ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុខ អាន៖​ រដ្ឋាភិបាល​មិន​បាន​រារាំង​យុត្តិធម៌​នៅ​សាលាក្តី​ខ្មែរក្រហម​ទេ


លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​ (ស្តាំ) រដ្ឋមន្ត្រី​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​និង​ជា​ប្រធាន​ក្រុម​ការងារ​ពិសេស​ចរចា​រឿង​តុលាការ​ខ្មែរក្រហម។​
លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​ (ស្តាំ) រដ្ឋមន្ត្រី​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​និង​ជា​ប្រធាន​ក្រុម​ការងារ​ពិសេស​ចរចា​រឿង​តុលាការ​ខ្មែរក្រហម។​

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​ទៅនឹង​ការ​ចោទប្រកាន់របស់​អង្គការ​អន្តរជាតិ​ដែល​ថា ​រដ្ឋាភិបាល​ជាអ្នក​រារាំង​យុត្តិធម៌​ក្នុង​សំណុំ​រឿង​បន្ថែម​ចំនួន​ពីរ​ដើម្បី​កាត់ទោសខ្មែរក្រហម ដែល​ជន​សង្ស័យ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​មក​កាន់​តុលាការ ​ក្រោយពី​ចៅក្រម​បរទេស​បាន​ធ្វើការ​ចោទ​ប្រកាន់។​ ​មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ថា ​រដ្ឋាភិបាល​មិន​អាចលូក​ដៃ​ចូល​ក្នុង​កិច្ចការ​តុលាការ​បាន​ទេ។​

ឆ្លើយតប​ទៅនឹង​ការ​រិះគន់​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights​ Watch​ និង​អង្គការ​មួយ​ចំនួន​ទៀត ដែល​ថា ​រដ្ឋាភិបាល​រារាំង​យុត្តិធម៌​ក្នុង​សំណុំ​រឿង​ខ្មែរក្រហម​បន្ថែម​គឺសំណុំ​រឿង​០០៣ ​និង​០០៤ ​ជាពិសេស​លើការ​មិន​នាំខ្លួន​ជន​សង្ស័យ​ពីររូប​មក​តុលាការ​នោះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​ រដ្ឋមន្ត្រី​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​និង​ជា​ប្រធាន​ក្រុម​ការងារ​ពិសេស​ចរចា​រឿង​តុលាការ​ខ្មែរក្រហម ​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា​ រដ្ឋាភិបាល​មិន​អាច​បង្គាប់​តុលាការ​បាន​ទេ។​

«អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ហ្នឹង​គាត់​តែងតែ​ទិតៀន​រដ្ឋាភិបាល​ ​ ហើយ​លើកនេះ​គាត់​មិនមែន​គ្រាន់​តែ​ទិតៀនរដ្ឋាភិបាល​ទេ​ គាត់​ទិតៀនអ.ស.ប.ដែរ។​ អញ្ចឹង​នេះ​ជា​ចម្រៀង​ចាស់​ទេ។​ វា​អត់​មាន​អី​ថ្មី​ទេ។​ យើង​មិន​អាច​ទៅ​សង្កត់​ ទៅ​ចង្អុល​ប្រាប់​ចៅក្រម​ថា​ ត្រូវ​ធ្វើ​អញ្ចេះ​ ធ្វើអញ្ចុះ​ទេ។ បើ​យើង​ចង្អុល​អញ្ចឹង​ វា​ជា​ការ​គាប​សង្កត់​តុលាការ ​ហើយ​វា​ជា​ការ​ខុស​ឆ្គង ​ជា​កំហុស​មួយ​ យ៉ាង​ពិតប្រាកដ»។​

លោក​ថ្លែង​ថា​ រឿង​នេះ​គេត្រូវ​រង់ចាំ​ការ​ដោះ​ស្រាយ​រវាង​សហ​ចៅក្រម​អ.ស.ប. និង​សហ​ចៅក្រម​កម្ពុជា​ជា​មុន​សិន។​

ជន​សង្ស័យ​ពីរនាក់ដែល​ធ្លាប់​ធ្វើ​ជា​អភិបាល​ស្រុក​ និង​ជា​មេ​បញ្ជាការ​កងយោធាគឺ​អ្នកស្រី​អ៊ឹម ចែម ​ជន​សង្ស័យ​នៃ​សំណុំ​រឿង​០០៤ ​និង​លោក​មាស មុត ​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៣។​ ជន​ទាំងពីរ​ត្រូវ​សហ​ចៅក្រម​ស៊ើប​អង្កេត​អ.ស.ប.​គឺលោក​ម៉ាក ​ហាមែន ​(Mark Harmon)​ ចោទ​ប្រកាន់​កាលពី​ដើម​ខែ​មិនា​ថា​ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​សម័យ​ខ្មែរក្រហម​តែ​ដីការ​នោះ​មិន​ត្រូវ​គេ​អនុវត្ត​ក្នុង​ការ​ចាប់​ខ្លួន ​ឬ​នាំ​ខ្លួន​នៅ​ឡើយ​ទេ​ ហើយ​អង្គការ ​Human Rights ​Watch​ ដែល​មាន​មូលដ្ឋាន​នៅ​ស.រ.អា.ចោទ​ប្រកាន់​ថា ​ចៅក្រម​ភាគី​កម្ពុជា​ធ្វើតាម​គោល​នយោបាយ​មិន​សហការ​ ពុំ​បាន​បញ្ជូន​ដីការ​ទៅ​កាន់​ប៉ូលិស​លើ​ករណី​ទាំង​នេះ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បដិសេធ​មិន​ឲ្យ​ចាត់​វិធានការ​ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ជា​ច្រើន​លើក​ហើយ​នោះ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ច័ន្ទ ​លោក​ប្រ៊េដ អាដាំ ​(Brad Adam) ​នាយក​អង្គការ​ Human Rights ​Watch​ ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ថា៖​

«ការ​បដិសេធ​របស់​រដ្ឋាភិបាល​កម្ពុជា​មិន​សហការ​ក្នុង​ការ​នាំខ្លួន​មេ​ដឹកនាំ​ខ្មែរក្រហម​មក​កាត់ទោស​នៅមុខ​តុលាការ​ដែល​គាំទ្រ​ដោយ​អ.ស.ប.​នោះ​ ​វា​ជា​ពេល​វេលា​ដែល​អ.ស.ប.ត្រូវ​បញ្ចប់​ការ​ចូលរួម​របស់​ខ្លួន​ ហើយ​ជា​ពេល​វេលា​ដែល​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​បញ្ឈប់​ការ​ផ្តល់​ថវិការ​ដល់​សាលាក្តី​ខ្មែរក្រហម​ដែរ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG