កំណត់និពន្ធ៖ លោក ឆាំង យុ គឺជានាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត (www.cambodiasri.org) ដែលមានទីតាំងប្រចាំនៅរាជធានីភ្នំពេញ។ លោកគឺជាអ្នករស់រានមានជីវិតមួយរូបពីវាលពិឃាតខ្មែរក្រហម។ លោកត្រូវបានចាត់តាំងដោយកម្មវិធីសិក្សាពីអំពើប្រល័យពូជសាសន៍កម្ពុជានៃសាកលវិទ្យាល័យ យ៉េល សហរដ្ឋអាមេរិក ឲ្យធ្វើការស្រាវជ្រាវ បណ្តុះបណ្តាល និងចងក្រងឯកសារទាក់ទងនឹងរបបខ្មែរក្រហម។ នៅក្នុងអត្ថបទផ្ទាល់ខ្លួននេះ លោក ឆាំង យុ អះអាងថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធឺតេ (Rodrigo Duterte) គួររៀនពីមេរៀនរបស់កម្ពុជា អំពីរបៀបដែលជោគជ័យនៃគោលនយោបាយការបរទេស មិនអាចត្រូវសម្រេចបានតាមរយៈការប្រើប្រាស់ភាសានិងការសម្រេចចិត្តដែលជាក់លាក់នោះទេ ប៉ុន្តែផ្ទុយទៅវិញ តម្រូវឲ្យមាននូវយុទ្ធសាស្ត្របត់បែនជាងនេះ។
បញ្ហាប្រឈមនានាក្នុងប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគម
គោលនយោបាយការបរទេស គឺត្រូវបានសម្រួចដោយបញ្ហាដែលចោទនាពេលបច្ចុប្បន្ន ក៏ប៉ុន្តែ គោលនយោបាយនេះតែងតែឆ្លុះបញ្ចាំងអំពីអតីតកាល។ ទន្ទឹមនឹងនេះ នៅក្នុងប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគម ប្រវត្តិសាស្ត្រធ្វើឲ្យមានស្រមោលអតីតកាលដ៏វែងអន្លាយ។ អ្នកអាចនឹងយល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី ឌូធឺតេ ក្នុងការធ្វើឲ្យប្រសើរនូវគោលនយោបាយការបរទេសរបស់ប្រទេសហ្វីលីពីន។ ទោះបីជាយ៉ាងណាក្តី ខ្ញុំជំរុញឲ្យលោកប្រធានាធិបតី ឌូធឺតេ ធ្វើការសិក្សាអំពីប្រទេសកម្ពុជា និងប្រើប្រាស់ទស្សនៈរួមបញ្ចូលនៃទំនាក់ទំនងការបរទេសរបស់ប្រទេសលោក ក៏ដូចជា អនាគតនយោបាយរបស់តំបន់អាស៊ីអាគ្នេយ៍។
ដូចគ្នាទៅនឹងប្រទេសហ្វីលីពីនដែរ ប្រទេសកម្ពុជាបានតស៊ូជាមួយអតីតកាលនៃអាណានិគមរបស់ខ្លួន។ ប្រទេសបារាំងបានអភិរក្សប្រទេសកម្ពុជា និងរារាំងប្រទេសនេះពីការញ៉ាំញីរបស់ប្រទេសជិតខាង គឺប្រទេសថៃ និងប្រទេសវៀតណាម។ រដ្ឋបាលបារាំងក៏បានគាំទ្រដល់វប្បធម៌ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាកំណែទម្រង់រដ្ឋបាល ដែលជួយឲ្យប្រទេសកម្ពុជារីកចម្រើន។ យ៉ាងណាមិញ ក្នុងនាមជាប្រទេសក្រោមអាណានិគមបារាំង សម្បជញ្ញៈជាតិរបស់ប្រជាជនកម្ពុជា ត្រូវបានគ្រប់គ្រងដោយភាសាបែបចក្រពត្តិរបស់ជនជាតិបារាំង។ ស្ថិតក្រោមសណ្ឋាននៃកំណែទម្រង់ និង «អារ្យធម៌យានកម្ម» ពាក្យនានា រួមមាន «សញ្ជាតិដើម» «យុគសម័យដើម» ឬ ពាក្យដែលមានន័យអវិជ្ជមានជាងនេះទៅទៀត ត្រូវបានដាក់បញ្ចូលឲ្យប្រើប្រាស់ជាទូទៅ នៅក្នុងឃ្លោងឃ្លានៃភាសាបារាំង-ខ្មែរ។
ការរួចផុតពីរដ្ឋបាលអាណានិគមបារាំង មិនបានលុបបំបាត់ឥទ្ធិពលនៃភាសាទាំងនេះ និងឥទ្ធិពលរបស់ភាសាទាំងនេះលើអត្តសញ្ញាណជាតិកម្ពុជាទេ។ ការរួមដៃគ្នារបស់កម្ពុជាចំពោះការតស៊ូក្រោយនឹមអាណានិគមជាមួយប្រទេសជិតខាងគឺប្រទេសវៀតណាម ក៏ដូចជាការតស៊ូរបស់ប្រទេសកម្ពុជាផ្ទាល់ចំពោះអត្តសញ្ញាណជាតិរបស់ខ្លួន បានជួយត្រួសត្រាយផ្លូវដល់ជំហរងាកទៅរកកុម្មុយនិស្តឆ្វេងនិយមខ្មែរក្រហម។ ទំនាក់ទំនងការបរទេសរបស់កម្ពុជាប្រែក្លាយទៅជាគ្មានលំនឹង ហើយប្រទេសកម្ពុជាបានងាកចេញពីអំឡុងពេលមួយដែលមានការគ្រប់គ្រងដ៏តានតឹង ដោយរដ្ឋាភិបាលយោធា មានបស្ចិមប្រទេសជាខ្នងបង្អែក ទៅកាន់របបជ្រុលនិយមមួយផ្សេងទៀត ពោលគឺអ្នកសាងអនាគត ប្រឆាំងនឹងការគ្រប់គ្រងនៃបស្ចិមប្រទេសរបស់ខ្មែរក្រហម។
របបខ្មែរក្រហមបំផ្លិចបំផ្លាញដល់ប្រទេសកម្ពុជា ដោយប្រព្រឹត្តនូវអំពើឃោរឃៅប្រឆាំងនឹងមនុស្សជាតិ ពលកម្មដោយបង្ខំ និងការបង្អត់អាហារទ្រង់ទ្រាយធំ។ ជាចុងក្រោយ របបខ្មែរក្រហមបានបង្កឲ្យមានការស្លាប់ប្រជាជនកម្ពុជាជាងពីរលាននាក់។
ប្រជាជនកម្ពុជាជាច្រើនបានភៀសខ្លួនពីប្រទេស បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនេះ។ ខ្ញុំក៏ជាមនុស្សម្នាក់ ក្នុងចំណោមប្រជាជនទាំងនោះដែរ។ បន្ទាប់ពីរបបខ្មែរក្រហមនេះចាញ់កងកម្លាំងវៀតណាមបានមួយរយៈ ខ្ញុំបានចាកចេញពីប្រទេសកម្ពុជានៅទសវត្សរ៍ទី៨០ និងបានភៀសខ្លួនទៅកាន់ប្រទេសថៃ ជាទីតាំងដែលមន្ត្រីអន្តោប្រវេសន៍សហរដ្ឋអាមេរិកជួយដល់ខ្ញុំ។ ចេញពីប្រទេសថៃ ខ្ញុំត្រូវបានបញ្ជូនទៅខេត្តម៉ូរ៉ុង បាតាអាន (Morong Bataan) ដែលជាជំរំជនភៀសខ្លួនមួយនៅក្នុងប្រទេសហ្វីលីពីន។ នៅទីនោះ ខ្ញុំទទួលបានក្តីសប្បុរសពីសំណាក់ប្រជាជនហ្វីលីពីន។ ប្រជាជនហ្វីលីពីន ដែលខ្ញុំបានជួប មិនមានទ្រព្យស្តុកស្ដម្ភទេ ក៏ប៉ុន្តែអ្នកទាំងនោះបានស្វាគមន៍ខ្ញុំ និងប្រជាជនកម្ពុជាដទៃទៀត ជាមួយនឹងភាពសប្បុរសរបស់ខ្លួន តាមដែលអាចធ្វើទៅបាន។
ប្រជាជនកម្ពុជា និងប្រជាជនហ្វីលីពីន មានភាពជាសាច់ញាតិពីកំណើត នេះមិនមែនដោយសារតែការស្វាគមន៍ដ៏កក់ក្តៅ ពីប្រជាជនហ្វីលីពីនចំពោះជនភៀសខ្លួនកម្ពុជាតែប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងដោយសារតែភាពស្រដៀងគ្នានៃប្រវត្តិសាស្ត្ររបស់យើង ក្នុងនាមជាប្រជាជនស្ថិតក្រោមអាណានិគមបរទេស។ ខណៈដែលសង្គមរបស់យើងត្រូវបានដៅដោយប្រវត្តិសាស្ត្រផ្សេងគ្នា ចំណុចនេះហើយដែលជាការតស៊ូរួមរបស់យើង ក្នុងនាមជាប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគម ដែលគេអាចមើលឃើញនូវមនោសញ្ចេតនារួមមួយនេះ។
លើសពីបីភាគបួននៃប្រជាជនដែលរស់នៅក្នុងពិភពលោកសព្វថ្ងៃ មានជីវិតរស់រានដែលរងឥទ្ធិពលពីបទពិសោធន៍នៃអាណានិគមនិយម ក៏ប៉ុន្តែគោលគំនិតនៃប្រទេសស្ថិតក្រោមអាណានិគម មិនត្រូវទទួលបានការគោរពដ៏សមស្របទេ។ សាកលភាវូបនីយកម្ម បញ្ជ្រៀបចូលទៅក្នុងវប្បធម៌របស់ជាតិ ដោយលុបបំបាត់នូវរនាំង និងបង្កើតជាវប្បធម៌ថ្មីមួយ។ ក៏ប៉ុន្តែ ខណៈដែលអាណានិគមនិយម គឺជាអ្វីៗគ្រប់យ៉ាង តែត្រូវបានលុបបំបាត់ចេញពីសទ្ទានុក្រមនៃទ្រឹស្តីនយោបាយដែលអាចទទួលយកបាន «ប្រទេសស្ថិតក្រោមអាណានិគម» នៅតែបន្តរស់រានមានជីវិត។
ប្រសិនបើមាននូវអ្វីដូចទៅនឹងបែបផែនដែលលោកប្រធានាធិបតី ឌូធឺតេ លើកឡើង នោះគឺជាកាលៈទេសៈមួយដែលអាណានិគម នៅតែជាប្រធានបទពាក់ព័ន្ធមួយនៃសន្ទនាបែបនយោបាយរវាងអតីតប្រទេសម្ចាស់អាណានិគម និងប្រទេសដែលស្ថិតក្រោមអាណានិគម។ ជារួម ទម្ងន់នៃប្រវត្តិសាស្ត្រអាណានិគម នៅតែបន្តបង្កើតជាកម្លាំងដ៏វិសេសវិសាលមួយចំពោះសម្បជញ្ញៈជាតិរបស់ប្រជាជននៃប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគម។ ពាក្យសម្តីរបស់លោកប្រធានាធិបតី ឌូធឺតេ ទាមទារឲ្យមានការយកចិត្តទុកដាក់លើស្ថានភាពនេះ ដេញដោលចំពោះស្ថានភាពដែលមាន និងថា តើមានភាពសមស្របទេ ចំពោះផ្នត់គំនិតនៃវោហាស័ព្ទបែបចក្រពត្តិ។
ក៏ប៉ុន្តែ ផ្ទុយពីប្រជាជនមួយចំនួននៅក្នុងប្រទេសហ្វីលីពីនដែលយល់ថា ការលើកឡើងរបស់លោកប្រធានាធិបតី ឌូធឺតេ ហាក់ដូចជាធ្វើឲ្យប្រសើរឡើង លើកទឹកចិត្ត ព្រមទាំងធ្វើការកែទម្រង់ ខ្ញុំជំរុញឲ្យលោក ឌូធឺតេ ពិចារណាលើមេរៀនប្រវត្តិសាស្ត្រ។
គោលនយោបាយការបរទេស ត្រូវតែមិនស្ថិតក្នុងទម្រង់ឈ្នះ-ចាញ់នោះទេ។ ការដឹកនាំប្រទេសគឺជាការខ្នះខ្នែងធ្វើឲ្យមានតុល្យភាពចំពោះតម្លៃ និងផលប្រយោជន៍ ក្នុងបែបផែនមួយដែលទទួលស្គាល់ពីសារៈសំខាន់នៃការរួមបញ្ចូលគ្នា។ មិនមែនរាល់ការជំទាស់ជាសាធារណៈទាំងអស់ កើតចេញពីអំណាចនៃអាណានិគម ដែលបង្កើតឡើងដោយការតាំងខ្លួនជាម្ចាស់អាណានិគមទេ ហើយមិនមែនរាល់ប្រទេសទាំងអស់សុទ្ធតែគោរពចំពោះអធិបតេយ្យភាពរបស់ប្រទេសមួយ ដែលបានជ្រោមជ្រែង នៅក្នុងលក្ខខណ្ឌភូមិសាស្ត្រនយោបាយរយៈពេលដ៏វែងនោះដែរ។
ដូចគ្នាទៅនឹងអតីតប្រទេសស្ថិតក្រោមអាណានិគមដទៃទៀតដែរ ប្រទេសកម្ពុជាបានខ្នះខ្នែងស្វែងរកអត្តសញ្ញាណជាតិរបស់ខ្លួន។ ប្រទេសនេះបានឆ្លងកាត់រយៈពេលរាប់ទសវត្សរ៍នៃសង្គ្រាម អំពើឃោរឃៅទ្រង់ទ្រាយធំ និងភាពខ្វះខាតនានា ដើម្បីសម្រេចបានសន្តិភាពមួយដែលប្រហាក់ប្រហែលទៅនឹងការរំពឹងទុក។ ប្រទេសកម្ពុជាបានបន្តតស៊ូរហូតមកដល់សព្វថ្ងៃ។ ក៏ប៉ុន្តែ ប្រសិនបើមានមេរៀនណាមួយដែលគួរទទួលយកពីប្រទេសកម្ពុជា នោះគឺគួរតែជា ភាពជោគជ័យនៃគោលនយោបាយក្នុងស្រុក និងការបរទេស ដែលនឹងមិនអាចសម្រេចបានតាមរយៈការអះអាងយ៉ាងដាច់អហង្ការ គោលការណ៍ ឬការសម្រេចចិត្តទេ។ ប្រទេសមួយមិនអាចគេចវេះពីប្រវត្តិសាស្ត្ររបស់ខ្លួនបានទេ ក៏ប៉ុន្តែប្រទេសនោះក៏មិនចាំបាច់ស្ថិតនៅជាទាសករនៃប្រវត្តិសាស្ត្ររបស់ខ្លួនឯងដែរ៕