ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់​ដឹក​នាំ​បក្ស​ជំទាស់​ហៅ​ការ​កាត់​ទោស​ជាប់​ពន្ធនាគារ​ជាង​២០ឆ្នាំ​ម្នាក់​ជា​ «ការ​ប៉ុនប៉ង​ផ្តាច់​ជីវិត​នយោ​បាយ»


រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាងក្រៅ​រដ្ឋសភា​ក្នុង​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារជាង​ ២០ ​ឆ្នាំ ប្រកាស​មិន​ទទួល​យក​ការ​កាត់​ទោស​នេះ ដោយ​ថា ​តុលាការ​ធ្វើ​តាម​តែការ​ចង្អុល​បង្ហាញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

កាលពី​ថ្ងៃ​ច័ន្ទ​ តុលា​ការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​លោក ​សម រង្ស៊ី​ អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​ ២៥ ​ឆ្នាំ ភរិយា​និង​សហការី​របស់​លោក ដែល​ជា​ថ្នាក់​ដឹកនាំ​កំពូលៗ​ចំនួន​ ៧ ​នាក់​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ ចាប់​ពី​ ២០ ​ដល់​ ២២ ​ឆ្នាំ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ។

ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧបឃាតប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​ កាល​ពី​អំឡុង​ឆ្នាំ​ ២០១៩ នៅ​ពេល​លោក សម រង្ស៊ី ប្រកាស​វិល​ត្រឡប់​ចូល​ប្រទេស​វិញ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ប្រតិកម្មភា្លម​ៗ​ទៅ​នឹង​ការ​កាត់​ទោស​នេះ​ថា​ មាន​បំណង​រាំង​ខ្ទប់​ក្រុម​ថ្នាក់​ដឹកនាំ​អតីត​គណ​បក្ស​ជំទាស់ ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​នោះ មិន​ឲ្យ​មាន​ឱកាស​ត្រឡប់​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា។

លោកស្រី​ មូរ សុខហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​ ២២ ​ឆ្នាំ បាន​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ការ​សម្រេច​នេះ ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បន្ថែម​ទៀត​និងដើម្បីបំពេញ​តម្រូវ​ការ​នយោបាយ​របស់​លោក ហ៊ុន សែន។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ការ​កាត់​ទោស​នេះ ​គឺ​ជា​ការ​កាត់​ទោស​ដើម្បី​បំពេញ​នូវ​បំណង​របស់​លោក​ ហ៊ុន​ សែន​ ទេ​ មិន​មែន​ជា​តុលាការ​ធម្មតា​នៅ​ក្នុង​ប្រទេស​មួយ​ ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​អព្យាក្រឹត​និង​ឯករាជ្យ​ទេ។ ការ​សម្លាប់​ប្រជាធិប​តេយ្យ​ តាម​រយៈ​កាត់​ទោស​អ្នក​ប្រជាធិបតេយ្យ​ដល់​រាប់​សិប​ឆ្នាំ​នេះ​ គឺ​ជា​បញ្ហា​មួយ​ដ៏​ធ្ងន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជាទាំង​មូល។ យើង​មិន​អាច​ទទួល​យក​បាន​ទេ»។


ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ជាមួយ​វីអូអេ លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​អាយុ​ ៧១ ​ឆ្នាំ និង​ត្រូវ​បាន​កាត់​ទោស ២៥ ​ឆ្នាំ បាន​ហៅ​ការសម្រេច​របស់​តុលាការ ជា​រឿង​ «លេង​សើច» ។​

លោក​ សម រង្ស៊ី ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​បារាំង បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ខ្វល់​ទេ ​ពីព្រោះ​តុលា​ការ​នៅ​ស្រុក​ខ្មែរ​ ជា​តុលាការ​លេង​សើច។ យើង​ហៅ​ថា​ តុលាការ​អាយ៉ង​ដែល​បម្រើ​លោក ​ហ៊ុន​ សែន»។

មេបក្ស​ប្រឆាំង​ដែល​ព្យាយាម​ត្រឡប់​មក​កម្ពុជា​វិញ​ពីរ​លើក​រួច​មក​ហើយ បន្ថែម​ថា​ លោក ​ហ៊ុន សែន កំពុង​ព្យាយាម​កម្ចាត់​ក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិមួយ​ចំនួន​ មិន​ឲ្យ​ឈាន​ចូល​ឆាក​នយោបាយ​នៅ​កម្ពុជា។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ លោក ​Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គ​ការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch បាន​ថ្លែងថា​ ការកាត់​ដោយ​ប្រព័ន្ធ​តុលាការ​ដែល​គ្រប​ដណ្តប់​ដោយ​ឥទ្ធិពល​នយោបាយ ​«មាន​ចេតនា​បិទ​ច្រក​នយោបាយ​» របស់​ក្រុម​ថ្នាក់​ដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ កាល​ពី​ឆ្នាំ​ ២០១៧។​

