ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​ចង់​​ជួប​ជន​កុលសម្ព័ន្ធ​ភ្នំ​ដែល​​គេច​ខ្លួន​ពី​ការ​ធ្វើ​បាប​ដោយ​​អាជ្ញាធរ​វៀតណាម


រូបឯកសារ៖ ក្រុម​កុលសម្ព័ន្ធ​ជនជាតិ​ភាគ​តិច​​ជនជាតិ​​ភាគតិច​តំបន់​ភ្នំវៀតណាម​ ឬ Montagnard ដែល​បាន​ឆ្លង​ចូល​ទឹកដី​កម្ពុជា​កាល​ពី​​ខែ​កក្កដា ឆ្នាំ​២០០៤។
រូបឯកសារ៖ ក្រុម​កុលសម្ព័ន្ធ​ជនជាតិ​ភាគ​តិច​​ជនជាតិ​​ភាគតិច​តំបន់​ភ្នំវៀតណាម​ ឬ Montagnard ដែល​បាន​ឆ្លង​ចូល​ទឹកដី​កម្ពុជា​កាល​ពី​​ខែ​កក្កដា ឆ្នាំ​២០០៤។

ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន ​(UNHCR) កំពុង​ស្វែង​រក​ឱកាស​ដើម្បី​ជួប​ជាមួយ​ជនជាតិ​ភាគតិច​តំបន់​ភ្នំវៀតណាមដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃនៅ​ខេត្ត​រតនគីរី ​ស្រប​ពេល​ដែល​អាជ្ញា​ធរ​ប៉ូលិស​កម្ពុជា​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ពួក​គេ​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​វិញ។​

របាយ​ការណ៍​ពី​ប្រទេស​វៀតណាម​បង្ហាញ​ថា​ មាន​ជនជាតិ​ចារ៉ាយមក​ពី​ខ្ពង់រាប​ប្រទេស​វៀតណាម​សរុប​ចំនួន​១៦​នាក់​កំពុងលាក់​ខ្លួន​ក្នុង​ព្រៃ​នៃ​ខេត្ត​រតន​គីរី។ ​ប៉ុន្តែ​បើ​យោងតាម​របាយការណ៍​ពី​ក្រុម​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ផ្តល់​ឲ្យ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​នេះ​បង្ហាញ​ថា​ ជន​ជាតិ​ដើម​ទាំង​នេះ​មាន​ចំនួន​ត្រឹម​តែ​១៣​នាក់​តែ​ប៉ុណ្ណោះ​ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​ដែល​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ​របស់​រដ្ឋ​ការ​ក្រុង​ហាណូយ​ផង។​ ពួក​គេ​បាន​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ​

វៀតណាម​ដើម្បី​ស្វែង​រកសិទ្ធិ​ជ្រក​កោណ​នៅ​ប្រទេស​ទី៣។​ ​ពួកគេ​បានឆ្លង​ចូល​មក​លាក់ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគីរី​ចាប់​តាំង​ពី​ចុង​ខែ​តុលា​ម្ល៉េះ ​ប៉ុន្តែ​ក្រុម​ប្រជាជន​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា​នៅ​តំបន់​នោះ​ទើប​តែ​ជួប​ប្រទះ​ពួក​គេ​កាល​ពី​អំឡុងពាក់​កណ្តាល​ខែ​វិច្ឆិកា។​

លោក​នាយឧត្តម​សេនីយ៍​ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួនបាន​សរសេរ​លិខិត​មួយ​មក​កាន់​ក្រសួង​មហា​ផ្ទៃ​ដើម្បី​សុំ​ភ្លើង​ខៀវ​ចុះ​ជួប​ជនភៀស​ខ្លួនដោយ​ផ្ទាល់​នៅ​ខេត្ត​រតន​គីរី។​ ប៉ុន្តែ​ក្រសួង​មហា​ផ្ទៃ​កំពុងពិចារណា​លើ​សំណើ​នេះ​នៅ​ឡើយ។​

«មាន​សំណើ​ពី​ UNHCR​ សុំទៅ​ជួប​អ្នក​ទាំង​អស់​នោះ។​ (ក្រសួង)ទើប​នឹង​បាន​ទទួល​សំណើ​នោះ​ដែរ​ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។ ​យើង​នឹង​ពិចារណា ​មិន​ទាន់​សម្រេច​អ្វី​ទេ»។​

យោង​តាម​លោក ​ឆាយ ធី ​អ្នក​សម្រប​សម្រួល​សមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី ​ឲ្យ​ដឹង​ថា អាជ្ញាធរ​ប៉ូលិស​កម្ពុជា​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ជនជាតិ​ដើម​ភាគ​តិច​វៀតណាម​នេះ​ដើម្បី​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​វិញ។​
«យើង​ទទួល​បាន​ដំណឹង​ថា ​អាជ្ញា​ធរ​រឹត​បន្តឹង​ធ្វើ​ការ​សាក​សួរ​អ្នក​ភូមិ​តាម​ចំនៀរ​ព្រំដែន​កម្ពុជា​វៀតណាម​ដើម្បី​ស្វះ​ស្វែង​រក​ជន​ភៀស​ខ្លួន​ដែល​មួយ​ក្រុម​មាន​គ្នា​៨​នាក់​និង​មួយ​ក្រុម​ទៀត​មាន​គ្នា​ប្រាំ​នាក់»។​

យោងតាម​កាសែត​ក្នុង​ស្រុក​មួយ​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​វៀតណាម​បាន​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា​បញ្ជូន​ជន​ភៀស​ខ្លួន​ទាំង​នេះ​ទៅ​ឲ្យ​ខ្លួន​វិញ។​

​លោក​ឆាយ ធី​ ព្រួយ​បារម្ភ​ថា ការ​ចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ចារ៉ាយ​វៀតណាម​ទាំង​នេះ​ត្រឡប់​ទៅ​ស្រុក​កំណើត​ពួក​គេ​វិញនឹង​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​និង​ការ​ចាប់​ដាក់​ពន្ធនាគារ ខណៈ​ដែល​ជនជាតិ​ភាគ​តិច​ទាំង​នេះ​បាន​គេច​ពី​ការ​កៀប​សង្កត់​ផ្នែក​ជំនឿ​សាសនា ​និងការកៀប​សង្កត់​លើ​សេរី​ភាព​ផ្នែក​ប្រព័ន្ធ​អ៊ីនធើណិត​និង​សិទ្ធិ​ដី​ធ្លី។

ទោះជា​បែប​នេះ​ក្តី​ ទាំង​លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ ទាំង​លោក​ឧត្តមសេនីត្រីយ៍​ ងួន កឿន ​ស្នង​ការ​នគរបាល​ខេត្តរតន​គីរី​បាន​ច្រាន​ចោលសេចក្តី​អះអាង​ដែល​ថា ​ប្រទេស​វៀតណាម​បាន​ទាម​ទារឲ្យ​កម្ពុជា​បញ្ជូន​ខ្លួន​ជន​ភៀស​ខ្លួន​តំបន់​ភ្នំ​នេះ​ត្រឡប់​ទៅ​វិញ។​

លោកស្នងការ​ ងួន កឿន ​ទទួល​ស្គាល់​ថា​ កង​ប៉ូលិស​កំពុង​ស្វែង​រក​ជម្រក​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​នេះ​មែន។​

«ឥឡូវ​នេះ​នគរ​បាល​ខេត្ត​យើង​កំពុង​ចាត់​វិធាន​ការ​ស្រាវ​ជ្រាវរុក​រក​ក្នុង​ព្រៃ​ ក្រែង​លោ​ពួក​គាត់​លាក់​ខ្លួន​ក្នុង​ព្រៃ​ព្រោះ​ថា​ តាម​ព័ត៌មាន​លេច​ឮ​ថា ​មាន​ក្រុម​នោះ​ចូល​សម្ងំ​លាក់​ខ្លួនក្នុង​ទឹក​ដី​ភូមិសាស្ដ្រ​ខេត្ត។​ ប៉ុន្តែ​ព័ត៌មាន​ទាំង​នេះ​ជា​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ទេ។ ​ដើម្បី​ជម្រះ​ព័ត៌មាន​នេះ​ឲ្យ​ជ្រះ​ ខ្ញុំ​បាន​ប្រឹ​ង​ប្រែង​ចាត់​បញ្ជូន​កម្លាំង​ធ្វើ​ការ​ល្បាត​ដើម្បី​ស្វែង​រក​ក្រុម​ទាំង​នោះ។ ​ប៉ុន្តែ​ជា​លទ្ធផល​រហូត​មក​ទល់​ថ្ងៃ​នេះ​ យើង​មិន​បាន​ជួប​ប្រទះ​សូម្បី​តែ​ដាន​ក៏​គ្មាន​ដែរ»។

​ចាប់​តាំង​ពី​ជាង​មួយ​ទសវត្ស​មក​ហើយ ​ជនជាតិ​ចារ៉ាយ​វៀតណាម​រាប់​ពាន់​នាក់បាន​គេច​ខ្លួន​ពីការ​ធ្វើ​ទុក្ខបុក​ម្នេញ​របស់​អាជ្ញា​ធរ​វៀតណាម​នៅ​តំបន់​ខ្ពង់​រាប​ ហើយបាន​មក​ស្នាក់នៅ​ក្នុង​ព្រៃ​កម្ពុជា​ក្នុង​ខេត្ត​មណ្ឌល​គីរី​ និង​ខេត្ត​រតនគីរី។​ ពួក​គេ​ភាគ​ច្រើន​លើស​លុប​បាន​ទទួល​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​ដើម្បី​ស្នាក់​នៅ​ប្រទេស​ទី​៣។​

មាន​សេចក្តី​រាយការណ៍​ដែល​ថា​ អាជ្ញាធរ​ប៉ូលិស​កម្ពុជា​បាន​ចាប់​ខ្លួន​ជន​ជាតិ​ដើម​ភាគ​តិច​វៀតណាម​បាន​ចំនួន​ពីរ​នាក់​ក្នុង​ពេល​ថ្មីៗ​នេះ។ ​ប៉ុន្តែ​ទាំង​ក្រុម​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​មិន​ទាន់​បញ្ជាក់​ថា​ នេះ​ជា​ព័ត៌មាន​ពិត​នៅ​ឡើយ៕

XS
SM
MD
LG