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ហានិភ័យ​ធ្ងន់​ធ្ងរ ដោយ​រង​គ្រោះ​ដោយ​សារ​បម្រែ​បម្រួល​អាកាស​ធាតុ ដោយ​សារ​ទីតាំង​ស្ថិត​នៅ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ និង​ទន្លេ​សាប។

លោក​បន្ត​ថា​វិស័យ​ដែល​ងាយ​រង​គ្រោះ​ដោយ​បម្រែ​បម្រួល​អាកាស​ធាតុ​នេះ គឺ​កសិ​កម្ម និង​នេសាទ ដែល​ស្មើ​ជាង​៣០%​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP)​របស់​កម្ពុជា។

ដូច្នេះ​លោក​បញ្ជាក់​ថា​ការ​កើន​ឡើង​ញឹក​ញាប់ និង​កាន់​តែ​ធ្ងន់​ធ្ងរ​នៃ​ទឹក​ជំនន់ និង​ភាព​រាំង​ស្ងួត នឹង​មាន​ឥទ្ធិពល​ខ្លាំង​លើ​កម្ពុជា​ដែល​ប៉ះ​ពាល់​ស្រែ​របស់​កសិករ សន្តិសុខ​ស្បៀង គុណ​ភាព​ទឹក​សម្រាប់​បរិភោគ និង​ការ​ធ្វើ​ស្រែ​ការ​កើន​ឡើង​នៃ​ជំងឺ​តាម​ទឹក ការ​ធ្លាក់​ចុះ​ការ​នេ​សាទ​ត្រី និង​បាត់​បង់​ដី​សើម​ផង​ដែរ។

រូប​ឯកសារ៖ ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រុង​ប្រទេស​ក្រិក​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រុង​ប្រទេស​ក្រិក​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២១។

លោក​បញ្ជាក់​ថា៖ «ផល​ប៉ះពាល់​មាន​ទំហំ​ធំ​ទៅ​លើ​ក្រុម​ដែល​ងាយ​រង​គ្រោះ ដូចជា​ក្មេងៗ និង​ស្រ្តី និង​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​ពឹង​ផ្អែក​លើ​ធន​ធាន​ធម្មជាតិ ក៏​ដូច​ជា​អ្នក​ដែល​រស់​នៅ​ក្រោម ឬ​ក្បែរ​បន្ទាត់​ភាព​ក្រីក្រី។ អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ជំងឺ​កូវីដ​១៩ នឹងរង​គ្រោះ​បន្ថែម​លាយ​ឡំ​គ្នា ដោយ​សារ​គ្រោះ​ថ្នាក់​អាកាសធាតុ​នេះ»។

លោក ហាក់ ម៉ៅ ប្រធាន​នាយក​ដ្ឋាន​ប្រែប្រួល​អាកាស​ធាតុ​នៃ​ក្រសួង​បរិស្ថាន បាន​ប្រាប់​វីអូអេ​ថា​ប្រទេស​កម្ពុជា​«ងាយ​រង​គ្រោះ​បំផុត»​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដោយ​សារ​ជា​ប្រទេស​ក្រីក្រ​មួយ។ ហើយ​ផល​ប៉ះពាល់​នៃ​វិបត្តិ​នេះ បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដូច​ជា​ករណី​ទឹក​ជំនន់​លិច​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត របាយ​ទឹក​ភ្លៀង​មិន​ទៀង​ទាត់ ភាព​រាំង​ស្ងួត និង​ខ្យល់​កន្រ្ទាក់​ជា​ដើម។

លោក​បន្ត​ថាមិន​មាន​តួ​លេខ​ថា​តើ​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុន្មាន​រង​គ្រោះ​ដោយ​សារ​វិបត្តិ​អាកាស​ធាតុ​នេះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ភាគ​ច្រើន​ប៉ះ​ពាល់​ធ្ងន់​ធ្ងរលើ​ប្រជាជនដែល​ប្រកប​របរ​ក្នុង​វិស័យ​កសិកម្ម និង​នេសាទ។

លោក​ថ្លែង​ថា៖ «ទោះ​បី​ជា​តួលេខ​របស់​យើង យើង​មិន​បាន​បញ្ហា​ច្បាស់​ថា​ប្រជាជន​ជាក់​ស្តែង​ប៉ុន្មាន​ភាគ​រយ(ដែល​រង​ផល​ប៉ះពាល់) ប៉ុន្តែ​ជា​រួម​យើង​ឃើញ​ប្រជាជន​យើង​ដែល​ប្រកប​របរ​កសិកម្ម​ជា​ពិសេស និង​ការ​នេ​សាទ គឺ​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ»។

មន្រ្តី​រូប​នោះ​បន្ត​ថា​រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​ខ្ពស់​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ប្រែ​ប្រួល​អាកាស​ធាតុ​នេះ ហើយ​បាន​បង្កើត​គោល​នយោ​បាយ​ទាំង​ថ្នាក់​ជាតិ រហូត​បញ្រ្ជាប​ដល់​ថ្នាក់​ក្រោម​ជាតិ។ លោក​ក៏​ជំរុញ​ឲ្យ​សហ​គមន៍​អន្តរ​ជាតិ ជា​ពិសេស​ប្រទេ​ស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្ពស់ ផ្តល់​ជំនួយ​ទាំង​ធនធាន និង​លក្ខណៈ​បច្ចេក​ទេស​ដល់​ប្រទេស​ក្រីក្រ ក្នុង​នោះ​ក៏​មាន​ការ​ទិញ​ឥណទាន​កាបូន​ពី​កម្ពុជា​ឲ្យ​បាន​ច្រើន និង​ក្នុង​តម្លៃ​ខ្ពស់។

ប្រទេស​កម្ពុជា​រង​ការ​រិះគន់​ថា​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ដែល​ធ្វើ​ឲ្យ​ព្រៃ​ឈើ​រង​វិនាសកម្ម​រហូត​មក​ដល់​ពេល​នេះ។ ប៉ុន្តែ​ក្រសួង​បរិស្ថាន​ធ្លាប់​អះអាង​ថា​មិន​មាន​បទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២១ សហ​រដ្ឋអាមេរិក​បាន​ប្រកាស​បញ្ចប់​ជំនួយ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា ក្រោម​គម្រោង​ព្រៃឡង់​បៃតង​ដោយ​ហេតុ​ផល​ថា​«បញ្ហា​មិន​ត្រូវ​បាន​ដោះ​ស្រាយ» បើ​ទោះ​មាន​ការ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ជា​បន្ត​បន្ទាប់​ពី​អាមេរិក៕

XS
SM
MD
LG