ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជាច្រើន​ទៀត​​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា


ទីតាំងត្រួតពិនិត្យដោយយោធាមីយ៉ាន់ម៉ា លើដងផ្លូវឆ្ពោះទៅកាន់រដ្ឋសភាមីយ៉ាន់ម៉ា ក្នុងរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី១ ខែកុម្ភៈ​ ឆ្នាំ២០២១។
ទីតាំងត្រួតពិនិត្យដោយយោធាមីយ៉ាន់ម៉ា លើដងផ្លូវឆ្ពោះទៅកាន់រដ្ឋសភាមីយ៉ាន់ម៉ា ក្នុងរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី១ ខែកុម្ភៈ​ ឆ្នាំ២០២១។

អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជាច្រើន​ទៀត​នៅ​ទូទាំង​ពិភពលោក​បាន​សម្តែង​ការ​ព្រួយបារម្ភ​ខ្លាំងក្លា​ ចំពោះ​ស្ថានភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​យោធា​បាន​ដណ្ដើម​ការ​កាន់កាប់​អំណាច​ពី​រដ្ឋាភិបាល​របស់​អ្នកស្រី Aung San Suu Kyi និង​បាន​អំពាវនាវ​ឲ្យ​ដោះលែង​មេដឹកនាំ​នយោបាយ​នានា​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​សម្ដែង​« ការ​ព្រួយបារម្ភ​ខ្លាំងក្លា​ចំពោះ​ការ​ប្រកាស​ការ​ផ្ទេរ​ការ​គ្រប់គ្រង​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រតិបត្តិ​និង​តុលាការ​ទៅ​ឲ្យ​យោធា»។ ដំណើរ​វិវត្តន៍​នេះ​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​យ៉ាង​ធ្ងន់ធ្ងរ​នូវ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក «ឈរ​ជាមួយ​នឹង​ពលរដ្ឋ»​ មីយ៉ាន់ម៉ា ចំពោះ​សេចក្ដីប្រាថ្នា​របស់​ពួកគេ ដែល​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ សេរីភាព សន្ដិភាព និង​ការ​អភិវឌ្ឍ»។ លោក​ក៏​បាន​ស្នើ​ឲ្យ​យោធា​កែប្រែ​សកម្មភាព​នេះ​ជា​បន្ទាន់​ផង​ដែរ។

រដ្ឋមន្រ្តីក្រសួង​ការ​បរទេស​ជប៉ុន​លោក Toshimitsu Motegi​ បាន​សម្តែង​នូវ​ក្តី​កង្វល់​ជា​ខ្លាំង​ពី​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ និង​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​មេដឹកនាំ​មីយ៉ាន់ម៉ា​អ្នក​ស្រី Aung San Suu Kyi។​

ចំណែក​ប្រទេស​ម៉ាឡេស៊ី​វិញ​ ក៏​បាន​អំពាវ​នាវឲ្យ​ប្រទេស​មីយ៉ាន់ម៉ាដោះ​ស្រាយបញ្ហា​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​នេះ​ដោយ​សន្តិវិធី​ តាម​រយៈ​យន្តការ​ផ្លូវ​ច្បាប់​និងការពិភាក្សា​គ្នា​ផង​ដែរ។​

ពលករចំណាកស្រុកមីយ៉ាន់ម៉ាកាន់រូបអ្នកស្រី Aung San Suu Kyi ពេលធ្វើបាតុកម្មនៅមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
ពលករចំណាកស្រុកមីយ៉ាន់ម៉ាកាន់រូបអ្នកស្រី Aung San Suu Kyi ពេលធ្វើបាតុកម្មនៅមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

