ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបក្ស​ប្រឆាំង​ច្រានចោល​សាលក្រម​តុលាការ ដោយ​ចាត់ទុក​ថា «គួរឲ្យ​អស់សំណើច»


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបាន​​តុលាការ​រំលាយ ​​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបាន​​តុលាការ​រំលាយ ​​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ទាត់ចោល​ការ​កាត់ទោស​រូប​លោក​និង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​នេះ​ជា​ច្រើន​រូប​ទៀត ដោយ​លោក​បាន​ហៅ​សាលក្រម​របស់​តុលាការ​ថា «គួរ​ឲ្យ​អស់​សំណើច»។

ថ្លែង​ប្រាប់​វីអូអេ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លោក សម រង្ស៊ី និយាយ​ថា​ លោក​មិន​ទាន់​ទទួល​បាន​សាល​ក្រម​របស់​តុលាការ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា លោក​ជឿ​ថា នេះ​គឺ​ជា​ការ​បង្ហាញ​ថា ​«របប​លោក ហ៊ុន សែន ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ ខ្លាច​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ»។

លោក សម រង្ស៊ី បាន​លើកឡើង​ដូច្នេះ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​រូប​លោក​និង​ភរិយា ព្រម​ទាំង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​បណ្តាញ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​រួម​ទាំង​សារព័ត៌មាន Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​ផងដែរ បាន​រាយការណ៍​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាត់ទោស​រូប​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៥ ឆ្នាំ និង​សហការី​របស់​លោក​មួយ​ចំនួន​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ ចាប់ពី២០ ដល់ ២២ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​របស់​ពួកគេ ពាក់ព័ន្ធ​នឹង​គម្រោង​មិន​បាន​សម្រេច​របស់​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​នេះ​ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

សារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ដកស្រង់​សម្តី​របស់​អ្នក​នាំពាក្យ​ម្នាក់​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បញ្ជាក់​ថា លោក សម រង្ស៊ី ត្រូវ​បាន​កាត់ទោស​ពី​បទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ២០១៩ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​នោះ​ទេ។

លោក សម រង្ស៊ី បាន​សរសេរ​តាម Facebook របស់​លោក​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «សាលក្រម​គួរ​ឲ្យ​អស់​សំណើច​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ភ័យខ្លាច​របស់​លោក ហ៊ុន សែន ដែល​ចង់​កម្ចាត់​លោក សម រង្ស៊ី ចេញ​ពី​ឆាក​នយោបាយ​នៃ​ប្រទេស​កម្ពុជា ពីព្រោះ​គាត់​ដឹង​ថា បើ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ របប​ផ្តាច់ការ​ហួស​សម័យ​របស់​គាត់ ​នឹង​មក​ដល់​ទី​បញ្ចប់​របស់​វា»។

វីអូអេ​មិន​ទាន់​អាច​ស្នើ​សុំ​ការ​បញ្ជាក់​និង​ការ​អធិប្បាយ​បន្ថែម​ពី​មន្ត្រី​នាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​យប់​ថ្ងៃ​ចន្ទ​នេះ៕

XS
SM
MD
LG