លោក​អធិប្បាយ​ថា៖ «ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​ដ៏​អាក្រក់​ប្រឆាំង​នឹង​លោក​ សម រង្ស៊ី​ និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៨ ​នាក់​ផ្សេង​ទៀត និង​សមាជិក​សភា​ឯ​ទៀត​នោះ ​មាន​បំណង​បិទ​ច្រក​ទ្វារ​មិន​ឲ្យ​អ្នក​ដែល​កំពុង​និរទេស​ខ្លួន​ទាំង​អស់​នេះ ​លែង​បាន​វិល​មក​ប្រទេស​កម្ពុជា»។

សហរដ្ឋ​អាមេរិក​ចាត់​ទុកការ​កាត់​ទោស​ក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​ជំទាស់​ជា​រំខាន​មួយ​ដល់​ការ​បើក​ឡើង​វិញ​នូវ​លម្ហ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​លោក W. Patrick Murphy ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​បង្ហោះ​សារ​លើ​ប្រព័ន្ធ​ Twitter របស់​លោក ​កាល​ពី​ថ្ងៃ​ច័ន្ទ។

លោក​សរសេរ​ថា៖ «ត្រូវ​បាន​រំខាន​ដោយ​ការ​កាត់​ទោស​នៅ​ថ្ងៃ​នេះ ដែល​កំណត់​គោលដៅ​លើ​ថ្នាក់​ដឹកនាំ​បក្ស​ជំទាស់​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​គឺ​កង្វះ​នៃ​នីតិវិធី​ត្រឹម​ត្រូវ​នៃ​ដំណើរ​ការ​កាត់​សេចក្តី។ យើង​ស្នើ​ឲ្យ​អាជ្ញាធរ​បើក​លម្ហ​នយោបាយ​ឡើង​វិញ​ និង​អនុញ្ញាត​ឲ្យ​មាន​សំឡេង​ទាំង​អស់​ដើម្បី​បាន​ចូលរួម»។

នៅ​ក្នុង​ការ​ប្រកាស​សាលក្រម ដែល​មាន​តែ​វត្តមាន​មេធាវី​តំណាង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​ជំទាស់​ ៩ ​នាក់ ដែល​ជា​ជន​ជាប់​ចោទ ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ដក​ហូត​សិទ្ធិ​ពលរដ្ឋ​សំខាន់ៗ រួម​មាន​សិទ្ធិបោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ និង​សិទ្ធិ​បំពេញ​ការងារ​ជា​មន្ត្រី​ក្រប​ខណ្ឌ​មុខ​ងារ​សាធារណៈ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អ៊ី រិន្ទ​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក​ អ៊ី រិន្ទ​ បញ្ជាក់ថា​៖ «សាលក្រម​នេះ​ជំនុំជម្រះ​ចំពោះ​មុខ​មេធាវី​តំណាង​រាជ​រដ្ឋាភិបាល​ ចាត់​ទុក​ចំពោះ​មុខ​ជន​ជាប់​ចោទ​ទាំង​ ៩​ ខាង​លើ»។

ក្រៅ​ពី​លោក ​សម រង្ស៊ី​ និង​លោកស្រី​ មូរ សុខហួរ អ្នក​ត្រូវ​បាន​កាត់​ទោស​ផ្សេង​ទៀត​ មាន​លោក​ អេង ឆៃអ៊ាង​ លោក​ស្រី ជូឡុង​ សូមួរ៉ា​ ភរិយារបស់​លោក​សម រង្ស៊ី លោក ​ម៉ែន សុថាវរិន្ទ្រ លោក ​អ៊ូ ច័ន្ទឫទ្ធិ​ លោក ហូរ វ៉ាន់​ លោក​ ឡុង រី​ និង​លោក​ នុត​ រំដួល។

ការ​សម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ​នេះ កើត​មាន​ឡើង​ក្រោយគម្រោង​មិន​បាន​សម្រេច​របស់​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​នេះ ​ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​កាលពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៩ និង​កាល​ពី​ពាក់​កណ្តាល​ខែ​មករា ​ឆ្នាំ​ ២០២១​ នេះ។ សកម្មជន​និ​ងអ្នក​គាំទ្រ​ក្នុង​ប្រទេស​កម្ពុជា ក៏​ត្រូវ​បាន​ចាប់​ខ្លួន អ្នក​ខ្លះ​រង់ចាំ​ការ​កាត់​ទោស និង​ខ្លះ​ទៀត​ត្រូវ​បាន​កាត់​ទោស​រួច​ហើយ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​គាំទ្រ​គម្រោង​របស់​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ។

លោកស្រី មូរ សុខហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា​ ការ​កាត់​ទោស​ដោយ​កំបាំង​មុខ​នេះ ធ្វើ​ឡើង​មិន​ស្រប​តាមនីតិ​វិធី​និង​ផ្ទុយ​ពី​គោល​ការណ៍​ច្បាប់​ជាតិ​និង​អន្តរជាតិ ​ក្នុង​ការ​ទទួល​បាន​ការ​កាត់​ទោស​ដោយ​ត្រឹម​ត្រូវ។

«ការ​កាត់​ទោស​ដោយ​មិន​ឲ្យ​ជន​ជាប់​ចោទ​ទៅ​ចូល​រួម​ហ្នឹង ​បង្ហាញ​ឲ្យ​ឃើញ​ថា ​តុលាការ​នេះ​អត់​មាន​ភស្តុ​តាង​អ្វី​គ្រប់​គ្រាន់​ អត់​ទាំង​មាន​ភស្តុតាង​អី​សោះ​ គ្រាន់​តែ​ថា​ យើង​មាន​បំណង​ធ្វើ​មាតុភូមិ​និវត្តន៍»។

រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ បាន​ការ​ពារ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ បន្ថែម​ថា ​ក្រុម​ថ្នាក់​ដឹកនាំ​បក្ស​ជំទាស់ដែល​ត្រូវ​ផ្តន្ទា​ទោស​នោះ​មាន​សិទ្ធិ​បឹ្តង​ទាស់​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង។

«តុលាការ​ក្នុង​រដ្ឋ​អធិបតេយ្យ​គឺ​ធ្វើ​ការ​សម្រេច​សេចក្តី​ ដោយ​ផ្អែក​លើ​អង្គ​ហេតុ​និង​អង្គ​ច្បាប់​ ដែល​មាន​ជាធរមាន​។ ហើយ​បើ​ក្រុម ក្រុម​ជនល្មើស ​ឬក៏​បក្ខ​ពួក​របស់​គេ​មិន​សុខ​ចិត្ត​អាហ្នឹង​ គឺ​ប្រើប្រាស់​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ប្តឹង​ទាស់​ទៅ»។

បើ​តាម​អ្នកនាំពាក្យ​សាលាដំបូងរាជធានី​ភ្នំពេញ​លោក ​អ៊ី រិន្ទ​ សេចក្តី​សម្រេច​របស់​តុលាការ​ដែល​ធ្វើ​ឡើង ​កាល​ពី​ថ្ងៃទី​១ ខែ​មីនា​ នឹង​ត្រូវ​បិទ​ផ្សាយ​នៅ​ទី​សំណាក់​ចុង​ក្រោយ​ នៅ​សាលា​ឃុំ​ឬ​សង្កាត់​នៃ​ទី​សំណាក់​ចុង​ក្រោយ​របស់​ជន​ជាប់​ចោទ ​និង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រាប់​រយៈ​ពេល​ ២ ​ខែ។

លោក ​ឌុច សុខសារិន​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​រឿង​នេះ បាន​បដិសេធ​អត្ថាធិប្បាយ ដោយ​រុញ​ឲ្យ​សួរ​អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ។

លោកស្រី មូរ សុខហួរ អះអាង​ថា ​អ្នក​ស្រី​នឹង​ប្តឹង​ឧទ្ធរណ៍​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ ដើម្បី​ឲ្យ​ដឹង​ថា​ តើ​តុលា​ការ​ជាន់​ខ្ពស់​នឹង​ធ្វើ​សេចក្តី​សម្រេច​ស្រប​តាម​នីតិវិធី​កាត់​ក្តីត្រឹមត្រូវ​ ឬ​គ្រាន់​តែ​ជា​ប្រព័ន្ធ​តុលា​ការ​បម្រើ​បុគ្គល​ដែល​មាន​អំណាច៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG