ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ តាមសំណើរបស់ប្រទេសរុស្ស៊ី ក្រោយពីការធ្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ីមួយគ្រឿង នៅជិតព្រំដែនរុស្ស៊ីអ៊ុយក្រែន។ ភាគីទាំងពីរបានស្នើសុំឱ្យមានការស៊ើបអង្កេតលើរឿងនេះ។
ប្រធាននយោបាយរបស់អង្គការសហប្រជាជាតិអ្នកស្រី Rosemary DiCarlo បាននិយាយថា អង្គការនេះមិនមានតួនាទីដែលត្រូវផ្ទៀងផ្ទាត់ពីហេតុការណ៍នៃការធ្លាក់យន្តហោះនោះឡើយ។
អ្នកស្រីនិយាយថា៖ «អ្វីដែលច្បាស់នោះ គឺថា ហេតុការណ៍ធ្លាក់យន្តហោះនេះកើតឡើង ក្នុងបរិបទមួយ ដែលរុស្ស៊ីកំពុងឈ្លានពានអ៊ុយក្រែន ហើយសង្គ្រាមកំពុងតែកើតមាន។ ដើម្បីបញ្ជៀសភាពតានតឹងកាន់តែខ្លាំងឡើងថែមទៀតជុំវិញរឿងនេះ យើងសូមស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវជៀសវាងធ្វើសកម្មភាព ប្រើវោហាសាស្ត្រឬការចោទប្រកាន់គ្នា ដែលនឹងអាចនាំទៅការដុតបញ្ឆេះនៅក្នុងជម្លោះមួយ ដែលមានគ្រោះថ្នាក់រួចហើយ»។
រដ្ឋាភិបាលក្រុងមូស្គូបានចោទប្រកាន់រដ្ឋាភិបាលក្រុងកៀវ ថាជាអ្នកបាញ់ទម្លាក់យន្តហោះរបស់ខ្លួន កាលពីថ្ងៃពុធ ក្នុងតំបន់ Belgorod។ រុស្ស៊ីថា យន្តហោះនោះដឹកមនុស្សចំនួន ៧៤ នាក់ ដែលក្នុងនោះ ៦៥ នាក់ ជាឈ្លើយសឹកអ៊ុយក្រែន ដែលត្រូវនាំទៅធ្វើការដោះដូររវាងឈ្លើយសឹកនៃប្រទេសទាំងពីរ។
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃពុធ ក្នុងបុរីញូវយ៉ក ដែលលោកចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិថា៖ «ឈ្លើយសឹកអ៊ុយក្រែន ត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ Belgorod ដើម្បីធ្វើការដោះដូរគ្នា ដែលត្រូវបានឯកភាពគ្នារួចហើយរវាងរដ្ឋាភិបាលក្រុងមូស្គូនិងរដ្ឋាភិបាលក្រុងកៀវ។ ផ្ទុយទៅវិញភាគីអ៊ុយក្រែនបានបាញ់មីស៊ីលការពារដែនអាកាសពីតំបន់ Kharkiv សំដៅលើយន្តហោះនោះ ដែលនេះជាការវាយប្រហារដែលបណ្តាលឱ្យមានមនុស្សស្លាប់»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា រដ្ឋាភិបាលរបស់លោកបានទទូចឱ្យមានការស៊ើបអង្កេតជាអន្តរជាតិមួយ ដើម្បីរកការពិតជុំវិញហេតុការណ៍នេះ។
សមាជិកក្រុមប្រឹក្សាសន្តិសុខជាច្រើនបានព្រមានកុំឱ្យធ្វើការសន្និដ្ឋាន ឬការចោទប្រកាន់ណាមួយដោយមិនទាន់ដឹងការពិតនៅឡើយ៕
អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំអង្គការសហប្រជាជាតិ Margaret Besheer ផ្តល់ព័ត៌មានខ្លះដល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAssociated Press, Agence France- Presse និង Reuters។
វេទិកាបញ្ចេញមតិ