«ខ្ញុំសូមប្រកាសពីការផ្ដាច់ខ្លួនរបស់ខ្ញុំពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានបាត់បង់ខ្ញុំហើយ។ ហើយខ្ញុំក៏ប្រហែលនឹងទៅរុស្ស៊ីដើម្បីជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតី Putin ហើយខ្ញុំនឹងប្រាប់គាត់ថា យើងទាំងបីនាក់រួមមានចិន ហ្វីលីពីន និងរុស្ស៊ី នឹងប្រឆាំងនឹងពិភពលោក។ នេះគឺជាវិធីតែមួយគត់»។ នេះគឺជាការប្រកាសរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅក្នុងវេទិកាពាណិជ្ជកម្មមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី២០ ខែតុលាកន្លងទៅ។
ការប្រកាសសាធារណៈនេះត្រូវបានផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានារួមទាំងទូរទស្សន៍របស់ចិនផងដែរ។
ការប្រកាស«ផ្ដាច់ខ្លួន»របស់លោក Duterte ពីមិត្តរយឆ្នាំសហរដ្ឋអាមេរិក ហើយងាកទៅរកប្រទេសកុម្មុយនិស្ត រុស្ស៊ី និងចិន បានកើតមានឡើងបន្ទាប់ពីមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងហ្វីលីពីនចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏ចម្រូងចម្រាសរបស់លោក Duterte ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត៤ពាន់នាក់ គិតត្រឹមចុងខែតុលានេះ។
ហ្វីលីពីនគឺជាប្រទេសសមាជិកអាស៊ានទី៣ ដែលគេយល់ថា មានទំនោរងាកទៅរកប្រទេសមហាអំណាចចិន ក្រៅពីកម្ពុជា និងឡាវ។
យ៉ាងណាក៏ដោយ អ្នកជំនាញមើលឃើញថា ការងាកទៅរកប្រទេសចិនរបស់លោកDuterte នេះទំនងជាការដើរតាមគន្លងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជាដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងដើម្បីចៀសវាងភាពតានតឹងជាមួយប្រទេសយក្ខចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង។
ក៏ប៉ុន្តែ អ្នកជំនាញបានព្រមានផងដែរថា ការណ៍នេះអាចធ្វើឲ្យចិនកាន់តែមានឥទ្ធិពលខ្លាំងឡើងមកលើតំបន់អាស៊ាន។
ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ លោក គង់ ភោគ ប្រាប់ VOA ថា ការចូលទៅកៀកជាមួយប្រទេសចិនអាចផ្ដល់ត្រលប់មកវិញនូវផលប្រយោជន៍សេដ្ឋកិច្ច ដូចដែលកម្ពុជាធ្លាប់ធ្វើកន្លងមកដែរ។
យ៉ាងណាក៏ដោយ លោកថាប្រទេសហ្វីលីពីនក៏មិនអាចផ្ដាច់ខ្លួនពីសហរដ្ឋអាមេរិកទាំងស្រុងបានដែរ។
«ក្នុងពេលជាមួយគ្នាគាត់ក៏មិនអាចផ្ដាច់ចេញពីចិនបានទេ ព្រោះចិនជាមហាអំណាចក្នុងប្រទេសអាស៊ី ជាសេដ្ឋកិច្ចទី២ក្នុងពិភពលោក។ ចង់ឬមិនចង់ វាជាដំណើរការធម្មជាតិ ដែលសេដ្ឋកិច្ចក្នុងតំបន់ត្រូវស្រូបចូលក្នុងសេដ្ឋកិច្ចរបស់ចិន»។
សម្រាប់ លោក គង់ ភោគ គោលនយោបាយការបរទេសរបស់លោក Duterte ហាក់នៅភាពស្រពិចស្រពិល និងនៅក្មេងខ្ចី ដោយសារលោកសង្កេតឃើញថា ពាក្យសម្ដីរបស់លោក Duterte ជារឿយៗមានការផ្លាស់ប្ដូរ។
លោក អៀ សុផល អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ការពឹងផ្អែកលើជំនួយបរទេសនៅកម្ពុជា៖ តើជំនួយបរទេសធ្វើឱ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដូចម្ដេច»ឲ្យដឹងតាមរយៈសារអេឡិចត្រូនិកថា លោក Duterte កំពុង«យកគំរូតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
ក៏ប៉ុន្តែ លោកយល់ថា«ទំនាក់ទំនងរវាងចិន និងហ្វីលីពីនមិនមានលក្ខណៈពិសេសដូចកម្ពុជា និងចិនដែលបានសាងឡើងជាច្រើនទសវត្សរ៍នោះទេ»។
ក្នុងសារអេឡិចត្រូនិកមួយមកកាន់ VOA កាលពីសប្ដាហ៍មុន លោក អៀ សុផល បានសរសេរក្នុងន័យដើមថា៖ «បើសិនអ្នកមិនអាចយកឈ្នះចិនបាន អ្នកគួរចូលរួមជាមួយចិនវិញ»។
លោក អៀ សុផល បន្តថា ចិនទំនងជាមិនផ្ដល់ប្រាក់រាប់លានដល់ហ្វីលីពីនភ្លាមនោះដែរ ពោលគឺចិនចង់មើលឃើញពីជំហរជាក់ស្ដែងរបស់លោក Duterte មកលើចិន។
នៅក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសចិនក្នុងខែតុលាកន្លងទៅ លោក Duterte បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការចំនួន១៣ជាមួយនឹងចិនក្នុងទំហំទឹកប្រាក់ជាង១៣ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងទាំងនេះផ្តោតសំខាន់ទៅលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម ការប្រឆាំងគ្រឿងញៀន និងកិច្ចការដែនសមុទ្រផងដែរ។
លោក John Ciorciari សាស្ត្រាចារ្យអាមេរិកនៅសកលវិទ្យាល័យមួយក្នុងសហរដ្ឋអាមេរិក ដែលសិក្សាបញ្ហាតំបន់អាស៊ីអាគ្នេយ៍ បញ្ជាក់ថា លោក Duterte កំពុងដាក់ប្រទេសលោកនៅលើវិថីគ្រោះថ្នាក់មួយ ជាពិសេសនៅពេលដែលលោក Duterte ចង់បានជំនួយសេដ្ឋកិច្ចពីប្រទេសណាដែលមិនខ្វាយខ្វល់ថា លោកកំពុងធ្វើអ្វីនៅក្នុងប្រទេសលោក ឬធ្វើអ្វីចំពោះប្រជាពលរដ្ឋរបស់លោកនោះ។
នៅក្នុងការឆ្លងឆ្លើយតាមរយៈសារអេឡិចត្រូនិកជាមួយ VOA កាលពីសប្ដាហ៍មុនលោកចន ស៊ៀអ័រស៊ៀរី (John Ciorciari) សរសេរថា៖
«ពិតណាស់ដែលថាលោក Duterte រំពឹងចង់បានផលប្រយោជន៍សេដ្ឋកិច្ចពីទំនាក់ទំនងជិតស្និទ្ធជាមួយចិន។ ហើយការសម្រេចចិត្តផ្ដាច់ខ្លួនចេញពីសហរដ្ឋអាមេរិកនេះ ក៏កើតចេញពីកំហឹងដែលលោករងការរិះគន់ពីសហរដ្ឋអាមេរិកចំពោះការរំលោភសិទ្ធិមនុស្សចំពោះការបង្ក្រាបគ្រឿងញៀនក្នុងប្រទេសលោកដែរ»។
ភាពចម្រូងចម្រាសនៃជម្លោះសមុទ្រចិនខាងត្បូងបានបង្កភាពតានតឹងរវាងប្រទេសចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមមានប្រទេសហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាម។
កាលពីខែមិថុនាកន្លងទៅ បើទោះជាតុលាការអាជ្ញាកណ្ដាលអន្តរជាតិ សម្រេចឲ្យហ្វីលីពីនឈ្នះក្តីក្នុងសំណុំរឿងក្តីសមុទ្រចិនខាងត្បូងយ៉ាងណាក្តី ក៏ចិនបានបដិសេធមិនទទួលយកការសម្រេចនោះឡើយ។
ជារឿយៗ កម្ពុជារងការរិះគន់ថា កាន់ជើងប្រទេសចិន ដោយសារឥទ្ធិពលជំនួយ និងភាពស្និទ្ធស្នាលជាមួយចិន។
លោក អៀ សុផល ដែលជាសាស្ត្រាចារ្យនៃមហាវិទ្យាល័យ Occidental នៃសហរដ្ឋអាមេរិកផងដែរនោះ ឲ្យដឹងទៀតថា ការវិវត្តន៍ថ្មីនៃទំនាក់ទំនងការទូតរវាងចិន និងហ្វីលីពីននេះ អាចជួយបំបែកភាពតានតឹងនៃជម្លោះដែនសមុទ្រចិនខាងខាងត្បូងដ៏ចម្រូងចម្រាសជាច្រើនឆ្នាំ។
ក៏ប៉ុន្តែ លោកថា ការវិវត្តន៍ថ្មីនេះនឹងធ្វើឲ្យអាស៊ានបាត់កម្លាំងប្រឆាំងនឹងប្រទេសចិនហើយសមាគមអាស៊ានទៀតសោត នឹងលែងដាក់បន្ទុកមកលើកម្ពុជាតែមួយគត់ចំពោះជំហរកម្ពុជាគាំទ្រចិនក្នុងករណីជម្លោះសមុទ្រចិនខាងត្បូងផងដែរ។
ស្របគ្នានោះដែរ លោកបណ្ឌិត ចន ស៊ៀអ័រស៊ៀរី សាស្ត្រាចារ្យដែលសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍ យល់ថា ការងាកទៅរកចិនរបស់លោក Duterte នឹងធ្វើឲ្យចិនកាន់តែមានឥទ្ធិពលមកលើតំបន់អាស៊ាន ដោយសារតែហ្វីលីពីនគឺជាឆ្អឹងខ្នងដ៏សំខាន់មួយរបស់តំបន់អាស៊ីអាគ្នេយ៍។
ជម្លោះដែនកោះក្នុងសមុទ្រចិនខាងត្បូងរវាងចិននិងហ្វីលីពីនបានស្រាកស្រាន្តបន្តិចកាលពីសប្ដាហ៍មុន ដោយចិនអនុញ្ញាតឲ្យទូកនេសាទហ្វីលីពីនចូលក្នុងតំបន់ប្រជុំកោះ Paracel និង Sprately ដែលជាតំបន់ជម្លោះ។
ការអនុញ្ញាតនេះកើតឡើងភ្លាមៗក្រោយ លោក Duterte ប្រកាសបណ្ដេញកងទ័ពសហរដ្ឋអាមេរិកឱ្យចេញពីដែនដីរបស់ខ្លួនក្នុងអំឡុងពេលពីរឆ្នាំខាងមុខ។
ហ្វីលីពីន និងសហរដ្ឋអាមេរិកបានផ្ដើមចំណងការទូតជាលើកដំបូងនៅឆ្នាំ១៩៤៦។
សហរដ្ឋអាមេរិកធ្លាប់បានដាក់អាណានិគមលើប្រទេសហ្វីលីពីនកាលពីឆ្នាំ១៨៩៨ដោយបានបង្កើតរចនាសម្ព័ន្ធអប់រំ សុខភាពសាធារណៈ និងនយោបាយឲ្យប្រទេសហ្វីលីពីនផងដែរ។
ជាការឆ្លើយតបទៅនឹងភាពស្រពិចស្រពិលនៃគោលនយោបាយការបរទេសរបស់លោក Duterte លោក Daniel Russel ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីសប្ដាហ៍មុនក្នុងរាជធានីភ្នំពេញថា សហរដ្ឋអាមេរិកនៅតែជាមិត្ត និងជាខ្នងបង្អែកដល់ហ្វីលីពីនក្នុងករណីប្រទេសនេះត្រូវការជំនួយ។
«ពួកគេនៅតែអាចពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងនាមជាមិត្ត ដៃគូ និងសម្ព័ន្ធមិត្ត ដោយសារយើងគោរពអធិបតេយ្យភាព ស្វ័យភាព និងឯករាជ្យភាពរបស់ហ្វីលីពីនដូចដែលយើងធ្លាប់ធ្វើកន្លងមក។ យើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ដែលត្រូវការជំនួយពីយើង»។
លោក Daniel Russel ក៏បានបញ្ជាក់ផងដែរថា ការប្រកាសផ្ដាច់ខ្លួនរបស់ហ្វីលីពីននេះ មិនបានឆ្លុះបញ្ចាំងពីបរាជ័យនៃគោលនយោបាយ The U.S. Rebalance to Asia ឬ«ការធ្វើឲ្យមានតុល្យភាពអំណាចឡើងវិញទៅកាន់តំបន់អាស៊ី» របស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិនក្នុងតំបន់អាស៊ីនោះទេ។
យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលស្ថានភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ បានក្រើនរំលឹកផងដែរថា ផលប្រយោជន៍សេដ្ឋកិច្ច ជំនួញ និងនយោបាយបន្តិចបន្តួច ដែលបានពីការងាកទៅរកប្លុកកុម្មុយនិស្តចិនរបស់រដ្ឋបាលលោក Duterte គឺជាផលចំណេញរយៈពេលខ្លីតែប៉ុណ្ណោះ៕