ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​​ហៅ​​រដ្ឋប្រហារ​​នៅ​មីយ៉ាន់ម៉ា​ថា​ជា​«កិច្ចការ​ផ្ទៃក្នុង»


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃវីរុសកូរ៉ូណា ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

រដ្ឋាភិបាល​លោក​ហ៊ុន សែន បង្ហាញ​ជំហរថា​ ខ្លួន​នឹង​មិន​ធ្វើ​ប្រតិកម្ម​ណា​មួយ អំពី​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ថ្ងៃចន្ទ​នៅ​មីយ៉ាន់ម៉ា​ទេ ដោយ​ចាត់​ទុក​ថា​នេះ​ជា​ «កិច្ចការ​ផ្ទៃ​ក្នុង»។

ថ្លែង​ក្នុង​ពិធី​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ថា៖ «ឥឡូវ​នៅ​រ៉ង់ហ្គូន ចាប់​ផ្ដើម​ហើយ។ ប្រធានាធិបតី និង​ទីប្រឹក្សា​រដ្ឋ ត្រូវ​ទាហាន​ចាប់​ខ្លួន​ ហើយ​តែ​កម្ពុជា​មិន​ធ្វើ​អត្ថាធិប្បាយ លើ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ណា​ទាំង​អស់ នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ក្ដី ឬ​ប្រទេស​ដទៃ​ក្ដី»។

លោក ហ៊ុន សែន ដែល​រដ្ឋាភិបាល​លោក​ក៏​រង​ការ​រិះគន់​ថា​បាន​បង្ក្រាប​នយោបាយ​លើ​អ្នក​ជំទាស់​ដោយ​មិន​បន្ធូរ​ដៃ​ផង​ដែរ​នោះ បាន​ថ្លែង​បន្ត​ថា៖

«តែ​នោះ​ជា​កិច្ចការ​របស់​មិត្ដ​ភក្ដិ​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន។ យើង​គ្រាន់​តែ​ផ្សាយ​ព័ត៌មាន​តែ​មិន​ត្រូវ​ធ្វើ​អត្ថាធិប្បាយ មិន​ត្រូវ​ធ្វើ​អត្ថាធិប្បាយ»។

ក្រុម​កងទ័ព​ជាតិ​មីយ៉ាន់ម៉ា Tatmadaw បាន​ធ្វើ​រដ្ឋប្រហារ​ក្រសោប​យក​អំណាច​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​រចនា​សម្ព័ន្ធ​ចាស់​ស្រេះ​មួយ​នេះ ជំទាស់​លទ្ធផល​បោះ​ឆ្នោត​ខែ​វិច្ឆិកា ដែល​បក្ស​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​បាន​ចាញ់​ឆ្នោត​បក្ស​កាន់​អំណាច​ស៊ីវិល​គឺ​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (National League for Democracy)។

នៅ​ព្រឹក​ព្រហាម​ថ្ងៃ​ច័ន្ទ មុន​សភា​ថ្មី​ត្រូវ​បើក​ប្រជុំ​ដំបូង ទាហាន​បាន​ចាប់​ខ្លួន​លោកស្រី Aung San Suu Kyiជា​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ប្រធានាធិបតី លោក Win Myint និង​បាន​ដាក់​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​មួយ​ឆ្នាំ។ នេះ​បើ​យោង​តាម​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ភាសា​ភូមា។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​វីអូអេ​ថា ​រដ្ឋាភិបាល​ភ្នំពេញ​នឹង​បន្ត​ទំនាក់​ទំនង​ជា​ធម្មតា​ជាមួយ​ទីក្រុង​ណៃ​ពិដោរ ទោះ​នរណា​កាន់​អំណាច​ក៏​ដោយ។

«យើង​អត់​មាន​អី​ប្រែប្រួល​ផង​[ក្នុង​ទំនាក់​ទំនង​ជាមួយ​មីយ៉ាន់ម៉ា​ក្រោយ​រដ្ឋប្រហារ] ... បាទ​ពី​ព្រោះ​រដ្ឋធម្មនុញ្ញ​បាន​ចង្អុល​បង្ហាញ​ពី​គោលការណ៍​ពី​នយោបាយ​ការបរទេស​របស់​យើង​ដែល​យើង​អត់​មាន​សិទ្ធិ​ទៅ​លូក​លាន់​នៅ​ក្នុង​សាច់​រឿង​របស់​អ្នកណា​ទេ»។

លោក ហ៊ុន សែន ធ្លាប់​បាន​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​យោធា​ភូមា មុន​បើក​សេរី​ភាព​នយោ​បាយ​ដែល​លោក​ធ្លាប់​ចេញ​មុខ​ប្រឆាំង​ការ​ដាក់​ទណ្ឌកម្ម​លើ​របប​សឹក​ប្រទេស​នេះ​ទៀត​ផង។ តែក្រោយ​មក ទំនាក់​ទំនង​លោក​ជាមួយ​រដ្ឋាភិបាល​លោកស្រី Suu Kyi ក៏​ប្រព្រឹត្ត​ទៅ​ជា​ប្រក្រតី​ដែរ។

ពលករចំណាកស្រុកមីយ៉ាន់ម៉ាកាន់រូបអ្នកស្រី Aung San Suu Kyi ពេលធ្វើបាតុកម្មនៅមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
ពលករចំណាកស្រុកមីយ៉ាន់ម៉ាកាន់រូបអ្នកស្រី Aung San Suu Kyi ពេលធ្វើបាតុកម្មនៅមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុង​សេចក្ដី​រាយការណ៍​អំពី​ជំហរ​លោក ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ AKP និង​គេហទំព័រ​ក្រសួង​ព័ត៌មាន​កម្ពុជា បាន​ប្រើ​រូប​លោក​នាយករដ្ឋមន្ត្រី​ចាប់​ដៃ​ជាមួយ​លោក​ស្រី Suu Kyi អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ស្រី​មក​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​ ២០១៩។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា ធ្លាប់​ហៅ​ការ​បោះឆ្នោត​មីយ៉ាន់ម៉ា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ ថា «សេរី​និង​យុត្តិធម៌»​ និង​ថា​ខ្លួន «គាំទ្រ​ដំណើរ​ការ​ប្រជាធិបតេយ្យ»​ របស់​មីយ៉ាន់​ម៉ា។

ក្នុង​ការ​បោះ​ឆ្នោត​នោះ គណបក្ស​ NLD​រ បស់​លោក​ស្រី Aung San Suu Kyi ឈ្នះ​អាសនៈ​សភា ២៥៨ ក្នុង​អាសនៈ​សរុប​ចំនួន​ ៣៣០ នៅ​សភា​ជាន់ទាប ដែល​ដាក់​ឱ្យ​ប្រកួត​ប្រជែង។ យោធា​កាន់​កាប់​អាសនៈ​អចិន្ត្រៃយ៍ ចំនួន​ ១១០។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា​ នេះ​ជា​ការ​សម្រេច​របស់​មីយ៉ាន់ម៉ា ក្នុង​នាម​ជា​ប្រជា​ជាតិ​មួយ បើ​ទោះ​មាន​ការ​បោះ​ឆ្នោត​រួច​ទៅ​ហើយ​ក្តី។

លោក​បញ្ជាក់​ថា៖ «យើង​វាយ​តម្លៃ យើង​គ្រាន់​តែ​វាយ​តម្លៃ​លើ​ការ​បោះឆ្នោត​ទេ​តើ ប៉ុន្តែ​កិច្ច​សម្រប​សម្រួល​នយោបាយ​ជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាជាតិ​មួយ​ហ្នឹង​ឯង(មីយ៉ាន់ម៉ា)។ យើង​អត់​មាន​លូក​លាន់​នៅ​ក្នុង​សាច់​រឿង​នោះ​ទេ»។

អ្នក​វិនិយោគ​បរទេស ដូចជា​ធនាគារ​អេស៊ីលីដា​របស់​កម្ពុជា​ជា​ដើម ដែល​បាន​សំឡឹង​ឱកាស​វិនិ​យោគ​នៅ​មីយ៉ាន់ម៉ា តាម​រយៈ​ការ​បើក​សេរី​ភាព​នយោបាយ​ក្រោយ​ឆ្នាំ ២០១០​ មក​នោះ បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ដែល​ជា​ធនាគារ​ធំ​មួយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ដោយសារ​រដ្ឋប្រហារ​បង្ក​ក្ដី​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​លើ​ការ​វិនិយោគ​របស់​ក្រុមហ៊ុនលោក​នៅ​ទី​នោះ។

អេស៊ីលីដា​បាន​ហក់​ចូល​ទីផ្សារ​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ​ ២០១៣ និង​បាន​វិនិយោគ​លើ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ ដែល​បច្ចុប្បន្ន​មាន​ទុន​វិនិយោគ​ ២០​ លាន​ដុល្លារ និង​មាន​ ១០ ​សាខា​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា។

លោក អ៊ិន ចាន់នី​ បាន​ប្រាប់​វីអូអេ​ថា ​គ្រឹះស្ថាន​បុត្រ​សម្ព័ន្ធ​របស់​អេស៊ីលីដា​នៅ​មីយ៉ាន់​ម៉ា​កំពុង​តាម​ដាន​ស្ថានការណ៍ និង​ស្ដាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​និង​ធនាគារ​កណ្ដាល។

លោក​និយាយ​ថា៖ «ព្រោះ​លក្ខខណ្ឌ​ស្ថិរភាព​នយោបាយ​ជា​លក្ខខណ្ឌ​ចាំបាច់​មួយ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ទាំង​នៅ​ក្នុង​ស្រុក ទាំង​នៅ​បរទេស ហើយ​នៅ​នោះ វា​បាន​ធ្វើឱ្យ​លក្ខខណ្ឌ​ជ្រើស​រើស​ដំបូង​ថាមុន​នឹង​ទៅ​ប្រទេស​ណាមួយ យើង​មើល​អាហ្នឹង ឥឡូវ​វា​ប៉ះ​លើ​លក្ខខណ្ឌ​ស្ថិរភាព​នយោ​បាយ​នៅ​ភូមា»។

​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស​អូស្ត្រាលី និង​បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក​មួយចំនួន​ទៀត​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បរិហារ​ថ្កោល​ទោស​រដ្ឋ​ប្រហារ​នេះ។

នៅ​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​វិញ ជំហរ ហ្វីលីពីន និង ថៃ ស្រដៀង​កម្ពុជា ដោយ​ទីក្រុងម៉ានីល​និង​បាងកក ហៅ​រដ្ឋ​ប្រហារ​នេះ​ជា «រឿង​ផ្ទៃ​ក្នុង» មីយ៉ាន់ម៉ា ចំណែក ព្រុយណេ ឡាវ និង​វៀតណាម​រក្សា​ភាព​ស្ងប់ស្ងាត់ រី​ឯ​សិង្ហបុរី ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី បាន​សម្ដែង​ក្ដីបារម្ភ​របស់​ពួកគេ​រៀងៗ​ខ្លួន៕

XS
SM
MD
LG