រដ្ឋមន្រ្តីការបរទេសកម្ពុជាដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានកាលពីថ្ងៃព្រហស្បតិ៍បានជួបពិភាក្សាការងារជាមួយប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)នៅទីក្រុងភ្នំពេញដែលជាកិច្ចប្រឹងប្រែងមួយដើម្បីដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាក្នុងនោះមានការផ្តល់ជំនួយនិងការបង្កើតច្រករបៀងមនុស្សធម៌ជាដើម។
វិបត្តិប្រទេសមីយ៉ាន់ម៉ាបានអូសបន្លាយរហូតមកដល់ពេលនេះក្រោយមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីខែកុម្ភៈឆ្នាំមុនហើយប្រទេសមួយនេះត្រូវបានគ្រប់គ្រងដោយយោធា។ មេដឹកនាំរដ្ឋាភិបាលស៊ីវិល គឺអ្នកស្រី Aung San Suu Kyi ក៏ត្រូវបានចាប់ឃុំខ្លួនផងដែរ។
លោកប្រាក់ សុខុនដែលជាប្រសិតពិសេសរបស់ប្រធានអាស៊ានស្តីពីប្រទេសមីយ៉ាន់ម៉ាបានជួបជាមួយអ្នកស្រី Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២២ដើម្បីពិភាក្សារកដំណោះស្រាយនៅក្នុងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។
នៅក្នុងជំនួបនោះលោកប្រាក់សុខុនដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលខែមីនាបានបញ្ជាក់ពីជំហានការងារបន្ទាប់របស់លោកក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានរួមមានការត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីជំនួយមនុស្សធម៌នៅដើមខែឧសភាខាងមុខជាមួយភាគីពាក់ព័ន្ធនានាគម្រោងរៀបចំជំនួបតាមប្រព័ន្ធវីដេអូរវាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែននិងមេដឹកនាំរបបសឹកភូមាលោក Min Aung Hlaing និងដំណើរទស្សនកិច្ចលើកទីពីររបស់លោកក្នុងនាមជាប្រេសិតពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញកាលពីថ្ងៃព្រហស្បតិ៍។
ភាគីទាំងពីរក៏បានបញ្ជាក់ពីការឯកភាពក្នុងបរិបទកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិដើម្បីជំរុញបន្ថែមលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់មេដឹកនាំអាស៊ានដែលបានសម្រេចកាលពីខែមេសាឆ្នាំមុន។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកជុំ សុន្ទរីបានបញ្ជាក់ប្រាប់វីអូអេ តាមប្រព័ន្ធផ្ញើសារតេឡេក្រាមនាថ្ងៃសុក្រនេះថាអ្នកស្រី Noeleen Heyzer ប្រេសិតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិមិនបានស្នើសុំឲ្យរៀបចំឬសម្របសម្រួលឲ្យមានដំណើរទស្សនកិច្ចរបស់អ្នកស្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះទេ អំឡុងពេលជំនួបជាមួយលោកប្រាក់ សុខុន។
វីអេអូមិនទាន់ទទួលបានការឆ្លើយតបពីស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជានោះទេនាថ្ងៃសុក្រនេះ។
កាលពីខែតុលាឆ្នាំ២០២១អគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonio Gutteres បានប្រកាសតែងតាំងអ្នកស្រី Noeleen Heyzer ជនជាតិសិង្ហបុរីជាប្រសិតពិសេសថ្មីទទួលបន្ទុកលើបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។ អ្នកស្រី Heyzer ជាប្រេសិតស្នងតំណែងពីអ្នកស្រី Christine Schraner Burgener ប្រតិភូជនជាតិស្វីសដែលបម្រើការជាប្រេសិតពិសេសអង្គការសហប្រជាជាតិទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីពេលកន្លងមក។
បន្ទាប់ពីទទួលបានតំណែងជាប្រេសិតពិសេសអង្គការសហប្រជាជាតិទៅកាន់ប្រទេសមីយ៉ាន់ម៉ាអ្នកស្រី Noeleen Heyzer ធ្លាប់បានបង្ហាញកង្វល់អំពីអំពើហិង្សានិងការធ្វើទុក្ខបុកម្នេញដែលកំពុងបន្តកើតមាននៅប្រទេសមីយ៉ាន់ម៉ាអំពាវនាវឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់និងមានការគោរពច្បាប់អន្តរជាតិដើម្បីការពារជនស៊ីវិលក៏ដូចជាអំពាវនាវឲ្យមានការផ្តល់ជំនួយដល់ពលរដ្ឋដែលកំពុងត្រូវការជំនួយជាចាំបាច់។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោកគិន ភាប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាជំនួបរវាងប្រេសិតទាំងពីរបង្វាញពី«កង្វល់និងការយកចិត្តទុកដាក់រួម»រវាងអាស៊ាននិងអង្គការសហប្រជាជាតិចំពោះបញ្ហាមនុស្សធម៌និងវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ខណៈលើកឡើងថា ជំនួយមនុស្សធម៌គឺប្រហែលជាការវិវឌ្ឍទៅមុខដែលអាចសម្រេចបានជាដុំកំភួនតែមួយគត់ បើតាមសភាពការណ៍បច្ចុប្បន្ន។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងបញ្ហាជំនួយមនុស្សធម៌នេះខ្ញុំគិតថាប្រហែលជាច្រកតែមួយគត់ដែលអាចធ្វើបានពីព្រោះយើងមើលទៅជាឆន្ទៈរបស់មេដឹកនាំយោធាភូមានេះក៏ប្រហែលមិនអាចធ្វើអ្វីផ្សេងបានច្រើនជាងដែលគួរនាំគ្នាគិតគូរខ្លាំងដល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនដែលមានតម្រូវការបំផុតហ្នឹងណា៎»។
