ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបប្រជុំគ្រាអាសន្ននៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីយន្តហោះដឹកជញ្ជូនយោធារុស្ស៊ីមួយគ្រឿងបានធ្លាក់នៅជិតព្រំដែនរុស្ស៊ីអ៊ុយក្រែន។ ទាំងមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែនកំពុងអំពាវនាវឱ្យមានការស៊ើបអង្កេត។
ភាគីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនពីការបាញ់ទម្លាក់យន្តហោះនោះ ដែលបានធ្លាក់កាលពីថ្ងៃពុធ នៅក្នុងតំបន់ Belgorod។ រុស្ស៊ីបាននិយាយថា យន្តហោះនោះបានដឹកមនុស្ស ៧៤នាក់ រួមមានឈ្លើយសឹកអ៊ុយក្រែន ៦៥នាក់ ដែលជាផ្នែកមួយនៃការដោះដូរឈ្លើយសឹកគ្នា។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ដែលកំពុងស្ថិតនៅក្នុងបូរីញូវយ៉កនៅសប្តាហ៍នេះដើម្បីចូលរួមជំនួបនៅឯអង្គការសហប្រជាជាតិ បានចោទប្រកាន់អ៊ុយក្រែនពី «ការវាយប្រហារភេរវកម្ម»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា រដ្ឋាភិបាលរបស់លោកបានទទូចឱ្យមានការស៊ើបអង្កេតអន្តរជាតិមួយ។
លោក Zelenskyy បាននិយាយទៀតថា រុស្ស៊ីបាន«ប្រឡែងលេងជាមួយអាយុជីវិតរបស់ឈ្លើយសឹកអ៊ុយក្រែន មនោសញ្ចេតនារបស់សាច់ញាតិពួកគេ និងអារម្មណ៍របស់សង្គមយើង»។
យោធារបស់អ៊ុយក្រែនមិនបាននិយាយចំៗអំពីការធ្លាក់យន្តហោះនោះទេ ក៏ប៉ុន្តែបាននិយាយថា រុស្ស៊ីបានវាយប្រហារដែលបានជាប់ទាក់ទិនដល់ការចុះចតរបស់យន្តហោះយោធានៅក្នុងតំបន់ Belgorod ហើយថា អ៊ុយក្រែននឹងដៅការវាយប្រហារលើយន្តហោះយោធារុស្ស៊ីដែលត្រូវបានគេជឿថាបានដឹកជញ្ជូនកាំជ្រួចមីស៊ីល សម្រាប់វាយប្រហារនៅពេលខាងមុខ។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហាររយៈពេលមួយយប់របស់រុស្ស៊ី រួមមានការបាញ់កាំជ្រួចមីស៊ីល ៤គ្រាប់ ចេញពីតំបន់ Belgorod ផងដែរ។ កងទ័ពអាកាសអ៊ុយក្រែនក៏បាននិយាយដែរថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន ១១គ្រឿង ក្នុងចំណោមដ្រូន ១៤គ្រឿង ដែលត្រូវបានបាញ់បង្ហោះដោយរុស្ស៊ី៕
អ្នកយកព័ត៌មានរបស់វីអូអេប្រចាំនៅអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer ផ្តល់សេចក្តីរាយការណ៍នេះ។ ហើយសេចក្តីរាយការណ៍ខ្លះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