ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ទាមទារ​​ឲ្យ​​​មាន​លំហ​ប្រជាធិបតេយ្យ​​ពេល​ជួប​ប្រតិភូ​សភា​អាមេរិក


​លោកស្រី ​Nancy Pelosi
​លោកស្រី ​Nancy Pelosi

ក្រុម​មេដឹកនាំ​សង្គម​ស៊ីវិល​ ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ បាន​ជម្រាប​គណៈប្រតិភូ​សភា​ស.រ.អា.​ទាំងពីរ​គណបក្ស​ ដែល​ដឹកនាំ​ដោយ​លោកស្រី ​Nancy Pelosi ​អំពី​ការ​រិតត្បិត​ដំណើរ​ការ​ប្រជាធិបតេយ្យ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ដែល​ពួក​គេ​ចង់​ឲ្យ​មាន​ការ​បើក​ទូលាយ​ឡើង​វិញ​ និង​ការ​កែ​ទម្រង់។​

តំណាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​តូចបាន​ជួប​ជាមួយ​គណៈ​ប្រតិភូ​សភា​ស.រ.អា.​កាលពី​ថ្ងៃ​ច័ន្ទ​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោយ​ពេល​គណៈ​ប្រតិភូ​នេះ​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​ ការ​គាប​សង្កត់​លើ​សេរីភាព​បញ្ចេញ​មតិ ​និង​សិទ្ធិ​ជួប​ប្រជុំ​អំពី​អំពើ​ពុក​រលួយ ​ហើយ​នឹង​ការ​មិន​អនុវត្ត​ត្រឹម​ត្រូវ​នូវ​សិទ្ធិ​ការងារ​ និង​បញ្ហា​ដីធ្លី។​

លោក​ធន សារ៉ាយ​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​ថ្លែង​ថា ​លោក​បាន​លើក​រឿង​នេះ​ឡើង​ជាមួយ​គណៈ​ប្រតិភូ​សភា​ស.រ.អា.​ តែ​លោក​មិន​ដឹង​ថា ​តើ​គេ​នឹង​ធ្វើ​យ៉ាងណា​ទេ​ចំពោះ​យោបល់​របស់​សង្គម​ស៊ីវិល​នោះ​ទេ។​

«ប៉ុន្តែសង្គម​ស៊ីវិល​គ្រាន់តែ​ចង់​ឲ្យ​មាន​អ្វី​ដែល​មាន​ភាព​ធូរ​ស្បើយ​មក​វិញ​ គឺ​ការ​បើក​នូវ​លំហរ​ប្រជាធិបតេយ្យ​មក​វិញ​ អីហ្នឹង។ ខ្ញុំ​បាន​លើក​បន្តិច​ដែរ។​ យើង​ចង់​ឃើញ​មាន​ការ​តស៊ូ​មតិ​ឲ្យ​មាន​ការ​បើក​លំហ​ប្រជា​ធិបតេយ្យ​ហ្នឹង​ ​មក​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដោយ​មាន​កិច្ច​សហការ​ពី​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សហគមន៍​អន្តរជាតិ ​និង​ពី​ស.រ.អា.​ជា​ដើម​ហ្នឹង»។​

លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​ក្តី​បារម្ភ​ខ្លាំង​ខ្លាច​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ និង​កិច្ចការ​សង្គម​ស៊ីវិល​ចេះតែ​រង​ការ​រិតត្បិត​ខ្លាំង​ឡើងៗ​ ហើយ​សហគមន៍​អន្តរជាតិ​មិន​អើ​ពើ។​

«គ្រាន់តែ​ជា​ការ​សួរ​នាំ​អំពី​ព័ត៌មាននានា។​ គាត់​បាន​សាក​សួរ​សំណួរ​មួយ​ចំនួន​ប៉ុណ្ណឹង​ទេ។​ ហើយ​យើង​ក៏​បាន​ប្រាប់​គាត់​អំពី​ការ​ព្រួយ​បារម្ភ​របស់​យើង​ទាក់ទិន​ទៅ​ដល់​គេ​ហៅ​ថា​ ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​តាម​ទី​សាធារណៈ​ហ្នឹង​ហាក់​ដូច​ជា​មាន​ការ​ធ្លាក់​ចុះ​ជាង​ពី​ឆ្នាំ​មុន​ ហើយ​បញ្ហា​ដែល​មាន​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី ​ក៏​ដូច​ជា​សកម្ម​ជន​នយោបាយ ​ដែល​ហាក់​ដូចជា​នៅ​មាន​ការ​តឹង​តែង»។​

ប្រទេស​កម្ពុជា​ត្រូវ​បានក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​រិះគន់​ចំពោះ​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ពី​អាជ្ញាធរ​ ​អំពី​វប្បធម៌​គ្មាន​ទោស​ពៃរ៍ អំពី​តុលាការ​មិន​ឯករាជ្យ​ អំពី​ការ​ចាប់​ឃុំខ្លួន​ស្ត្រី​បឹងកក់​ចំនួន​១១​នាក់​ដែល​តវ៉ា​ការ​រំលោភ​បំពាន​ដីធ្លី​ និង​ស្វែងរក​ដំណោះ​ស្រាយ​ទឹក​លិច​ផ្ទះ​ រិះគន់​អំពីការ​ចាប់ខ្លួន​និង​ចោទ​ប្រកាន់​ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​ជាដើម។​

តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ទៀត​គឺ​លោកស្រី​ធីតា ឃឹះ​ នាយិកា​អង្គការ​សីលកា ​បាន​ថ្លែង​ថា ​លោកស្រី​យល់ឃើញ​ថា ​លោកស្រី​Pelosi​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​នៅ​ប្រទេស​កម្ពុជា​ដែល​សង្គម​ស៊ីវិល​និង​លោកស្រី​បាន​លើក​ឡើង​នោះ។​

«គាត់​បាន​ឃើញ​បញ្ហា​ជាក់​ស្តែង​ ហើយ​គាត់​អាច​ពាំនាំ​យក​នូវ​អ្វី​ដែល​គាត់​បាន​ឃើញ​ទៅ​ចូលរួម​ក្នុង​ការ​ជជែក​ពិភាក្សា​នៅ​ពេល​ដែល​គេ​ធ្វើ​គោល​នយោបាយ​នៅ​ក្នុង​ស.រ.អា.​ដែល​ទាក់​ទង​នឹង​ប្រទេស​កម្ពុជា»។​

លោកស្រី​បាន​បន្ថែម​ដែរ​ថា៖​

«យើង​ដឹង​ហើយ​ថា ​ការ​ប្រមូល​ផ្តុំ ​ការហែ​ជា​ក្បួន ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ទីលាន​សារធារណៈ ​គឺ​មាន​ការ​រិតត្បិត​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ តាំង​តែ​ពីរ​យើង​បោះឆ្នោត​ឆ្នាំ​២០១៣​មក។ ដូច្នេះ​មាន​ការ​ប៉ះពាល់ ​មាន​ការ​រិតត្បិត​ច្រើន។​ ដូច្នេះ​ធ្វើ​ឲ្យ​យើង​ពិបាក។​ អង្គការ​សង្គមស៊ីវិល​ត្រូវការ​ជួប​ជុំគ្នា​ ត្រូវ​ការ​ប្រមូល​មតិ​ដើម្បី​សាសង​គ្នា​ ដើម្បី​បង្កើត​ចេញ​ជា​យោបល់​រួម​អី ​យើង​មាន​ការ​លំបាក ​ពីព្រោះ​ការ​ប្រើប្រាស់​មតិ​ត្រូវ​បាន​កាត់​បន្ថយ​ច្រើន​ តាំងពី​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៣​មក»។​

ក្រៅពី​រឿង​សិទ្ធិ​មនុស្ស​ និង​បញ្ហា​មួយ​ចំនួន​ទៀត​ លោកស្រី​ធីតា ឃឹះ​បាន​អះអាង​ថា​ លោក​ស្រី​បាន​ជម្រាប​ជូន​ដល់​គណៈ​ប្រតិភូអំពី​បញ្ហា​ជួញដូរ​ស្ត្រី​ទៅ​ក្រៅ​ប្រទេស​ បញ្ហា​សិទ្ធិ​ស្ត្រី​ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី​ក្នុង​បញ្ហា​នយោបាយ​ផង​ដែរ។​

លោកស្រី​រស់ សុភាព​ នាយិកា​អង្គការ​យេនឌ័រ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​បាន​អះអាង​ថា​ ​លោកស្រី​បារម្ភ​ចំពោះ​បញ្ហា​ស្ត្រី​ ហើយ​ចង់​ឃើញ​ការ​កែ​ទម្រង់​គឺ​ស្ត្រី​ត្រូវ​មាន​តួនាទី​ច្រើន​ក្នុង​ឆាក​នយោបាយ​ និង​មាន​ការ​ចូលរួម​តាក់តែង​គោល​នយោបាយ​បាន​ច្រើន ​ដូចបុរស​ដែរ​ដើម្បី​នាំ​យក​បញ្ហា​ស្ត្រី​ដាក់​ចូល​ក្នុង​គោល​នយោបាយ​រដ្ឋ។​

«បើ​កាលណា​មាន​តំណាង​ស្ត្រី​តិចជាង​ ស្ត្រី​គាត់អត់​អាច​មាន​សំឡេងគ្រប់​គ្រាន់​ដើម្បី​ពាំនាំ​នូវ​តម្រូវការ​របស់ស្ត្រី​យក​ទៅ​ដាក់​បញ្ចូល​នៅ​ក្នុង​គោល​នយោបាយ​ទេ ​ដោយសារ​សំឡេង​ស្ត្រី​មាន​តិច​ជាង»។​

លោកស្រី​បាន​ថ្លែង​ថា​ អង្គការ​របស់លោកស្រី​កំពុង​បារម្ភ​និង​កំពុង​បញ្ចុះ​បញ្ចូល​អ្នក​នយោបាយ​ឲ្យ​មាន​ការ​គិតគូរ​ឡើង​វិញ​ចំពោះ​បញ្ហា​នេះ​ទៅ​ថ្ងៃ​មុខ។​ លោកស្រី​បន្ថែម​ថា​ ពេលណា​ស្រ្តី​ និង​បុរស​ទទួល​ផល​ប្រយោជន៍​មិន​ដូចគ្នា ​នោះ​ការ​ដឹកនាំ​មិន​អាច​ទៅ​រលូន​បាន​ទេ។​ វា​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​សង្គម​ច្រើន​ បញ្ហា​ជីវភាព​ បញ្ហា​ផាសុខភាព ​និង​បញ្ហា​អស្ថិរភាព។​

ក្តី​បារម្ភ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ភាគ​ច្រើន​ត្រូវ​បាន​លើក​យក​ទៅ​ពិភាក្សា​ជាមួយ​នឹង​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន​ សែន ​មុន​នឹង​គណៈ​ប្រតិភូ​សភា​អាមេរិកាំង​បាន​ជួប​ជាមួយ​ក្រុម​អង្គការ​សង្គមស៊ីវិល​កាល​ពី​ថ្ងៃ​ច័ន្ទ។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​ក្នុង ប្រទេស​កម្ពុជា ​ លោកស្រី​Nancy ​Pelosi​បាន​ថ្លែង​ថា ​លោកស្រី​បាន​លើក​ពី​បញ្ហា​ជា​ច្រើន​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស ​ការ​គាប​សង្កត់​លើ​សេរីភាព​បញ្ចេញ​មតិ ​និង​សិទ្ធិ​ជួប​ប្រជុំ ​អំពើ​ពុករលួយ​ ហើយនឹង​ការ​មិន​អនុវត្ត​ត្រឹម​ត្រូវ​នូវ​សិទ្ធិ​ការងារ ​និង​បញ្ហា​ដីធ្លី​ជាដើម​ ពេល​លោកស្រី​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​រាជធានី​ភ្នំពេញ។​

លោកស្រី​ Pelosi ​សមាជិក​សភា​និង​ជា​ប្រធាន​ក្រុម​ភាគតិច​មកពី​គណបក្ស ប្រជាធិបតេយ្យ​ បានអះអាង​ក្នុង​សេចក្តី​ប្រកាសព័ត៌​មាន​ដែរ​ថា៖​

«ការ​ពិភាក្សា​មាន​លក្ខណៈ​ស្ថាបនា​ដោយនិយាយ​ត្រង់ៗ​និង​មាន​សារៈ​ប្រយោជន៍​ក្នុង​ការ​ដោះស្រាយ​ការ​ប្រឈម​នានា​ទៅ​មុខ»។​

លោកស្រី ​Nancy Pelosi ​បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ផ្សេង​ទៀត។​ សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​និយាយ​ថា ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ស.រ.អា.​ដឹក​នាំ​ដោយ​លោកស្រី​ ​Pelosi ​បានជួប​ជាមួយ​នឹង​សមាជិក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ស្តាប់ទស្សនៈ​របស់​ពួក​គេ។​ សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បញ្ជាក់​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ឯករាជ្យ​ភាព​របស់​តុលាការ ​យុត្តិធម៌​ក្នុង​ការ​បោះឆ្នោត ការ​រិតត្បិត​បណ្តាញ​អ៊ីនធើណិត ​ការ​រំលោភ​សិទ្ធិ​កម្មករ​រោងចក្រ ​ដូច​មាន​ក្នុង​របាយ​ការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ Human Rights ​Watch ​ស្តីពី​កម្មករ​រោងចក្រ​កាត់ដេរ។​ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​អាមេរិកាំង​ដដែល​បាន​បញ្ជាក់​ថា៖​

«បទ​បង្ហាញ​របស់​ក្រុម​សង្គម​ស៊ីវិល​ស្របគ្នា​នឹង​របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch ​ស្តីពី​រោងចក្រ​កាត់ដេរ​ដែរ​ ដែល​យើង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ដាក់​ក្តី​សង្ឃឹម​ថា​ ការ​ជួប​គ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​គណៈ​ប្រតិភូ​ដឹកនាំ​ដោយ​លោកស្រី ​Nancy ​Pelosi​ បានបង្កើន​ទំនាក់​ទំនង​គ្នា។​

លោក​អ៊ូ វីរៈ ​ប្រធាន​អង្គការ​ស្រាវជ្រាវ​ពី​គោល​នយោបាយ​ហៅ​ថា ​វេទិកា​អនាគតឬ ​Future Forum​ គឺ​ជា​តំណាង​អង្គការ​មួយ​ដែល​ជួប​ជាមួយ​លោក​ ស្រី​ Pelosi ​និង​ក្រុម​អ្នក​តំណាង​រាស្ត្រ​ចម្រុះ​គណបក្ស​របស់ស.រ.អា.។​

លោក​បាន​ថ្លែង​ថា ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​សភា​ស.រ.អា.​នេះ​ជា​ការ​ពញ្ញាក់​អារម្មណ៍​មួយ​ទៀត​ឲ្យប្រទេស​កម្ពុជា​យក​ចិត្តទុក​ដាក់ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​និង​បញ្ហានានា​នៅ​កម្ពុជា។​

«ខ្ញុំ​ថា ​ប្រទេស​កម្ពុជា​ជាប្រទេស​មួយ​មិនមាន​អំណាច​សេដ្ឋកិច្ច​ អំណាច​យោធា ​អំណាច​នយោបាយ​ទេ។​ យើង​ នៅ​ក្នុង​ភ្នែក​គេ​ មិន​មាន​ឥទ្ធិពល​នៅ​ក្នុង​ឆាក​អន្តរជាតិ​ទេ​ ហើយ​ដោយសារ​អញ្ចឹង​ហើយ​ យើង​មាន​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​បន្ត​បន្ទាប់​ ដែល​ធ្វើ​ឲ្យ​ពិភពលោក​គេ​នៅ​ធ្វើការ​រិះគន់​ ​ជា​បញ្ហា​កិត្តិយស​មួយ​នៃ​ប្រទេស​យើង»។​

លោក​ថ្លែង​ថា ​ទស្សនកិច្ច​របស់​សភាស.រ.អា.​ជា​ទស្សន​កិច្ច​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​និង​ស.រ.អា.។

«ខ្ញុំ​សង្ឃឹម​ថា​ ការ​ទំនាក់​ទំនង​បន្ត​ពិភាក្សា​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​រវាង​រដ្ឋាភិបាល​ស.រ.អា.​និង​រដ្ឋាភិបាល​កម្ពុជា ​និង​អ្នក​នយោបាយ​ស.រ.អា.​និង​អ្នក​នយោបាយ​កម្ពុជា​អាច​នឹង​បន្ត។​ ហើយ​ប្រសិន​បើ​ក្នុង​ករណី​ដែល​មាន​ការ​ជជែក​គ្នា​ដោយ​មិន​បាច់​ឈ្លោះ​គ្នា​ ហើយ​ប្រសិន​បើ​មាន​ការ​ជជែក​គ្នា​ ខ្ញុំ​ថា ​ប្រហែល​ជាយើង​ឈាន​ទៅ​រកទំនាក់​ទំនង​មួយ​ល្អ​ជាមួយ​នឹង​ស.រ.អា.​ហើយ ​ហើយការឈាន​ទៅ​រក​ទំនាក់​ទំនង​ជាមួយ​ស.រ.អា.​និង​ពិភព​លោក ​ជា​រឿង​ល្អ​សម្រាប់​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា​ផង ​ហើយ​ក៏​ជា​រឿង​មួយ​ល្អ​សម្រាប់​មុខ​មាត់​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​ប្រទេស​យើង​ទាំង​មូល​ផង​ដែរ»។​

លោក​បាន​បញ្ជាក់​ថា​ នៅ​ទី​បំផុត​គឺ​សម្រេច​លើ​កម្ពុជា​ខ្លួន​ឯង​ទេ​ថា​ តើ​ត្រូវ​ជ្រើស​រើស​របៀប​យ៉ាងម៉េច ​ជិតដិត​តែ​ជាមួយ​ប្រទេស​ចិន​ជ្រុល​ ឬ​មហា​អំណាច​ស.រ.អា.​ជ្រុល ​ឬ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​សេដ្ឋកិច្ច​ និង​នយោបាយ ​ដែល​លោក​វីរៈ​ថា ​នេះជា​គោល​នយោបាយ​ការ​បរទេស​មួយ​ដែល​អ្នក​នយោបាយ​កម្ពុជា​ត្រូវ​ដេញ​ដោល​គ្នា៕

XS
SM
MD
LG