ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​លើក​ឡើង​ថា​ ប្រទេស​ក្រីក្រ​ជា​កន្លែង​បោះចោល​រថយន្ត​ដែល​​ប្រើ​រួច


រូប​ឯកសារ៖ រថយន្ដ​ដែល​ត្រូវ​បាន​ប្រើប្រាស់​រួច​ហើយ​ត្រូវ​បាន​ដុត​ចោល​ នៅ​ក្រុង Kenosha រដ្ឋ Wisconsin ថ្ងៃ​ទី ២៦ ខែ​សីហា ឆ្នាំ២០២០។
រូប​ឯកសារ៖ រថយន្ដ​ដែល​ត្រូវ​បាន​ប្រើប្រាស់​រួច​ហើយ​ត្រូវ​បាន​ដុត​ចោល​ នៅ​ក្រុង Kenosha រដ្ឋ Wisconsin ថ្ងៃ​ទី ២៦ ខែ​សីហា ឆ្នាំ២០២០។

កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ហៅ​កាត់​ថា UNEP​ បាន​រាយការណ៍​ថា រថយន្ត​ រថយន្ត​ដឹក​ទំនិញ និង​រថយន្ត​ក្រុង​តូចៗដែលប្រើ​រួច​ចំនួន​១៤លាន​គ្រឿង ​ត្រូវ​បាន​នាំចេញ​ទៅ​កាន់​ពិភពលោក​នៅ​ចន្លោះ​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០១៨។ ​រថយន្តចំនួន​ប្រហែល​៨០%​ នៃ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់ប្រទេសដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម ហើយ​ជាង​ពាក់​កណ្តាល​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​អាហ្វ្រិក​។

របាយការណ៍​នេះ​បង្ហាញ​ថា រថយន្តមួយ​ទឹកចំនួន​រាប់​លាន​គ្រឿង​ ដែល​ត្រូវ​បាន​នាំ​ចេញ​ពី​អឺរ៉ុប សហរដ្ឋអាមេរិក​ និង​ជប៉ុន​ ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​មាន​គុណភាព​ទាប និង​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​បំពុល​ខ្យល់​ និង​ការ​ប្រែប្រួល​អាកាសធាតុ។

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​រាយការណ៍​ថា រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាល​ចំនួន​ ១,១ ពាន់​លាន​គ្រឿង​នៅ​ទូទាំង​ពិភពលោក​នា​ពេល​សព្វថ្ងៃ​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើន​ទ្វេ​ដង​នៅ​ត្រឹម​ឆ្នាំ២០៥០។ អ្នកស្រី Inger Andersen នាយក​ប្រតិបត្តិ​អង្គការ UNEP បាន​និយាយ​ថា ភាគ​ច្រើន​នៃ​កំណើន​នេះ​គឺ​ដោយសារ​តែ​ការ​នាំ​ចូល​រថយន្ត​ប្រើ​រួចរបស់​ប្រទេស​កំពុង​អភិវឌ្ឍន៍។​

អ្នកស្រី Inger Andersen បាន​និយាយថា​៖​ «ប៉ុន្តែ​ទំនោរ​បច្ចុប្បន្ន​ដែល​ទីផ្សារ​រថយន្តប្រើ​រួចកំពុង​ចរាចរណ៍​មាន​ន័យ​ថា​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ពិសេស​ប្រទេស​អាហ្វ្រិក​ នឹង​ដើរ​តួ​ជា​កន្លែង​បោះ ចោល​រថយន្ត​ដែល​តែង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា លែង​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ឬ​ស្អាត ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍។ នេះ​ជា​បញ្ហា​នៃ​ភាព​ត្រឹម​ត្រូវ​ការ​គោរព​ និង​សមភាព។ ហើយ​ច្បាស់​ណាស់ នេះ​ជា​បញ្ហា​ដ៏​សំខាន់​សម្រាប់​សុខភាពមនុស្ស​ និង​បរិស្ថាន»។

អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​ថា មនុស្ស​ប្រមាណ​ជា​៧លាន​នាក់​បាន​ស្លាប់​មុន​វ័យ​ជា​រៀងរាល់​ឆ្នាំ ដោយសារ​តែ​ការ​បំពុល​ខ្យល់។ អ្នកស្រី Andersen និយាយ​ថា ការ​បំពុល​ខ្យល់​នឹង​បន្ត​កើន​ឡើង ហើយ​ការ​បន្ត​នាំ​ចេញ​រថយន្ត​មួយ​ទឹក​ទៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ នឹង​រារាំង​ដល់​កិច្ច​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

អង្គការUNEP រក​ឃើញ​ថា រថយន្ត​មួយ​ទឹក​ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ទូទៅ​មិន​មាន​សុវត្ថិភាព​ និង​ជា​មូលហេតុ​នៃ​ការ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ច្រើន។ អង្គការ WHO បាន​ចាត់​ទុក​តំបន់​អនុ​សាហារ៉ា​នៅ​អាហ្វ្រិក​ ថា​ជា​ទីក្រុង​ដែល​មាន​ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​បំផុត​ក្នុង​ពិភព​លោក។ អង្គការ​នេះ​រាយការណ៍​ថា ប្រទេស​អាហ្វ្រិក​មាន​អត្រា​មរណៈ​ចំនួន​២៦,៦ក្នុង​ចំណោម​គ្រោះថ្នាក់​១០០.០០០លើក បើ​ប្រៀបធៀប​ទៅ​អឺរ៉ុប​ដែល​មាន​អត្រា​មរណៈ​ចំនួន​៩,៣ក្នុង​ចំណោម​គ្រោះថ្នាក់​១០០.០០០លើក។​

អ្នកស្រី Andersen និយាយ​ថា អង្គការ UNEP មិន​អំពាវនាវ​ឱ្យ​មាន​ការ​ហាមឃាត់​ទាំង​ស្រុង​លើ​ការ​នាំ​ចេញ​រថយន្ត​មួយទឹក​ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នោះ​ទេ។ ប៉ុន្តែ​អ្នកស្រី​និយាយ​ថា ទីផ្សារ​គួរ​តែ​មាន​បទប្បញ្ញត្តិ​គ្រប់គ្រង​ទាំង​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ អ្នកស្រី​បន្ថែម​ថា ប្រទេស​អភិវឌ្ឍន៍​ត្រូវ​បញ្ឈប់​ការ​នាំ​ចេញ​រថយន្ត​ដែល​មិន​គោរព​តាម​ស្តង់ដារ​សុវត្ថិភាព និង​បរិស្ថាន និង​រថយន្ត​ដែល​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ អាច​បើកបរ​បាន​នៅ​តាម​ផ្លូវ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

អ្នកស្រី​ Andersen បានបន្ថែម​ទៀត​ថា​ «រថយន្ត​ដែល​ត្រូវ​គេ​បោះចោល​ ត្រូវ​តែ​បោះចោល ឬ​កែច្នៃ​ឡើង​វិញ និង​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេង មិន​មែន​យក​ទៅ​ទីផ្សារ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ ប៉ះពាល់​ដល់​បរិស្ថាន និង​ចរាចរណ៍​លើ​ផ្លូវ​ថ្នល់​នោះ​ទេ»។​

របាយការណ៍​នេះ​រក​ឃើញ​ថា ប្រទេស​អាហ្វ្រិក​ជាច្រើន​មាន​ស្តង់ដារ​គុណភាព​ទាប ដូចជា​ប្រទេស​ម៉ារ៉ុក អាល់ហ្សេរី កូឌីវ័រ ហ្គាណា និងប្រទេស​ម៉ូរីស​ជាដើម។ កាលពី​ខែ​កញ្ញា​ អង្គការ​ UNEP បាន​កត់សម្គាល់​ថា សហគមន៍​សេដ្ឋកិច្ច​រដ្ឋ​អាហ្រ្វិក​ខាង​លិច​នឹង​អនុវត្ត​ស្តង់ដារ​រថយន្ត​ និង​ប្រេង​ឥន្ធនៈ​ស្អាត​ជាង​មុន​ ចាប់​ពី​ខែ​មករា​ ឆ្នាំ២០២១​ត​ទៅ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG