ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​រិះគន់​ខ្លាំង​ដល់​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​អ្វី​ដែល​ហៅ​ថា​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​ក្នុង​ប្រទេស​ហ្វីលីពីន


រូប​ឯកសារ៖ សាច់​ញាតិ​របស់​ជន​រងគ្រោះ​នៅ​ក្នុង​សង្គ្រាម​លើ​គ្រឿង​ញៀន​របស់​លោក​ប្រធានាធិបតី Rodrigo Duterte លួងលោម​គ្នា​ នៅ​ពេល​ពួកគេ​ប្រមូល​ផ្តុំ​គ្នា​នៅ​ព្រះវិហារRoman Catholic នៅ​ជាយ​ក្រុង Quezon ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
រូប​ឯកសារ៖ សាច់​ញាតិ​របស់​ជន​រងគ្រោះ​នៅ​ក្នុង​សង្គ្រាម​លើ​គ្រឿង​ញៀន​របស់​លោក​ប្រធានាធិបតី Rodrigo Duterte លួងលោម​គ្នា​ នៅ​ពេល​ពួកគេ​ប្រមូល​ផ្តុំ​គ្នា​នៅ​ព្រះវិហារRoman Catholic នៅ​ជាយ​ក្រុង Quezon ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

របាយ​ការណ៍​មួយ​ដែល​ត្រូវ​ដាក់​ស្នើ​ដល់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.​បាន​រិះគន់​អ្វី​ដែល​ហៅ​ថា​សង្គ្រាម​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក​ Rodrigo Duterte ​ប្រឆាំង​គ្រឿង​ញៀន។​សង្គ្រាម​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការ​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ ដោយ​ជាប់​សង្ស័យ​ថា ​ជួញ​ដូរ​គ្រឿង​ញៀន។

អ.ស.ប.​មិន​បាន​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ប្រទេស​ហ្វីលីពីន​ដើម្បី​ស៊ើប​អង្កេត​ទេ។ ​ដូច្នេះ​របាយការណ៍​របស់​អ.ស.ប.​នេះ​ផ្អែក​លើ​ព័ត៌មាន​ដែល​បាន​ត្រូវ​ប្រមូល​ពី​ឯកសារ​រាប់​រយ​ប្រភព​ពី​សង្គម​ស៊ីវិល​និង​រដ្ឋាភិបាល​ និង​សេចក្តី​សម្ភាសន៍​ជា​មួយ​ពួក​ជនរង​គ្រោះ​ និង​ពួក​សាក្សី។​

ព័ត៌មាន​ទាំង​នេះ​បង្ហាញ​ការ​ពណ៌នា​ដោយ​ព្រឺ​ក្បាល​អំពី​សង្គ្រាម​ប្រាំ​ឆ្នាំ​របស់​លោក ​Duterte ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន​ ដោយ​មិន​គិត​អំពី​នីតិវិធី​ និង​វិធាន​ច្បាប់។​ តួ​លេខ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា​ មាន​មនុស្ស​យ៉ាងតិច​ណាស់​៨៦៦៣​នាក់​បាន​ត្រូវ​សម្លាប់។​

ក៏​ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ការ​ស្ទង់​ប្រមាណ​ខ្លះ​ឱ្យ​ដឹង​ថា​ ​ចំនួន​មនុស្ស​ត្រូវ​សម្លាប់​មាន​ច្រើន​ជាង​នេះ​ជាង​បី​ដង។​

លោកស្រី ​Michelle Bachelet ​អគ្គ​ស្នង​ការ​អ.ស.ប.​ខាង​សិទ្ធិ​មនុស្ស ​មាន​ប្រសាសន៍​ថា​ សេចក្តី​រាយការណ៍​នេះ​បាន​រក​ឃើញ​ថា​ មាន​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ​ដោយ​មាន​រួម​បញ្ចូល​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ និង​ការ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សាហើយ​ដែល​បាន​ទទួល​ការ​យល់​ព្រម​ពី​កម្រិត​ខ្ពស់​បំផុត​នៃ​រដ្ឋាភិបាល។​

លោក​ស្រី​ Michelle Bachelot​ មាន​ប្រសាសន៍​ថា៖ ​«របាយការណ៍​នេះ​រក​ឃើញ​ថា​ ការ​សម្លាប់​មាន​ភាព​រាលដាល​ និង​ជា​ប្រព័ន្ធ ​ហើយ​ការ​សម្លាប់​ទាំង​នេះ​នៅ​មាន​ធ្វើ​ត​ទៅ​ទៀត។​ យើង​ក៏​បាន​រក​ឃើញ​ដែរ​នូវ​និទណ្ឌភាព​ដែល​បញ្ជាក់​ថា​ រដ្ឋ​មិន​ចង់​ឱ្យ​ពួក​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ក្នុង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​មាន​ការ​ទទួល​ខុស​ត្រូវ​ទេ។ ​គេ​អាច​យល់​បាន​ថា ​គ្រួសារ​ពួក​ជន​រង​គ្រោះ​មាន​អារម្មណ៍​ថា​ គ្មាន​អំណាច​ក្នុង​ការ​រក​យុត្តិធម៌​ឱ្យ​ពួក​ជន​រង​គ្រោះ​បាន​ទេ»។​

