កងទ័ពអ៊ីស្រាអែលនិងក្រុមជនសកម្មប្រយុទ្ធហាម៉ាស់ (Hamas) បានប្រយុទ្ធគ្នាខ្លាំងក្លានៅថ្ងៃអង្គារនេះក្នុងទីក្រុង Khan Younis ដែលជាទីក្រុងធំជាងគេបង្អស់ទីពីរនៅក្នុងតំបន់ហ្កាហ្សា (Gaza)។ ចំណែកឯមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សាវិញបានរាយការណ៍អំពីការវាយប្រហារតាមអាកាសដ៏ប្រល័យរបស់អ៊ីស្រាអែលនៅជិតព្រំដែនប្រទេសអេហ្ស៊ីប។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិច ២០ នាក់នៅក្នុងទីក្រុង Rafah។
ការប្រយុទ្ធលើកនេះបានកើតឡើងនៅចំពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារនេះលើសេចក្ដីសម្រេចមួយដើម្បីអំពាវនាវឱ្យមានការផ្អាកការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្កាហ្សាដើម្បីសម្រួលឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅដល់ដៃជនស៊ីវិលប៉ាឡេស្ទីនដែលត្រូវការម្ហូបអាហារ ទឹក និងថ្នាំពេទ្យ។
ការបោះឆ្នោតនេះត្រូវបានគ្រោងធ្វើឡើងកាលពីថ្ងៃចន្ទ ប៉ុន្តែត្រូវបានរុញមកថ្ងៃអង្គារនេះវិញដោយសារតែការចរចាលើអត្ថបទនៃសេចក្ដីសម្រេចនេះនៅបន្ត ស្របពេលដែលអ្នកគាំទ្រសេចក្ដីសម្រេចនេះស្វែងរកការគាំទ្រឲ្យបានគ្រប់គ្រាន់ដើម្បីអនុម័តលើសេចក្ដីសម្រេចនេះ។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានបទឈប់បាញ់គ្នាដើម្បីមនុស្សធម៌បានបរាជ័យកាលពីដើមខែនេះដោយសារសហរដ្ឋអាមេរិកបានប្រើអំណាចរបស់ខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍មួយរូបនៃក្រុមប្រឹក្សានេះដែលមានសិទ្ធិវេតូប្រឆាំង។
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin កាលពីថ្ងៃចន្ទបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការធ្វើយ៉ាងណាឱ្យអ៊ីស្រាអែលបង្ការកុំឱ្យមានការស្លាប់និងរងរបួសរបស់ជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សាដែលមានមនុស្សរស់នៅណែនណាន់តាន់តាប់ និងបានបញ្ជាក់ជាថ្មីអំពីការតាំងចិត្ត «មិនងាករេ» របស់សហរដ្ឋអាមេរិកនៅក្នុងការគាំទ្រអ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់។
ក្នុងអំឡុងសន្និសីទកាសែតរួមគ្នាក្នុងប្រទេសអ៊ីស្រាអែលជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant លោក Austin បានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ដែលក្រុមហាម៉ាស់កំពុងឃុំនៅក្នុងតំបន់ហ្កាហ្សា និងបានបញ្ជាក់អះអាងអំពី «សិទ្ធិជាមូលដ្ឋានរបស់អ៊ីស្រាអែល» នៅក្នុងការការពារខ្លួន។
លោក Gallant បាននិយាយថា អ៊ីស្រាអែលនឹងងាកបន្តិចម្ដងៗទៅរកដំណាក់កាលបន្ទាប់នៃប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដោយអនុញ្ញាតឱ្យប្រជាជននៅក្នុងតំបន់នោះវិលត្រឡប់ជាលើកដំបូងទៅកាន់ផ្នែកភាគខាងជើងនៃតំបន់នេះ។
ក្រុមហាម៉ាស់បានបញ្ចេញវីដេអូខ្លីមួយកាលពីថ្ងៃចន្ទដោយបង្ហាញអំពីចំណាប់ខ្មាំងជាបុរសអ៊ីស្រាអែលវ័យចំណាស់ ៣ នាក់ អង្គុយជិតគ្នាអង្វរសុំឱ្យមានការដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។