ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ហ្វីលីពីន​ថា លោក​នឹង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក


លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ងាក​ទៅ​រក​ប្រទេស​ចិន​យ៉ាង​ជិតស្និទ្ធ ហើយ​បាន​ប្រឆាំង​ជា​សាធារណៈ​ចំពោះ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama។
លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ងាក​ទៅ​រក​ប្រទេស​ចិន​យ៉ាង​ជិតស្និទ្ធ ហើយ​បាន​ប្រឆាំង​ជា​សាធារណៈ​ចំពោះ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama។

អ្នក​វិភាគ និង​មន្ត្រី​រដ្ឋាភិបាល​ហ្វីលីពីន​បាន​និយាយ​ថា អាណត្តិ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​លោក Donald Trump អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ហ្វីលីពីន និង​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​សន្តិសុខ​ផង​ដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ងាក​ទៅ​រក​ប្រទេស​ចិន​យ៉ាង​ជិតស្និទ្ធ ហើយ​បាន​ប្រឆាំង​ជា​សាធារណៈ​ចំពោះ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama។ ទំនាក់ទំនង​វាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ម៉ានីល មាន​ភាព​ជូរចត់ បន្ទាប់ពី​លោក Duterte បាន​ព្រលះ​សហរដ្ឋ​អាមេរិក ពាក់ព័ន្ធ​នឹង​ការ​រិះគន់​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​បង្ក្រាប​គ្រឿង​ញៀន​របស់​លោក Duterte ដែល​ការ​បង្ក្រាប​នេះ បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង ៤ ពាន់​នាក់ តាំង​ពី​ខែ​កក្កដា​មក។

ប៉ុន្តែ​នៅ​ក្នុង​សប្ដាហ៍​នេះ លោក Duterte បាន​និយាយ​ថា លោក​មាន​ក្ដី​សង្ឃឹម​ថា លោក​នឹង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​លោក Trump។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ប្រាកដ​ណាស់​ថា យើង​នឹង​មិន​មាន​ជម្លោះ​ជាមួយ​នឹង​គ្នា​នោះ​ទេ។ ខ្ញុំ​អាច​ធ្វើ​មិត្តភក្ដិ​ជាមួយ​មនុស្ស​រាល់​គ្នា ជា​ពិសេស​ជាមួយ​ប្រធានាធិបតី ឬ​មេដឹកនាំ​អង្គ​នីតិបញ្ញត្តិ​របស់​ប្រទេស​ណា​មួយ​បាន»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​ជ្រើសរើស​លោក Trump ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្មី នឹង​មិន​ធ្វើ​ឲ្យ​លោក​ផ្លាស់ប្ដូរ​គោល​នយោបាយ​ការបរទេស​ឯករាជ្យ​របស់​លោក​នោះ​ទេ។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​នឹង​បន្ត​ធ្វើ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ។ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​មិន​គោរព​ពាក្យ​សម្ដី​ខ្លួន​ឯង​នោះ​ទេ»៕

XS
SM
MD
LG