លោក​ស្រី​ Bachelet ​កត់​សម្គាល់​ថា​ ពួក​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ទទួល​ស្គាល់​ថា​ យុទ្ធនាការ​តឹង​តែង​នេះ​មិន​មាន​ប្រសិទ្ធភាព​ទេ​ក្នុង​ការ​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​គ្រឿង​ញៀន​ខុស​ច្បាប់។​ លោក​ស្រី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​ស៊ើប​អង្កេត ​ដោយ​ឯករាជ្យ​អំពី​ការ​រំលោភ​ធ្ងន់ធ្ងរ​ដែល​មាន​សរសេរ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ។​

លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ហ្វីលីពីន​លោក​ Menardo Guevarra ​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​ ក៏​ដូច​រដ្ឋាភិបាល​នៃ​ប្រទេស​ឯទៀតៗ​ដែរ ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដោយ​មាន​រួម​បញ្ចូល​ការ​ជួញ​ដូរគ្រឿង​ញៀន​ អំពើ​ពុក​រលួយ​ ឧក្រិដ្ឋកម្ម​ និង​ភេរវកម្ម។​

ថ្លែង​តាម​ការ​ភ្ជាប់​វីដេអូ​ពីទី​ក្រុង​ម៉ានីល ​លោក​ Menardo Guevarra ​បាន​និយាយ​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អ.ស.ប.​ថា ​ប្រទេស​លោក​ស្រឡាញ់​បំផុត​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ប្រទេស​លោក​បាន​ទទួល​យ៉ាង​ពិបាក​កាល​ពី​ពេល​ថ្មីៗ​នេះ។​ លោក​បាន​ថ្លែង​ថា​ ​រដ្ឋាភិបាល​របស់​លោក​ខ្វល់ខ្វាយ​ណាស់​អំពី​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ហើយ​រដ្ឋាភិបាល​របស់​លោក​សន្យា​ថា ​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នាំ​ឱ្យ​មាន​មហន្តរាយ​នេះ។​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ហ្វីលីពីន​រូប​នេះ​បាន​និយាយ​បន្ថែម​ទៀត​ថា​ ការ​ប្រយុទ្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ជានិច្ចកាល​តែង​តែ​ធ្វើ​ឡើង​នៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ ដោយ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ពេញ​លេញ។​

លោក​ Menardo Guevarra ​និយាយ​ថា៖ ​«ប្រធានាធិបតី​របស់​យើង​បាន​ឈរ​ឈ្មោះ​ និង​បាន​ឈ្នះ​ឆ្នោត​តាម​រយៈ​ការ​សន្យា​មួយ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ដោយ​ធ្វើ​ឱ្យ​ប្រទេស​ហ្វីលីពីន​គ្មាន​គ្រឿង​ញៀន​ដែល​នៅ​ទីនោះ​ប្រជារាស្ត្រ​យើង​មាន​សុវត្ថិភាព​ហើយ​សិទ្ធិ​របស់​ពួក​គេ​ត្រូវ​បាន​ការពារ។​ លោក​ប្រធានាធិបតី​បាន​ធ្វើ​តាម​អាណត្តិ​របស់​លោក​ដោយ​គ្មាន​ឃ្លៀង​ឃ្លាត​ទេ។​ នៅ​ក្រោយ​រយៈ​ពេល​បួន​ឆ្នាំ​ លោក​ប្រធានាធិបតី​ និង​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ និង​ទូលំទូលាយ​ពី​ប្រជារាស្ត្រ​យើង»។​

លោក ​Guevarra ​បាន​ច្រាន​ចោល​ការ​និយាយ​អះអាង​ដែល​ថា​ ពួក​មន្ត្រី​ និង​ពួក​បុគ្គលិក​សន្តិសុខ​ធ្វើ​កិច្ចប្រតិបត្តិការ​ក្នុង​បរិយាកាស​គ្មាន​ទោសពៃរ៍។​ លោក​និយាយ​ថា​ ករណី​ជន​ប្រព្រឹត្ត​ខុស​នីមួយៗ​បាន​ត្រូវ​នាំ​ខ្លួន​ទៅ​កាត់​ទោស​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ស័ក្តិ​សម​នឹង​ទទួល។​ រដ្ឋមន្ត្រី​យុត្តិធម៌​ហ្វីលីពីន ​លោក ​Menardo Guevarra ​ក៏​បាន​ច្រាន​ចោល​ការ​អំពាវនាវ​ឱ្យ​មាន​យន្តការ​ស៊ើប​អង្កេត​ឯករាជ្យ ​ដោយ​លោក​បាន​កត់​សម្គាល់​ថា ​គណៈ​កម្មការ​ខាង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​នេះ​ គឺ​ជា​អង្គការ​ឃ្លាំមើល​ឯករាជ្យ​ដ៏​ខ្លាំងក្លា​នោះ​កំពុង​បំពេញ​មុខ​នាទី​នេះ​ហើយ៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG