កម្មជននិងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនៅក្នុងប្រទេសស៊ីរី បានរាយការណ៍ថា កងកម្លាំងរដ្ឋាភិបាលទទួលបានជ័យជម្នះជាច្រើនលើពួកអ្នកប្រយុទ្ធប្រឆាំងនៅក្នុងតំបន់ភាគខាងកើតនៃទីក្រុង Aleppo ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការបំបែកតំបន់ជាពីរដែលកាន់កាប់ដោយពួកឧទ្ទាម។
ទីក្រុង Aleppo ក្លាយជាគោលដៅចម្បងរបស់ពួកយោធាស៊ីរី ដោយមានការគាំទ្រដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ អន្តរជាតិមានការបារម្ភអំពីស្ថានការណ៍នៅក្នុងទីក្រុងនេះ ដែលមានជនស៊ីវិលចំនួនប្រហែល២សែន៥ម៉ឺននាក់ ដែលជាប់គាំងនៅក្នុងការហ៊ុំព័ទ្ធរបស់កងកម្លាំងរដ្ឋាភិបាល ហើយពួកគេកំពុងត្រូវការយ៉ាងខ្លាំងនូវជំនួយម្ហូបអាហារនិងថ្នាំពេទ្យ។
ទីភ្នាក់ងារព័ត៌មាន SANA ដែលគ្រប់គ្រងដោយរដ្ឋ បានដកស្រង់ប្រភពមកពីពួកយោធា ដែលបាននិយាយថា ពួកយោធាបានដណ្ដើមកាន់កាប់មកវិញនូវសង្កាត់ Sakhour និងបានបំផ្លាញគ្រាប់មីនដែលពួកភេរវករបានបង្កប់នៅក្នុងតំបន់នោះ។
អង្គការសិទ្ធិមនុស្ស Syrian Observatory for Human Rights ដែលជាអង្គការធ្វើការអង្កេតលើស្ថានការណ៍ជម្លោះនៅក្នុងប្រទេសស៊ីរី ក៏បានរាយការណ៍ថា ពួកយោធាបានកាន់កាប់ទាំងស្រុងលើសង្កាត់ Sakhour និងស្រុកជាច្រើនផ្សេងទៀត។
លោក Rami Abdulrahmanដែលជាប្រធានអង្គការសិទ្ធិមនុស្សនេះ បានហៅការបរាជ័យរបស់ពួកឧទ្ទាម ថាជាការបរាជ័យដ៏អាក្រក់បំផុតចាប់តាំងពីពួកឧទ្ទាមនេះបានដណ្ដើមកាន់កាប់ទីក្រុង Aleppo បានពាក់កណ្ដាលមកនៅក្នុងឆ្នាំ ២០១២។
កាលពីពេលថ្មីៗនេះ មនុស្សជាច្រើនបានគេចចេញពីតំបន់ភាគខាងកើតទីក្រុង Aleppo ទៅកាន់តំបន់ភាគខាងលិច ដែលកាន់កាប់ដោយរដ្ឋាភិបាលស៊ីរី៕