លោកបន្តថា៖«បើយើងនិយាយពីការបញ្ឈប់អំពើហិង្សាការចរចានយោបាយឬការជួបជាមួយភាគីពាក់ព័ន្ធការវិវឌ្ឍចុងក្រោយនេះខ្ញុំមានសុទិដ្ឋិនិយមតិចតួចដោយសារតែការលើកឡើងរបស់របបសឹកភូមាហាក់ដូចជាបង្ហាញនូវការមិនសម្របសម្រួលគឺឥរិយាបថមួយដែលមិនចង់ឲ្យមានការចរចានយោបាយ»។
លោក គិន ភា យល់ថាដំណើរទស្សនកិច្ចរបស់ប្រេសិតអគ្គលេខាធិការអង្គការសហប្រជាជាតិទៅកាន់ប្រទេសមីយ៉ាន់ម៉ាអាចកើតមានឡើងនាពេលខាងមុខ ប្រសិនបើមានការជ្រោមជ្រែងសម្របសម្រួលពីសំណាក់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ប៉ុន្តែលោកថាបើទោះបីជាមានដំណើរទស្សនកិច្ចដូចនេះក៏ដោយមានតែការជជែកដែលផ្តោតលើជំនួយមនុស្សធម៌តែប៉ុណ្ណោះដែលអាចទទួលបានលទ្ធផល។
លោក ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានកាលពីខែមីនាប៉ុន្តែលោកមិនបានជួបជាមួយតំណាងរដ្ឋាភិបាលស៊ីវិលឡើយ។ ក្នុងពេលនោះ លោកក៏បានស្នើសុំឲ្យមានការដោះលែងអ្នកទោសនយោបាយផងដែរជាពិសេសសាស្រ្តាចារ្យជនជាតិអូស្រ្តាលីមួយរូបដែលជាអ្នកប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ចរបស់មេដឹកនាំជាប់ឆ្នោតអ្នកស្រី Aung San Suu Kyiដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងជាងមួយឆ្នាំមកហើយ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍លោកប្រាក់ សុខុនបានឲ្យដឹងថាតួអង្គនយោបាយខុសៗគ្នានៃប្រទេសមីយ៉ាន់ម៉ា«នៅមិនទាន់បានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចពិភាក្សានោះទេហើយពួកគេនៅតែមានការតាំងចិត្តយ៉ាងមុះមុតក្នុងការបន្តការតស៊ូរបស់ពួកគេនៅគ្រប់ទម្រង់ជាពិសេសតាមរយៈការតស៊ូប្រដាប់អាវុធ»។ លោកបន្តថា៖«វាច្បាស់ណាស់ថាគ្មានដំណោះស្រាយភ្លាមៗចំពោះបញ្ហាដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសសង្គមនិងនៅក្នុងសតិអារម្មណ៍របស់ប្រជាជនមីយ៉ាន់ម៉ានោះទេ»។
សមាជិកអាស៊ានមិនបានអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាចូលរួមប្រជុំរដ្ឋមន្រ្តីការបរទេសដែលធ្វើឡើងនៅរាជធានីភ្នំពេញកាលពីខែកុម្ភៈឡើយ។ ការសម្រេចមិនអញ្ជើញតំណាងនយោបាយចូលរួមក្នុងកិច្ចប្រជុំគឺដោយសារមិនមានការវិវឌ្ឍលើចំណុចទាំង៥ដែលសមាជិកអាស៊ានទាំង១០រួមមានមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរបានសម្រេចកាលពីខែមេសាឆ្នាំមុន។
អ្នកវិភាគនយោបាយលោកសេង សារីចាត់ទុកការកៀរគរភាគីពាក់ព័ន្ធឲ្យចូលរួមដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ាជារឿងល្អជាពិសេសលើផ្នែកមនុស្សធម៌និងសុខុមាលភាពរបស់ពលរដ្ឋមីយ៉ាន់ម៉ា។យ៉ាងណាក្តី លោកជំរុញឲ្យភាគីពាក់ព័ន្ធផ្តោតលើការប្រើប្រាស់យន្តការថ្មីៗបន្ថែមពីលើយន្តការនាពេលបច្ចុប្បន្នដើម្បីពន្លឿនដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
លោកថ្លែងថា៖«ក៏ប៉ុន្តែបើយើងមើលនៅក្នុងមុំនយោបាយ យើងឃើញថាទាល់តែភាគីទាំងអស់ហ្នឹងជំរុញការដោះស្រាយបញ្ហាភូមាហ្នឹងឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ហើយជាពិសេសហ្នឹងគឺបើកចិត្តនៅក្នុងការស្វែងរកដំណោះស្រាយបែបនវានុវត្តន៍មួយដែលដោះស្រាយដោយមិនប្រើយន្តការដដែលៗហើយសង្ឃឹមថាលទ្ធផលនៅប្រទេសភូមានឹងប្រសើរឡើង»។
លោកបន្ថែមថា ស្របពេលកម្ពុជាបានធ្វើជាប្រធានអាស៊ានអស់រយៈពេលជិតពាក់កណ្តាលអាណត្តិទៅហើយនោះ លោកសង្កេតឃើញថា មិនទាន់លេចចេញជាដោះស្រាយជាដុំកំភួនណាមួយនៅឡើយទេទាក់ទិននឹងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ លោកថា វាជារឿងប្រសើរ បើសិនកម្ពុជាអាចជួយពន្លឿនជំនួយមនុស្សធម៌ទៅដល់ពលរដ្ឋមីយ៉ាន់ម៉ាចំពោះស្ថានភាពនាពេលនេះ៕