ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​​ថា ច្បាប់​រើស​អើង​របស់​​មីយ៉ាន់ម៉ា​នាំ​ឲ្យ​មាន​មន្ទិល​លើ​ភាព​ទៀងត្រង់​ក្នុង​ការ​បោះឆ្នោត


មន្ត្រី និង​អ្នក​ស្ម័គ្រចិត្ត​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មីយ៉ាន់ម៉ា ដើរ​ប្រមូល​សន្លឹក​ឆ្នោត​ពី​មនុស្ស​ចាស់​ ដែល​បោះឆ្នោត​មុន​ថ្ងៃ​កំណត់។ ការ​បោះឆ្នោត​ជាតិ​នៅ​មីយ៉ាន់ម៉ា​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៨ ខាង​មុខ​នេះ។

ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សរបស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ ច្បាប់​និង​បទបញ្ញត្តិថ្មីៗ ដែល​ត្រូវ​បាន​អនុម័ត​មុន​នឹង​ការ​បោះឆ្នោត​ជាតិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ទី០៨​ វិច្ឆិកា នេះ​មកដល់ បង្ក​ឲ្យ​មានការ​រឹតត្បិត​ជាង​មុន​លើ​សិទ្ធិ​របស់​ប្រជាជន​ក្នុង​ការ​ចូល​រួម​ការ​បោះឆ្នោត​នេះ។ ក្រុម​អ្នកដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​គឺ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់សាសនា​ឥស្លាម​ និង​ជនជាតិ​ភាគតិច Rakhine ក្នុង​រដ្ឋ​ Rakhine។

អ្នក​នាំពាក្យ​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​អ្នក​ស្រី Ravina Shamdasani ប្រាប់​វីអូអេ​ថា ​សេចក្តី​សម្រេច​ដែល​បាន​ប្រកាស​កាលពី​ពាក់កណ្តាល​ខែ​តុលា​ដោយ​គណៈកម្មការរៀប​ចំ​ការ​បោះឆ្នោត​សហភាព​បាន​ដក​ហូត​សិទ្ធិ​បោះឆ្នោត​ក្រុម​ជនជាតិ​ភាគតិច​ទាំង​នោះ។

អ្នកស្រី Shamdasani បាន​ថ្លែង​ក្នុង​សម្ដី​ដើម​ថា៖ «ដូច្នេះ​ ទោះ​បី​ជា​ពួកគេ​មាន​សិទ្ធិ​បោះឆ្នោត​ក៏ដោយ ក៏​ការ​បោះឆ្នោត​នឹង​មិន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ជាច្រើន​ដែល​ពួកគេ​រស់នៅ​នោះ​ដែរ។ ដូចដែល​ខ្ញុំបាន​និយាយ​អីចឹង ការ​បោះឆ្នោត​មិន​ត្រូវបាន​ធ្វើ​នៅ​ក្នុង​ទីក្រុង​ចំនួន ​៥៦ នៅ​ទូទាំង​ប្រទេស​។ ហើយ​ក្នុង​ចំណោម​នោះ ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ចំនួន​ ៩​ ក្នុង​រដ្ឋ Rakhine ទាំង​មូលមិនអាច​បោះឆ្នោត​បាន​ទេ»។

កាលពី​ខែ​មេសា រដ្ឋាភិបាល​បាន​អនុម័តលើ​សេចក្តី​បង្គាប់មួយ​របស់​ប្រធានាធិបតីដែល​ថ្កោលទោស​ការ​និយាយ​បែប​ស្អប់​ខ្ពើម​ជា​សាធារណៈ។ ទោះ​យ៉ាង​ណា​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ការ​និយាយ​បែប​ស្អប់​ខ្ពើម​ទៅ​កាន់​អ្នក​កាន់​សាសនា​ឥស្លាម​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​កំពុង​រីកសាយ​ឥត​ឈប់​ឈរ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។

ការិយាល័យ​សិទ្ធិ​មនុស្ស​នោះរិះគន់​ការ​រឹតត្បិត​ដែល​នៅ​បន្ត​ទៅ​លើ​សិទ្ធិ​បញ្ចេញ​មតិ និង​ការ​ទទួល​បានព័ត៌មាន។ ការិយាល័យ​សិទ្ធិ​មនុស្ស​បាន​កត់សម្គាល់​ទៀតថា ​ការ​បង្រ្កាប​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​តែ​មាន​នៅ​ក្នុង​ទីក្រុង​ចំនួន​ ៨ ​ក្នុង​រដ្ឋ Rakhine និង​រដ្ឋ Chin ដែល​បានរឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរលើ​លទ្ធភាពរបស់​ប្រជាជន​ក្នុង​ការ​ចែករំលែក និង​ទទួល​បាន​ព័ត៌មាន​។

អ្នក​ស្រី ​Shamdasani​ និយាយ​ថា រដ្ឋាភិបាល​បាន​យក​ស្ថានភាព​ជំងឺកូវីដ​១៩​ដែល​កាន់​តែ​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស ​ដើម្បី​ចេញ​បញ្ជា​ឲ្យ​ប្រជាជនស្នាក់​នៅតែ​ក្នុង​ផ្ទះ​ក្នុង​តំបន់​មួយ​ចំនួន។

អ្នក​ស្រី​និយាយ​ថា៖ «​នៅ​ក្នុង​បរិបទ​របស់​បទបញ្ជា​នេះ ឧទាហរណ៍​ អ្នក​សារព័ត៌មាន​ក៏​ត្រូវបាន​ចាត់ទុក​ថា​មិន​ចាំ​បាច់​ដែរ។ នេះ​មានន័យ​ថា​ ការណ៍​នេះ​រារាំងដល់​លទ្ធភាព​របស់​ពួកគេ​ក្នុង​ការ​ចេញ​ទៅ​ក្រៅ​ដើម្បី​រាយការណ៍​ពី​ការ​បោះឆ្នោត​ យុទ្ធនាការ​ប្រឆាំង​នឹង​ការ​និយាយ​បែប​ស្អប់​ខ្ពើម ការ​ដក​សិទ្ធិ​បោះឆ្នោត និង​បញ្ហា​នានា​ដែល​យើង​បាន​ពណ៌នា​នៅ​ទី​នេះ។ នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ»។

ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ថ្កោលទោសការ​និយាយ​បែប​ស្អប់​ខ្ពើម ហើយ​ងាក​មក​លើក​ស្ទួយ​ការ​និយាយ​បែប​មិន​រើស​អើង​ និង​អត់ធ្មត់ ​ដោយ​មន្ត្រី​រដ្ឋាភិបាល​និង​បេក្ខជន​ឈរ​ឈ្មោះ​វិញ។ ទីភ្នាក់ងារ​នេះ​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ធានា​ដល់​សិទ្ធិ​ក្នុង​ការ​ចូលរួម​ដំណើរការ​នយោបាយផង​ដែរ៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG