ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ីថា យន្តហោះ​យោធា​ប្រភេទ​ដឹក​ជញ្ជូន​បាន​ធ្លាក់​នៅក្នុង​តំបន់ Belgorod


រូបភាព​ពី​វីដេអូ UGC បាន​បង្ហាញ​ផ្សែងខ្មៅ​ហុយឡើង​ពី​ទីកន្លែង​នៃ​ហេតុការណ៍​ធ្លាក់​យន្តហោះ​យោធា​របស់​រុស្ស៊ី នៅ​ក្បែរ​ក្រុង Yablonovo នៃ​តំបន់ Belgorod កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ (Validated UGC video via AP)
រូបភាព​ពី​វីដេអូ UGC បាន​បង្ហាញ​ផ្សែងខ្មៅ​ហុយឡើង​ពី​ទីកន្លែង​នៃ​ហេតុការណ៍​ធ្លាក់​យន្តហោះ​យោធា​របស់​រុស្ស៊ី នៅ​ក្បែរ​ក្រុង Yablonovo នៃ​តំបន់ Belgorod កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ (Validated UGC video via AP)

យន្តហោះ​យោធា​ប្រភេទ​ដឹកជញ្ជូន​របស់​រុស្ស៊ី​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ថ្ងៃ​ពុធ​នេះ ​នៅ​ក្នុង​តំបន់ Belgorod នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយក្រែន។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​បាន​រាយការណ៍​ថា ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​ថា ​យន្តហោះ​នោះ​បាន​ដឹក​ពួក​ឈ្លើយសឹកអ៊ុយក្រែន​ចំនួន ​៦៥នាក់​ ដែល​ត្រូវ​ដឹក​ទៅកាន់​ព្រំដែន​ដើម្បី​ដោះដូរ​ឈ្លើយសឹកគ្នា។

មិន​មាន​អត្ថាធិប្បាយ​ភ្លាមៗ​មកពី​យោធា​របស់​អ៊ុយក្រែន​ទេ។

ក្រសួង​ការពារ​ជាតិរុស្ស៊ី​បាន​និយាយ​ថា ​យន្តហោះ​នោះ​ក៏​មាន​ក្រុមអ្នកបើកបរ​និង​អ្នក​ធ្វើការ​លើ​យន្តហោះ ​ចំនួន ៦នាក់​និង​ឆ្មាំការពារ ​៣​នាក់ផង​ដែរ។

រុស្ស៊ី​ក៏​បាន​រាយការណ៍​ពី​ការកម្ទេច​ដ្រូន​របស់​អ៊ុយក្រែន​មួយ​គ្រឿង ​ដែល​បាន​ហោះ​ពី​លើ​តំបន់ ​Belgorod​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​បន្ថែម​លើ​ការបាញ់​ស្ទាក់​ដ្រូន​ ៤​គ្រឿង​ ដែល​ហោះ​ពី​លើ​តំបន់ Oryol នៅ​ភាគ​ខាង​លិច​ប្រទេស​រុស្ស៊ី។

កងទ័ព​រុស្ស៊ី​បាន​វាយ​ប្រហារ​យ៉ាង​ធំមួយ​កាលពី​ថ្ងៃ​អង្គារ​លើ​ប្រទេស​អ៊ុយក្រែន ​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា​ បាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​ក៏ ​១៨នាក់​ដែរ។

តំបន់​ពីរ​ដែល​រងការវាយ​ប្រហារ​ខ្លាំង​បំផុត​គឺ​រដ្ឋធានី​កៀវ​ និង​ទីក្រុង Kharkiv ​ដែលនៅ​ភាគ​ឦសាន្ត​ប្រទេស។ លោក​ប្រធានាធិបតី Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​កាលពីយប់​ថ្ងៃ​អង្គារ​ថា​ មនុស្ស​ជាង ១៣០​នាក់ ​បាន​រងរបួស ​ហើយ​ថា ការវាយ​ប្រហារ​នោះ​បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ​ ១៣៩ខ្នង។

លោក​បាន​ថ្លែង​ទៀត​ថា​ ការវាយ​ប្រហារ​របស់​រុស្ស៊ី​បាន​ប្រើប្រាស់​កាំជ្រួច​មីស៊ីល ​៤០ គ្រាប់។ កងទ័ព​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​កាំជ្រួច​មីស៊ីល​ប្រហែល​ពាក់​កណ្តាល៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះត្រូវបាន​ដកស្រង់​ពីទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG