ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Human Rights Watch ពិពណ៌នា​គ្រោះថ្នាក់​​ចំពោះ​កុមារ​ហ្វីលីពីន​ដោយសារ​សង្គ្រាម​​ប្រឆាំង​គ្រឿង​ញៀន


ក្រុម​បុរស​ជន​ជាតិ​ហ្វីលីពីនដាក់​ដៃ​លើ​ក្បាល និង​ឡោម​ព័ទ្ធ​ដោយ​ប៉ូលិស​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន របស់​លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន។
ក្រុម​បុរស​ជន​ជាតិ​ហ្វីលីពីនដាក់​ដៃ​លើ​ក្បាល និង​ឡោម​ព័ទ្ធ​ដោយ​ប៉ូលិស​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន របស់​លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន។

កាលពី​ថ្ងៃពុធ​ទី ២៧ ខែ​ឧសភា​កន្លង​ទៅ​នេះ អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស​ Human Rights Watch​ បាន​ចេញ​ផ្សាយ​របាយការណ៍​ដែល​រៀប​រាប់​អំពី​ផល​ប៉ះពាល់​ដ៏​គួរ​ឲ្យ​តក់​ស្លុត​ទៅ​លើ​កុមារ​ហ្វីលីពីន ដោយសារ​តែ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន។

របាយការណ៍​ដែល​មាន​កម្រាស់ ​៤៨ ​ទំព័រ​នេះ រៀបរាប់​ពី​ការសម្លាប់​កុមារ​ដោយ​ប៉ូលីស ការសម្លុត និង​ការណ៍​ដែល​កុមារ​ដែល​ជា​កូន​របស់​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ត្រូវ​ប្រឈម​ទៅ​នឹង​ការ​មាក់​ងាយ ហើយ​និង​ការប៉ះទង្គិច​ផ្លូវចិត្ត​ចំពោះ​អ្នក​ដែល​បាន​ឃើញ​ការស្លាប់​របស់​សមាជិក​គ្រួសារ និង​ភាពក្រីក្រ​ដោយសារ​តែ​ឪពុក​ម្តាយ និង​អាណាព្យាបាល ​ត្រូវ​បាន​សម្លាប់។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស ​Human Rights Watch​ នេះ​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស Amnesty International​ ដែរ ដែល​បាន​រៀបរាប់​លម្អិត​បន្ថែម​ទៀត អំពី​ការបំផ្លិច​បំផ្លាញ​ដោយ​គ្រឿង​ញៀន។

​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte៕
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte៕

ការបង្ក្រាប​យ៉ាងខ្លាំង​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក​ Rodrigo Duterte ​លើ​ការជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់ បាន​ចាប់ផ្តើម​នៅ​ពេល​ដែល​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី ​នៅ​ខែ​មិថុនា ឆ្នាំ ២០១៦។ យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​លោក បាន​ទាញ​ចំណាប់​អារម្មណ៍​អន្តរជាតិ នៅ​ពេល​ក្រុម​តស៊ូ​មតិ​ផ្នែក​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​ការសម្លាប់​រាប់ពាន់ និង​ការប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​កងកម្លាំង​រដ្ឋ និង​ក្រុម​ដែល​បាន​តាំង​ខ្លួន​ឯង​ជា​តុលាការ។

ក្នុង​រយៈ​ពេល ៦ ខែដំបូង​នៃ​ការកាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក Duterte មនុស្ស​ជាង ៧.០០០ នាក់ ដែល​គេ​ជឿ​ថា​មាន​ជាប់​ទាក់ទង​នឹង​ការជួញដូរ​គ្រឿង​ញៀន​នោះ ត្រូវ​បាន​សម្លាប់ ដែល​នេះ​មាន​ន័យ​ថា ជា​មធ្យម​មនុស្ស​ ៣៤ ​នាក់​ត្រូវបាន​សម្លាប់​ក្នុង​មួយ​ថ្ងៃ។ ក្រៅពី​ណែនាំ​ឲ្យ​អនុវត្ត​ច្បាប់ ដើម្បី​លុបបំបាត់​គ្រឿង​ញៀន​ចេញ​ពី​ប្រទេស​ លោក Duterte បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ សម្លាប់​អ្នកជួញដូរ​គ្រឿងញៀន ឬ អ្នកប្រើប្រាស់​គ្រឿងញៀន ដោយ​លោក​ថា នោះ​ជា​ផ្នែក​មួយ​នៃ​កាតព្វកិច្ច​របស់​ពួកគេ។

ចាប់​តាំងពី​ពេល​នោះ​មក​សកម្មជន​ហ្វីលីពីន បាន​ចោទប្រកាន់​ថា មនុស្ស​ជាង ២៧.០០០ នាក់ ត្រូវបាន​សម្លាប់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក Duterte ខណៈ​ដែល​រដ្ឋាភិបាល​បាន​និយាយ​ថា ចំនួន​មនុស្ស​ស្លាប់ គឺ​ប្រមាណជា ៦.៦០០ នាក់។ ដោយសារតែ​ការ​រាយការណ៍​ពី​ចំនួន​អ្នកស្លាប់​មិន​ដូចគ្នា​នេះ ហើយនឹង​ការកើនឡើង​នូវ​ការព្រួយបារម្ភ បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ បើក​ការស៊ើបអង្កេត​មួយ​ទៅ​លើ​ការសម្លាប់​ទាំងនោះ នៅ​ខែកក្កដា​ឆ្នាំ ២០១៩។

ការបន្ត​បង្រ្កាប​ទៅ​លើ​ការជួញដូរ​គ្រឿង​ញៀន​របស់​រដ្ឋាភិបាល​លោក Duterte បាន​ធ្វើឲ្យ​ពន្ធនាគារ​នានា កាន់តែ​ចង្អៀត​ណែន ដែល​បង្កើត​ជា​កន្លែង​នៃ​ការផ្ទុះ​រាតត្បាត​នៃ​វីរុស​កូរ៉ណា។ ការផ្ទុះឡើង​នៃ​វីរុស​កូរ៉ូណា​នៅក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន​មួយ​ចំនួន​របស់​ហ្វីលីពីន បាន​បង្ខំ​ឲ្យ​ប្រទេស​នេះ ដោះលែង​អ្នកទោស​ជិត ១ ម៉ឺន​នាក់ កាលពី​ខែឧសភា​កន្លង​ទៅ​នេះ៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG