ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងបោះឆ្នោតនៅថ្ងៃចន្ទនេះលើសេចក្ដីសម្រេចមួយ ដើម្បីអំពាវនាវឲ្យមានការឈប់វាយប្រយុទ្ធគ្នារយៈពេល ៧ ថ្ងៃ នៅក្នុងទីក្រុង Aleppo ស្ថិតនៅភាគខាងជើងប្រទេសស៊ីរី និងឲ្យជំនួយមនុស្សធម៌អាចដឹកជញ្ជូនចូលទៅកាន់តំបន់ដែលមានជម្លោះដោយមិនមានការរារាំង។
ទីក្រុង Aleppo គឺជាទីក្រុងធំបំផុតនៅក្នុងប្រទេសស៊ីរី មុនពេលដែលសង្គ្រាមស៊ីវិលបានផ្ទុះឡើងកាលពីជិត ៦ ឆ្នាំមុន ហើយបច្ចុប្បន្ននេះ ទីក្រុងនេះគឺជាទីតាំងនៃការវាយប្រហាររបស់យោធារដ្ឋាភិបាលស៊ីរី ដែលគាំទ្រដោយរុស្ស៊ី ដើម្បីដណ្ដើមកាន់កាប់មកវិញនូវតំបន់ភាគខាងកើតនៃទីក្រុងនេះ ដែលសព្វថ្ងៃកំពុងត្រួតត្រាដោយក្រុមអ្នកប្រយុទ្ធពួកឧទ្ទាម។
សេចក្ដីព្រាងសេចក្ដីសម្រេច ដែលព្រាងឡើងដោយប្រទេសអេហ្ស៊ីប អេស្ប៉ាញ និងនូវែលសេឡង់ បានសរសេរថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងពិចារណាឲ្យមានការផ្អាកវាយប្រយុទ្ធគ្នារយៈពេល ៧ ថ្ងៃ។
សេចក្ដីព្រាងសេចក្ដីសម្រេចនេះក៏បានរារាំងការវាយប្រហារណាមួយដែលធ្វើឡើងដោយអាវុធ ដែលក្នុងនោះមានទាំងការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំភ្លើងត្បាល់ ដែលកន្លងមកត្រូវបានប្រើដើម្បីបំផ្លាញតំបន់នានាជាច្រើនទាំងនៅក្នុងតំបន់ដែលកាន់កាប់ដោយរដ្ឋាភិបាល និងទាំងនៅក្នុងតំបន់ដែលកាន់កាប់ដោយពួកឧទ្ទាម នៅក្នុងទីក្រុង Aleppo។
ដូចកិច្ចព្រមព្រៀងឈប់បាញ់គ្នាលើកមុនៗនៅក្នុងប្រទេសស៊ីរីដែរ កិច្ចព្រមព្រៀងលើកនេះនឹងមិនផ្ដោតលើការវាយប្រហារប្រឆាំងនឹងពួកសកម្មប្រយុទ្ធនានា ដូចជាពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមជាដើម។ ការផ្អាកការវាយប្រយុទ្ធគ្នាកាលពីលើកមុនៗ ទទួលបានជោគជ័យមួយចំនួនដោយសារជំនួយមនុស្សធម៌អាចដឹកជញ្ជូនចូលក្នុងតំបន់ជម្លោះដើម្បីចែកចាយដល់ជនស៊ីវិល៕