​មន្ត្រី​ជាន់​ខ្ពស់​នៃ​សហភាព​អឺរ៉ុប​បាន​ថ្កោល​ទោសសកម្មភាព​របស់កង​កម្លាំង​យោធាមីយ៉ាន់ម៉ា ​ដែល​បាន​ចាប់​ឃុំមេដឹកនាំ​ស៊ីវិល​ថា​ ជាអំពើ​រដ្ឋប្រហារ​និង​បាន​អំពាវ​នាវឲ្យ​មាន​ការ​ស្តារ​រដ្ឋាភិបាល​ឡើង​វិញ។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​ជា​បន្ទាន់​នូវ​ប្រធានាធិបតី​មីយ៉ាន់ម៉ា លោក Win Myint និង​ទីប្រឹក្សារ​ដ្ឋ​អ្នកស្រី Aung San Suu Kyi។

ប្រធាន​គណៈកម្មការសហភាព​អឺរ៉ុប​អ្នក​ស្រី ​Ursula von der Leyen និង​ប្រធាន​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប​លោក Charles Michel បានចូលរួម​ជាមួយ​មេដឹកនាំនៃ​ប្រទេស​ដទៃ​ទៀត​រិះគន់​ស្ថានភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បន្ទាប់​ពី​ទូរទស្សន៍​កងទ័ពផ្សាយ​ឲ្យ​ដឹង​ថា​ ក្រុម​យោធា​របស់​ប្រទេស​នេះ​កំពុង​គ្រប់​គ្រង​ប្រទេស​មីយ៉ាន់ម៉ា​ រយៈពេល​មួយ​ឆ្នាំ​ទៅ​មុខ​ទៀត​។​

ប្រទេស​អង់គ្លេស​ក៏​បាន​ធ្វើ​ការ​ថ្កោល​ទោស​ទៅ​លើ​សកម្មភាព​របស់​កង​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ និង​បាន​អំពាវនាវឲ្យ​មាន​ការ​ដោះ​លែងចំពោះ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ទាំង​អស់​នោះ។

ដោយ​ឡែក​ប្រទេស​ចិន​វិញ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​កំពុង​តែ​ប្រមូល​ព័ត៌មាន​នៅ​ឡើយ​ជុំ​វិញ​ព្រឹត្តិការណ៍ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នេះ។​

ប្រទេស​ចិន​គឺ​ជា​ដៃ​គូសេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​មួយរបស់​ប្រទេស​មីយ៉ាន់ម៉ា​ ហើយ​បាន​បណ្តាក់​ទុន​វិនិយោគរាប់​ពាន់​លាន​ដុល្លារ​លើ​វិស័យ​រ៉ែ​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​បំពង់​ឧស្ម័ន​នៅ​ក្នុង​ប្រទេស​នេះ។​

​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​អូស្ត្រាលី ឥណ្ឌា ​និង​សិង្ហបុរី​ កាល​ពី​មុន​នេះ​ ក៏​បាន​ថ្កោល​ទោស​ចំពោះ​ស្ថានភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ។

ទូរទស្សន៍ Myawaddy ដែល​គ្រប់គ្រង​ដោយ​យោធា​មីយ៉ាន់ម៉ា បាន​ប្រកាសកាល​ពីថ្ងៃ​ចន្ទថា យោធា​បាន​ត្រួតត្រា​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្រោម​ស្ថានភាព​អាសន្ន ដោយ​សារតែ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មិន​បាន​ចាត់​វិធានការ​ ទាក់ទិន​នឹង​ការ​អះអាង​របស់​យោធា​ដែល​ថា ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មាន​ការ​លួច​បន្លំ។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ បន្ទាប់ពី​មេដឹកនាំ​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi និង​មន្ត្រី​គណបក្ស​កាន់​អំណាច​ផ្សេង​ទៀត ត្រូវ​បាន​ឃុំ​ខ្លួន។ ការ​ឃុំ​ខ្លួន​ទាំង​នេះ​កើតឡើង​នៅ​ចំ​ថ្ងៃ​ដែល​រដ្ឋសភា​ថ្មី​ត្រៀម​បើក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន៕

XS
SM
MD
LG